កងទ័ពរុស្ស៊ី បានរុលចូលកាន់តែជិតរដ្ឋធានីកៀវរបស់អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលមេដឹកនាំអន្តរជាតិនិងអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីពីការវាយប្រហារដ៏ព្រៃផ្សៃទៅលើមន្ទីរពេទ្យកុមារមួយកន្លែងនៅទីក្រុង Mariupol ដែលស្ថិតក្នុងការឡោមព័ទ្ធនោះ។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ស្របពេលដែលអំពើហិង្សានៅកំពុងបន្តកើតមាននោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុងប្រទេសតួកគីដើម្បីចរចាកម្រិតខ្ពស់បំផុតមួយចាប់តាំងពីសង្គ្រាមកើតឡើងមក ទោះបីជាយ៉ាងនេះក្តី ក៏ក្តីសង្ឃឹមដើម្បីទម្លាយភាពទាល់ច្រកណាដែលកើតចេញពីការចរចានោះ មានសង្ឃឹមតិចតួចនៅឡើយ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ជនស៊ីវិលប្រមាណ ៣ម៉ឺន ៥ពាន់នាក់ បានរត់គេចចេញពីទីក្រុងនានានៅក្រោមការវាយប្រហាររបស់កងទ័ពរុស្ស៊ីកាលពីថ្ងៃពុធម្សិលមិញ ហើយអភិបាលក្រុង Mariupol និយាយថា ការបាញ់ផ្តក់ឥតឈប់ឈរ បានសម្លាប់ជនស៊ីវិលជាង១២០០នាក់ក្នុងរយៈពេល៩ ថ្ងៃនៃការឡោមព័ទ្ធពីសំណាក់កងកម្លាំងរុស្ស៊ីជុំវិញទីក្រុងនេះ។
មានការព្រួយបារម្ភថា រដ្ឋធានីកៀវ អាចស្ថិតក្រោមការឡោមព័ទ្ធក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលដែលរថក្រោះរបស់រុស្ស៊ីជាច្រើនគ្រឿង ស្ថិតនៅក្នុងចម្ងាយតែប៉ុន្មានគីឡូម៉ែត្រទៀតប៉ុណ្ណោះពីរដ្ឋធានីនេះ ដោយចេញពីទីតាំងមុខព្រួញនៃទីក្រុងដែលស្ថិតនៅជិតៗនោះ។
លោក Zelensky បានបង្ហោះវីដេអូដែលបង្ហាញពីការខូចខាតនៃមន្ទីរពេទ្យមួយកន្លែងដែលទើបត្រូវបានជួសជុលរួចកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូង ដោយលោកបានថ្កោលទោសការវាយប្រហារនោះថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម»។
មន្ត្រីមូលដ្ឋានម្នាក់និយាយថា ការវាយប្រហារនេះ បានធ្វើឲ្យរបួសបុគ្គលិកពេទ្យយ៉ាងហោចណាស់ក៏១៧នាក់ផងដែរ។ បើទោះជាយ៉ាងនេះក្តី គេនៅមិនទាន់ដឹងភ្លាមៗពីចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារនោះនៅឡើយទេ។ លោកប្រធានាធិបតី Zelensky និយាយថា ការវាយប្រហារដោយផ្ទាល់របស់កងទ័ពរុស្ស៊ីទៅលើមន្ទីរពេទ្យនោះ បានធ្វើឲ្យកុមារជាច្រើននាក់ស្ថិតក្នុងគំនរបាក់បែក។
សេតវិមាន បានថ្កោលទោសការប្រើកម្លាំងដ៏ឃោរឃៅប្រឆាំងនឹងជនស៊ីវិល ហើយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានហៅការវាយប្រហារនោះថា ជាអំពើ«ថោកទាប»មួយ។
ទន្ទឹមនឹងនេះ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន និយាយថា កងកម្លាំងរុស្ស៊ី បានបន្តប្រតិបត្តិការវាយប្រហារដើម្បីឡោមព័ទ្ធរដ្ឋធានីកៀវ ស្របពេលដែលកំពុងបង្កើនការវាយប្រហារជាបន្តបន្ទាប់លើទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែន៕