ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី


ការ​ទម្លាក់​គ្រាប់បែក​របស់​កង​កម្លាំង​ចម្រុះ​ទៅ​​លើ​គេហដ្ឋាន​របស់​ Abu Kamal នៃ​ក្រុម ISIL ​​នៅ​ Raqqah ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៤។ (U.S. Central Command Center)

សរអា​និង​ប្រទេស​អារ៉ាប់​មួយ​ក្រុម​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់​បែកលើ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​យោធា​ប្រឆាំង​នឹង​ពួក​និយមជ្រុល​នេះ។ យោធា​សរអាឲ្យ​ដឹង​ថា​ប្រទេស​ បារ៉ែន កាតា អារ៉ាប៊ីសាអូឌីត ហ្សកដានី និង អេមីរ៉ាត​អារ៉ាប់​រួម​ បាន​ចូល​រួម ឬ ជួយ​គាំ​ទ្រដល់​ការ​វាយ​ប្រហារ​ទាំង​នោះ​ដែល​ត្រូវ​លើបន្ទាយ​ហ្វឹក​ហាត់ ទី​ស្នាក់ការ​ក្រុម​សកម្មប្រយុទ្ធ​ ហើយ​និង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ។

ផែនទី​តំបន់​រង​ការ​ទម្លាក់​គ្រាប់បែក​នៅ​ក្នុង​ប្រទេស​ស៊ីរី (U.S. Central Command Center)
ផែនទី​តំបន់​រង​ការ​ទម្លាក់​គ្រាប់បែក​នៅ​ក្នុង​ប្រទេស​ស៊ីរី (U.S. Central Command Center)

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​សរអា​ លោក​វរសេនីយ៍ទោ Jeff Pool បាន​ផ្តល់​ព័ត៌មាន​លំអិត​ដល់​វីអូអេ​អំពី​ការ​ទម្លាក់​គ្រាប់បែក​ថ្មី​ទៅ​លើ​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម។

«ខ្ញុំ​អាច​បញ្ជាក់​ថា​យោធា​សរអា​ និង​កង​កម្លាំង​នៃ​ប្រទេស​ជា​ដៃ​គូ​របស់​យើង​កំពុង​តែ​ចាត់​វិធានការណ៍​យោធា ប្រឆាំង​លើ​ពួក​ភេរវជន ISIL នៅក្នុង​ប្រទេស​ស៊ីរី ដោយ​ការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់​បែក និង កាំ​ជ្រួច​ម៉ីស៊ីល Tomahawk ​ដែល​វាយ​ប្រហារ​ទៅ​លើ​ដី»។

ក្រុម​មន្ត្រី​សរអា​បាន​ព្រមាន​រដ្ឋាភិបាល​ស៊ីរី​កុំ​ឲ្យ​រារាំង​ដល់​សកម្មភាព​តាម​ដែន​អាកាស​របស់​សរអា ប្រឆាំង​ទៅ​លើ​ពួក​សកម្ម​ប្រយុទ្ធ។

សរអា​បាន​វាយ​ប្រហារ​ទៅ​លើ​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ តាម​ដែន​អាកាស​ចំនួន​១៩០​លើក​ ជា​ស្រេច​រួច​ទៅហើយ។ ការ​វាយ​ប្រហារ​ទាំង​នេះ​បាន​ជួយកង​កម្លាំង​អ៊ីរ៉ាក់ និង កង​កម្លាំង Kurd រុញ​ច្រាន​ពួក​សកម្ម​ប្រយុទ្ធ និយម​ជ្រុល​ ឲ្យ​ចេញ​ឆ្ងាយ​ពី​តំបន់​រស់​នៅ​របស់​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​និង​ពី​កន្លែង​រដ្ឋាភិបាល។

កាល​ពី​ដើម​ខែ​នេះ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​តាំង​ចិត្ត​កម្ចាត់ពួក​សកម្មប្រយុទ្ធ ទោះ​ជា​ពួក​នេះ​ស្ថិត​នៅ​ទីណា​ក៏​ដោយ ដែល​រួម​ទាំង​ប្រទេស​ស៊ីរី​ផង៕

ប្រែ​សម្រួល​ដោយ លោក ប៉ូច រាសី

XS
SM
MD
LG