អ្នកវិភាគជាច្រើននិយាយថា ការផ្តល់ទិដ្ឋាការដ៏ច្រើនបែបនេះដល់ជនជាតិកូរ៉េខាងជើងធ្វើឲ្យសហរដ្ឋអាមេរិកងាយរងគ្រោះជាងមុនចំពោះភ្នាក់ងារសម្ងាត់ កូរ៉េខាងជើងដែលស្រដៀងទៅនឹងភ្នាក់ងារចារកម្មមកពីអតីតសហភាពសូវៀតដែលបានមករស់នៅក្នុងសហរដ្ឋអាមេរិករយៈពេលវែងក្នុងការធ្វើកិច្ចការសម្ងាត់ផ្សេងៗ។
គេដាក់ឈ្មោះអ្នកទាំងនោះថា ជាអ្នកខុសច្បាប់ពីព្រោះពួកគេខ្វះការការពារខាងផ្នែកការទូតផ្លូវការ។ ភ្នាក់ងារសម្ងាត់ទាំងនោះបានបន្លំអត្តសញ្ញាណរបស់ខ្លួនហើយជារឿយៗធ្វើការស៊ីវិលធម្មតា។ ពួកគេមានតួនាទីបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកធ្វើការនៅក្នុងរដ្ឋាភិបាល ផ្នែកអាជីវកម្ម ផ្នែកសិក្សាអប់រំ ហើយនឹងផ្នែកផ្សេងៗទៀតដើម្បីស្វែងយល់អំពីព័ត៌មានផ្សេងៗ តាំងពីព័ត៌មានសេដ្ឋកិច្ចរហូតដល់ព័ត៌មានខាងការពារប្រទេសដែលពួកគេនឹងអាចរាយការណ៍ទៅឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។
ពេលនៅបរទេស ជនជាតិកូរ៉េខាងជើងក៏ត្រូវបានគេប្រគល់ភារៈកិច្ចស្រដៀងគ្នានេះដែរដើម្បីប្រមូលព័ត៌មានសម្ងាត់នានា។ នេះបើតាមការបញ្ជាក់របស់លោក Kim Byung Ki សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Korea University នៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។
លោក Kim និយាយថា «សម្រាប់ជនជាតិកូរ៉េខាងជើង ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក គឺជារឿងសំខាន់ណាស់ដើម្បីស្វែងយល់ពីសង្គមអាមេរិក ថាតើពលរដ្ឋអាមេរិកាំងមានគំនិតយ៉ាងដូចម្តេចចំពោះកូរ៉េខាងជើង ស្វែងយល់កាន់តែច្រើនអំពីឥរិយាបថ ចំណូលចិត្ត ទស្សនៈនយោបាយ និងទស្សនៈសង្គមរបស់ពួកគេ។ ខ្ញុំជឿជាក់ថា ការណ៍នេះជាកិច្ចប្រតិបត្តិការប្រមូលព័ត៌មានសម្ងាត់ដ៏សំខាន់មួយ ដូចជាករណីនៅជំនាន់សហភាពសូវៀតដែរ»។
លោក Greg Scarlatoiu នាយកប្រតិបត្តិនៃគណៈកម្មាធិការសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើងបានប្រាប់ VOA ថា ពលរដ្ឋកូរ៉េខាងជើងដែលធ្វើដំណើរទៅបរទេស ឬរស់នៅបរទេសទំនងជាសមាជិកវណ្ណៈជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ឧទាហរណ៍ មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានសិក្សានៅក្នុងប្រទេសស្វ៊ីស។ ជីតានិងឪពុករបស់ Kim Jong Un បានដឹកនាំរដ្ឋដែលមានគណបក្សតែមួយ។
លោក Scarlatoiu បាននិយាយថា «ពួកគេមិនសូវចេញមុខមាត់ ពួកគេរស់នៅលាយឡំជាមួយគេ ប្រហែលនៅក្នុងករណីជានិស្សិត មិត្តភក្តិរបស់ពួកគេនឹងមិនដឹងថា ពួកគេមកពីប្រទេសកូរ៉េខាងជើងទេ»។
