ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ណាហ្គាវើលដ៍​ជាង​១.០០០​នាក់ ​ធ្វើ​កូដកម្ម​​ឲ្យ​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ


បុគ្គលិក​​ក្រុមហ៊ុន​ ណាហ្គាវើសដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គា ​វើសដ៍ រាជធានី​ភ្នំពេញ​ ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)

ក្រុម​បុគ្គលិក​ក្រុមហ៊ុន​​ណាហ្គាវើលដ៍​បាន​ចាប់​ផ្តើម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​​តាំង​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៩​មក រហូត​ដល់​​ប្រធាន​សហជីព​ក្នុង​ក្រុម​ហ៊ុន​ម្នាក់​ត្រូវ​បាន​ក្រុម​ហ៊ុន​ព្យួរ​ការងារ ដោយ​ចោទ​ថា​ជា​មេខ្លោង​ក្នុង​ការ​ទាមទារ។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) ជាង​១.០០០​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ធ្វើ​កូដកម្ម​ទ្រង់​ទ្រាយ​ធំ​មួយ​នៅ​ខាង​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍ រាជធានី​ភ្នំពេញ​ ដោយ​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ។

បុគ្គលិក​ដែល​ចូល​រួម​ធ្វើ​កូដកម្មភាគ​ច្រើន​គឺ​ជា​ស្រ្តី​ដែល​ធ្វើ​ការ​ផ្នែក​កាស៊ីណូ​និង​មាន​មួយ​ចំនួន​ជា​ស្រ្តី​មាន​ផ្ទៃ​ពោះ។ ពួកគេ​ឈរ​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង ដោយ​មាន​កាន់​បដា​ទាមទារ​លក្ខខណ្ឌ​ចំនួន​៦​ចំណុច​និង​ក្រោម​ការ​ឃ្លាំ​មើល​របស់​កម្លាំង​ចម្រុះ​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ប្រមាណ​ជា​១០០​នាក់ ព្រម​ទាំង​សន្តិសុខ​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ ណាហ្គា វើលដ៍។

កញ្ញា យិន និមល បុគ្គលិក​មួយ​រូប​ដែល​ឈរ​តវ៉ា​នៅ​ខាង​មុខ​កាស៊ីណូ ប្រាប់ VOA ថា ក្រុម​បុគ្គលិកទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន ដោយ​ក្នុង​នោះ​ឲ្យ​ក្រុមហ៊ុន​ដោះ​ស្រាយ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​កាស៊ីណូ​និង​ទាមទារ​ឲ្យ​ទទួល​យក​តំណាង​សហជីពចូល​ធ្វើការ​វិញ។ កញ្ញា​បាន​ចោទ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ថា​មិន​អនុវត្ត​តាម​ច្បាប់​ការងារ ពាក់ព័ន្ធ​នឹង​ការ​ឈប់​សម្រាក ហើយ​ថា​បុគ្គលិក​តែង​រង​នូវ​ការ​បៀតបៀន និង​ប្រើ​ហិង្សា​ពី​ភ្ញៀវ ដោយ​មិន​មាន​ការ​ការ​ពារ​ពី​ក្រុមហ៊ុន៖​

«ចង់​ឈប់​បុណ្យ​ចូល​ឆ្នាំ ភ្ជុំ​ទៅ​ជួប​បង​ប្អូនអី​អញ្ចឹង​គឺ​អត់​បាន​ទេ។ កម្រិត​ក្រុមហ៊ុន​ឲ្យ​ដាក់​បាន​ប៉ុន្មាន​ភាគរយ​គឺ​កំណត់​ប៉ុណ្ណឹង ហើយត្រូវ​តែមក​ធ្វើការ បើ​អត់​មក​ធ្វើការគឺ​មាន​កំហុស​ទៀត។ ហើយ​ទីពីរ​ គឺ​ការ​បៀត​បៀន​លើ​ពួកខ្ញុំ​ជា​ស្រ្តី ពួកខ្ញុំ​ជា​កាស៊ីណូ​មែន ប៉ុន្តែ​ពួក​ខ្ញុំ​មាន​ច្បាប់​ទម្លាប់​របស់​ពួក​ខ្ញុំ​។ ភ្ញៀវ​សុខៗស្រវឹង បៀត​បៀន​លើ​រាងកាយ​របស់​ពួកខ្ញុំ ក្រុម​ហ៊ុន​អត់​មាន​ចេញ​ច្បាប់​មួយ​ថា​ការពារ​ពួក​ខ្ញុំ​ទេ​ ដឹង​តែ​ភ្ញៀវ​ជា​ស្តេច បុគ្គលិក​អត់​មាន​សិទ្ធ​តវ៉ា​ទេ»។

សន្តិសុខ​របស់​កាស៊ីណូ ណាហ្គាវើលដ៍ (Naga World) ពីរ​នាក់ កំពុង​ឈរមើល​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិកក្រុមហ៊ុន ណាហ្គា​វើសដ៍ នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គាវើសដ៍ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)
សន្តិសុខ​របស់​កាស៊ីណូ ណាហ្គាវើលដ៍ (Naga World) ពីរ​នាក់ កំពុង​ឈរមើល​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិកក្រុមហ៊ុន ណាហ្គា​វើសដ៍ នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គាវើសដ៍ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)

បុគ្គលិក​ទាំង​នោះទាមទារ​ឲ្យក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ទទួល​យក​ប្រធាន​សហជីព ​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើការវិញដោយឥត​លក្ខខណ្ឌ អនុញ្ញាតឲ្យកម្មករឈប់សម្រាក និងធ្វើការ​តាម​ការ​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃ​បុណ្យ​ជាតិ បញ្ឈប់​ប្រធាន​ប្រតិបត្តិ​ការ​ផ្នែក​កាស៊ីណូ​ជា​ជនបរទេស​ម្នាក់​ ដែល​ពួកគេ​ថា​មាន​ចរិត​មិន​ល្អ។

បើ​តាម​ញត្តិ​ដែល​ VOA ទទួល​បាន ពួកគេ​ក៏​បាន​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យបាន​៣០០​ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ ដែល​បច្ចុប្បន្ន​ទទួល​បាន​ពី​១៥០​ទៅ​ជាង​២០០​ដុល្លារ​ក្នុង​មួយ​ខែ និង​ដំឡើង​៥០០​ដុល្លារសម្រាប់​បុគ្គលិក​ផ្នែក​កាស៊ីណូ ដែល​បច្ចុប្បន្ន​ទទួល​បាន​ជាង​៣០០​ដុល្លារ​តែ​ប៉ុណ្ណោះ។ ពួកគេ​ក៏​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បង្កើត​បទ​បញ្ញត្តិ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​និង​ការ​បៀតបៀន​ផ្លូវ​ភេទ​លើ​បុគ្គលិក​ជាស្ត្រី​នៅកន្លែង​ការងារ។

បុគ្គលិក​កាស៊ីណូ​ណាហ្គា​ទាមទារ​ដំឡើង​ប្រាក់ខែ​​
សូម​រង់ចាំ

No media source currently available

0:00 0:02:18 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​បុគ្គលិក​ក្រុមហ៊ុន ​ណាហ្គាវើលដ៍ ​បាន​ចាប់​ផ្តើម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែតាំង​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៩​មក រហូត​ដល់ប្រធាន​សហជីព​ក្នុង​ក្រុម​ហ៊ុន​ម្នាក់​គឺ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ក្រុម​ហ៊ុន​ព្យួរ​ការងារ ដោយ​ចោទ​ថា​ជា​មេខ្លោង​ក្នុង​ការ​ទាមទារ។

កញ្ញា ឈឹម ស៊ីថរ បាន​ប្រាប់​VOAថា ក្រុមហ៊ុន​មិន​ដែល​បង្ហាញ​ជំហរ​ដោះស្រាយនោះ​ទេ។ កញ្ញា​បន្ត​ថា ថ្មីៗ​នេះ ក្រុម​ហ៊ុន​បាន​ប្រកាស​ដំឡើង​ប្រាក់​ខែ​ដល់​បុគ្គលិក ប៉ុន្តែ​ការ​សម្រេច​នោះ​មិន​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​បុគ្គលិក។

«ប្រសិន​បើ​មាន​ដំណោះ​ស្រាយ ការ​ចរចា​ណាមួយ​ដែល​បុគ្គលិក​ទាំង​អស់​អាច​ទទួល​យក​បាន យើងនឹង​បញ្ឈប់​ការ​តវ៉ា។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​សិន​ជាគ្មាន​ដំណោះ​ស្រាយ​ណា​យើង​ទទួល​យក​បាន​ទេ​ យើង​នឹង​បន្ត​ការ​តវ៉ា​ នៅ​ក្នុង​រូបភាព​ណា​ក៏​ដោយ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ»។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ ​ព្យួរ​ការងារ​ ប្រាប់​អ្នក​សារព័ត៌មាន​ខណៈបុគ្គលិកក្រុមហ៊ុន ណាហ្គា ​វើសដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គាវើសដ៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)​
កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ ​ព្យួរ​ការងារ​ ប្រាប់​អ្នក​សារព័ត៌មាន​ខណៈបុគ្គលិកក្រុមហ៊ុន ណាហ្គា ​វើសដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គាវើសដ៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)​

VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពីក្រុមហ៊ុន ណាហ្គាវើលដ៍ តាម​អ៊ីមែល និង​ទូរស័ព្ទ តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ចុះ​មើល​ការ​ធ្វើ​កូដកម្ម​បាន​ថ្លែង​ថា​ លោក​នឹង​ជួយ​សម្រប​សម្រួល​ឲ្យ​មាន​ការ​ពិភាក្សា​រវាង​ក្រុមហ៊ុន​និង​បុគ្គលិក។ ទោះ​យ៉ាង​ណា​លោក​ថា រាល់​ការ​តវ៉ា​ទាមទារ​របស់​បុគ្គលិកត្រូវ​ធ្វើ​ឡើង​ឲ្យ​ស្រប​តាម​ច្បាប់។

«ថ្ងៃ​នេះ​ខ្ញុំម​ក​នេះ ​គ្រាន់​តែ​ជម្រាប​កម្មករ​កម្មការិនី​ថា ធ្វើ​អីក៏​ដោយ​កុំ​ឲ្យ​ហួស​ពី​ដែន​ច្បាប់កំណត់។ អញ្ចឹង​មក​នេះ​ខ្ញុំ​ក៏​ប្រាប់​ដែរ ណាហ្គា​អត់​មាន​ធ្វើ​អី​ឲ្យ​នេះ​ទេ យើង​នឹង​សម្រប​សម្រួល​គ្នា​ថា ការងារ​នេះ​យើង​នឹង​ធ្វើ​កិច្ច​ការងារមួយ​ទៅ​តាម​ច្បាប់»។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ចុះ​មើល​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិកក្រុមហ៊ុន ណាហ្គា ​វើសដ៍ (Naga World) នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គា​វើសដ៍ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)​
លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ចុះ​មើល​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិកក្រុមហ៊ុន ណាហ្គា ​វើសដ៍ (Naga World) នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គា​វើសដ៍ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)​

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ប្រាប់ VOA ថា ក្រសួង​ការងារ​បាន​ព្យាយាម​សម្រប​សម្រួល​វិវាទនេះ​ជា​ច្រើន​ដង​រួច​មក​ហើយ​ប៉ុន្តែ​លោក​ថា រហូត​មក​ដល់​ពេល​នេះ ភាគីនៅ​មិន​ទាន់​ទទួល​យក​នៅ​ឡើយ។

«ក្រសួង​មាន​តួនាទី​ត្រឹម​សម្រប​សម្រួល​ដើម្បី​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​គ្នា​ទៅ​វិញ​ទៅ​មក​បាន ឬ​មួយ​ក៏​យ៉ាង​ម៉េច ហើយ​ក្នុង​ករណី​ដែលសម្រប​សម្រួលមិនបាន ​គឺ​មាន​តែ​រុញទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ប្រសិន​ជាវិវាទ​នោះ​គឺជា​វិវាទ​ការងារ​រួម។ ដោយ​ឡែក​ប្រសិន​បើ​វិវាទ​នោះ​គឺ​ជា​វិវាទ​ការងារបុគ្គល​ នីតិវិធី​បន្ទាប់​គឺ​មាន​តែ​រង់ចាំ​ការ​សម្រេច​ចុង​ក្រោយ​ពី​តុលាការ»។

លោក ឃុន ថារ៉ូ អ្នក​សម្រប​សម្រួល​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ CENTRAL ដែល​តែង​ឃ្លាំមើល​ការ​តវ៉ា​របស់​បុគ្គលិក​ក្រុម​ហ៊ុន ណាហ្គា វើលដ៍ លើក​ឡើង​ថា ​ក្រុម​ហ៊ុន​តែង​បដិសេធ​ក្នុង​ការ​ទាមទារ​របស់​បុគ្គលិកនិង​តែង​បង្ហាញ​ពី​ចេតនា​មិន​ដោះស្រាយ។

«កន្លង​មក​ក៏​មាន​បណ្តឹង​ទៅ​ពលកម្ម​អន្តរជាតិ ទាក់ទង​នឹង​ការ​បញ្ឈប់ថ្នាក់​ដឹកនាំ​សហជីព និង​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់កម្មករ​និយោជិត។​ អញ្ចឹង​ខ្ញុំគិត​ថា​ ណាហ្គា​នេះ មាន​ប្រវត្តិ​មួយ​ដែល​មិនសហការ​ជាមួយ​សហជីព​ទេ ផ្ទុយ​ទៅ​វិញ​សហជីព​តែង​សហការ​ជាមួយ​ក្រុម​ហ៊ុន។ អញ្ចឹង​បើសិន​ជា​ក្រុម​ហ៊ុន​បន្ទន់​ជំហរ​ក្នុងការ​សហការ ក្នុង​ការ​គោរព​សិទ្ធិ​របស់​កម្មករ​និយោជិត ខ្ញុំ​គិត​ថា​ដំណោះ​ស្រាយវា​នឹង​អាច​ដោះ​ស្រាយ​បាន»។​

បុគ្គលិកក្រុមហ៊ុន​ ណាហ្គាវើសដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គា ​វើសដ៍ រាជធានី​ភ្នំពេញ​ ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)
បុគ្គលិកក្រុមហ៊ុន​ ណាហ្គាវើសដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គា ​វើសដ៍ រាជធានី​ភ្នំពេញ​ ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)

ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​នេះ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​សម្រេច​ចាត់​ចែង​បណ្តោះ​អាសន្ន ទៅ​តាម​ការ​ស្នើ​របស់​មេធាវី​ក្រុម​ហ៊ុន។ ដីកាចេញ​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២០​ ដែល​ចេញ​មួយ​ថ្ងៃ​មុនថ្ងៃ​ធ្វើ​កូដកម្ម តុលាការ​សម្រេចឲ្យ​ផ្អាក​ការ​ធ្វើ​កូដកម្ម​ជា​បណ្តោះ​អាសន្ន ហើយ​ឲ្យ​បុគ្គលិក​ចូល​បំពេញ​ការងារ​វិញ។ សេចក្តី​សម្រេច​នោះ​បន្ថែម​ថា កម្មករ​និយោជិត​ដែល​បន្ត​ធ្វើ​កូដកម្ម​ផ្ទុយ​នឹង​ការ​សម្រេច​ត្រូវ​កំណត់​ថា​ជា​កូដកម្ម​ខុសច្បាប់ និង​ត្រូវ​ចាត់​ទុក​ថា​ជា​កំហុស​ធ្ងន់ធ្ងរ។

យ៉ាង​ណាក្តី ក្រុម​បុគ្គលិក​អះអាង​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​រហូត​ដល់​មាន​ដំណោះ​ស្រាយ​សម​ស្រប​ពី​ក្រុម​ហ៊ុន៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG