ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ណាហ្គាវើលដ៍ រង​ការ​រិះគន់​កាន់​តែ​ខ្លាំង​ពី​ក្រុម​សិទ្ធិ​មនុស្ស​អំពី​ចេតនា​បំបិទ​សំឡេង​សហជីព


រូបឯកសារ៖ កាស៊ីណូ NagaWorld នៅក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤។

វិវាទ​ការងារ​របស់​បុគ្គលិក​ដែល​ភាគច្រើន​ជា​សមាជិក​សហជីព​ និង​ថ្នាក់​ដឹកនាំក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) បន្ត​កើន​កម្ដៅ​ នៅ​ពេល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​រួមគ្នា​ស្នើ​ឲ្យ​ក្រុមហ៊ុន​ ដែល​ជា​សាខា​របស់​ក្រុមហ៊ុន ​Naga​Corp ​ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុនទីក្រុង​ហុងកុង​មួយ​នេះ​ បញ្ឈប់ផែន​ការកាត់​បន្ថយ​បុគ្គលិក​ និងការប៉ុនប៉ងរំលាយសហជីព។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ បណ្តុំ​ក្រុម​អង្គការ​ និង​សមាគម​ចំនួន​ជាង​៧០​ បាន​ថ្លែងការណ៍​រួមគ្នា​ ប្រឆាំង​នឹង​គម្រោង​កាត់​បន្ថយ​កម្មករ​និយោជិត​ចំនួន​១៣២៩​នាក់​ ដែល​ភាគ​ច្រើន​ជា​ថ្នាក់​ដឹកនាំ សកម្មជន​ និង​សមាជិក​សហជីព។​

ក្រុម​អង្គការ​ និង​សមាគម​ដដែល​នោះ​ ក៏​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ប៉ុន​ប៉ង​រំលាយ​សហជីព​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើល​ ដែល​មាន​ទីតាំង​អាជីវកម្ម​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ។

បុគ្គលិក​មួយចំនួន​របស់​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើល​ដែល​មាន​ឈ្មោះ​ត្រូវ​កាត់​ចេញ​ពី​ការងារ​នៅ​កាស៊ីណូ​ណាហ្គាវើល​ដ៍ បាន​ចោទ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​បច្ចុប្បន្ន​ថា​ កំពុង​រំលោភ​សិទ្ធិ​ការងារ​ ខណៈ​មាន​ការ​រៀបចំ​គម្រោង​កាត់​បុគ្គលិក​ដែល​គ្មាន​កំហុស។

ពួកគេ​ថា​ ក្រម​ហ៊ុន​ក៏​កំពុង​បង្កើន​សម្ពាធ​ហិរញ្ញវត្ថុ​លើ​បុគ្គលិក​ ដែល​កំពុង​ជាប់​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ផ្សេង​ៗ​ តែ​ត្រូវ​មាន​ឈ្មោះ​កាត់​ពី​ការងារ​ជាមួយ​សំណង​ដែល​មិន​អាច​ទទួល​យក​បាន។

អ្នក​ស្រី ​រិទ្ធ ណាវី អាយុ​៤១​ឆ្នាំ ​ជាស្ត្រី​មេម៉ាយ​កូន​ពីរ​នាក់​ ដែល​មាន​តួនាទី​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្នែក​តុ​ល្បែង​ក្នុង​កាស៊ីណូណា​ហ្គាវើល​ដ៍​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ អ្នកស្រី​មិន​ព្រម​ទទួល​យក​សំណង​ ទោះ​ក្នុង​កញ្ចប់​ទឹក​ប្រាក់​ណា​ក៏ដោយ។ ​

«ខ្ញុំ​ធ្វើ​ការ ​ខ្ញុំ​មេម៉ាយ​កូន​ពីរ​ ខ្ញុំ​ចិញ្ចឹម​កូន​ផង​ ហើយ​ដល់​ទៅ​ពេល​គាត់​កាត់​ចំ​ឈ្មោះ​ខ្ញុំ​ទៀត​ ហើយ​ខ្ញុំ​មាន​បន្ទុក​ត្រូវ​បង់​ធនាគារ​ ហើយ​កូន​ខ្ញុំ​កំពុង​ពេញ​រៀន​ទៀត​ ចឹង​ខ្ញុំ​នៅ​កណ្តាល​ទន្លេ​ទាំង​អស់​ ឡេះឡះ​សព្វ​បែប​យ៉ាង។​កូន​ក៏​កំពុង​តែ​រៀន។ កូន​អា​បង​បាក់​ឌុប​ឆ្នាំ​ក្រោយ​ ហើយ​ដល់​ពេល​គាត់​កាត់​ចំ​ឈ្មោះ​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​អាច ទទួល​យក​សំណង​ហ្នឹង​បាន​ទេ​ ដោយសារ​តែ​គាត់​ធ្វើ​វា​អត់​ស្រប​តាម​ច្បាប់​ត្រឹម​ត្រូវ»។

​អ្នកស្រី​យល់​ថា អ្វី​ដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​នេះ​ ប្រៀប​ដូច​ជា​ ការ​បណ្តេញ​បុគ្គលិក​ទាំង​អ​យុត្តិធម៌​ ក្រោម​ហេតុផល​ថា​ បុគ្គលិក​ដែល​ប្រឹង​រក​ផល​ចំណេញ​ឲ្យ​ក្រុមហ៊ុន ហើយ​គ្មាន​កំហុស​ តែ​បែរ​ជា​មាន​ឈ្មោះ​ត្រូវ​កាត់​ចេញ​ពី​ការងារ។

អ្នកស្រី​បាន​ថ្លែង​បន្ថែម​ថា៖ «ហើយ​ពួក​ខ្ញុំ​អត់​មាន​កំហុស​អី​ផង​ហើយ​ត្រូវ​កាត់។ បើសិន​ជា​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គាត់​ក្ស័យ​ទុន​ គាត់​អត់​ចំណេញ​ គាត់​យក​វិបត្តិ​កូវីដ​ អាហ្នឹង​ក៏​ពួក​ខ្ញុំ​មិន​ទៅ​តវ៉ា​ទាមទារ​អី​ដែរ។​ ប៉ុន្តែ​ដំណាក់​កាល​នេះ​ សម័យ​កូវីដ​ វិបត្តិ​កូវីដ​ហើយ​ ពួក​បុគ្គលិក​នៅ​រក​ចំណូល​ឲ្យ​ណាហ្គា​ចំណេញ​ជាង​១០០​លាន​ទៀត​...គាត់​ធ្វើ​ហ្នឹង​វា​អយុត្តិធម៌។ ចង់​និយាយ​ថា ​ក្រុមហ៊ុន​ហ្នឹង​គាត់​ធ្វើ​វា​អយុត្តិធម៌​ពេក​ ហើយ​គាត់​ចង់​រំលាយ​សហជីព។ សហជីព​អត់​ដែល​ទៅ​ធ្វើ​អី​ឲ្យ​ពិបាក​មាន​ផលប៉ះពាល់​ ខាត​អី​ដល់​ក្រុមហ៊ុន​ទេ​ តែ​ក្រុម​ហ៊ុន​ទេ ​ជា​អ្នក​ជ្រើស​រើស​ផ្លូវ​ខាត​ខ្លួន​ឯង»។

អ្នកស្រី​ ទូច​ សុភា ជា​បុគ្គលិក​នៅ​ផ្នែក​តុ​ល្បែង​ នៅ​កាស៊ីណូ​ណាហ្គាវើលដ៍។ ដោយ​បាន​បម្រើការ​នៅ​កាស៊ីណូ​នេះ​ ជិត​១៥​ឆ្នាំ​មក​នោះ​ អ្នកស្រី​និយាយ​ថា​ អវត្តមាន​របស់​សហជីព​ នឹង​បង្ក​ការ​លំបាក​ដល់​បុគ្គលិក​នៅ​បន​ល្បែង​ស៊ីសង​មួយ​នេះ​ ព្រោះ​កន្លង​មក​ ពេល​ភ្ញៀវ​បង្ក​ទំនាស់​ជាមួយ​បុគ្គលិក​ ថ្នាក់​គ្រប់​គ្រង​មិន​សូវ​អើពើ​ទេ​ គឺ​មានតែ​សហជីព​តែប៉ុណ្ណោះ។​

អ្នកស្រី​បដិសេធ​មិន​ទទួល​យក​សំណង​ណាមួយ​ ហើយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បន្ត​ការងារ​អ្នកស្រីជា​ធម្មតា​ ដោយ​មាន​វត្តមាន​សហជីព​ ដើម្បី​ទប់​ទល់​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​ពី​ភាគី​ខាង​នយោជក។

«ពេល​ភ្ញៀវ​ចាញ់​ ភ្ញៀវ​ជះ​ទឹក ឬ​ក៏​ភ្ញៀវ​ចង់​យក​អា​ spray [ទឹក​អាល់កុល​បាញ់] គប់​ពួក​ខ្ញុំ ភ្ញៀវ​ជេរ​ប្រមាថ​ពួក​ខ្ញុំ​ ក្រុមហ៊ុន​មិន​ដែល​ដោះ​ស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទេ​ មាន​តែ​សហជីព​ដែល​អាច​ទៅ​ដោះស្រាយ​ជាមួយ​នឹង​ក្រុមហ៊ុន​ ដើម្បី​រក​ដំណោះ​ស្រាយ​ជាមួយ​ភ្ញៀវ។ អីចឹង​ក្រុមហ៊ុន​អត់​មាន​ដោះស្រាយ​ជាមួយ​នឹង​ភ្ញៀវ​ឲ្យ​ពួក​ខ្ញុំ​គេ​ ហើយ​សម្រាប់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ ដែល​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ ទាល់​តែ​មាន​សហជីព​ បាន​ពួក​ខ្ញុំ​មាន។ បើ​សិន​ជាអត់​មាន​សហជីព​ ពួក​ខ្ញុំ​គឺ​អត់​មាន​ទាំង​អស់»។

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុន​ ណាហ្គាវើសដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គា ​វើសដ៍ រាជធានី​ភ្នំពេញ​ ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុន​ ណាហ្គាវើសដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គា ​វើសដ៍ រាជធានី​ភ្នំពេញ​ ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)

វិវាទ​ការងារ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រាប់​រយ​នាក់​ដែល​បាន​អូស​បន្លាយ​មក​ពេល​នេះ​ កើត​មាន​ឡើង​ក្រោយ​ការ​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​ទៅ​កាន់បុគ្គលិក​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា​ ឆ្នាំ​២០២១​ថា ក្រុមហ៊ុន​ចាប់​ផ្តើម​ផែនការ​រៀបចំ​រចនា​សម្ព័ន្ធ​ផ្ទៃ​ក្នុង​ដែល​ពាក់​ព័ន្ធ​នឹង​ជំហាន​មួយ​ចំនួន​ដែល​រួម​មាន​ផែន​ការ​កាត់​បន្ថយ​បុគ្គលិក​តាម​រយៈ​ការ​បញ្ចប់​កិច្ច​សន្យា​ការងារ​ដោយ​ការ​ព្រម​ព្រៀង​គ្នា។

បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សមាគម​ចំនួន​៧៣ ចុះ​ថ្ងៃ​ទី​១០ ​ខែ​មិថុនា​ ផែនការ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​គ្រោង​កាត់​បន្ថយ​បុគ្គលិក​ចំនួន​១៣២៩​នាក់ ក្នុង​ចំណោម​បុគ្គលិក​ប្រមាណ​ជាង​៨​ពាន់​នាក់​នោះ​ មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដោយ​មិន​មាន​ហេតុផល​សម​ស្រប​ និង​មិន​អាច​ទទួល​យក​បាន​នៅ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩។​