VOA បានរកឃើញថា កាលពីឆ្នាំទៅ សហរដ្ឋអាមេរិកបានចេញទិដ្ឋាការចំនួន១រយទៅឲ្យជនជាតិកូរ៉េខាងជើង ទិដ្ឋាការចំនួន៥២នៃទិដ្ឋាការទាំងនោះជាប្រភេទទិដ្ឋាការកិច្ចការពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រភេទទិដ្ឋាការ B-1/B-2។ ទិដ្ឋាការផ្សេងទៀតជាអ្នកការទូត។
នៅឆ្នាំនេះ ជនជាតិកូរ៉េខាងជើងចំនួន១៨នាក់បានទទួលទិដ្ឋាការចាប់តាំងពីខែមីនារហូតដល់ខែមិថុនា ទិដ្ឋាការចំនួន៧ជាប្រភេទទិដ្ឋាការកិច្ចការពាណិជ្ជកម្ម ឬទិដ្ឋាការទេសចរណ៍។
ការិយាល័យកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាប់ផ្តើមចេញផ្សាយស្ថិតិទិដ្ឋាការប្រចាំខែកាលពីខែមេសា។
VOA បានពិនិត្យមើលស្ថិតិទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រចាំឆ្នាំដែលបានចេញដោយការិយាល័យកិច្ចការកុងស៊ុលពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០១៦និងតួលេខប្រចាំខែពីឆ្នាំទាំងនោះ។ ទិដ្ឋាការអន្តោប្រវេសន៍មិនរួមបញ្ចូលក្នុងនោះទេ ពីព្រោះតែការិយាល័យនោះមិនអាចធ្វើកំណត់ត្រានៃទិដ្ឋាការអន្តោប្រវេសន៍ដោយផ្អែកលើសញ្ជាតិ។ ជនជាតិកូរ៉េខាងជើងដែលបានបោះបង់ចោលសញ្ជាតិរបស់ខ្លួនដូចជាអ្នករត់ចោលប្រទេស ក៏មិនរួមបញ្ចូលនៅក្នុងការវិភាគនេះដែរ។
ពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០១ ពាក់កណ្តាលនៃអាណត្តិទី២នៃការកាន់តំណែងរបស់ប្រធានាធិបតីគ្លីតុន ជនជាតិកូរ៉េខាងជើងជាង១ពាន់២រយនាក់បានទទួលទិដ្ឋាការកិច្ចការពាណិជ្ជកម្មឬទេសចរណ៍ជារៀងរាល់ឆ្នាំ ដោយមានចំនួនរាប់សិបនាក់បានទទួលទិដ្ឋាការនិស្សិត ឬការទូត។ ៩នាក់បានទទួលទិដ្ឋាការការងារ។
មន្ត្រីក្រសួងការបរទេសម្នាក់បានប្រាប់ VOA ថា មិនមានកំណត់ត្រាពីទីកន្លែងដែលជនជាតិកូរ៉េខាងជើងបានទទួលទិដ្ឋាការកិច្ចការពាណិជ្ជកម្ម និងទេសចរណ៍នឹងធ្វើដំណើរនៅក្នុងសហរដ្ឋអាមេរិកទេ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានតាមដានគោលបំណងជាក់លាក់របស់អ្នកដាក់ពាក្យសុំទិដ្ឋាការដើម្បីចូលក្នុងសហរដ្ឋអាមេរិកទេ នេះតាមព័ត៌មានដែលបានប្រមូលតាមរយៈអ្នកដាក់ពាក្យសុំទិដ្ឋាការ និងសម្ភាសន៍។
មន្ត្រីរូបនោះនិយាយថា «មិនមានរបៀបតាមបែបលក្ខណៈប្រព័ន្ធអ្វីទេ។ ហើយវានឹងមិនអាចធ្វើបានទេពីព្រោះតែទិដ្ឋាការជារឿយៗអនុញ្ញាតឲ្យចេញចូលសហរដ្ឋអាមេរិកបានច្រើនដង។ ទិដ្ឋាការចូលបានច្រើនដងឬ Multiple-entry Visa អនុញ្ញាតឲ្យចូលក្នុងសហរដ្ឋអាមេរិកច្រើនដងទៅតាមចំនួនដែលចែងនៅក្នុងទិដ្ឋាការ។
