វិទ្យាស្ថាន Stimson របស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ដំណើរការការស្រាវជ្រាវមួយដែលតាមដានមើលការសាងសង់ទំនប់នានានៅតាមដងទន្លេមេគង្គដោយសារតែតំបន់អាងទន្លេដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍នេះ កំពុងតែឈានឆ្ពោះទៅមានវិបត្តិជីវសាស្រ្ត។
គម្រោង«តាមដានមើលទំនប់មេគង្គ» (Mekong Dam Monitor) គឺជាវេទិកាអនឡាញមួយដែលប្រើប្រាស់បច្ចេកទេសតាមដានពីចម្ងាយ រូបភាពតាមផ្កាយរណប និងការវិភាគដោយប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដើម្បីផ្តល់របាយការណ៍ពីការវិវត្តនានាទាន់ពេលភ្លាមៗ ហើយទិន្នន័យនេះ អាចទាញយកបានតាមសូចនាករនានា ដែលមិនធ្លាប់បានរាយការណ៍ពីមុនមក។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថាន Stimson។
វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោននេះ បានបន្ថែមថា៖ «ដោយសារតែអាងទន្លេមេគង្គឈានឆ្ពោះទៅដល់វិបត្តិអេកូឡូស៊ី ការទទួលបានចំណេះដឹងពីការសាងសង់ទំនប់នានាលើខែ្សទឹកទន្លេមេគង្គក្នុងប្រទេសចិននិងផ្នែកដទៃទៀតនៃអាងទន្លេមេគង្គ ត្រូវបានគេរក្សាទុកជាសម្ងាត់នៅក្នុងប្រអប់ខ្មៅ»។
អ្នករៀបចំគម្រោងរំពឹងថា នឹងធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍ដែលថតពីផ្កាយរណបនូវទំបន់ទឹកទាំង១៣ ដែលបានសាងសង់រួចហើយនិងអាងស្តុកទឹកនៅលើខ្សែទឹកទន្លេមេគង្គ ដែលបន្ថែមនឹងទំនប់ចំនួន១៥ ដែលបានសាងសង់លើដៃទន្លេដោយផ្តល់ឋាមពលចំនួនជាង២០០មេហ្កាវ៉ាត់។
ដោយសារតែជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលខ្លាំងនៅសហរដ្ឋអាមេរិក ការចាប់ផ្តើមគម្រោងនេះ នឹងធ្វើឡើងតាមប្រព័ន្ធ Zoom នៅថ្ងៃទី១៥ ខែធ្នូ ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗ ក្នុងនោះ មានលោក David R. Stilwell ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា លោក ពូ សុធីរៈ នាយកប្រតិបត្ដិនៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្ដិការ និងសន្ដិភាព និងលោក Pham Quang Vinh អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។
គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការជាដៃគូរវាងកម្មវិធីអាស៊ីអាគ្នេយ៍របស់វិទ្យាស្ថាន Stimson និងអង្គការ Eyes on Earth។ គម្រោងនេះទទួលបានការគាំទ្រពីកម្មវិធីដៃគូសហរដ្ឋអាមេរិក និងមេគង្គ (Mekong-US Partnership) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក៕