លោកប្រធានាធិបតី Donald Trump បាននិយាយថា កិច្ចឈប់បាញ់គ្នាដែលសហរដ្ឋអាមេរិកបានសម្របសម្រួលនៅក្នុងការវាយលុករបស់កងកម្លាំងតួកគីលើពួកជនអំបូរ Kurde ក្នុងប៉ែកឦសាននៃប្រទេសស៊ីរី មានភាពជាអចិន្ត្រៃយ៍ហើយ ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលុបចោលការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងអង់ការ៉ាផងដែរ។
លោក Trump បាននិយាយថា «កាលពីព្រឹកមិញនេះប្រទេសតួកគីបានប្រាប់រដ្ឋបាលខ្ញុំថា ពួកគេបានបញ្ឈប់ការប្រយុទ្ធនិងការវាយលុករបស់ពួកគេនៅក្នុងប្រទេសស៊ីរី ហើយកំពុងធ្វើការឈប់បាញ់គ្នានេះឱ្យមានភាពអចិន្ត្រៃយ៍ ហើយកិច្ចឈប់បាញ់គ្នានឹងមានជាប់លាប់ជាអចិន្ត្រៃយ៍»។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏លោក Trump បាននិយាយបន្ថែមថា «ពាក្យអចិន្ត្រៃយ៍នៅក្នុងផ្នែកនោះនៃពិភពលោកជាការនាំឱ្យសង្ស័យ»។
ការដាក់ទណ្ឌកម្មត្រូវដាក់កំហិតលើប្រទេសតួកគី ដោយសារការវាយលុកយោធារបស់ខ្លួនប្រឆាំងនឹងពួក kurd ស៊ីរីនៅក្នុងតំបន់នោះកំពុងត្រូវលុបចោល «លើកលែងតែមានអ្វីកើតមានឡើងដែលយើងមិនសប្បាយចិត្តជាមួយ» នេះបើតាមពាក្យសម្តីផ្ទាល់របស់លោក Trump។
កងកម្លាំងប្រជាធិបតេយ្យស៊ីរីហៅកាត់ថា SDF បានប្រយុទ្ធស្មាទល់ស្មាជាមួយកងកម្លាំងអាមេរិកប្រឆាំងនឹងពួកភេរវជនរដ្ឋឥស្លាម។ ក៏ប៉ុន្តែប្រទេសតួកគីចាត់ទុកពួក SDF ថា មានចំណងទាក់ទងជាមួយពួក Kurd ទាមទារបំបែករដ្ឋដែលបានប្រយុទ្ធយូរយាមកហើយដើម្បីស្វ័យភាពនៅខាងក្នុងប្រទេសតួកគី ហើយហៅពួក Kurd ទាំងនេះថាជា «ភេរវជន»។
លោក Mustafa Bali អ្នកនាំពាក្យរបស់ពួក SDF បានអរគុណលោក Trump តាម Twitter ចំពោះ «កិច្ចខិតខំប្រឹងប្រែងគ្មានហត់នឿយរបស់លោកដែលបានបញ្ឈប់ការវាយប្រហារដ៍ឃោរឃៅដោយកងកម្លាំងតួកគី» ហើយបាននិយាយដែរថា លោកប្រធានាធិបតីអាមេរិក «បានសន្យាថា នឹងថែរក្សាភាពដៃគូជាមួយកងកម្លាំង SDF ផងដែរ»៕