លោករដ្ឋមន្ត្រីការបរទេសអាមេរិកាំង Rex Tillerson បានតែងតាំងលោក Kurt Volker អតីតឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំអង្គការអូតង់ឱ្យបម្រើការជាអ្នកតំណាងពិសេសសម្រាប់កិច្ចចរចាស្តីពីបញ្ហាប្រទេសអ៊ុយក្រែន។
សេចក្តីប្រកាសនេះមានឡើងនៅមុនដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក Tillerson ទៅកាន់ក្រុង Kyiv នៅថ្ងៃអាទិត្យស្អែកនេះដែលនៅទីនោះលោកនឹងជួបជាមួយលោកប្រធានាធិបតី Petro Poroshenko នៃប្រទេសអ៊ុយក្រែនដើម្បីពិភាក្សាគ្នាអំពីវិធីជួយបញ្ចប់ជម្លោះនៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែននិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកែទម្រង់ដែលកំពុងមានធ្វើ។
លោក Tillerson បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា «ស.រ.អា.នៅតែប្តេជ្ញាពេញលេញដល់គោលដៅនៃកិច្ចព្រមព្រៀងក្រុង Minsk»ដោយលោកនិយាយយោងដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយដែលរដ្ឋាភិបាលក្រុងម៉ូស្គូនិងរដ្ឋាភិបាលក្រុង Kyiv បានយល់ព្រមកាលពីឆ្នាំ២០១៥។
លោក Volker ដែលនឹងអមដំណើរលោក Tillerson ទៅកាន់ប្រទេសអ៊ុយក្រែនក៏នឹងទាក់ទងជាទៀងទាត់ជាមួយភាគីទាំងអស់ដែលចាត់ចែងកិច្ចចរចាគ្នាអំពីបញ្ហាប្រទេសអ៊ុយក្រែនតាមរយៈអ្វីដែលហៅថារបៀប Normandy ភាសាអង់គ្លេសហៅថា Normandy Format បារាំង រុស្សីនិងប្រទេសអ៊ុយក្រែន។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយផ្នែកផ្សាយជាភាសាអ៊ុយក្រែននៃវីអូអេកាលពីពេលថ្មីៗនេះ លោក Volker បានបង្ហាញទស្សនៈវិស័យរបស់លោកអំពីប្រទេសអ៊ុយក្រែន។ លោកបានមានប្រសាសន៍ថា «យើងត្រូវការឱ្យមានប្រទេសអ៊ុយក្រែនមួយដែលជាប្រទេសមួយកាន់លទ្ធិប្រជាធិបតេយ្យមានចីរភាព មិនទ្រុឌទ្រោម សំបូររុងរឿងនិងខ្លាំងផងដែរ ដើម្បីឱ្យប្រទេសនេះមានការទាក់ចិត្តក្នុងតំបន់ខាងកើតហើយជាកន្លែងដែលការវាយប្រហារដោយផ្តល់ព័ត៌មានមិនពិតនិងការឃោសនាគ្មានការអូសទាញខ្លាំង»។
ទោះណាជាលោក Tillerson កំពុងស្វះស្វែងកសាងទំនុកចិត្តជាថ្មីជាមួយពួករុស្សីក៏ដោយ ក៏រដ្ឋាភិបាលក្រុង Washington បានបដិសេធការនិយាយស្មានៗថាខ្លួននឹងធ្វើឱ្យមានកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលក្រុងម៉ូស្គូដោយមិនរវីរវល់នឹងរដ្ឋាភិបាលក្រុង Kyiv៕