ប៉ូលិសថៃបាននិយាយថា បុរសម្នាក់ដែលបានចាប់ខ្លួននៅដើមសប្តាហ៍នេះជិតព្រំដែនថៃជាមួយប្រទេសកម្ពុជា ទំនងមិនបានធ្វើការបំផ្ទុះគ្រាប់បែកនៅទីសក្ការៈបូជាក្នុងទីក្រុងបាងកក ដែលបានសម្លាប់មនុស្ស២០នាក់នោះទេ។
លោក Prawut Thavornsiri អ្នកនាំពាក្យប៉ូលិសជាតិ បាននិយាយនៅថ្ងៃសុក្រនេះថា DNA បានមកពីជនសង្ស័យដែលមានឈ្មោះថា Yusufu Mieraili មិនត្រូវគ្នានឹង DNA ដែលបានរកឃើញនៅកន្លែងផ្ទុះគ្រាប់បែកនោះទេ។
ក៏ប៉ុន្តែអ្នកនាំពាក្យប៉ូលិសនោះបាននិយាយថា Mierailiប្រាកដជាមានការទាក់ទិននឹងការផ្ទុះគ្រាប់បែកនោះ។ លោកបាននិយាយទៀតថា DNA របស់ជននោះ បានត្រូវគេរកឃើញនៅក្នុងអាគារ Apartmentមួយកន្លែង ដែលនៅទីនោះសម្ភារៈសម្រាប់ធ្វើគ្រាប់បែកជាច្រើនបានត្រូវប៉ូលិសរឹបអូសយក។
ការរកឃើញនេះហាក់ដូចជា ការដើរថយក្រោយមួយនៅក្នុងការស៊ើបអង្កេតថាតើនរណាបានធ្វើការវាយបំផ្ទុះគ្រាប់បែកនៅថ្ងៃទី១៧ ខែសីហា ដែលជាការវាយប្រហារដ៏ប្រល័យបំផុតមិនធ្លាប់មាននៅក្នុងប្រទេសថៃ។
នាយករដ្ឋមន្រ្តីថៃ Prayuth Chan-ocha បានពណ៌នា Mieraili ថាជាជនសង្ស័យដ៏សំខាន់ម្នាក់ ហើយបានទទូចថា ជននោះដូចគ្នាទៅនឹងបុរស ដែលបានឃើញនៅក្នុងរូបថតរបស់ម៉ាស៊ីនថតរូបសន្តិសុខ ដែលបានដើរចេញពីទីសក្ការៈបូជាមុនពេលផ្ទុះគ្រាប់បែកនោះ។
ក្រុមអាជ្ញាធរថៃបាននិយាយថា Mieraili ជាជនជាតិបរទេស ក៏ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយពីសញ្ជាតិរបស់ជននោះ ឬបញ្ជាក់ពីភាពពិតប្រាកដនៃលិខិតឆ្លងដែនចិនដែលបានរាយការណ៍ថា បានត្រូវរកឃើញថាជារបស់ជននោះ ដែលបានចេញទៅឲ្យ Yusufu Mieraili អាយុ២៥ឆ្នាំ កើតនៅក្នុងតំបន់ Xinjiang នៃប្រទេសចិនទេ។
ប៉ូលីសក៏បានចាប់ខ្លួនជនបរទេសម្នាក់ទៀតដែរ ដែលមានឈ្មោះថា Adem Karadakនិង Kamarudeng Sahoជនជាតិថៃកាន់សាសនាអ៊ីស្លាម។ ប៉ូលិសក៏បានចេញដីកាចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ក៏៨នាក់ដែរ។
ការជឿទុកចិត្តសាធារណជននៅក្នុងការស៊ើបអង្កេតបានត្រូវធ្លាក់ចុះដោយព័ត៌មានខុសៗគ្នា ដែលបានចេញដោយពួកអាជ្ញាធរ និងការសង្ស័យអំពីតម្លាភាពនៅក្នុងប្រទេសស្ថិតនៅក្រោមការត្រួតត្រារបស់ក្រុមយោធា និងកងកម្លាំងប៉ូលិសដ៏ពុករលួយ៕