ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ព្រមាន​ថា រុស្ស៊ី​អាច​ប្រើ​អាវុធ​គីមី​នៅ​អ៊ុយក្រែន


អ្នក​នាំពាក្យ​សេតវិមាន​លោក​ស្រី Jen Psaki ថ្លែង​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ ទី​៩ ខែ​មីនា ឆ្នាំ​២០២២។ (AP)
អ្នក​នាំពាក្យ​សេតវិមាន​លោក​ស្រី Jen Psaki ថ្លែង​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ ទី​៩ ខែ​មីនា ឆ្នាំ​២០២២។ (AP)

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Biden បាន​ព្រមាន​ជា​សាធារណៈ​កាលពី​ថ្ងៃ​ពុធថា ប្រទេស​រុស្ស៊ី​អាច​ស្វះស្វែង​រក​ប្រើ​អាវុធ​គីមី​ឬ​អាវុធ​ជីវសាស្ត្រ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​សេតវិមាន បាន​ច្រានចោល​ការ​អះអាង​របស់​រុស្ស៊ី​ថា សហរដ្ឋ​អាមេរិក បាន​អភិវឌ្ឍ​អាវុធ​គីមី​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​បានឈ្លានពាន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

នៅ​សប្តាហ៍​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​លោក​ស្រី Maria Zakharova បាន​ចោទ​ប្រកាន់​ដោយ​គ្មាន​ភ័ស្តុតាង​ថា អ៊ុយក្រែន បាន​បង្កើត​មន្ទីរ​ពិសោធន៍​គីមី​និង​ជីវសាស្ត្រ​ដោយ​មាន​ការជួយ​ឧបត្ថម្ភ​ពី​សហរដ្ឋ​អាមេរិក។ អ្នក​នាំពាក្យ​សេតវិមាន​លោក​ស្រី Jen Psaki បាន​ហៅ​ការ​អះអាង​របស់​រុស្ស៊ី​ថា ជា​ការ​«មិន​សមហេតុផល» ហើយ​បាន​និយាយ​ទៀត​ថា វា​អាច​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​ដើម្បី​ធ្វើ​ការប្រើប្រាស់​អាវុធ​ប្រល័យ​លោក​បែប​នេះ​ដោយ​ខ្លួន​ឯង​ប្រឆាំង​នឹង​អ៊ុយក្រែន។

លោក​ស្រី Psaki បាន​បញ្ជូន​សារ​តាម Twitter ថា៖ «ទាំង​អស់​នេះ​ជា​ល្បិចកល​ពិត​ប្រាកដ​របស់​រុស្ស៊ី​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ការវាយ​ប្រហារ​ដែល​គិត​ទុក​ជាមុន​និង​មិន​ត្រឹមត្រូវក្លាយ​ជា​ការ​ត្រឹមត្រូវ»។

សហរដ្ឋ​អាមេរិក បាន​ព្រមាន​អស់​ជា​ច្រើន​ខែ​មក​ហើយ​អំពី​កិច្ចប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​ដើម្បី​បង្កើត​លេស​សម្រាប់​ការឈ្លានពាន។ ការព្រមាន​កាលពី​ថ្ងៃ​ពុធ បាន​ប្រាប់​ឲ្យ​ដឹង​ថា រុស្ស៊ី​អាច​ស្វះស្វែង​រក​បង្កើត​លេស​ដើម្បី​បន្ត​ជម្លោះ​២សប្តាហ៍នេះ ដែលក្នុង​នោះ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​មាន​ការ​យឺតយ៉ាវ​ដោយ​មាន​ការ​តបតយ៉ាង​ខ្លាំង​ជាង​ការរំពឹង​ទុក​ពី​កងទ័ព​អ៊ុយក្រែន ក៏ប៉ុន្តែ ការវាយ​ប្រហារ​នោះ មិន​បាន​ឈប់​ទេ។

លោក Dmitry Chumakov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​រង​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​ការ ចោទប្រកាន់​ម្តង​ទៀត​កាលពី​ថ្ងៃ​ពុធ ដោយ​បាន​ជំរុញ​បណ្តាញ​ព័ត៌មាន​ប្រទេស​លោក​ខាង​លិច​រាយការណ៍​«ព័ត៌មាន​អំពី​មន្ទីរពិសោធន៍​ជីវសាស្ត្រ​សម្ងាត់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby កាលពី​ថ្ងៃ​ពុធ បាន​ហៅ​ការ​អះអាង​របស់​រុស្ស៊ី​ថា ជា«សម្តី​មិន​ស្មោះត្រង់»។

សហគមន៍​អន្តរជាតិ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ បាន​វាយ​តម្លៃ​ថា រុស្ស៊ី បាន​ប្រើ​អាវុធ​គីមី​មុន​ការប៉ុនប៉ង​ធ្វើ​ឃាត​ប្រឆាំង​គូសត្រូវ​របស់​លោក Putinដូចជា​លោក Alexey Navalny និង​អតីត​ចារបុរស Sergei Skripal ជា​ដើម។ រុស្ស៊ី ក៏​បាន​គាំទ្រ​រដ្ឋាភិបាល​របស់​លោក Assad នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​បាន​ប្រើ​អាវុធ​គីមី​ប្រឆាំង​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ដែល​មាន​រយៈពេល​មួយ​ទសវត្សរ៍​នោះ។

នៅពេល​ដែល​សួរ​ដោយ​អ្នក​កាសែត​ជាតិ​រុស្ស៊ី​អំពី​ការ​អះអាង​នេះ អ្នក​នាំពាក្យ​របស់​អង្គការ​សហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយ​ថា៖ «នៅពេល​នេះ មិន​មាន​ព័ត៌មាន​បញ្ជាក់​អំពី​សេចក្តី​រាយការណ៍​ឬ​ការ​ចោទប្រកាន់​ទាំង​អស់​នេះអំពី​មន្ទីរ​ពិសោធន៍​ប្រភេទ​នេះ​ទេ»។

លោក Dujarric បាន​បញ្ជាក់​ទៀត​ថា៖ «សហការី​របស់​យើង​នៅ​អង្គការ​សុខភាព​ពិភពលោក​ ដែល​បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​អ៊ុយក្រែន បាន​និយាយ​ថា ពួកគេ​មិន​បាន​ដឹង​ពី​សកម្ម ភាព​ណា​មួយខាង​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​មិន​បាន​ធ្វើ​ទៅតាម​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​ទេ រួម​ទាំង​អាវុធ​គីមី​ឬ​ជីវសាស្ត្រ​ផង»៕

XS
SM
MD
LG