នៅថ្ងៃពុធនេះ ប្រទេសតួកគីបានជំទាស់ទៅនឹងសំណើច្បាប់មួយដែលបានអនុម័តដោយរដ្ឋសភាសហរដ្ឋអាមេរិក។ សំណើច្បាប់នោះស្នើឲ្យមានការដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលតួកគីណាដែលពាក់ព័ន្ធនឹងការលុកលុយរបស់ទួរគីនៅតំបន់ភាគខាងជើងប្រទេសស៊ីរី និងស្នើនូវវិធានការមួយដែលទទួលស្គាល់ការសម្លាប់ជនជាតិអាមេនីដែលធ្វើឡើងដោយពួកទួរគីនៅសម័យ Ottomon ថាជាអំពើប្រល័យពូជសាសន៍។
ក្រសួងការបរទេសតួកគីបានបញ្ជាក់ថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក David Satterfield បន្ទាប់ពីរដ្ឋសភាអាមេរិកបានអនុម័តលើសំណើច្បាប់នេះកាលពីថ្ងៃអង្គារម្សិលមិញ។
វិធានការដែលបានស្នើដោយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Eliot Engel ដែលជាសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ New York និងដោយលោក Michael McCaul ដែលជាសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Texas នេះនឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលតួកគីដែលពាក់ព័ន្ធនៅក្នុងការសម្រេចធ្វើការលុកលុយចូលតំបន់ភាគខាងជើងប្រទេសស៊ីរី និងរំលោភបំពានសិទ្ធិមនុស្សរបស់ពួក Kurd។
រដ្ឋសភាសហរដ្ឋអាមេរិកអនុម័តសំណើច្បាប់នេះក្នុងសំឡេង ៤០៣ ទល់នឹង ១៦។
ក្រសួងការបរទេសតួកគីបានបញ្ជាក់ក្នុងសេចក្ដីប្រកាសថា វិធានការរបស់សហរដ្ឋអាមេរិកនេះ «ផ្ទុយពីស្មារតីរបស់សម្ព័ន្ធភាពអង្គការអូតង់»។
ក្រសួងនេះបានបន្ថែមថា សមាជិករដ្ឋសភាអាមេរិកទទួលស្គាល់ពួក «ភេរវករ» Kurd ដោយគ្មានការពិចារណាគ្រប់ជ្រុងជ្រោយ។ ប្រទេសតួកគីចាត់ទុកពួក Kurd នៅប្រទេសស៊ីរីថាជាសម្ព័ន្ធមិត្តរបស់ពួកផ្ដាច់ខ្លួន Kurd ក្នុងប្រទេសតួកគី ដែលបានវាយប្រយុទ្ធដើម្បីស្វ័យភាពអស់រយៈពេល ៣ ទសវត្សរ៍មកហើយ៕