ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ថៃកាត់​ទោស​បាតុករ​អាវ​លឿង​៦​នាក់​​​ឲ្យ​ជាប់​គុក​២​ឆ្នាំ​


រូបភាព​ឯកសារ៖ សេដ្ឋីបណ្តាញ​ព័ត៌មាន Sondhi Limthongkul ដែល​ជា​សហ​មេដឹកនាំ​ក្រុម​អាវ​លឿង។​

បាតុករ​អាវ​លឿង​៦​នាក់នៅ​ក្នុង​ប្រទេស​ថៃ ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ ចំពោះ​ការទំលាយ​ចូល​ការិយាល័យ​របស់​នាយករដ្ឋ​មន្រ្តី​ ក្នុង​អំឡុង​ពេល​នៃ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំមួយ​នៅ​ឆ្នាំ​២០០៨។

តុលាការ​ក្នុង​ទីក្រុង​បាងកក​បាន​ធ្វើ​ការ​សម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ ​និយាយ​ថា​ ចុងចោទ​បាន​ឡើង​របង​ហើយ​បាន​បំបែក​សោរ​ ដែល​បាន​ចាក់​នៅ​ផ្លូវ​ចូល​ទៅ​កាន់​អាគារ​នោះ ​ហើយ​ការ​ធ្វើ​ដូច្នេះ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​ថៃ​ផ្សេង​ទៀត។

ចុង​ចោទ​ទាំង​នោះ ​រួមមាន​លោក Sondhi Limthongkul សេដ្ឋី​បណ្តាញ​ព័ត៌មាន ​ត្រូវ​រងការ​ចោទ​ប្រកាន់​ពីការដឹកនាំ​ការ​តវ៉ា​ប្រឆាំង។ ចុងចោទ​ត្រូវ​បាន​ដោះ​លែង​ដោយ​សារ​ការប្រាក់​ធានា​នៅ​ក្រៅ​ឃុំឃាំង​ ​ដោយ​កំពុង​រង់​ចាំ​ការប្តឹង​ឧទ្ធរណ៍។

ការតវ៉ា​ប្រឆាំង​របស់​ក្រុម​អាវ​លឿង ​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៦ ​ជា​ចល​នា​ប្រឆាំង​មួយ​ ​ដែល​កាល​ពី​ពេល​នោះ​នាយករដ្ឋ​មន្រ្តី​ Thaksin Shinawatra ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង ​នៅ​ក្នុង​រដ្ឋ​ប្រហារ​មួយ​នៅ​ឆ្នាំ​នោះ។ ក្រុម​អ្នក​រិះ​គន់ Thaksinបានធ្វើ​បាតុកម្ម​ម្តង​ទៀតនៅ​២ឆ្នាំ​ក្រោយ​មក ​ដោយ​មាន​ក្រុម​បាតុករ ​បាន​ត្អូញត្អែរ​ពី​ចំណង​ទាក់​ទង​របស់​នាយករដ្ឋ​មន្រ្តី Somchai Wongsuwat ជាមួយ​លោក Thaksin។

បន្ថែម​ពី​ការទំលាយ​ចូល​ក្នុង​ការិយាល័យ​របស់​នាយករដ្ឋ​មន្រ្តី ​បាតុករ​ឆ្នាំ​២០០៨ ​ប្រឈម​ការចោទ​ប្រកាន់​ពី​ការ​កាន់​កាប់​ចំណត​អាកាស​យាន​ដ៏​សំ​ខាន់​មួយ​នៅ​ក្នុង​ទីក្រុង​បាងកក ​អស់​រយៈ​ពេល​ជាង​២​សប្តាហ៍​ ហើយ​បាន​ធ្វើ​ឲ្យ​ទេសចរណ៍​រាប់​ពាន់​នាក់​ជាប់​គាំងនៅ​ទី​នោះ។

ចលនា​អាវ​លឿង​បាន​ធ្វើ​ឲ្យ​មាន​ការងើប​ឡើង​នូវ​ចលនា​អាវ​ក្រហម​ ដែល​គាំទ្រ​លោក Thaksin ​ហើយ​លោក Thaksin ​ខ្លួន​ឯង​នៅ​តែ​ជា​កម្លាំង​ដ៏​ខ្លាំង​មួយ​ នៅ​ក្នុង​នយោបាយ​របស់​ថៃ ថ្វី​បើ​លោក​បាន​និរទេស​ខ្លួន​នៅ​ឆ្នាំ​២០០៨​ក៏​ដោយ៕​

XS
SM
MD
LG