ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនិងបេសកកម្មរបស់សហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃ កាលពីថ្ងៃអង្គារបានអំពាវនាវឲ្យរដ្ឋាភិបាលយោធាថៃដោះលែងនិស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន១៤នាក់ ដែលត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទដឹកនាំឲ្យមានការបះបោរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍បានអំពាវនាវឲ្យថៃបញ្ឈប់ការចោទប្រកាន់បទឧក្រិដ្ឋនេះជាបន្ទាន់។ សេចក្តីថ្លែងការណ៍នេះ ប្រឆាំងនឹងការចាប់ខ្លួននិស្សិតកាលពីថ្ងៃទី២៦ខែមិថុនា ដែលបានធ្វើបាតុកម្មដោយសន្តិវិធីនៅទីសាធារណៈ កាលពីប៉ុន្មានថ្ងៃមុននៅឯវិមានប្រជាធិបតេយ្យនៅទីក្រុងបាងកក។
និស្សិតទាំងនោះប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទមិនគោរពតាមបម្រាមរបស់រដ្ឋាភិបាលយោធាក្នុងការធ្វើបាតុកម្មតាមទីសាធារណៈ និងការប្រមូលផ្តុំគ្នា ដែលប្រឆាំងនឹងអំណាចរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍របស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ឬហៅកាត់ថា OHCHR បានសម្គាល់ថា ប្រទេសថៃ ក្នុងនាមជាភាគីនៃកតិកាសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិពលរដ្ឋនិងសិទ្ធនយោបាយ«មានកាតព្វកិច្ចក្នុងការប្រកាន់ភ្ជាប់សិទ្ធិក្នុងការបញ្ចេញយោបល់ និងសិទ្ធិក្នុងការប្រមូលផ្តុំគ្នាដោយសេរីនិងសន្តិភាព»។
រដ្ឋាភិបាលយោធាដែលកំពុងកាន់អំណាចបានការពារច្បាប់របស់ខ្លួនក្នុងការហាមប្រាមការប្រមូលផ្តុំគ្នាជាលក្ខណៈនយោបាយនោះ ថាជាការចាំបាច់ក្នុងការរក្សាសន្តិភាព។
ប៉ុន្តែវិធានការបង្ក្រាបរបស់រដ្ឋាភិបាលបានធ្វើឲ្យមានការរិះគន់ពីសំណាក់បស្ចិមប្រទេស រួមមានសហរដ្ឋអាមេរិកផងដែរ។ បេសកកម្មរបស់សហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃបានហៅវិធានការនៃការចោទប្រកាន់ប្រឆាំងនឹងនិស្សិតទាំងនោះ ពីបទដឹកនាំឲ្យមានការបះបោរថាជា«ការវិវត្តព្រឹត្តិការណ៍ដ៏គួរឲ្យព្រួយបារម្ភ»។
លោក Jarrod Weir គឺជាមន្ត្រីផ្នែកនយោបាយនៃគណៈប្រតិភូរបស់សហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃ។
លោក Jarrod Weir ថ្លែងថា៖ «សហភាពអឺរ៉ុបគាំទ្រសិទ្ធិក្នុងការបញ្ចេញយោបល់ប្រកបដោយសន្តិវិធី និងអំពាវនាវឲ្យអាជ្ញាធរថៃគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកនៃកតិកាសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ»។
និស្សិតដែលគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនោះគឺស្ថិតក្នុងចំណោមបណ្ដាញតិចតួចបំផុតដែលបានតបតប្រឆាំងជាសាធារណៈនឹងរដ្ឋាភិបាលយោធា ដែលដណ្ដើមអំណាចនៅខែឧសភា ឆ្នាំ២០១៤។
ការធ្វើរដ្ឋប្រហារឥតបង្ហូរឈាមនោះ ជាព្រឹត្តិការណ៍មួយនៃការឡើងកាន់កាប់អំណាចរបស់យោធាថៃជាច្រើនលើកច្រើនសារមកហើយ ដើម្បីទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតនិងដាក់កំហិតយ៉ាងធ្ងន់ធ្ងរលើសេរីភាពប្រជាពលរដ្ឋ។
និស្សិតដែលត្រូវបានចាប់ខ្លួនទាំងនោះនឹងត្រូវនាំទៅជំនុំជម្រះនៅតុលាការយោធា ដែលសវនាការនោះមានលក្ខណៈមិនបើកចំហនិងមិនមានសិទ្ធិក្នុងការប្តឹងទៅឧទ្ធរណ៍ទេ បើមានការកាត់ក្តីនោះ។
មន្ត្រីផ្នែកនយោបាយនៃសហភាពអឺរ៉ុប លោក Jarrod Weir ប្រចាំនៅទីក្រុងបាងកកថ្លែងថា សហភាពអឺរ៉ុបមិនយល់ស្របនឹងបញ្ហានេះទេ។
លោក បន្ថែមថា៖«ត្រូវតែគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ហើយមិនគួរប្រើប្រាស់តុលាការយោធាក្នុងការជំនុំជម្រះក្តីលើជនស៊ីវិលនោះទេ»។
ក្រុមមនុស្ស១០នាក់បានពាក់ស្រោមមុខមានរូបនិស្សិតដែលត្រូវបានចាប់ខ្លួន បានធ្វើបាតុកម្មនៅខាងក្រៅស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកនៅខេត្តឈៀងម៉ៃ កាលពីថ្ងៃច័ន្ទ។
អាជ្ញាធរនិយាយថា បីម៉ោងក្រោយមកមនុស្សបីនាក់ត្រូវបានចាប់ខ្លួននៅហាងកាហ្វេក្បែរនោះ ដោយត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងការធ្វើបាតុកម្ម ដែលចាត់ទុកថាជាអំពើខុសច្បាប់ ក្រោមធម្មនុញ្ញអន្តរកាលរបស់រដ្ឋាភិបាលយោធានេះ។
កាលពីថ្ងៃអង្គារ បញ្ញវន្តមួយក្រុមបានបង្ហាញខ្លួននៅមុខពន្ធនាគារ Remand នៅទីក្រុងបាងកក ដែលឃុំខ្លួននិស្សិតទាំងនោះ ដើម្បីអានសេចក្តីថ្លែងមួយអំពាវនាវឲ្យមានការដោះលែងអ្នកទាំងនោះ ដែលលិខិតនោះពួកគេអះអាងថាត្រូវបានចុះហត្ថលេខាដោយសាស្ត្រាចារ្យចំនួន២៨០នាក់ទូទាំងប្រទេស។
មេដឹកនាំរដ្ឋប្រហារថៃ ដែលពីមុនធ្វើជាមេទាហាន ហើយបច្ចុប្បន្ននេះជានាយករដ្ឋមន្ត្រី Prayuth Chan-ocha លោកនៅតែរក្សាសំដីរបស់លោកដែលថា ការកាន់កាប់រដ្ឋាភិបាលដោយមន្ត្រីយោធានេះ គឺជាការចាំបាច់ដើម្បីរៀបចំសណ្តាប់ធ្នាប់ឡើងវិញនិងធ្វើកំណែទម្រង់នយោបាយដ៏បែងចែកខ្លាំងរបស់ប្រទេសនេះ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា