ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​គំរាម​វាយ​ប្រហារ​ក្រុម​ជីវពល​ឃឺដ​ដែល​គាំទ្រ​ដោយ​អាមេរិក​នៅ​ស៊ីរី


​រូបឯកសារ៖ កង​ជីវពល​ឃឺដ (Kurd) ​នៅ​ប្រទេស​ស៊ីរី ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​មួយ ដែល​ជនរងគ្រោះ​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​តួកកី​នៅ​ភូមិ Al Malikiyah ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២២។
​រូបឯកសារ៖ កង​ជីវពល​ឃឺដ (Kurd) ​នៅ​ប្រទេស​ស៊ីរី ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​មួយ ដែល​ជនរងគ្រោះ​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​តួកកី​នៅ​ភូមិ Al Malikiyah ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋាភិបាល​តួកគី​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ប្រឆាំងនឹង​ក្រុម YPG ដែល​ជា​កង​ជីវពល​ឃឺដ (Kurd) គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​ស៊ីរី បន្ទាប់ពី​ខ្លួន​បាន​រិះគន់​លើ​កង​កម្លាំង​ផ្ដាច់​ខ្លួន​ឃឺដ​នេះ​ថា​បាន​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង Istanbul នៃ​ប្រទេស​តួកគី។

អន្តរជាតិ​ដែល​ក្នុង​នោះ​រួម​ទាំង​ប្រទេស​រុស្ស៊ី​ផង​ដែរ​បាន​ដាក់​សម្ពាធ​កាន់តែ​ច្រើន​ឡើង​លើ​រដ្ឋាភិបាល​តួកគី​ឱ្យ​រក្សា​ការ​អត់ធ្មត់។ ប៉ុន្តែ ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ព្រមាន​កាលពី​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា​ថា ប្រតិបត្តិការ​តាម​ផ្លូវ​គោក​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​កង​ជីវពល​ឃឺដ​នៅ​ក្នុង​ប្រទេស​ស៊ីរី​អាច​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក Erdogan បញ្ជាក់​ដូច្នេះ​ថា៖ «យើង​បាន​វាយ​សង្គ្រប់​លើ​ពួក​ភេរវករ​អស់​រយៈពេល​ពីរ​បី​ថ្ងៃ​មក​ហើយ​ដោយ​ប្រើ​យន្តហោះ កាំភ្លើង​ធំ និង​កាំភ្លើង​របស់​យើង។ ប្រសិនបើ​ព្រះ​ជួយ​យើង យើង​នឹង​កម្ចាត់​ពួកគេ​ឱ្យ​អស់​ឱ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​ដោយ​ប្រើ​រថក្រោះ​និង​ទាហាន​របស់​យើង»។

រដ្ឋាភិបាល​តួកគី​អះអាង​ថា ក្រុម​ជីវពល YPG បាន​សម្របសម្រួល​ឱ្យ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​នៅ​ក្នុង​ទីក្រុង Istanbul កាលពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ក្រុម​នេះ​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​តួកគី​លោក Hulusi Akar បាន​ព្រមាន​កាលពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា​ថា តួកគី​នឹង​មិន​បន្ធូរ​ដៃ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ។

លោក Akar បាន​និយាយ​ថា តួកគី​នឹង​ធ្វើ​ឱ្យ​ក្រុម​នេះ​ទទួល​រង​នូវ​ផល​វិបាក​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​អស់​ដែល​ក្រុម​នេះ​បាន​ប្រព្រឹត្តិ​នៅ​ពេល​នេះ​និង​កាលពី​ពេល​មុន ដោយ​លោក​បាន​បញ្ជាក់​ដូច្នេះ​ថា «ពួកគេ​នឹង​ទទួល​រង​នូវ​ផល​វិបាក​ចំពោះ​ទង្វើ​ទាំង​នេះ»។

លោក Akar បាន​លើកឡើង​ថា ជន​សកម្ម​ប្រយុទ្ធ ១៨៤ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ជា​បន្ត​របស់​តួកគី។

កាលពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ភាព​តានតឹង​បាន​កើនឡើង​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ដោយ​រដ្ឋាភិបាល​តួកគី​បាន​អះអាង​ថា ជន​ស៊ីវិល ៣ នាក់​ក្នុង​ប្រទេស​តួកគី​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​ឆ្លង​ព្រំដែន​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ឃឺដ​នៃ​ប្រទេស​ស៊ីរី។

លោក Erdogan បាន​និយាយ​កាលពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា​ថា ការ​វាយ​ប្រហារ​តាម​ផ្លូវ​គោក​ចូល​ប្រទេស​ស៊ីរី​គឺ​នឹង​អាច​ធ្វើ​ឡើង។

អ្នកស្រី Asli Aydintasbas អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Brookings ក្នុង​រដ្ឋធានី​វ៉ាស៊ីតតោន សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ការ​បង្ហាញ​ឡើង​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​គេ​បាន​រំពឹង​ទុក​ជា​មុន ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ក្នុង​ប្រទេស​តួកគី​នឹង​ចូល​មក​ដល់​នៅ​ខែ​មិថុនា​ឆ្នាំ​ក្រោយ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ​ដែល​យើង​ឃើញ​មាន​ប្រតិបត្តិការ​ឆ្លង​ព្រំដែន​ដូច​នេះ​នៅ​ក្នុង​រដូវកាល​បោះឆ្នោត។ ប៉ុន្តែ ប្រទេស​តួកគី​ក៏​ចង់​ធ្វើ​ប្រតិបត្តិការ​ដូច​នេះ​យូរ​មក​ហើយ ហើយ​ខ្ញុំ​គិត​ថា រដូវកាល​នៃ​ការ​បោះឆ្នោត​នេះ​គឺ​ជា​ពេល​វេលា​អំណោយ​ផល​សម្រាប់​រដ្ឋាភិបាល​តួកគី ហើយ​តួកគី​នៅ​ពេល​នេះ​ក៏​គិត​ថា​ខ្លួន​កំពុង​មាន​ប្រៀប​ផង​ដែរ»។

សហរដ្ឋ​អាមេរិក​បាន​ព្រមាន​តួកគី​មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ឆ្លង​ព្រំដែន​ណា​មួយ។ សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​គាំទ្រ​ក្រុម​ជីវពល YPG នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​ក្រុម​នេះ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម។

ទោះជា​យ៉ាង​នេះ​ក្ដី រដ្ឋមន្ត្រី​ការពារ​ជាតិ​តួកគី​លោក Akar បាន​ច្រានចោល​ក្ដី​កង្វល់​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នេះ និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចប់​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ក្រុម YPG ដោយ​បាន​និយាយ​ថា ក្រុម​នេះ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម PKK ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​តួកគី​ដើម្បី​សិទ្ធិ​ប្រសើរ​ជាង​មុន​របស់​ក្រុម​នេះ។

លោក Aydin Selcen អតីត​មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​ប្រទេស​តួកគី ដែល​ធ្លាប់​បម្រើ​កិច្ចការ​ទូត​នៅ​ក្នុង​តំបន់ និង​ដែល​ឥឡូវ​នេះ​គឺ​ជា​អ្នក​វិភាគ​កិច្ចការ​តំបន់​នៃ​វេបសាយ​ព័ត៌មាន Medyascope បាន​និយាយ​ថា៖ «ម្ដង​ហើយ​ម្ដង​ទៀត រដ្ឋាភិបាល​តួកគី លោក Erdogan និង​តួអង្គ​ផ្សេង​ទៀត​ដូចជា​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Akar ជាដើម បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រទេស​តួកគី​មិន​សប្បាយចិត្ត​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​និង​ការ​បណ្ដុះបណ្ដាល​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ក្រុម YPG នោះ​ទេ។ ក្រុម YPG នេះ​គឺ​ជា​ក្រុម​ដែល​ពង្រីក​ចេញ​ពី​ក្រុម PKK នៅ​ក្នុង​ប្រទេស​ស៊ីរី ហើយ​រដ្ឋាភិបាល​តួកគី​ចាត់ទុក​រឿង​នេះ​ថា​ជា​បញ្ហា​ចម្បង»។

ប៉ុន្តែ​នៅ​ក្នុង​ការ​យល់ស្រប​ដ៏​កម្រ​មួយ​ជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dimitry Peskov បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា​ឱ្យ​ប្រទេស​តួកគី​រក្សា​ការ​អត់ធ្មត់។

ក្រុម​ជីវពល​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី​ក៏​បាន​ព្រមាន​រដ្ឋាភិបាល​តួកគី​ផង​ដែរ​មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​យោធា​ណា​មួយ​ចូល​ក្នុង​ប្រទេស​ស៊ីរី។

ដោយសារតែ​កងទ័ព​តួកគី​បាន​គ្រប់គ្រង​រួច​ហើយ​នូវ​ផ្នែក​ភាគ​ច្រើន​នៃ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​នៅ​ក្នុង​ប្រតិបត្តិការ​កាលពី​លើក​មុនៗ​របស់​ខ្លួន​ប្រឆាំង​នឹង​កង​ជីវពល​ឃឺដ​ក្នុង​ប្រទេស​ស៊ីរី អ្នក​វិភាគ​នានា​បាន​និយាយ​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​មាន​ក្ដី​បារម្ភ​រឿង​ឥទ្ធិពល​កើនឡើង​របស់​តួកគី​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ប៉ុន្តែ លោក Ilhan Uzgel ដែល​ជា​អ្នក​វិភាគ​ជនជាតិ​តួកគី​នៃ​វេបសាយ​ព័ត៌មាន Kisa Dalga បាន​និយាយ​ថា លោក Erdogan អាច​មើល​ឃើញ​ភាព​តានតឹង​បច្ចុប្បន្ន​ថា​ជា​ឱកាស​មួយ​ក្នុង​ការ​ចរចា​ដើម្បី​ផល​ចំណេញ។

លោក Uzgel ថ្លែង​ដូច្នេះ​ថា៖ «លោក [Erdogan] ព្យាយាម​ប្រើ​រឿង​នេះ​ជា​ឥទ្ធិពល​មាន​ប្រៀប​សម្រាប់​ការ​ចរចា​ដើម្បី​ទទួល​បាន​អ្វី​មួយ​ពី​ក្រុម​បស្ចិម​ប្រទេស។ ខ្ញុំ​ចង់​និយាយ​ថា វា​អាច​ជា​ការ​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ F-16 ពី​សហរដ្ឋ​អាមេរិក​ជាដើម។ លោក​ដឹង​អំពី​របៀប​នៃ​ការ​ចរចា។ លោក​ដឹង​ថា​លោក​អាច​ជំរុញ​រឿង​នេះ​ទៅ​មុខ​បាន​កម្រិត​ណា»។

ការ​ទិញ​របស់​ប្រទេស​តួកគី​នូវ​យន្តហោះ​ចម្បាំង​ប្រភេទ F-16 បាន​ជាប់​គាំង​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក។

មិន​ថា​តួកគី​មាន​គោល​បំណង​យ៉ាង​ណា​នោះ​ទេ អ្នក​វិភាគ​នានា​ទស្សន៍​ទាយ​ថា​រដ្ឋាភិបាល​តួកគី​ទំនងជា​រក្សា​ភាព​តានតឹង​នេះ​និង​វោហារសាស្ត្រ​របស់​ខ្លួន​ឱ្យ​នៅ​ខ្ពស់​ដដែល នៅ​ពេល​ដែល​ខ្លួន​មាន​បំណង​ធ្វើ​ឲ្យ​សត្រូវ​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ឆ្ងល់​អំពី​គោល​បំណង​ពិត​ប្រាកដ​របស់​ខ្លួន៕


ប្រែ​សម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG