ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការបរទេស​ចិន​ជំរុញ​ឱ្យទ្វីបអាហ្វ្រិក​មាន​សំឡេង​កាន់តែ​ធំ​ឡើង​នៅ​ក្នុងអភិបាលកិច្ច​សាកល


រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ប្រធាន​គណៈកម្មការ​សហភាព​អាហ្វ្រិក​ លោក Moussa Mahamat Faki ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺអាហ្រ្វិក នៅរដ្ឋធានី​អាឌីសអាបាបា (Addis Ababa) នៃ​ប្រទេស​អេត្យូពី​ កាលពិថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang បាន​និយាយ​កាល​ពី​ថ្ងៃពុធ​កន្លង​ទៅ​នេះ​ថា​ ទ្វីប​អាហ្វ្រិកគួរតែ​មាន​សំឡេង​កាន់​តែ​ធំ​ជាង​នេះ​ នៅក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ និង​នៅក្នុងអង្គការ​អន្តរជាតិ​ដទៃ​ផ្សេងៗ​ទៀត​ផង​ដែរ​ ដែលនេះ​ជា​ការ​ទាម​ទារ​យូរមក​ហើយ​ពី​មេដឹកនាំ​របស់​ទ្វីប​នេះ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

លោក Qin បាន​អំពាវនាវដូច​នេះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្រោយពេល​លោក​បាន​ជួប​ប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មការ​សហភាព​អាហ្វ្រិក​ ដែល​បាន​សម្តែង​នូវ​ការ​មិន​សប្បាយចិត្ត​ទៅ​លើ​អ្វី​ដែល​លោក​និយាយ​ថា​ជា​ការផាត់​ចេញនូវ​ទ្វីបអាហ្វ្រិក​ពី​អភិបាលកិច្ច​ជា​អន្តរជាតិ។

«យើង​គួរតែ​ជំរុញនូវ​សំឡេង​និង​តំណាង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជា​ពិសេសប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​ទៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​និង​អង្គការ​អន្តរជាតិដទៃ​ផ្សេងៗ​ទៀត»។ នេះ​បើតាម​ការ​លើក​ឡើង​របស់រដ្ឋមន្ត្រី​ការបរទេស​ចិន​រូប​នេះ​ នៅ​ក្នុងពិធិសម្ពោធ​ទីស្នាក់ការ​ធំ​នៃមជ្ឈមណ្ឌលគ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺ​ ក្នុង​រដ្ឋធានី​អាឌីសអាបាបា (Addis Ababa) នៃ​ប្រទេស​អេត្យូពី​ ដែលគម្រោង​សាងសង់​មជ្ឈមណ្ឌល​នេះ​ត្រូវបាន​ផ្តល់​ថវិកា​ដោយ​ប្រទេស​ចិន។

ប្រធាន​គណៈកម្មការ​សហភាព​អាហ្វ្រិក​លោក Moussa Mahamat Faki និយាយ​ថា ​វា​ជា​រឿង​អ​យុតិ្តធម៌ ដែល​ទ្វីបអាហ្វ្រិកមិន​មានអាសនៈអចិន្ត្រៃយ៍​មួយ​នៅ​ក្នុងអង្គការ​សហប្រជាជាតិ​ ដែល​ជា​ស្ថាប័នកំពូល​របស់​ពិភពលោក។

លោក​បន្ត​ទៀត​ថា៖ «អស់​រយៈពេល​ជា​ច្រើន​ទស្សវត្សរ៍​កន្លង​ទៅ​នេះ យើង​បាន​ប្រឹងប្រែង​តវ៉ា​ដើម្បី​ឱ្យ​មានកំណែ​ទម្រង់​មួយ​ នៅ​ក្នុង​ប្រព័ន្ធ​ស្ថាប័ន​អន្តរជាតិទាំង​មូល​ជាពិសេស​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​តែ​ម្តង»។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​សមាជិក​សរុប​ទាំង​អស់ ១៥ ប្រទេស​ ដែលក្នុង​នោះ ៥ ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​នេះ​ ដែល​មាន​សំឡេងបោះឆ្នោត​ប្រឆាំង​ ឬ​វ៉េតូ ដែល​ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក រុស្ស៊ី ចិន បារាំង​និង​ចក្រភព​អង់គ្លេស។

ចំណែក​ឯសមាជិក​ ១០ ទៀត​ ជា​ប្រទេស​ដែលត្រូវ​ចូល​បំពេញ​ក្នុង​រយៈពេល ​២ ​ឆ្នាំ​ម្តង ហើយ​ក្នុង​ចំណោម​ប្រទេស​ទាំង​ ១០​ នេះ​ មាន ៥​ ប្រទេសនឹង​ត្រូវ​ប្រកាស​ផ្លាស់ប្តូរ​ជា​រៀង​រាល់​ឆ្នាំ។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ទី ១ បន្ទាប់ពី​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​ចិន ​បាន​ជំរុញ​ឱ្យ​ប្រទេសក្នុង​ទ្វីប​អាហ្វ្រិក​ធ្វើការ​រួមគ្នា​ ដើម្បីធ្វើ​ឱ្យមាន​ប្រព័ន្ធ​អភិបាលកិច្ច​សាកល​ ដែល​មានលក្ខណៈ​យុត្តិធម៌​និង​សមធម៌​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត។

លោក​បាន​និយាយ​ថា៖ «ទ្វីបអាហ្វ្រិកគួរត្រូវ​ក្លាយ​ជា​វេទិកា​នៃ​កិច្ច​សហប្រតិបត្តិការអន្តរជាតិ​ មិន​មែន​ជា​ទីតាំងសម្រាប់ការ​ប្រកួតប្រជែង​រវាង​ប្រទេសសំខាន់ៗ​នោះ​ទេ»៕

XS
SM
MD
LG