មន្ត្រីរូបនោះនិយាយទៀតថា អ្នកដាក់ពាក្យសុំទិដ្ឋាការទាំងអស់ «តម្រូវឲ្យធ្វើទៅតាមបទដ្ឋានត្រួតពិនិត្យខាងសន្តិសុខយ៉ាងតឹងតែងបំផុត» ហើយសហរដ្ឋអាមេរិកចេញទិដ្ឋាការទៅឲ្យជនណាដែលបំពេញទៅតាមលក្ខខណ្ឌពាក្យសុំទិដ្ឋាការហើយនឹងមិនគំរាមកំហែងខាងសន្តិសុខ។ មន្ត្រីរូបនោះនិយាយទៀតថា ពីព្រោះតែសហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកូរ៉េខាងជើង ការដាក់ពាក្យសុំទិដ្ឋាការទាំងអស់សម្រាប់ពលរដ្ឋកូរ៉េខាងជើងត្រូវបានចេញឲ្យ នៅក្រៅប្រទេស។
ក្រៅពីទិដ្ឋាការការទូតសម្រាប់មន្ត្រីដែលធ្វើការនៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក ជនជាតិកូរ៉េខាងជើងក៏បានស្ថិតនៅក្នុងសហរដ្ឋអាមេរិកនៅក្រោមប្រភេទទិដ្ឋាការមួយចំនួនដែរ។ នៅចន្លោះឆ្នាំ១៩៩៧និងឆ្នាំ២០១៦ ជនជាតិកូរ៉េខាងជើងបានទទួលទិដ្ឋាការនិស្សិត F-1 ចំនួន២៨១និងទិដ្ឋាការប្រភេទ H-1B ចំនួន១៥ដែលអនុញ្ញាតឲ្យនិយោជកសហរដ្ឋអាមេរិកជួលកម្មករបរទេសដែលមានជំនាញជាក់លាក់។
លោក Keith Luse នាយកប្រតិបត្តិរបស់គណៈកម្មាធិការស្តីពីកូរ៉េខាងជើងបានសរសេរប្រាប់ VOA ថា ជនជាតិកូរ៉េខាងជើងបានចូលរួមនៅក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាអប់រំ និងវប្បធម៌នៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីមុខវិជ្ជាវេជ្ជសាស្ត្ររហូតដល់កសិកម្ម។
ជនជាតិកូរ៉េខាងជើងផ្សេងទៀតដែលទទួលបានទិដ្ឋាការរួមមានអត្ថពលលិក វិចិត្រករ អ្នកទទួលបានការបណ្តុះបណ្តាល នាវិកនៅលើកប៉ាល់ដែលមានដាក់ទង់ជាតិបរទេស បុគ្គលិកក្រុមហ៊ុនអន្តរជាតិ ទេសចរណ៍ធ្វើដំណើរឆ្លងកាត់ និងគូរដណ្តឹងរបស់ពលរដ្ឋសហរដ្ឋអាមេរិក។
ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងបានកើនឡើងចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចូលកាន់តំណែង។ នៅឆ្នាំនេះ កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីល១៨ដងហើយក្រសួងការបរទេសអាមេរិកបានរារាំងពលរដ្ឋអាមេរិកាំងភាគច្រើនមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងបន្ទាប់ពីការស្លាប់និស្សិត Otto Warmbier មក។ និស្សិតសាកលវិទ្យាល័យរូបនេះត្រូវបានឃុំខ្លួនអស់រយៈពេល១៨ខែ។ លោក Warmbier បានវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកដោយសន្លប់មិនដឹងខ្លួនហើយបានស្លាប់កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។
