ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានាធិបតី​អាមេរិក​នឹង​ធ្វើ​ដំណើរ​ទៅ​ប៉ូឡូញ​និង​រ៉ូម៉ានី​ដើម្បី​​ផ្តោតលើ​វិធានការ​បន្ទាប់​ប្រឆាំង​នឹង​រុស្ស៊ី


រូបឯកសារ៖ អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris ថ្លែង​នៅ​ក្រុង​ Upper Marlboro រដ្ឋ Maryland ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris ថ្លែង​នៅ​ក្រុង​ Upper Marlboro រដ្ឋ Maryland ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ស្រី Kamala Harris នឹង​សហការ​ជាមួយ​ប្រទេសប៉ូឡូញ​និង​រ៉ូម៉ានី​អំពី​វិធានការ​បន្ទាប់​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន ​ហើយ​នឹង​បញ្ជាក់​ប្រាប់​ប្រទេស​ទាំង​នេះ​ឡើង​វិញ​ពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​អំឡុង​ពេល​នៃ​ជំនួប​របស់​លោកស្រី​ជាមួយ​មេដឹកនាំ​របស់​ប្រទេស​ទាំង២​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​ទាំង​ពីរនេះ មាន​ការ​ព្រួយ​កង្វល់​កាន់តែ​ខ្លាំង​ឡើង​អំពី​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ ​ហើយ​ប្រទេស​ទាំង២នេះ​ក៏​ជា​សមាជិក​នៅ​ផ្នែក​ខាង​កើត​បំផុត​របស់​អង្គការ​អូតង់​ដែរ និង​មានព្រំដែន​ជាប់​ជាមួយ​អ៊ុយក្រែន ជា​ទីកន្លែង​ដែល​ជនភៀសខ្លួន​រាប់​ពាក់នាក់ កំពុង​ភៀស​ខ្លួនចេញ។

លោក​ស្រី Harris នឹង​ផ្តោត​លើ​មធ្យោបាយ​នានា​ដែលសមាជិក​របស់​អង្គការ​អូតង់ អាច​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឱ្យ​មាន​ប្រសិទ្ធភាព​និង​ថា​ តើ​ពួកគេ​អាច​នៅ​យល់​ស្រប​គ្នា​និងធ្វើ​ឱ្យ​ជឿនលឿន​ទៅមុខ​យ៉ាង​ដូចម្តេច។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋបាល​ម្នាក់។

មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ បាន​និយាយ​ទៀត​ថា លោកស្រី​អនុ​ប្រធានាធិបតី​អាមេរិក ក៏​នឹង​ពិភាក្សា​បញ្ហា​នានា​នៅ​ក្នុង​រដ្ឋធានី​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ​ជាមួយ​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau ដែល​ក៏​កំពុង​ទស្សនកិច្ច​តំបន់​នោះ​ដែរ។

ដំណើរ​ទស្សនកិច្ច​ទៅកាន់តំបន់​អឺរ៉ុប​ខាង​កើត​នេះ ​កើត​មាន​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Harris ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ចូលរួម​សន្និសីទសន្តិសុខ​មួយ ជា​ទីកន្លែង​ដែល​លោក​ស្រី​អនុ​ប្រធានាធិបតី បាន​ជួប​សម្ព័ន្ធមិត្តនិង​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​រួមមាន​ទាំង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiyy នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ធ្វើ​ឱ្យ​សម្ព័ន្ធមិត្ត​រួបរួម​គ្នា​នៅ​ពេល​ដែល​ការឈ្លានពាន​របស់​រុស្ស៊ី​លើអ៊ុយក្រែន​កាន់តែ​ច្បាស់ឡើង។

កាលពី​ថ្ងៃ​អង្គារ សហរដ្ឋ​អាមេរិក បាន​ច្រានចោល​ការស្នើ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ដោយ​ប្រទេស​ប៉ូឡូញ​ ដើម្បី​ផ្ទេរ​យន្តហោះ​ចម្បាំង MiG-29 ធ្វើ​នៅ​រុស្ស៊ី​ ទៅ​មូលដ្ឋាន​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ដើម្បី​ជា​មធ្យោបាយ​មួយ​ផ្គត់ផ្គង់​កងទ័ព​អាកាស​របស់​អ៊ុយក្រែននៅ​ក្នុង​ការការពារ​របស់​ខ្លួន​ប្រឆាំង​នឹង​ការឈ្លានពាន​កងទ័ព​រុស្ស៊ី៕

XS
SM
MD
LG