ក្រុម​អង្គការ​សមាគម​ ដែល​ក្នុង​នោះ​ មាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​ និង​សហជីព​ជាច្រើន​ មាន​ជំនឿ​ថា​ ក្រុមហ៊ុន​មាន​បំណង​បំបាត់​សំឡេង​តំណាង​ការពារ​ប្រយោជន៍​កម្មករ​នៅ​ក្រុមហ៊ុន​ ព្រោះ​អ្នក​តំណាង​ក្បាល​ម៉ាស៊ីន​សហជីព​ទាំង​អស់​ មាន​ប្រធាន​ អនុប្រធាន​និង​លេខាធិការ​របស់​សហជីព​ ព្រមទាំង​សកម្មជន​សហជីព​ភាគច្រើន​បំផុត​ នៅ​គ្រប់​ផ្នែក​នៃ​ក្រុមហ៊ុន​ ក៏​បាន​ទទួល​ការជូន​ដំណឹង​បញ្ឈប់​ពី​ការងារ​ដូចគ្នា។

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អធិប្បាយ​ថា៖

«​ទាំង​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ នៅ​ពី​ក្រោយ​ហេតុផល​គម្រោង​កាត់​បន្ថយ​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ គឺ​ជា​ចេតនា​គាស់​រំលើង​សហជីព​មិន​ឲ្យ​មាន​វត្តមាន​នៅ​ក្នុង​ក្រុមហ៊ុន​ ដែល​ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​ធ្វើ​លើ​ក្រុម​អតីត​ថ្នាក់​ដឹកនាំ​សហជីព​កាល​ពី​ឆ្នាំ​២០០៩។​ ទង្វើ​ទាំង​នេះ​ បង្ហាញ​ពី​ចេតនា​នៃ​ការ​រើស​អើង​សហជីព​ និង​រំលោភ​បំពាន​ទៅ​លើ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​ផ្នែក​សមាគម»។

ក្រុម​អង្គការ​សមាគម​កត់​សម្គាល់​ទៀត​ថា បើ​មើល​ទៅ​លើ​ផល​ចំណេញ​ដែល​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បន្ត​ទទួល​បាន ​ក្នុង​ពេល​ប្រទេស​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​វិបត្តិ​កូវីដ​១៩​នោះ​ ការ​កាត់​បន្ថយ​បុគ្គលិក​ គួរតែ​ត្រូវ​ជៀសវាង។​ លើស​ពី​នេះ​ទៀត​ គម្រោង​អភិវឌ្ឍ​អគារ​ថ្មី​នៃ​ណាហ្គា​៣កំពុង​មាន​ដំណើរ​ការ​ជា​ធម្មតា​រៀង​រាល់​ថ្ងៃ​ ដែល​អគារ​ថ្មី​នេះ​នឹង​ត្រូវ​ការ​កម្លាំង​ការងារ​បន្ថែម​យ៉ាង​តិច​៤០០០​នាក់។

រូបឯកសារ៖ ទិដ្ឋភាពទីក្រុងភ្នំពេញស្ថិតក្នុងភាពស្ងាត់ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ភ្នំពេញ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ ទិដ្ឋភាពទីក្រុងភ្នំពេញស្ថិតក្នុងភាពស្ងាត់ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ភ្នំពេញ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១។

បើ​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​ចុង​ក្រោយ​ដែល​ចេញ​ផ្សាយ​កាល​ពី​កន្លង​ទៅ ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​ចុះ​បញ្ជី​ក្នុង​ទីក្រុង​ហុងកុង​បាន​រក​ប្រាក់​ចំណេញ​ប្រមាណ​១០២​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២០ ទោះ​បី​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ក៏​ដោយ។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សមាគម​ខាងលើ​ កើត​មាន​ឡើង បន្ទាប់​ពី​ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​និង​បុគ្គលិក​នៅ​កាស៊ីណូ​ណាហ្គាវើលដ៍ ​(NagaWorld) បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ការងារ​កាលពី​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ជា​បន្ទាន់​ការ​កាត់​បន្ថយ​បុគ្គលិក និង​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​បុគ្គលិក​តាម​រយៈ​ការ​កោះ​ហៅ​ឲ្យ​ទៅ​ជួប​ថ្នាក់​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ ដោយ​គ្មាន​វត្តមាន​អ្នកតំណាង​សហជីព​ចូលរួម។