ក៏ប៉ុន្តែ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងមិនតឹងតែជានិច្ចកាលដូចនៅពេលសព្វថ្ងៃនេះទេ។ ហើយទោះបីនៅពេលឥឡូវនេះ ការទាក់ទងកំពុងធ្វើឡើងជាប្រចាំរវាងលោក Joseph Yun បេសកជនសហរដ្ឋអាមេរិកសម្រាប់គោលនយោបាយកូរ៉េខាងជើងនិងលោក Pak Song II ជាអ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងសម្រាប់បេសកកម្មរបស់កូរ៉េខាងជើងនៅអង្គការសហប្រជាជាតិ នេះយោងតាមមន្ត្រីសហរដ្ឋអាមេរិក និងយោងតាមទីភ្នាក់ងារព័ត៌មាន Associates Press។ មន្ត្រីទាំងនោះមិនត្រូវបានគេអនុញ្ញាតឲ្យពិភាក្សាការផ្តាស់ប្តូរការសម្ងាត់ហើយបាននិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន AP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
លោក Robert Gallucci ប្រធានអ្នកចរចារបស់សហរដ្ឋអាមេរិកក្នុងអំឡុងនៃវិបត្តិនុយក្លេអ៊ែរកូរ៉េក្នុងទសវត្សរ៍១៩៩០ប្រាប់ VOA ថា ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០១ រដ្ឋបាលរបស់លោកគ្លីនតុន បានកត់សម្គាល់នូវភាពស្ងប់ស្ងាត់នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង នៅពេលដែលការខំប្រឹងប្រែងធ្វើឲ្យមានទំនាក់ទំនងឡើងវិញរវាងរដ្ឋាភិបាលទាំង២បានឡើងដល់ចំណុចខ្ពស់បំផុត។
លោក Gallucci បាននិយាយថា «ខ្ញុំគិតថា រយៈពេលនោះទំនាក់ទំនងរបស់ប្រទេសទាំង២មានភាពប្រសើរឡើងភាគច្រើនពីព្រោះតែយើងបានគិតថា យើងបានទទួលជោគជ័យនៅក្នុងការដោះស្រាយការគំរាមកំហែងពីកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងក្នុងទសវត្សរ៍៩០»។
ក្នុងអំឡុងពេលនៃការតំណែងរបស់លោកគ្លីនតុន កូរ៉េខាងជើងបានជួបប្រទះការអត់ឃ្លានយ៉ាងខ្លាំងហើយនិងការដាក់ទណ្ឌកម្មយ៉ាងច្រើននៅពេលដែលរបបនេះបានខិតខំគេចវេសពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរដែលកូរ៉េខាងជើងបានយល់ព្រមនៅឆ្នាំ១៩៨៥ហើយបានចាកចេញនៅឆ្នាំ២០០៣។
លោក Gallucci បាននិយាយទៀតថា «ទំនាក់ទំនងនេះបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីរដ្ឋបាលរបស់លោក George W. Bush ដែលបានចាត់ទុករបបក្រុងព្យុងយ៉ាងជាប្រទេសគាំទ្រអំពើភេរវកម្ម ឬ Axis of Evil នៅពេលដែលរដ្ឋបាលលោក Bush មានការខ្វែងគំនិតអំពីតម្លៃនៃនៃការទាក់ទងជាមួយកូរ៉េខាងជើង»។
រដ្ឋបាលរបស់លោក Bush រួមជាមួយប្រទេសចិន ជប៉ុន រុស្ស៊ី និងប្រទសកូរ៉េទាំង២ បានចូលរួមនៅក្នុងការចរចា៦ភាគី ជាសន្និបាតមួយដែលមានគោលបំណងរុះរើប្រតិបត្តិការនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ប្រទេសទាំង៦នោះបានកោះប្រជុំលើកទី៦ដែលជាលើកចុងក្រោយនៅឆ្នាំ២០០៨ នៅពេលដែលកូរ៉េខាងជើងបានសម្រេចបោះបង់ចោលការខំប្រឹងប្រែងដើម្បីរុះរើរោងចក្រនុយក្លេអ៊ែរនោះ។
ការប៉ុនប៉ងដើម្បីនាំរដ្ឋាភិបាលក្រុងព្យុងយ៉ាងវិលត្រឡប់មកកាន់តុចរចាវិញបានគាំងដំណើរការនៅឆ្នាំបន្ទាប់ៗ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន