កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ប្រមាណ១៥០០នាក់ បានបន្តកូដកម្មលើកទីបីនៅថ្ងៃចន្ទនេះ ដើម្បីទាមទារការទូទាត់សំណងចំពោះការបញ្ឈប់ពីការងារដោយគ្មានសំណងសមរម្យ និងការវិលត្រឡប់ចូលបំពេញការងារវិញ។ នេះ បើតាមការបញ្ជាក់ពីសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា កម្មករនិយោជិត មិនព្រមបញ្ឈប់ការធ្វើកូដកម្មតាមការស្នើសុំរបស់សាលរាជធានីភ្នំពេញនោះទេ ហើយក្នុងរយៈពេលបីថ្ងៃចុងក្រោយ មានកម្មករនិយោជិតប្រមាណពី ១៥០០ ទៅ ២០០០នាក់ បានចេញតវ៉ាប្រឆាំងការរំលោភបំពានសិទ្ធិការងារ។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលប្រមាណ៦០ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍លីមីធីតជាង១៣០០នាក់ ព្រមទាំងសមាជិករបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមធ្វើកូដកម្មដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន៣៦៥នាក់ ក្នុងចំណោមកម្មករនិយោជិត១៣២៩នាក់ ដែលត្រូវបានបញ្ឈប់ពីការងាររួមគ្នាដោយបង្ខំតាំងពីខែមេសា ឆ្នាំ២០២១។
អង្គការសង្គមស៊ីវិលទាំងប្រមាណ៦០ ក្នុងនោះ មានសមាគមបណ្តាញយុវជនកម្ពុជា និងអង្គការសិទ្ធិមនុស្សលីកាដូឲ្យដឹងទៀតថា ក្នុងចំណោមកម្មករនិយោជិត៣៦៥នាក់នោះ ក៏មានថ្នាក់ដឹកនាំទាំងអស់របស់សហជីពមូលដ្ឋានរួមទាំងប្រធានសហជីព គឺកញ្ញា ឈឹម ស៊ីថរ និងប្រតិភូបុគ្គលិក។
កញ្ញា ឈឹម ស៊ីថរ ប្រាប់វីអូអេកន្លងមកថា កម្មករនិយោជិតកំពុងទាមទារ ប្រមាណ៧ចំណុចសំខាន់ៗ ក្នុងនោះ គឺការទូទាត់ប្រាក់អតីតភាពការងារ ការប្រើប្រាស់កិច្ចសន្យាកម្មសិក្សាដែលខុសច្បាប់ការស្នើសុំដកប្រធានផ្នែកការស្នើសុំដំឡើងប្រាក់ឈ្នួល និងការគោរពច្បាប់ការងារ ដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលថា ក្រុមហ៊ុនណាហ្គាវើលដ៍ បានបំពាន។
កញ្ញា ឈឹម សីថរ ប្រាប់វីអូអេបន្ថែមនៅថ្ងៃចន្ទនេះថា សាលារាជធានីភ្នំពេញសម្រេចប្រជុំជាថ្មីម្តងទៀតជាមួយតំណាងកម្មករនិយោជិតនៅថ្ងៃអង្គារ ប៉ុន្តែខាងកូដករថានឹងមិនបញ្ឈប់ការវ៉ាទេ ប្រសិនបើក្រុមហ៊ុនខកខានមិនបានផ្តល់ដំណោះស្រាយដល់ពួកគេនោះ៕