ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក រិះគន់​ការរឹតត្បិត​សេរីភាព​អំឡុង​ពេល​កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍


រូបឯកសារ៖ ទិដ្ឋភាព​នៅ​ខាង​មុខ​អគារ​កាស៊ីណូ NagaWorld នៅ​​កណ្តាល​ក្រុង​ភ្នំពេញ​ កាល​ពី​​ថ្ងៃ​ទី​​១១ ​ខែ​មករា​ ឆ្នាំ​២០១៤។
រូបឯកសារ៖ ទិដ្ឋភាព​នៅ​ខាង​មុខ​អគារ​កាស៊ីណូ NagaWorld នៅ​​កណ្តាល​ក្រុង​ភ្នំពេញ​ កាល​ពី​​ថ្ងៃ​ទី​​១១ ​ខែ​មករា​ ឆ្នាំ​២០១៤។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​រិះគន់​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ​និង​សេរីភាព​សារ​ព័ត៌មាន ​អំឡុង​ពេល​កូដកម្ម​របស់​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ (NagaWorld)។​

គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​ កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​បន្ត​ធ្វើ​កូដកម្ម​ ខណៈ​ភាគី​តំណាង​ឲ្យ​កម្មករ​ ក្រុមហ៊ុន​ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​បន្ត​ជួប​ពិភាក្សា​គ្នា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ឈាន​ទៅ​រក​ការ​ស្រុះ​ស្រួល​គ្នា​ក្នុង​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​អូស​បន្លាយ​ពេល​មក​ជិត​មួយ​ឆ្នាំ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​នៅ​ថ្ងៃ​អង្គារ​នេះ ​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ គឺ​លោក ​Phil Robertson បាន​លើក​ឡើង​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ខេមរ​ភាសា​ថា៖​

«រដ្ឋាភិបាល​កម្ពុជា​ គួរ​បញ្ឈប់​ការ​ប្រើ​កម្លាំង​ដ៏​គឃ្លើន​ និង​មិន​អាច​ទទួល​យក​បាន​ដើម្បី​បង្ខាំង​មិន​ឱ្យ​បុគ្គលិក​កម្មករ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​ធ្វើ​កូដកម្ម​អហិង្សា​នៅ​ទី​ក្រុង​ភ្នំពេញ។​ ការ​បៀត​បៀន​ពី​សំណាក់​អាជ្ញាធរ​មក​លើ​ក្រុម​កូដករ​តាម​ដង​ផ្លូវ​ ជំរុញ​ដោយ​ដីកា​ចេញ​យ៉ាង​ប្រញាប់​ប្រញាល់​ពី​តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ​ និង​ដែល​មិន​ត្រូវ​ការ​ពេល​វេលា​ដើម្បី​វែកញែក​បញ្ហា​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ គឺបង្ហាញ​ពី​ទំហំ​នៃ​ការ​ត្រៀម​រៀបចំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំបិទ​សិទ្ធិ​របស់​បុគ្គលិក​កាស៊ីណូ​ទាំង​នោះ»។​

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​រូប​នេះ​ បាន​បន្ត​ថា៖​ «សេរីភាព​មូលដ្ឋាន​ ដូចជាសេរីភាព​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ សេរីភាព​ក្នុង​ការ​តវ៉ា​ទាមទារ​ជា​សមូហភាព​ និង​សេរីភាព​ក្នុង​ការ​ធ្វើ​កូដកម្ម ​ត្រូវ​បាន​រង​ការ​គំរាម​កំហែង​ពី​សកម្មភាព​ ដែល​មិន​អាច​ទទួល​យក​បាន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បង្អាក់​កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍»។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​លោក ​ហេង សួរ​ បាន​ឆ្លើយ​តប​វីអូអេ​តាម​ប្រព័ន្ធ​ផ្ញើសារ​ WhatsApp ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​សំដៅ​ទៅ​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ក្នុង​ន័យ​ដើម​ថា៖​

«នោះ​ គឺ​ជា​សិទ្ធិ​សេរីភាព​នៃ​ការ​យល់​ឃើញ​របស់​អង្គការ​ទាំង​នោះ។ ​ អាជ្ញាធរ ​និង​ក្រសួង​គាំទ្រ​ការ​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​ស្រប​ច្បាប់។ ដរាបណា​វា​ជា​សកម្មភាព​ស្រប​ច្បាប់​ គ្មាន​អ្នកណា​ម្នាក់​ ត្រូវ​បាន​ហាម​ឃាត់​នោះ​ទេ»។​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​រូប​នេះ​ ថ្លែង​ទៀត​ថា​ គិត​ចាប់​ពី​ថ្ងៃ​ទី ៥ ​ខែ​ធ្នូនេះ ​ គោល​ជំហរ​របស់​ក្រសួង ​គឺ​បន្ត​ខិតខំ​សម្រប​សម្រួល​ករណី​វិវាទ​ខាង​លើ​បន្ត​ទៀត​ ស្រប​តាម​ច្បាប់​ និង​នីតិវិធី​ដែល​មាន​ជា​ធរមាន។​

លោក​ ហេង សួរ​បន្ថែម​ថា ​ ​ប្រសិន​បើ​មាន​ការ​ទាមទារ​អ្វី​ដែល​លើស​ពី​ច្បាប់ ​គឺក្រសួង​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ មាន​តួនាទី​បាន​ត្រឹម​ពាំនាំ​យក​សំណើ ​និង​សុំ​ឲ្យ​ក្រុមហ៊ុន​យក​សំណើ​នោះ​ទៅ​ពិចារណា។​ ​ហើយ​ប្រសិន​ជា​ចំណុច​ដែល​ក្រុមហ៊ុន​ខុស​ គឺ​ក្រសួង​មិន​ដែល​រួញរា​ នឹង​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​ទទួល​នោះ​ឡើយ។​

អភិបាល​រង​រាជធានី​ភ្នំពេញ​លោក​ កើត ឆែ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​មិន​ទាន់​បាន​ឃើញ​សេចក្តី​ថ្លែង​ការណ៍​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នោះ​ទេ ​ប៉ុន្តែ ​លោក ​បាន​ស្នើ​ឲ្យ​អ្នក​សារ​ព័ត៌មាន​ទៅ​ពិនិត្យ​មើល​ទិដ្ឋភាព​ជាក់ស្តែង​នៅ​ទីតាំង​កូដកម្ម។​

លោក​បាន​ថ្លែង​ថា៖ ​«សុំ​អញ្ជើញ​ទៅ​មើល! យើង​អត់​មាន​បិទ​អ្នក​កាសែត​ បិទ​អី​ទេ។​សុំ​អញ្ជើញ​ទៅ​មើល​បន្តិច​ទៅ។​ ហើយ​នៅ​ពេល​យើង​ទៅ​មើល​ហើយ ​វាយ​តម្លៃ​ខ្លួន​ឯង​តែ​ម្តង​ទៅ»។ ​

សេចក្តី​ថ្លែង​ការណ៍​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​ត្រូវ​បាន​ធ្វើ​ឡើង​ ស្រប​ពេល​កូដកម្ម​បាន​បន្ត​ ហើយ​តំណាង​សហជីព​កម្មករ​និយោជិត​ ឬ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចូលរួម​ជាមួយ​តំណាង​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ នៅ​ថ្ងៃ​អង្គារ​នេះ។​ គេមិន​ទាន់​ដឹង​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​ យ៉ាង​ណា​នោះ​ទេ គិតត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។​

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្រមាណ​១៥០០​នាក់​ បាន​ចេញ​មក​ធ្វើ​កូដកម្ម​លើក​ទីបី​ ដើម្បី​ទាមទារ​ការ​ទូទាត់​សំណង​ចំពោះ​ការ​បញ្ឈប់​ពី​ការងារ​ដោយ​គ្មាន​សំណង​សមរម្យ​ និង​ការ​វិល​ត្រឡប់​ចូល​បំពេញ​ការងារ​វិញ។ ​នេះ​ បើ​តាម​ការ​បញ្ជាក់​ពី​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៦០​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជាង​១៣០០​នាក់​ ព្រម​ទាំង​សមាជិក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​និយោជិត​ចំនួន ៣៦៥​នាក់​ ក្នុង​ចំណោម​កម្មករ​និយោជិត​១៣២៩​នាក់​ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​រួម​គ្នា​ដោយ​បង្ខំ​តាំង​ពី​ខែ​មេសា​ ឆ្នាំ​២០២១។

បុគ្គលិក​មួយ​ចំនួន​របស់​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ដែល​មាន​ឈ្មោះ​ត្រូវ​កាត់​ចេញ​ពី​ការងារ​នៅ​កាស៊ីណូ​ណាហ្គាវើលដ៍ ​បាន​ចោទ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​បច្ចុប្បន្ន​ថា​ កំពុង​រំលោភ​សិទ្ធិ​ការងារ​ ខណៈ​មាន​ការ​រៀបចំ​គម្រោង​កាត់​បុគ្គលិក​ដែល​គ្មាន​កំហុស។​

វិវាទ​ការងារ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ដែល​បាន​អូស​បន្លាយ​មក​ដល់​ពេល​នេះ​ កើត​មាន​ឡើង​ក្រោយ​ការ​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​ទៅ​កាន់​បុគ្គលិក​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា​ ឆ្នាំ​២០២១ ​ថា ​ ក្រុមហ៊ុន​ចាប់​ផ្តើម​ផែន​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ផ្ទៃ​ក្នុង​ដែល​ពាក់​ព័ន្ធ​នឹង​ជំហាន​មួយ​ចំនួន​ដែល​រួម​មាន​ផែន​ការ​កាត់​បន្ថយ​បុគ្គលិក​តាម​រយៈ​ការ​បញ្ចប់​កិច្ច​សន្យា​ការងារ​ដោយ​ការ​ព្រម​ព្រៀង​គ្នា៕​

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG