អង្គនីតិប្បញ្ញត្តិគាំទ្រដោយយោធាថៃ បានបោះឆ្នោតទម្លាក់សេចក្ដីព្រាងរដ្ឋធម្មនុញ្ញ ដែលមិនមានប្រជាប្រិយភាព ហើយនាំឲ្យពន្យាពេលបោះឆ្នោត។ គណៈកម្មាធិការថ្មីសម្រាប់តាក់តែងសេចក្តីព្រាងច្បាប់នឹងត្រូវបង្កើតឡើង ប៉ុន្តែអ្នកវិភាគនៅតែមានការប្រុងប្រយ័ត្ន ដោយសារតែការពិភាក្សាជាសាធារណៈ ឬការផ្តល់មតិលើដំណើរការធ្វើសេចក្តីព្រាងច្បាប់ថ្មី នៅមានតិចតួច។
ការច្រានចោលកាលពីថ្ងៃអាទិត្យដោយក្រុមប្រឹក្សាជាតិកំណែទម្រង់ដែលចាត់តាំងដោយយោធាថៃ បានធ្វើឲ្យប្រទេសថៃមានភាពស្រពេចស្រពិលថ្មី។
សមាជិកគណៈកម្មាធិការតាក់តែងសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ CDC ចំនួន៣៦នាក់ បានចំណាយពេល ១២ខែក្នុងការធ្វើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ ប៉ុន្តែប្រឈមមុខនឹងការកើនឡើងនៃការប្រឆាំងទាក់ទិននឹងការដាក់កំហិតទៅលើគណបក្សនយោបាយ និងខ្វះការតស៊ូមតិជាសាធារណៈ។
ប្រសិនបើរដ្ឋធម្មនុញ្ញនេះត្រូវបានអនុម័ត ការធ្វើប្រជាមតិថ្នាក់ជាតិនឹងត្រូវបានធ្វើឡើងនៅប៉ុន្មានខែខាងមុខ ជាមួយនឹងការបោះឆ្នោតជាតិនៅឆ្នាំ២០១៦។ ឥឡូវនេះ សមាជិកគណៈកម្មាធិការធ្វើសេចក្ដីព្រាងច្បាប់ថ្មីទាំង ២១រូបមានពេល ៦ខែក្នុងការសរសេររដ្ឋធម្មនុញ្ញថ្មីមុនការធ្វើប្រជាមតិនិងការបោះឆ្នោត ដែលទំនងនឹងធ្វើឡើងនៅឆ្នាំ២០១៧។
លោក Gotham Areeya សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Mahidol បានថ្លែងថា ផែនទីបង្ហាញផ្លូវរបស់រដ្ឋាភិបាលយោធាក្នុងការបោះឆ្នោតត្រូវបានពន្យារពេល។
«មានអ្នកខ្លះគិតថា ដំណើរការនេះជាវិធីដែលមានភាពរលូន ឬមានភាពល្អិតល្អន់ក្នុងការធ្វើអនុប្បវាទផែនទីបង្ហាញផ្លូវរបស់ក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាពនិងសណ្ដាប់ធ្នាប់ ឬ NCPO។ ដូច្នេះ ផែនទីបង្ហាញផ្លូវនេះនឹងត្រូវអូសបន្លាយរហូតប្រហែលជាយ៉ាងហោចណាស់៦ ឬ៧ខែ ដោយស្វ័យប្រវត្តិ»។
ចំណុចសំខាន់នៃការរិះគន់ទៅលើរដ្ឋធម្មនុញ្ញពីគ្រប់និន្នាការនយោបាយនោះគឺស្ថិតក្នុង ខដែលមានចែងសម្រាប់គណៈកម្មាធិការពិសេសដែលចាត់តាំងដោយរដ្ឋាភិបាលយោធា អាចនឹងលេបយកអំណាចនីតិប្រតិបត្តិ និងអំណាចនីតិបញ្ញត្តិពីរដ្ឋាភិបាលជាប់ឆ្នោត នៅក្នុងពេលដែលកើតមានវិបត្តិនយោបាយ។
អ្នកវិទ្យាសាស្ត្រនយោបាយមកពីទីក្រុង Ubon Ratchathani លោក Titipol Phakdeewanich បានថ្លែងថា ជាមួយគ្នានឹងការខ្វះការតស៊ូមតិជាសាធារណៈក៏មានភាពមិនប្រាកដប្រជាថា តើសេចក្ដីព្រាងច្បាប់ថ្មីអាចនឹងមានលក្ខណៈប្រជាធិបតេយ្យជាងមុនដែរឬទេ។
«វាមិនមានភាពច្បាស់លាស់ថា តើពួកយើងនឹងត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញដែរឬទេ ពីព្រោះថាសេចក្ដីព្រាងច្បាប់ដែលត្រូវបានច្រានចោលដោយក្រុមប្រឹក្សាជាតិកំណែទម្រង់នោះ បានរងការរិះគន់យ៉ាងខ្លាំងថាមិនមានលក្ខណៈប្រជាធិបតេយ្យ»។
ដូច្នេះសំណួរគឺថា តើសេចក្ដីព្រាងច្បាប់ថ្មីនឹងជារដ្ឋធម្មនុញ្ញប្រជាធិបតេយ្យឬយ៉ាងណា។ សេចក្ដីព្រាងច្បាប់នោះ ជាក់ស្ដែងនៅតែរួមបញ្ចូលកត្តាដែលផ្ដល់អំណាចដល់ក្រុមអភិជន។
រដ្ឋាភិបាលយោធានិងអ្នកគាំទ្រ បាននិយាយថារដ្ឋធម្មនុញ្ញថ្មី មានគោលបំណងបញ្ចប់ការក្ដោបក្ដាប់ អំណាចដោយគណបក្សនយោបាយណាមួយ ពិសេសរដ្ឋាភិបាលដែលស្ថិតក្រោមការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីលោក Thaksin Shinawatra។
កាលពីទសវត្សរ៍កន្លងទៅ ប្រទេសថៃបានប្រឈមមុខនឹងការបែងចែកនយោបាយរវាងអ្នកគាំទ្រលោក Thaksin និង អ្នកប្រឆាំងនឹងលោក ដែលនាំឲ្យមានការធ្វើបាតុកម្មតាមដងផ្លូវនិងការបង្ហូរឈាមក្នុងការទាមទារអំណាច៕
ប្រែសម្រួលដោយស្រេង លក្ខិណា