ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Yingluck ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដើម្បី​ប្រឈម​នឹង​ការចោទ​ប្រកាន់​ខាង​ព្រហ្មទណ្ឌ


អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​ លោក​ស្រី​ Yingluck Shinawatra ដើរ​ក្នុង​ចំណោម​អ្នក​គាំទ្រ បន្ទាប់​ពី​ចាកចេញ​ពី​តុលាការ​កំពូល​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥។​
អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​ លោក​ស្រី​ Yingluck Shinawatra ដើរ​ក្នុង​ចំណោម​អ្នក​គាំទ្រ បន្ទាប់​ពី​ចាកចេញ​ពី​តុលាការ​កំពូល​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥។​

អតីត​នាយករដ្ឋ​មន្រ្តី​ថៃ​ លោក​ Yingluck Shinawatra ​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ ដើម្បី​ប្រឈម​នឹង​ការចោទ​ប្រកាន់​ខាង​ព្រហ្មទណ្ឌ​លើ​ការរៀប​ចំ​ចាត់​ចែង​មិន​បាន​ល្អ​នូវ​កម្មវិធី​ស្រូវ​អង្ករ​ឧបត្ថម្ភ​ប្រាក់​ដោយ​រដ្ឋាភិបាល​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

លោកស្រី Yingluck ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋ​មន្រ្តី​កាល​ពី​ឆ្នាំ​ទៅ ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​ ដែល​បាន​ស្រែក​ហៅ​ឈ្មោះ​របស់​លោកស្រី​នៅ​ពេល​ដែល​លោកស្រី​បាន​មក​ដល់​តុលាការ​កំពូល​ទីក្រុង​បាងកក​នៅ​ថ្ងៃ​អង្គារ​នេះ។

អតីត​នាយករដ្ឋ​មន្រ្តី ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​លោកស្រី​ប្រាកដ​ក្នុង​ចិត្ត​ថា ​តុលាការ​នឹង​មិន​រក​ឃើញ​កំហុស​លោកស្រី​ ដើម្បី​ចោទ​ប្រកាន់​ដែល​អាច​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​រហូត​១០​ឆ្នាំ។

«ខ្ញុំ​ចង់​និយាយ​ថា យើង​មាន​ទំនុក​ចិត្ត​ពិត​ប្រាកដ​ពី​ភាព​គ្មាន​ទោស​ពៃរ៍​របស់​ខ្ញុំ ​ហើយយើង​មាន​ទំនុក​ចិត្តដើម្បី​បង្ហាញ​ខ្លួន​នៅ​តុលាការ ​ដោយ​មាន​ភស្តុតាង​និង​សាក្សី»។ លោកស្រី​បាន​និយាយ​នៅ​ពេល​ដែល​លោក​ស្រី​បាន​អញ្ជើញ​ទៅ​ដល់​តុលាការ​កំពូល​ក្នុង​ទីក្រុង​បាងកក‍។

នៅ​ឯ​សវនាការនៅ​ថ្ងៃ​អង្គារ​នេះ ​លោកស្រី Yingluck មិន​បាន​សារភាព​ទទួល​កំហុស​ទេ​ ហើយ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ដោយ​សារ​ប្រាក់​ធានា។ សវនាការ​លើក​ក្រោយ​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា។

លោកស្រី Yingluck ​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការធ្វេស​ប្រហែស​ភារៈ​កិច្ច​ ចំពោះ​ការ​ខក​ខាន​មិន​បាន​បញ្ឈប់​អំពើ​ពុក​រលួយ​នៅ​ក្នុង​កម្មវិធី​ស្រូវ​អង្ករ​ ដែល​ផ្គត់​ផ្គង់​ប្រាក់​ដោយ​រដ្ឋាភិបាល​ ដោយ​បាន​បង់​តម្លៃ​ទៅ​ឲ្យ​កសិករ​ជិត​២​ដង​លើស​តម្លៃ​នៅ​ក្នុង​ទីផ្សារ។

លោកស្រី​អតីត​នាយករដ្ឋ​មន្រ្តី​បាន​អះអាង​ថា ​រឿង​ក្តី​ប្រឆាំង​លោកស្រី​ ​ជា​ហេតុផល​ខាង​នយោបាយ​ ហើយ​និយាយ​ទទូច​ថា ​កម្មវិធី​ដែល​ផ្តល់​ប្រាក់​ដោយ​រដ្ឋាភិបាល​នេះ ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់​នៅរបស់​កសិករ​ថៃ។ ​ក្រុម​អ្នក​ប្រឆាំងលោកស្រី​និយាយ​ថា ​កម្មវិធី​នេះ​មាន​គោល​បំណងឲ្យ​បាន​ទទួល​ការ​គាំទ្រ​ខាង​នយោបាយ​ពី​ក្រុម​កសិករ។

​បន្ទាប់​ពី​ការតវ៉ា​ប្រឆាំង​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក ​តុលាការ​ថៃ​បាន​ដក​លោក​ស្រី Yingluck ​ចេញ​ពី​ដំណែង​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ទៅ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ​ក្រុម​យោធា​ថៃ​បាន​រឹប​អូស​យក​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោ​ធា​មួយ។ ចាប់​តាំង​ពី​ពេល​នោះ​មក ​អង្គការ​នីតិបញ្ញតិ​មួយ​ដែល​តែងតាំង​ដោយ​ក្រុម​យោ​ធា​នៃ​ប្រទេស​ថៃ បាន​ប្តឹង​ចោទ​ប្រកាន់​លោកស្រីហើយ​បាន​ហាម​ឃាត់​លោកស្រី​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ។

​លោក​ស្រី ​ជា​ប្អូន​ស្រី​របស់​អតីត​នាយករដ្ឋ​មន្រ្តី Thaksin Shinawatra ​ដែល​ខ្លួន​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដំណែងនៅ​ក្នុង​រដ្ឋ​ប្រហារ​យោ​ធានៅ​ឆ្នាំ​២០០៦។​ លោក Thaksin ​បាន​រត់​គេច​ខ្លួនចេញ​ពី​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០០៨ ​នៅ​ពេល​ដែល​ប្រឈម​នឹង​ការកាត់​ទោស​ឲ្យ​ជាប់​គុក​២ឆ្នាំ​ លើ​បទ​ចោទ​ប្រកាន់​ពី​អំពើ​ពុក​រលួយ។​

ក៏​ប៉ុន្តែ​លោក Thaksin ​និង​គណបក្ស​ភឿ​ថៃ​របស់​លោក​នៅ​តែ​មាន​ប្រជាប្រិយភាព ​ជា​ពិសេស​នៅ​តាម​តំបន់​ជន​បទ​ដាច់​ស្រយាល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG