លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in មានប្រតិកម្មចំពោះការនិយាយច្រើនជាងមុនអំពីជម្លោះស្តីពីការគំរាមកំហែងខាងបរមាណូរបស់ប្រទេសកូរ៉េខាងជើង ហើយជាពិសេសអំពីការថ្លែងរបស់ប្រធានាធិបតីស.រ.អា. Donald Trump ដែលថា នឹងធ្វើការតបតខាងយោធាដោយធ្វើការវាយប្រហារសន្ធប់ខ្លាំងក្លា។
នៅថ្ងៃព្រហស្បតិ៍នេះ កងទ័ពរបស់ប្រជាជនកូរ៉េខាងជើងបានចេញផ្សាយផែនការល្អិតល្អន់ជាងមុនសម្រាប់ការវាយប្រហារដោយកាំជ្រួចមីស៊ីលនៅជិតដែនដីស.រ.អា. Guam ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ បើតាមទីភ្នាក់ងារព័ត៌មាន KCNA របស់រដ្ឋនៃប្រទេសកូរ៉េខាងជើងថាអាជ្ញាធរនៃប្រទេសនេះគ្រោងនឹងបាញ់បង្ហោះកាំជ្រួចមីស៊ីលមានវង់ប្រតិបត្តិការមធ្យមបួនគ្រឿងពីលើប្រទេសជប៉ុនដែលនឹងធ្លាក់ក្នុងសមុទ្រនៅចម្ងាយពី៣០ទៅ៤០គ.ម.ពីកោះ Guam របស់ស.រ.អា.ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅចម្ងាយ៣ពាន់គ.ម.ទិសអាគ្នេយ៍ពីឧបទ្វីបកូរ៉េ។
ផែនការរបស់កងទ័ពកូរ៉េខាងជើងដែលនឹងត្រូវដាក់ស្នើដល់មេដឹកនាំកូរ៉េខាងជើងឈ្មោះ Kim Jong Un មិនហួសពីពាក់កណ្តាលខែសីហានេះ មានភាពប្លែកពីការគំរាមកំហែងប្រឆាំងនឹងស.រ.អា.កាលពីពេលមុនៗពីព្រោះវាគូសបញ្ជាក់ពីកិច្ចប្រតិបត្តិការកាំជ្រួចមីស៊ីលដោយជាក់លាក់។
កោះ Guam ជាកន្លែងរស់នៅរបស់ពលរដ្ឋស.រ.អា.ប្រមាណ១សែន៦ម៉ឺន៣ពាន់នាក់និងមានមូលដ្ឋានយោធាស.រ.អា.មួយកន្លែងដែលមានរួមបញ្ចូលនាវាមុជទឹកមួយកង មូលដ្ឋានមួយនៃកងទ័ពអាកាស និងពួកឆ្មាំឆ្នេរសមុទ្រមួយក្រុមផងដែរ៕