ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​គិត​ដូចម្ដេច​ចំពោះ​ប្រធានាធិបតី​ចិន​លោក Xi Jinping?


ប្រធានាធិបតី​ចិន លោក Xi Jinping ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ពិធី​បើក​សមាជ​បក្ស​កុម្មុយនីស្ដ​ចិន​លើក​ទី ២០ នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១៦ ខែតុលា​ឆ្នាំ២០២២។
ប្រធានាធិបតី​ចិន លោក Xi Jinping ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ពិធី​បើក​សមាជ​បក្ស​កុម្មុយនីស្ដ​ចិន​លើក​ទី ២០ នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១៦ ខែតុលា​ឆ្នាំ២០២២។

សមាជ​គណបក្ស​កុម្មុយនីស្ដ​ចិន​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​នៅ​ក្នុង​សមាជ​នេះ គេ​រំពឹង​ថា​ប្រធានាធិបតី​ចិន​លោក Xi Jinping នឹង​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត។

នៅ​ក្នុង​ការ​ដឹកនាំ​របស់​លោក​កន្លង​មក លោក Xi បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ទ្វីប​អាហ្វ្រិក។ នៅ​ទ្វីប​អាហ្វ្រិក ប្រទេស​ចិន​គឺជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

VOA បាន​សាកសួរ​ពលរដ្ឋ​សាមញ្ញ​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​ទំនើប​ដ៏​មមាញឹក​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កាលពី​ពេល​ថ្មីៗ​នេះ​អំពី​លោក Xi ដែល​មនុស្ស​ភាគ​ច្រើន​ចាត់ទុក​ថា​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ប្រហែល​ជាង ១០ នាក់​ដែល VOA បាន​សួរ​នោះ ស្គាល់​លោក Xi នោះ​ទេ។

លោក Gundo Dzivhani ដែល​ជា​អ្នក​ធ្វើការ​នៅ​ធនាគារ​វ័យ​ជាង ៣០ ឆ្នាំ និង​លោក Mulanga ដែល​ជា​ប្អូន​ប្រុស​របស់​លោក ដែល​ជា​សហគ្រិន មិន​ស្គាល់​ឈ្មោះ​របស់​លោក Xi នោះ​ទេ។

លោក Dzivhani និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​របស់​លោក​នោះ​ទេ»។

រូបឯកសារ៖ ប្រធានាធិបតី​ចិន លោក Xi Jingping (កណ្ដាល) អង្គុយ​នៅ​ជិត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa (ឆ្វេង) និង​ប្រធានាធិបតី​សេណេហ្គាល់ លោក Macky Sall (ស្ដាំ) នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​សម្រាប់​កិច្ចប្រជុំ​កំពូល​ទីក្រុង​ប៉េកាំងឆ្នាំ ២០១៨ នៅ​មហាសាល​ប្រជាជន​កាល​ពី​ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨។
រូបឯកសារ៖ ប្រធានាធិបតី​ចិន លោក Xi Jingping (កណ្ដាល) អង្គុយ​នៅ​ជិត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa (ឆ្វេង) និង​ប្រធានាធិបតី​សេណេហ្គាល់ លោក Macky Sall (ស្ដាំ) នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​សម្រាប់​កិច្ចប្រជុំ​កំពូល​ទីក្រុង​ប៉េកាំងឆ្នាំ ២០១៨ នៅ​មហាសាល​ប្រជាជន​កាល​ពី​ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨។

អ្នកស្រី Michelle Stoltz អាយុ ៥១ ឆ្នាំ ដែល​ធ្វើការ​នៅ​ក្នុង​ផ្នែក​ឱសថសាស្ត្រ ក៏​មិន​ស្គាល់​ឈ្មោះ​របស់​លោក Xi ដែរ។

អ្នកស្រី​និយាយ​ដូច្នេះ​ថា៖ «ឈ្មោះ​របស់​លោក​ដូចជា​នៅ​ចុងៗ​មាត់​របស់​ខ្ញុំ»។

ប៉ុន្តែ អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​បាន​យល់ស្រប​គ្នា​គឺ​ថា ពួកគេ​ពេញចិត្ត​ចង់​ឃើញ​លោក Xi នៅ​កាន់​អំណាច​ជា​បន្ត​ទៀត ដរាប​ណា​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ចិន​និង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅតែ​រឹងមាំ។

កាលពី​ឆ្នាំ​មុន ទំនាក់ទំនង​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​ដល់​ចំនួន ២៩ ពាន់​លាន​ដុល្លារ​អាមេរិក។

លោក Fivin Kupolati អ្នក​វិភាគ​ផ្នែក​ច្បាប់​អាយុ ២៧ ឆ្នាំ បាន​កត់​សម្គាល់​ថា ប្រទេស​ទាំង​ពីរ​ក៏​ជា​សមាជិក​នៃ​ក្រុម​ប្រទេស BRICS ផង​ដែរ។ ក្រុម​ប្រទេស BRICS ដែល​ជា​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​ងើប​ឡើង​ខ្លាំង​នេះ​មាន​ប្រទេស​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង​ជា​សមាជិក។

លោក Kupolati បាន​និយាយ​ថា៖ «ទំនាក់ទំនង​រវាង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​និង​ប្រទេស​ចិន​នៅ​ពេល​ឥឡូវ​នេះ​មាន​លក្ខណៈ​ល្អ។ ដូច្នេះ​ប្រសិនបើ​ប្រធានាធិបតី [ចិន] នៅតែ​កាន់​អំណាច​ជា​បន្ត​ទៀត ខ្ញុំ​គិត​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​អនាគត​ខាង​មុខ​នឹង​នៅតែ​ល្អ»។

នៅ​ពេល​សួរ​ថា​តើ​ពួកគេ​មាន​ក្ដី​បារម្ភ​ឬ​ក៏​អត់​ដែល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ជាង​គេ​បំផុត​នៅ​ទ្វីប​អាហ្វ្រិក​គឺ​ជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​បែប​នេះ​ជាមួយ​នឹង​ប្រទេស​ចិន​ដែល​ជា​ប្រទេស​អាជ្ញាធិបតេយ្យ​នោះ មនុស្ស​ភាគ​ច្រើន​ដែល VOA បាន​សាកសួរ​បាន​បញ្ជាក់​ថា​វា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ដែល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេងៗ​ដែល​មាន​ប្រព័ន្ធ​នយោបាយ​ខុសៗ​គ្នា​នោះ ហើយ​ពួកគេ​បាន​ច្រានចោល​ក្ដី​កង្វល់​ទាក់ទិន​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន។

លោក Dzivhani បាន​បញ្ជាក់​ថា៖ «ដោយ​មាន​ប្រជាពលរដ្ឋ​ច្រើន​បែប​នេះ ខ្ញុំ​យល់​ថា​ពួកគេ​អាច​បះបោរ ប៉ុន្តែ​ពួកគេ​ហាក់​ដូចជា​សប្បាយចិត្ត​និង​ពេញចិត្ត​ចំពោះ​អ្វី​ដែល​មាន​នៅ​ទីនោះ»។

លោក Aubrey Netshikweta ដែល​ជា​អ្នក​បើក​រថយន្ត​ក្រុមហ៊ុន Uber អាយុ ៥៥ ឆ្នាំ បាន​និយាយ​ថា លោក​ចូលចិត្ត​ប្រព័ន្ធ​ដឹកនាំ​របស់​ប្រទេស​ចិន។ លោក​ថា នៅ​ក្នុង​ប្រទេស​ចិន របៀប​រៀបរយ​នៅ​ក្នុង​ប្រទេស​មាន​ដំណើរការ​ល្អ បើ​ទោះបីជា​លោក Xi កាន់​អំណាច​ជា​រៀង​រហូត​ដូច​ដែល​អ្នក​វិភាគ​មួយ​ចំនួន​បាន​ទស្សន៍ទាយ​ទុក​អំពី​គោល​បំណង​របស់​លោក​ក៏ដោយ។

លោក Netshikweta បាន​ថ្លែង​ដូច្នេះ​ថា៖ «ដរាបណា​អ្វីៗ​ដំណើរការ​ល្អ ការ​ធ្វើ​ជា​ប្រធានាធិបតី​ពេញ​មួយ​ជីវិត​គឺ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​សម្រាប់​ខ្ញុំ ដោយសារតែ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បញ្ហា​គឺ​កើតឡើង​ដោយសារតែ​ថ្នាក់​ដឹកនាំ​តាំងពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម គឺ​ថា​ថ្នាក់​ដឹកនាំ​ពុករលួយ»។

លោក Netshikweta បាន​បញ្ជាក់​ថា វា​ហាក់​ដូចជា​នៅ​ក្នុង​ប្រទេស​ចិន ប្រធានាធិបតី​ចិន​អាច​ដឹកនាំ​បាន​ល្អ ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​វិញ​ដែល​ជា​ប្រទេស​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​នោះ អ្នក​នយោបាយ​មិន​ខ្វល់​ពី​ប្រជាពលរដ្ឋ​នោះ​ឡើយ។

លោក Netshikweta បាន​លើកឡើង​ដូច្នេះ​ថា៖ «ពួកគេ​ចងចាំ​ប្រជាពលរដ្ឋ​នៅ​ពេល​ណា​ដែល​មាន​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ ដែល​នៅ​ពេល​នោះ ពួកគេ​បាន​ជិះ​រថយន្ត​មក​ចែក​អាវ​យឺត​បន្លំ​ភ្នែក​ឱ្យ​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យ​បោះឆ្នោត​ជូន​គណបក្ស​របស់​ពួកគេ ហើយ​នៅ​ពេល​នោះ ពួកគេ​នឹង​និយាយ​ថា ប្រជាពលរដ្ឋ​គឺ​ជា «ប្រជាពលរដ្ឋ​របស់​យើង» ប៉ុន្តែ​ក្រោយ​មក ពួកគេ​គ្មាន​បាន​ធ្វើ​អ្វី​នោះ​ទេ»។

អ្នក​វិភាគ​មួយ​ចំនួន​បាន​ប្រាប់ VOA ថា ពួកគេ​គិត​ថា ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ទ្វីប​អាហ្វ្រិក​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​ការទូត​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Xi នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ហើយ​ពួកគេ​រំពឹង​ថា ទំនាក់ទំនង​នេះ​នឹង​មាន​លក្ខណៈ​រឹងមាំ​ជាង​ពេល​ណាៗ​ទាំង​អស់​នៅ​អាណត្តិ​ទី ៣ ដែល​គេ​រំពឹង​ទុក​របស់​លោក Xi។

លោក Cobus van Staden អ្នក​ជំនាញ​ផ្នែក​កិច្ចការ​ប្រទេស​ចិន​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង (South African Institute of International Studies) បាន​និយាយ​ថា លោក​គិត​ថា រដ្ឋាភិបាល​នានា​នៅ​ទ្វីប​អាហ្វ្រិក​ចង់​ឃើញ​ស្ថានភាព​បច្ចុប្បន្ន​បន្ត​ទៅ​មុខ​ជា​បន្ត​ទៀត។

លោក Van Staden បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​គិត​ថា​នឹង​មាន​ការ​ត្អូញត្អែរ​ខ្លាំងក្លា​ណា​មួយ​លេច​ឮ​ចេញ​ពី​ទ្វីប​អាហ្វ្រិក​នោះ​ទេ ប្រសិនបើ​លោក Xi ត្រូវ​បាន​ជ្រើសរើស​ឱ្យ​កាន់​អំណាច​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត»។

ប៉ុន្តែ ការ​ផ្លាស់ប្ដូរ​មួយ​ដែល​អ្នក​វិភាគ​នានា​រំពឹងទុក​គឺ​ការ​ងាក​ចេញ​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​នៅ​ទ្វីប​អាហ្វ្រិក​ដែល​គេ​ឃើញ​នៅ​ក្រោម​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​លោក Xi ឆ្ពោះ​ទៅ​រក​ការ​ផ្ដោត​លើ​ផ្នែក​ផ្សេងៗ​ដូចជា​ផ្នែក​ព័ត៌មាន​និង​ផ្នែក​បច្ចេកវិទ្យា​សារគមនាគមន៍​ជាដើម៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG