ក្រុមថ្នាក់ដឹកនាំនិងសមាជិកសហជីពនៅកាស៊ីណូណាហ្គាវើលដ៍(NagaWorld)អះអាងថា ពួកគេកំពុងរៀបចំពាក្យបណ្តឹងប្តឹងក្រុមហ៊ុនមួយនេះ ពាក់ព័ន្ធនឹងការកាត់ការងាររបស់បុគ្គលិកជាង១ពាន់នាក់ក្នុងពេលប្រទេសកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។
នៅចន្លោះថ្ងៃទី២៦ និង២៧ ខែឧសភា ថ្នាក់ដឹកនាំសហជីពមួយចំនួនបានទទួលការជូនដំណឹងពីក្រុមហ៊ុនណាហ្គាវើលដ៍អំពីសំណើឲ្យចាកចេញពីការងារដោយមានកញ្ចប់សំណងសម្រាប់ការចាកចេញ។ នេះបើតាមការបញ្ជាក់របស់មេដឹកនាំសហជីពមួយរូបនៅកាស៊ីណូណាហ្គាវើលដ៍ដែលជាសាខារបស់ក្រុមហ៊ុន NagaCorp។
អ្នកស្រី ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលគួរឈប់អនុញ្ញាតឲ្យមានការលេងល្បែងស៊ីសងនៅកណ្តាលក្រុងទៀត ដោយអ្នកស្រីចោទថាក្រុមហ៊ុនណាហ្គារំលោភសិទ្ធិនិយោជិតនិងសហជីព។ អ្នកស្រីបន្ថែមថាបុគ្គលិកកម្មករទាំងអស់មិនអាចទទួលយកបានទេនូវការបញ្ឈប់ការងាររបស់ពួកគេ។
អ្នកស្រីថ្លែងថា៖ «អីចឹង សឹងតែអាចនិយាយបានថាបើសិនជាគ្មានការងារសមរម្យក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ទេ កម្ពុជាមិនគួរណាមានវត្តមានក្រុមហ៊ុនល្បែងស៊ីសង ស្ថិតនៅកណ្តាលក្រុងទេ»។
បើតាមអ្នកស្រី ឈឹម ស៊ីថរ ក្នុងចំណោមបុគ្គលិកជាង១.៣០០នាក់ ដែលត្រូវក្រុមហ៊ុនជូនដំណឹងឲ្យលាឈប់ពីការងារនោះ មានបុគ្គលិកជាង៣០០នាក់បានទទួលយកកញ្ចប់របស់ក្រុមហ៊ុន ហើយបុគ្គលិកជាង៦០០នាក់ទៀត នៅបន្តតវ៉ាទាមទាររក្សាការងារនៅកាស៊ីណូណាហ្គាវើលដ៍ដដែល។
បើតាមចំណុចសំខាន់ៗមួយចំនួនដែលក្រុមសហជីពនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍គ្រោងលើកឡើងក្នុងពាក្យបណ្តឹងរបស់ខ្លួននោះ គឺ«ទី១ក្រុមហ៊ុននេះត្រូវបញ្ឈប់គម្រោងកាត់បុគ្គលិកចំនួន១៣២៩នាក់ រួមទាំងប្រធានសហជីព អនុប្រធាន និងសកម្មជនសហជីពទាំងអស់ផងដែរ។ ទី២ ផ្តល់ប្រាក់ឈ្នួលយ៉ាងហោចណាស់៥០ភាគរយក្នុងអំឡុងពេលបិទរហូតដល់ក្រុមហ៊ុនដំណើរការឡើងវិញ។ ទី៣បើកប្រាក់អតីតភាពដែលពន្យារពេលកន្លងមកដល់បុគ្គលិក»។
អ្នកស្រី គឹម ម៉ាលី អាយុ៣៧ឆ្នាំ ដែលកំពុងមានផ្ទៃពោះ ហើយមានឈ្មោះត្រូវកាត់ចេញពីការងារនោះ ប្រាប់វីអូអេថា ក្រុមហ៊ុនកំពុងបង្ហាញចេតនាមិនល្អ ដើម្បីបញ្ឈប់ការងាររបស់សមាជិកសហជីព ដោយសារភាគច្រើននៃឈ្មោះដែលត្រូវកាត់ចេញពីការងារនោះ គឺជាថ្នាក់ដឹកនាំសកម្មជន និងសមាជិកសហជីព។
អ្នកស្រីថាការស្នើរបស់ក្រុមហ៊ុនឲ្យបុគ្គលិកឈប់ពីការងារនេះ ដោយយកលេសថារងផលប៉ះពាល់ពីជំងឺកូវីដ១៩នោះ គឺមិនអាចទទួលយកបានទេ ព្រោះក្រុមហ៊ុននៅមានលទ្ធភាពរកបានប្រាក់ចំណេញនៅឡើយ ហើយនៅពេលនេះ ជាកាលៈទេសៈលំបាកបំផុតក្នុងការរកការងារថ្មី។
«នៅណាហ្គា ភាគច្រើនគឺបុគ្គលិកជាមនុស្សស្រី អ្នកមានផ្ទៃពោះក៏មាន អ្នកអត់ក៏មាន។ អ្នកខ្លះជិតសម្រាលទៀត អ្នកខ្លះក៏សម្រាលកូនហើយក៏ក្រុមហ៊ុននៅតែកាត់ដែរ ហើយសួរថាអីចេះ នៅសរសៃខ្ចី អ្នកជិតឆ្លងទន្លេ សួរថាឲ្យទៅរកការងារណាបានធ្វើ ដើម្បីរកលុយមកផ្គត់ផ្គង់ក្រុមគ្រួសារនែ៎!»។
បើតាមអ្នកស្រី គឹម ម៉ាលី ដែលធ្វើការនៅកាស៊ីណូណាហ្គាវើលដ៍ប្រមាណ១៥ឆ្នាំមកហើយបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ស្ទើរគ្រប់ផ្នែក រាប់តាំងពីខាងសណ្ឋាគារ និងអ្នកបម្រើការនៅតុល្បែងស៊ីសង ឬអ្នកទទួលភ្ញៀវផ្សេងទៀតក្នុងកាស៊ីណូ ត្រូវបានក្រុមហ៊ុនផ្ញើសារតាមទូរស័ព្ទអំពីសំណើឲ្យឈប់ពីការងារ ដោយមានការព្រមព្រៀងគ្នា គិតចាប់តាំងពីខែមេសាមក។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីប្រធានផ្នែកធនធានមនុស្សក្រុមហ៊ុនណាហ្គាវើលដ៍ លោកHein Dames តាមទូរស័ព្ទបានទេនៅថ្ងៃអង្គារនេះ។ លោកក៏មិនឆ្លើយសំណួរដែលវីអូអេបានផ្ញើតាមសារអ៊ីមែលដែរ។
យោងតាមសារជូនដំណឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលបុគ្គលិកមួយចំនួនទទួលបាននោះ គឺកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនចាប់ផ្តើមផែនការរៀបចំ រចនាសម្ព័ន្ធផ្ទៃក្នុងដែលពាក់ព័ន្ធនឹងជំហានមួយចំនួន ដែលរួមមានផែនការកាត់បន្ថយបុគ្គលិកតាមរយៈការបញ្ចប់កិច្ចសន្យាការងារ ដោយការព្រមព្រៀងគ្នា។
សារជូនដំណឹងនោះមានន័យដើមថា៖ «ប្រសិនបើអ្នកជ្រើសរើសទទួលយកគម្រោងក្នុងការបញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងនេះ យើងនឹងផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដែលខ្ពស់បំផុតតាមច្បាប់ស្តីពីការងារជាធរមាន ដោយរាប់បញ្ចូលទាំងប្រាក់បំណាច់អតីតភាពការងារទាំងអស់ ប្រាក់សោហ៊ុយជំងឺចិត្ត អត្ថប្រយោជន៍ទៅតាមកិច្ចសន្យាការងារ និងអត្ថប្រយោជន៍នានា»។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូ លើកទឹកចិត្តឲ្យគូភាគីក្នុងវិវាទការងារទ្រង់ទ្រាយធំនេះ រកដំណោះស្រាយស្របតាមផ្លូវច្បាប់ដែលមានជាធរមាន។
«ផ្លូវច្បាប់ ក្រុមហ៊ុនមានសិទ្ធិនៅក្នុងការបញ្ឈប់ ប៉ុន្តែកម្មករនិយោជិតគាត់មានសិទ្ធិនៅក្នុងការទាមទារឲ្យមានការទូទាត់ត្រឹមត្រូវទៅតាមផ្លូវច្បាប់ អាហ្នឹងវាជាសិទ្ធិរបស់ភាគីទាំងសងខាង ខណៈពេលដែលក្រុមហ៊ុន មិនមានឆន្ទៈនៅក្នុងការទូទាត់នូវរូបមន្តត្រឹមត្រូវទៅតាមផ្លូវច្បាប់។ អីចឹងអាហ្នឹងវាបើកសិទ្ធិកម្មករនិយោជិតនៅក្នុងការទាមទារហើយ»។
លោកបន្ថែមថារដ្ឋាភិបាលគួរពិចារណាអន្តរាគមន៍បញ្ចប់វិវាទនេះ ដើម្បីធានាថាកម្ពុជាមិនមែនជាទីកន្លែងដែលរើសអើងក្រុមសហជីពឬកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ក្រុមនិយោជិតដែលភាគច្រើនជាសមាជិកសហជីព ហើយត្រូវបានស្នើឲ្យឈប់ពីការងារ។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេនៅថ្ងៃអង្គារនេះ។
បើតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយដែលចេញផ្សាយកាលពីកន្លងទៅ ក្រុមហ៊ុនណាហ្គាដែលចុះបញ្ជីក្នុងទីក្រុងហុងកុង បានរកប្រាក់ចំណេញប្រមាណ១០២លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ទោះបីប្រទេសកម្ពុជាស្ថិតក្រោមការគំរាមកំហែងនៃការរាតត្បាតជំងឺកូវីដ១៩ក៏ដោយ៕