លោក ហេង សួរ​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ បាន​ប្រតិកម្ម​ទៅ​នឹង​សំណើរ​របស់​ក្រុម​អង្គការ​សមាគម​តាម​ប្រព័ន្ធ​ទំនាក់​ទំនង ​WhatsApp ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ នៅ​កម្ពុជា​រោងចក្រ​ សហគ្រាស​ តែង​តែ​មាន​ការ​ជ្រើសរើស​បន្ថែម​ ឬ​កាត់​បន្ថយ​បុគ្គលិក។

លោក​បន្តថា ក្នុង​បរិបទ​កូវីដ​១៩ នេះ​ក៏​មាន​ករណី​នេះ​ដូចគ្នា។ នៅ​ប្រទេស​នានា​ រួមទាំង​សហរដ្ឋ​អាមេរិក​ ក៏​មាន​ការ​កាត់​បន្ថយ​បុគ្គលិក​ជា​ច្រើន។

​លោក ហេង សួរ ​អធិប្បាយតាម​ន័យ​ដើម​ថា៖​ «មក​ដល់​ម៉ោង​នេះ ក្រសួង​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ខ្លះ​នឹង​ត្រូវ​គេ​កាត់​បន្ថយ​នោះ​ទេ។ ដូច្នេះ​បើ​អ្នក​ដទៃ​ដឹង​មុន ​ថា​អ្នក​ណា​ត្រូវ​បាន​គេ​បញ្ឈប់​ មាន​តែ​អ្នក​នោះ​ជា​អ្នក​កាត់ ​ឬ​មួយ​ជា​ព័ត៌មាន​ក្លែង​ក្លាយ? ឬ​មួយ​ជា​ការ​បែក​ធ្លាយ​ព័ត៌មាន​សម្ងាត់​ប៉ុន្តែ​ក្លែងក្លាយ?»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​សូម​ទុក​ពេល​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​អនុវត្តនី​តិវិធី​របស់​ខ្លួន នៅ​ពេល​ដែល​យើង​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​និយោជក​ថា​ស្នើ​សុំ​កាត់​បន្ថយ​ ឬ​បញ្ឈប់​អ្នក​ណា ដោយសារ​មូលហេតុ​អ្វី? បើ​យើង​មិន​ទាន់​ដឹង​ផង​ យើង​ស្រែក​ថា​កាត់​កាត់​កាត់​ តើ​កាត់​អ្នកណា?​ បាន​ព័ត៌មាន​ពី​ណា​មក? បាន​បញ្ជី​ឈ្មោះ​ពី​ណា​មក​? បើ​ក្រុម​ហ៊ុន​មិន​ទាន់​មានជូន​ដំណឹង​មក​ ហើយ​ក៏​មិន​ទាន់​មាន​បុគ្គល​ដែល​ត្រូវ​គេ​កាត់​ជា​អ្នក​ដាក់​ពាក្យ​ប្តឹង​តវ៉ា​នៅ​ឡើយ?»។

នៅ​ពេល​សួរ​លោក​អំពី​បណ្តឹង​របស់​ក្រុម​សមាជិក​សហជីព​នៅ​កាស៊ីណូ​ណាហ្គាវើលដ៍​ ដែល​បាន​ដាក់​ជូន​ក្រសួង​កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ ហេង សួរ​ មិន​ផ្តល់​ការ​អធិប្បាយ​បន្ថែម​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ កញ្ញា ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ថ្លែង​ថា​ ក្រសួង​ការងារ​បានកោះ​អញ្ជើញ​ ភាគី​សហជីព​ទៅ​ចូលរួម​នីតិវិធី​សាកសួរ​ព័ត៌មាន​បំភ្លឺ ពាក្យ​បណ្តឹង​របស់​ភាគី​សហជីព​ និង​បុគ្គលិក​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ខាង​មុខ​នេះ។

«អីចឹង​បន្ទាប់​ពី​ភាគី​ត្រូវ​បាន​ ក្រសួង​អញ្ជើញ​ទៅ​សួរ​ព័ត៌មាន​អី​ហើយ​ បំភ្លឺ​អី​ហើយ​ និង​ចូល​ដល់​នីតិវិធី​ផ្សះផ្សា អីចឹង​យើង​អត់​ទាន់​ដឹង​ថា​ ថ្ងៃ​ណា​ដែល​ត្រូវ​បាន​ក្រសួង​កោះ​អញ្ជើញ​ភាគី​ទៅ​ផ្សះផ្សា​ទេ»។

​លោក ​ឃុន​ ​ថារ៉ូ មន្ត្រី​កម្មវិធី​ការងារ​ របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​សង់ត្រាល់ និយាយថា​ ក្រសួង​ការងារ​គួរ​ចាប់ផ្តើម​ធ្វើ​អធិការ​កិច្ច​ស្វែង​យល់​ពី​ទំនាស់​ ដែល​ផ្តើម​ចេញ​ពី​ផែន​ការ​កាត់​បន្ថយ​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជា​បន្ទាន់​ ដើម្បី​បញ្ចៀស​ការ​រុញ​សំណុំ​រឿង​នេះ​ទៅ​ដល់​អង្គការ​ពលកម្ម​អន្តរជាតិ។​

លោក​បន្ថែម​ថា​ ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​សមស្រប​តាម​នីតិវិធី​ច្បាប់​ដើម្បី​បញ្ចប់​វិវាទ​ ដែល​លោក​ជឿ​ថា​ ជា​ផ្នែក​មួយ​នៃ​ការប៉ុនប៉ង​ផ្តាច់​ដង្ហើម​សហជីព​នៅ​កាស៊ីណូ​ណាហ្គាលវើលដ៍​ទេ​នោះ​ និយោជក​ផ្សេង​ទៀត​ អាច​ត្រាប់​តាម​ក្រុមហ៊ុន​នេះមក​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​បុគ្គលិក​ ដែល​ការណ៍​នេះ​ ធ្វើ​ឲ្យ​ខូច​ដំណើរ​ការ​កសាង​នីតិរដ្ឋ​របស់​កម្ពុជា។​

«ការ​អនុវត្ត​ច្បាប់​ស្តីពី​ការងារ​ នៅ​ក្នុង​ការ​អនុវត្ត​នីតិរដ្ឋ​ហើយ​ ចឹង​អាហ្នឹង​ៗ​ យើងមិន​អាច​ឲ្យ​ករណី​អីចឹង​វា​កើត​ឡើង​ទេ​ ពីព្រោះ​កាលណា​កើត​ឡើង​វា​មិន​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ទេ»។

​លោក​ Hein​ Dames ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ មិន​ទាន់​ឆ្លើយតប​សំណួរ​ដែល​ផ្ញើ​តាម​សារ​អ៊ីមែល​ គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ​នេះ។

ក្រុម​អង្គការ​សមាគម ចំនួន​៧៣​ខាង​លើ​ បាន​បញ្ជាក់​ថា​ ពួកគេ​នឹង​បន្ត​តាម​ដាន​លើ​ករណី​នេះ​ដោយ​ទុក​ចិត្ត​ទុក​ដាក់​ និង​ស្នើ​សុំ​ឲ្យ​ថ្នាក់​គ្រប់​គ្រង​ក្រុមហ៊ុន​ ធ្វើ​ការ​ចរចា​ជាមួយ​តំណាង​សហជីព​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សមស្រប​ណា​មួយ​ដែល​អាច​ទទួល​យក​បាន​ដោយ​ភាគី​ទាំង​សង​ខាង​ប្រកប​ដោយ​សេចក្តី ស្មោះ​ត្រង់​ និង​បង្កើត​ទំនាក់​ទំនង​វិជ្ជាជីវៈ​ល្អ​ជាមួយ​សហជីព​នៅ​កន្លែង​ការងារ៕

XS
SM
MD
LG