ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បស្ចិម​ប្រទេស បំណុល និង​លទ្ធផល​ផ្សេង​ទៀត​នៃ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ការបរទេស​ចិន​នៅ​អាហ្វ្រិក


រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប​លោក Sameh Shoukry ស្វាគមន៍​សមភាគី​ចិន​របស់​លោក​គឺ​លោក Qin Gang បន្ទាប់ពី​សន្និសីទ​សារព័ត៌មាន​របស់​ពួកអស់លោក​នៅ​ទីស្នាក់ការ​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប​លោក Sameh Shoukry ស្វាគមន៍​សមភាគី​ចិន​របស់​លោក​គឺ​លោក Qin Gang បន្ទាប់ពី​សន្និសីទ​សារព័ត៌មាន​របស់​ពួកអស់លោក​នៅ​ទីស្នាក់ការ​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេសថ្មី​នៃ​ប្រទេស​ចិន លោក​ Qin Gang ​បានបញ្ចប់​ទស្សនកិច្ចអន្តរជាតិ​លើក​ទី​មួយ​របស់​លោកនៅ​អាហ្វ្រិក​ក្នុង​សប្តាហ៍​ទីបី​នៃ​ខែ​មករា ដោយ​លោក​បានទៅ​កាន់​ប្រទេសប្រាំ​ គឺ​ប្រទេស​អេត្យូពី ហ្គាបុង បេណាំង អង់ហ្គោឡា និង​ប្រទេស​អេហ្ស៊ីប ហើយ​លោក​បាន​គូស​បញ្ជាក់​ថា ប្រទេស​ចិនមិន​យល់​ថា​ទ្វីប​នោះ​ជា​សង្វៀន​មួយ​សម្រាប់ការប្រយុទ្ធ​ដណ្តើម​អំណាច​រវាង​លោកខាង​លិច ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ។

លោក​ Qin ដែល​ជាអតីត​ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​ស.រ.អ.​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​នាទីក្រុងអាឌីសអាបេបា ដែល​ជា​កន្លែង​ឈប់សំចត​ទី​មួយ​របស់​លោក​ថា៖​ «ទ្វីប​អាហ្វ្រិកគួរ​តែជាវេទិកាធំ​មួយសម្រាប់​កិច្ចសហប្រតិបត្តិការអន្តរជាតិ ​ហើយ​មិនមែន​ជា​សង្វៀនមួយ​សម្រាប់​ការប្រកួត​ប្រជែង​រវាងពួកប្រទេសមាន​អំណាច​ខ្លាំង​ទេ»។

លោក Qin បានថ្លែង​ថា៖​ «ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ស.រ.អ.​មិនគួរ​ជាការប្រកួត​ប្រជែង​មួយ ឬ​ជា​ការប្រកួត​ប្រជែងដាច់ណាត់​មួយ​ដែល​ពង្រីក​ការចំណេញ​របស់​ប្រទេស​មួយលើ​ប្រទេស​មួយ​ទៀត ​ហើយបើ​មិនដូច្នេះ​ទេវាគ្រាន់តែ​នាំ​ឱ្យ​មាន​ផល​មិន​ល្អដល់​ភាគី​ទាំង​ពីរ​និង​ពិភពលោក​ផង​ដែរ»។

ក្នុង​ពេលជាង​បី​ទសវត្សរ៍​មក​ហើយ​ វា​ជាប្រពៃណីមួយ​ដែល​ប្រមុខ​ការទូត​ចិនធ្វើ​ដំណើរ​ទស្សនកិច្ច​លើក​ទីមួយទៅ​អាហ្វ្រិក។ លោក​ប្រធានាធិបតី ​Xi Jinping ដែលកាន់អំណាចចូល​ដល់​ទសវត្សរ៍​ទីពីរ ​បានបណ្តាក់ទុន​ច្រើន​ក្នុង​ទ្វីប​នេះតាមរយៈ​ការផ្តើម​គំនិតរបស់​លោក​អំពី​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ ដែលត្រូវ​បាន​ពង្រីក​តាំង​ពី​ការ​ចាប់ផ្តើម​ដំបូង​ ហើយ​មាន​រួមវិនិយោគ​ទុន​ចិន​ក្នុង​គម្រោងការដែល​កសាង​ផ្លូវពាណិជ្ជកម្ម​នៅ​លើ​ដី​និង​តាម​សមុទ្រ​ទៅ​កាន់ទ្វីប​នានា​នៅ​ទូទាំង​ពិភពលោក។

ពួកអ្នកវិភាគខ្លះនិយាយ​ថា នៅ​ពេល​នេះ​ស.រ.អ.កំពុង​តាម​ឱ្យ​ទាន់​ចិននៅ​អាហ្វ្រិកដែល​ជាទ្វីប​សំបូរ​ប្រភព​ធនធាន​ធម្មជាតិ​ និង​មាន​កំណើន​ប្រជារាស្រ្ត។ កាលពី​ខែ​ធ្នូ ប្រធានាធិបតី​ស.រ.អ.​លោក Joe Biden បាន​ចាត់ចែង​សន្និសីទ​កំពូល​នៃ​ពួក​មេដឹកនាំអាហ្វ្រិកនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​កាលពី​ឆ្នាំ​ទៅក្រុម​មន្ត្រី​ជាន់ខ្ពស់​ស.រ.អ.​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ទ្វីប​នោះ​ផងដែរ។

អ្នកស្រី Lauren Johnston ​ជាអ្នកស្រាវជ្រាវអំពី​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និងទ្វីប​អាហ្វ្រិក​នៅ​ឯវិទ្យាស្ថានកិច្ចការ​អន្តរជាតិនៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ​អ្នកស្រី​បាននិយាយ​ថា៖

«ខ្ញុំ​យល់​ថាប្រទេស​អាមេរិក​បានផ្តល់​អាទិភាព​នយោបាយដល់​អាហ្វ្រិក​នៅ​ក្នុង​ការប្រកួត​ប្រជែង​បច្ចុប្បន្ននៅ​ដំណាក់កាល​មួយ​យឺត​ជាង​ចិន...តើ​អាមេរិកយឺត​ក្នុង​ការប្រកួត​ប្រជែង​នេះ​ឬ​ទេ? អាមេរិកប្រាកដ​ជា​យឺត​ជាង​ចិន»។

ប្រទេស​អេត្យូពី

នៅ​ទីក្រុងអាឌីសអាបេបា ​ដែលទីស្នាក់ការ​ធំរបស់​សហភាព​អាហ្វ្រិក​ស្ថិត​នៅ​ទី​នោះ លោក Qin ​បាន​សម្ពោធ​យ៉ាង​អ៊ឹកធឹកនូវមជ្ឈមណ្ឌល​អាហ្វ្រិក​ថ្មី​ខាង​គ្រប់គ្រង​ជំងឺ​កសាង​ដោយ​ចិន​អស់​ប្រាក់​៨០​លាន​ដុល្លារ​ដែល​ជា​ផ្នែក​មួយ​នៃ«​ផ្លូវ​សូត្រ​សុខភាព»​របស់​ប្រទេស​ចិន។

ជា​ដំបូង​ឡើយ ​មជ្ឈមណ្ឌល​នេះត្រូវបានគ្រោងជា​កិច្ច​សហការ​គ្នា​រវាង​ស.រ.អ. ​ប្រទេស​ចិន ​និង​ទ្វីប​អាហ្វ្រិក។ តែ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោននិង​រដ្ឋាភិបាល​ប៉េកាំងរអាក់រអួល​នៅក្រោម​រដ្ឋបាល​លោក​ Trump ដោយសារស.រ.អ.​ខ្វល់ខ្វាយអំពីការប្រថុយ​ប្រថានដែលចិន​អាច​ធ្វើចារកម្ម​និង​លួចទិន្នន័យហ្សែន។ រដ្ឋាភិបាល​ប៉េកាំង​បាន​បដិសេធការចោទប្រកាន់​ទាំង​នេះហើយ​ថា​ជា​«ការ​គួរ​ឱ្យ​អស់​សំណើច»។​

រដ្ឋបាល​លោក​ Trump ក៏​បានដក​ស.រ.អ.​ចេញពីអង្គការ​សុខភាព​ពិភពលោក​ដែរ។ ភាព​ដៃគូ​សម្រាប់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​នៅ​អាហ្វ្រិក (African CDC)​ បានរលំ​ហើយ​កិច្ចព្រមព្រៀងនេះត្រូវ​បានរៀបចំ​ជា​ថ្មី ​ជាភាពដៃគូមួយ​រវាង​ប្រទេស​ចិន​និង​សហភាព​អាហ្វ្រិក​វិញ។​

លោក​ Paul Nantulya ជាអ្នកស្រាវជ្រាវ​ជំនួយនៅ​មជ្ឈមណ្ឌលអាហ្វ្រិក​ខាង​ការសិក្សា​យុទ្ធសាស្ត្រ។ លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា ​ការសម្ពោធ​អគារ​នេះ​មាន«សារៈសំខាន់​ណាស់​ដែល​ចិនបញ្ជាក់អំពី​ការ​ប្តេជ្ញារបស់​ខ្លួនដល់​ការគ្រប់គ្រង​ជំងឺឆ្លង​នៅលើ​ទ្វីប​នេះ។ ដូច្នេះ​ការណ៍នេះ​ជា​ជ័យជម្នះការទូត​មួយ​នៅ​ទី​នោះ»។​

លោក​ Nantulya បានកត់សម្គាល់​ថាប្រទេស​អេត្យូពីជា​កន្លែង​ឈប់សំចត​សំខាន់​មួយ​សម្រាប់​រដ្ឋមន្ត្រី​ការបរទេស​ចិន​ ពីព្រោះសង្គ្រាម​ពីរ​ឆ្នាំ​មក​ហើយ​ក្នុង​តំបន់ ​Tigray ​ធ្វើឱ្យ​ខូចប្រយោជន៍ធុរកិច្ច​ចិន​ហើយ​កម្មករ​ចិនរាប់រយ​នាក់​ត្រូវ​បាន​ជម្លៀស។ រដ្ឋាភិបាល​ប៉េកាំង​ក៏​បាន​ប្រឹងប្រែង​ក្នុងមុខនាទី​រក​សន្តិភាព​ដែរ ​ទោះ​ជា​សហភាព​អាហ្វ្រិក​បានធ្វើ​ឱ្យ​មាន​កិច្ចឈប់​បាញ់​គ្នា​មួយ​កាលពី​ឆ្នាំ​ទៅ​ក៏​ដោយ។ នៅ​ក្នុង​ទស្សនកិច្ចរបស់​លោក លោក Qin ​បាន​សន្យា​គាំទ្រការប្រឹងប្រែង​កសាង​តំបន់​នោះជា​ថ្មី​ដែល​កំពុង​ដំណើរការ។

ប្រទេស​អេត្យូពី​ជំពាក់ប្រាក់ចិន​ច្រើន​ គឺប្រមាណ​១៣,៧​ពាន់​លាន​ដុល្លារ។ មាន​របាយការណ៍​ថា​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក​ Qin បាន​ប្រកាសលុបចោល​ផ្នែក​ខ្លះ​នៃ​បំណុល​នេះ។ តួលេខ​ប្រាក់បំណុលដែល​ត្រូវ​បាន​លុប ​មិនត្រូវ​លាតត្រដាងឱ្យ​ដឹង​ទេ។

អ្នកស្រី Johnston បានបន្ថែមថា៖​ «គ្មាន​ការផ្សព្វផ្សាយអំពីអ្វីដែល​ត្រូវ​បាន​យល់ព្រម​អំពី​ការ​លុបចោល​ផ្នែក​ខ្លះ​នៃបំណុល​ទាំង​នេះទេ គឺ​គ្រាន់តែ​មាន​ការ​និយាយ​អំពី​ការ​សម្រាល​បំណុលតែប៉ុណ្ណោះ។ ​ប្រទេសចិនមានទម្លាប់សម្រាល​បំណុល​លើ​ប្រាក់កម្ចី​មិន​យកការប្រាក់ ​ដែល​មានចំនួន​តិចតួច​ណាស់។ ប្រសិន​បើ​វា​ជា​អ្វីច្រើន​ជាងប្រាក់​កម្ចី​គ្មាន​ការប្រាក់ ​នោះវាអាច​ច្រើននិង​មាន​សារៈសំខាន់​ជាង​នេះ»។

ពួកប្រទេស​លោក​ខាងលិចបាន​ចោទ​ប្រកាន់ចិន​ជា​ញឹកញយ​ថា​អនុវត្ត«ការទូតអន្ទាក់​បំណុល»ដោយ​ប្រឹងប្រែង​ឱ្យ​មាន​ឥទ្ធិពល​លើក្រុមប្រទេស​កំពុង​អភិវឌ្ឍដែល​ជំពាក់​បំណុល​ខ្លួន។ លោក Qin ​បាន​ច្រានចោល​ការចោទ​ប្រកាន់​នេះ​នៅ​ទីក្រុងAddis Ababa ដោយបាន​និយាយអះអាង​ថា៖ «ប្រទេស​ចិន​តែងតែសន្យា​ថា​ជួយ​អាហ្វ្រិកឱ្យ​សម្រាល​បន្ទុក​បំណុល​របស់​ខ្លួន»។

លោក​បាន​ថ្លែងថាប្រទេស​ចិន​បានចូលរូមដោយ​សកម្មក្នុង​ការផ្តើមគំនិត​ផ្អាក​សេវា​បំណុលរបស់​ក្រុម​ប្រទេស​ G-20 ​ដោយ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឬ​បាន​សម្រេច​ការព្រមព្រៀងជា​មួយប្រទេស​អាហ្វ្រិក១៩​អំពី​ការសម្រាលបំណុលឬ​មួយផ្អាក​ការបង់​សេវា​ប្រាក់បំណុល​ភាគច្រើន​ក្នុង​ចំណោមពួក​ប្រទេស​សមាជិក​នៃ​ក្រុម G-20។

កន្លែង​ឈប់​សំចតឯ​ទៀតៗ

ទស្សនកិច្ចរបស់​លោក Qin នៅ​ប្រទេសហ្គាបុងនិង​ប្រទេស​បេណាំង​នាំ​ឱ្យ​ពួក​អ្នក​តាម​មើល​ប្រទេស​ចិន​ខ្លះ​មាន​ការភ្ញាក់ផ្អើល ​តែលោក Nantulya ​និយាយថា​ទស្សនកិច្ច​ក្នុង​ប្រទេស​ពីរ​នេះជាផ្នែក​មួយនៃ​កំណើន​ការទាក់ទង​របស់​ចិន​ជាមួយពួក​ប្រទេស​ប្រើ​ភាសា​បារាំង​នៅ​ប៉ែកខាងលិចនៃទ្វីប​អាហ្វ្រិក។

លោក​បាន​កត់សម្គាល់​ថាចិន​កំពុងកសាង​អគារ​មួយ​ ដូច​ដែលខ្លួន​បាន​កសាង​ឱ្យសហភាព​អាហ្វ្រិក​នៅ​ទីក្រុង​អាឌីសអាបេបា​ដែរ​ គឺ​ទីស្នាក់ការ​ធំ​ថ្មីរបស់​សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្តា​រដ្ឋអាហ្វ្រិក​ខាងលិច (ECOWAS)។

នៅក្នុង​ប្រទេស​បេណាំង​ លោក Qin​ បានថ្លែង​ថា​៖ «សំណើរបស់​ខ្ញុំគឺ​ថា យើងធ្វើការជាមួយ​គ្នា​ដើម្បី​ឧបត្ថម្ភ​ផ្ចុងផ្តើមសហការ​រវាង​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍ​ប្រទេស​បេណាំងនិង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​...​ដើម្បី​ឱ្យ​ដឹង​អំពី​វិស័យ​សកម្មភាព​ថែម​ទៀត​និង​អត្រានៃ​ការលូតលាស់សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​របស់​យើង។ ខ្ញុំ​គិត​អំពី​ហេដ្ឋា​រចនាសម្ព័ន្ធ​ កសិកម្ម ​ការ​ហ្វឹកហ្វឺនធនធាន​មនុស្ស​ ផលិតកម្ម​ សន្តិភាព​ និង​សន្តិសុខ»។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សមភាគី​អេហ្ស៊ីប​របស់​លោក​គឺ​លោក Sameh Shoukry នៅ​ទីស្នាក់ការ​ក្រសួង​ការបរទេស​នៅ​ទីក្រុងគែរ ប្រទេស​អេហ្ស៊ីប នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សមភាគី​អេហ្ស៊ីប​របស់​លោក​គឺ​លោក Sameh Shoukry នៅ​ទីស្នាក់ការ​ក្រសួង​ការបរទេស​នៅ​ទីក្រុងគែរ ប្រទេស​អេហ្ស៊ីប នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

នៅ​ក្នុង​ទីក្រុង​ Luanda ​លោក​ Qin ​បាន​ប្រារព្ធខួប​ទី​៤០​នៃទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន​និង​ប្រទេស​អង់ហ្គោឡា។

លោក Nantulya បាន​សន្និដ្ឋានថា៖ «ប្រទេស​អង់ហ្គោឡា​ជា​ដៃគូ​សន្តិសុខសំខាន់​មួយរបស់​ចិន ​តែ​ក៏ជំពាក់​លុយ​ចិន​ច្រើនដែរ ​ដោយ​៤០%​នៃបំណុល​របស់​ប្រទេស​នេះ​ជាប្រាក់​កាស​របស់​ចិន។ លោក Qin ​បាន​ពិភាក្សា​អំពីប្រាក់បំណុល​នៅ​ក្នុង​ប្រទេស​អេត្យូពី ​ដូច្នេះ​លោក​មានការពិភាក្សា​ដូចគ្នា​នេះ​ដែរ​ជា​មួយ​រដ្ឋាភិបាល​អង់ហ្គោឡា»។

ប្រទេស​អេហ្ស៊ីប​មានសារៈសំខាន់ខាង​យុទ្ធសាស្ត្រ​សម្រាប់​ចិន​ដោយសារព្រែកជីក​ Suez ​និង​វិនិយោគ​ទុន​ជាច្រើន​របស់​ខ្លួន​នៅ​ទី​នោះ ​ដោយ​មានរួម​ការកសាងរដ្ឋធានី​រដ្ឋបាល​ថ្មី​នៅ​ខាងក្រៅ​ក្រុងគែរ​ផងដែរ។ ក្រៅពី​ជំនួប​ជា​មួយពួក​មន្ត្រី​រដ្ឋាភិបាល​អេហ្ស៊ីប ​លោក Qin ​ក៏​បាន​ជួបជាមួយ​ពួក​មន្ត្រីសម្ព័ន្ធ​អារ៉ាប់​ផង​ដែរ។

នៅក្នុង​សន្និសីទ​កាសែត​មួយនៅ​ពេល​បន្ទាប់មក ​លោក Qin ​បាន​និយាយ​អំពីជម្លោះ​រវាងអ៊ីស្រាអែលនិង​ប៉ាឡេស្ទីន ​ដោយ​លោក​បាន​ថ្លែង​ថា​អ៊ីស្រាអែល​គួរ​«បញ្ឈប់ការញុះញង់និង​ការ​បង្ករឿង​ទាំង​អស់ ​ហើយ​គួរ​ទប់ចិត្ត​មិន​ធ្វើ​សកម្មភាព​ជា​ឯកតោ​ភាគី​ណាមួយ​ដែល​អាច​នាំ​ឱ្យ​ស្ថានភាព​រឹតតែ​អាក្រក់​ជាង​មុន»។

អ្នកស្រី​ Johnston ​បាន​ថ្លែងថា របៀប​និយាយ​មានន័យខ្លាំងៗ​នៃ​អត្ថាធិប្បាយ​របស់​លោក Qin ​បាននាំ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ហើយ​អាច​ជា​សញ្ញា​ថា​លោក​ជា​រដ្ឋមន្ត្រី​ការបរទេស​ម្នាក់​ដែល​មានរបៀប​ធ្វើការប្លែក​ពី​ពួក​អ្នកកាន់តំណែង​នេះ​មុន​លោក។

អ្នកស្រីបាន​ពោលថា៖ «នៅ​ពេល​លោក Qin ​ជា​ឯកអគ្គរដ្ឋទូត​នៅ​ស.រ.អ. ​គេ​បាន​ស្គាល់​លោកដោយសារសេចក្តី​ថ្លែងការណ៍​របស់​លោក​នាំ​ឱ្យ​សង្កៀរ​ត្រចៀក។ ការណ៍​នេះ​ប្រហែល​មក​ពី​លោក​ធ្លាប់​ធ្វើការ​នៅ​អាមេរិក ​ហើយ​លោក​បាន​ចេញ​ពី​ស.រ.អ.​ជា​មួយ​ទស្សនៈ​ផ្ទាល់​របស់​លោកដែល​លោក​មានដោយសារ​បាន​ទាក់ទង​ជាមួយ​រង្វង់​គោលនយោបាយទាំង​នោះ...​ឬ​មួយ​លោក​មាន​មុម​និង​ទស្សនៈ​ផ្សេង​អំពី​ការទូត​សាកល​ដោយ​ផ្អែក​លើ​ទំនាក់ទំនង​ខាង​ការទូត​របស់​លោក​នៅ​អាមេរិក»៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

XS
SM
MD
LG