សហភាពអឺរ៉ុបយល់ព្រមពង្រីកការដាក់ទណ្ឌកម្មលើពួកមន្ត្រីនិងពួកអភិជនរុស្ស៊ី
សហភាពអឺរ៉ុប បានយល់ព្រមពង្រីកការដាក់ទណ្ឌកម្មជុំទី៣របស់ខ្លួនដោយភាគច្រើនសំដៅលើពួកអភិជននិងមន្ត្រីរុស្ស៊ីដែលជិតស្និទ្ធនឹងប្រធានាធិបតី Vladimir Putin ដោយសារការឈ្លានពានដែលមិនមានការបង្កហេតុជាមុនរបស់រដ្ឋាភិបាលក្រុងមូស្គូលើប្រទេសអ៊ុយក្រែន។ នេះបើតាមការរាយការណ៍របស់វិទ្យុ RFE/RL។
ក្រុមប្រឹក្សាអឺរ៉ុបដែលមានប្រទេសបារាំងជាប្រធាន បានបញ្ជាក់នៅក្នុងសារតាម Twitter ជាបន្តបន្ទាប់កាលពីថ្ងៃទី៩ ខែមីនាថា ការដាក់ទណ្ឌកម្មថ្មី បានបន្ថែមលើពួកមេដឹកនាំនិងអភិជនរុស្ស៊ីក៏ដូចជាសមាជិកក្រុមគ្រួសាររបស់ពួកគេដែលបានជាប់ទាក់ទិនក្នុងការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
ការដាក់ទណ្ឌកម្មជុំទី៣ លើប្រទេសរុស្ស៊ីនេះ ជាទណ្ឌកម្មសហភាពអឺរ៉ុបដ៏ធំបំផុតដែលបានព្រមព្រៀងគ្នាចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ដែលរួមមានទាំងការបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប និងការហាមឃាត់បណ្តាញព័ត៌មានរបស់រដ្ឋាភិបាលវិមានក្រឹមឡាំងនៅក្នុងសហភាពអឺរ៉ុបផង៕
- ដោយ Reuters
អនុប្រធានាធិបតីអាមេរិកនឹងធ្វើដំណើរទៅប៉ូឡូញនិងរ៉ូម៉ានីដើម្បីផ្តោតលើវិធានការបន្ទាប់ប្រឆាំងនឹងរុស្ស៊ី
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris នឹងសហការជាមួយប្រទេសប៉ូឡូញនិងរ៉ូម៉ានីអំពីវិធានការបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ហើយនឹងបញ្ជាក់ប្រាប់ប្រទេសទាំងនេះឡើងវិញពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងអំឡុងពេលនៃជំនួបរបស់លោកស្រីជាមួយមេដឹកនាំរបស់ប្រទេសទាំង២ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសទាំងពីរនេះ មានការព្រួយកង្វល់កាន់តែខ្លាំងឡើងអំពីការឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់ ហើយប្រទេសទាំង២នេះក៏ជាសមាជិកនៅផ្នែកខាងកើតបំផុតរបស់អង្គការអូតង់ដែរ និងមានព្រំដែនជាប់ជាមួយអ៊ុយក្រែន ជាទីកន្លែងដែលជនភៀសខ្លួនរាប់ពាក់នាក់ កំពុងភៀសខ្លួនចេញ។
លោកស្រី Harris នឹងផ្តោតលើមធ្យោបាយនានាដែលសមាជិករបស់អង្គការអូតង់ អាចអនុវត្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាពនិងថា តើពួកគេអាចនៅយល់ស្របគ្នានិងធ្វើឱ្យជឿនលឿនទៅមុខយ៉ាងដូចម្តេច។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលម្នាក់។
មន្ត្រីជាន់ខ្ពស់ទាំងនោះ បាននិយាយទៀតថា លោកស្រីអនុប្រធានាធិបតីអាមេរិក ក៏នឹងពិភាក្សាបញ្ហានានានៅក្នុងរដ្ឋធានីវ៉ាសូវីនៃប្រទេសប៉ូឡូញជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ដែលក៏កំពុងទស្សនកិច្ចតំបន់នោះដែរ។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
កងទ័ពរុស្ស៊ី ចូលជិតរដ្ឋធានីកៀវ បន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យកុមារមួយកន្លែងដែលបណ្តាលឲ្យមានការខឹងសម្បាជាខ្លាំង
កងទ័ពរុស្ស៊ី បានរុលចូលកាន់តែជិតរដ្ឋធានីកៀវរបស់អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលមេដឹកនាំអន្តរជាតិនិងអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីពីការវាយប្រហារដ៏ព្រៃផ្សៃទៅលើមន្ទីរពេទ្យកុមារមួយកន្លែងនៅទីក្រុង Mariupol ដែលស្ថិតក្នុងការឡោមព័ទ្ធនោះ។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ស្របពេលដែលអំពើហិង្សានៅកំពុងបន្តកើតមាននោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុងប្រទេសតួកគីដើម្បីចរចាកម្រិតខ្ពស់បំផុតមួយចាប់តាំងពីសង្គ្រាមកើតឡើងមក ទោះបីជាយ៉ាងនេះក្តី ក៏ក្តីសង្ឃឹមដើម្បីទម្លាយភាពទាល់ច្រកណាដែលកើតចេញពីការចរចានោះ មានសង្ឃឹមតិចតួចនៅឡើយ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ជនស៊ីវិលប្រមាណ ៣ម៉ឺន ៥ពាន់នាក់ បានរត់គេចចេញពីទីក្រុងនានានៅក្រោមការវាយប្រហាររបស់កងទ័ពរុស្ស៊ីកាលពីថ្ងៃពុធម្សិលមិញ ហើយអភិបាលក្រុង Mariupol និយាយថា ការបាញ់ផ្តក់ឥតឈប់ឈរ បានសម្លាប់ជនស៊ីវិលជាង១២០០នាក់ក្នុងរយៈពេល៩ ថ្ងៃនៃការឡោមព័ទ្ធពីសំណាក់កងកម្លាំងរុស្ស៊ីជុំវិញទីក្រុងនេះ។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ AP
សេតវិមានព្រមានថា រុស្ស៊ីអាចប្រើអាវុធគីមីនៅអ៊ុយក្រែន
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden បានព្រមានជាសាធារណៈកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីអាចស្វះស្វែងរកប្រើអាវុធគីមីឬអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលសេតវិមាន បានច្រានចោលការអះអាងរបស់រុស្ស៊ីថា សហរដ្ឋអាមេរិក បានអភិវឌ្ឍអាវុធគីមីខុសច្បាប់នៅក្នុងប្រទេសដែលខ្លួនបានឈ្លានពាន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
នៅសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចោទប្រកាន់ដោយគ្មានភ័ស្តុតាងថា អ៊ុយក្រែន បានបង្កើតមន្ទីរពិសោធន៍គីមីនិងជីវសាស្ត្រដោយមានការជួយឧបត្ថម្ភពីសហរដ្ឋអាមេរិក។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានហៅការអះអាងរបស់រុស្ស៊ីថា ជាការ«មិនសមហេតុផល» ហើយបាននិយាយទៀតថា វាអាចជាផ្នែកមួយនៃការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីធ្វើការប្រើប្រាស់អាវុធប្រល័យលោកបែបនេះដោយខ្លួនឯងប្រឆាំងនឹងអ៊ុយក្រែន។
លោកស្រី Psaki បានបញ្ជូនសារតាម Twitter ថា៖ «ទាំងអស់នេះជាល្បិចកលពិតប្រាកដរបស់រុស្ស៊ីដើម្បីព្យាយាមធ្វើឲ្យការវាយប្រហារដែលគិតទុកជាមុននិងមិនត្រឹមត្រូវក្លាយជាការត្រឹមត្រូវ»។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