ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធ​សង្គ្រោះ​ទន្លេមេគង្គ ជំរុញ​ឲ្យ​លុបចោល​គម្រោង​ទំនប់​វារីអគ្គិសនី​សាណាខាំ​​របស់​លាវ


រូបឯកសារ៖​ ទំនប់វារីអគ្គិសនី Namngum 1 ក្នុង​ប្រទេស​លាវ។
រូបឯកសារ៖​ ទំនប់វារីអគ្គិសនី Namngum 1 ក្នុង​ប្រទេស​លាវ។

អង្គការ​សម្ព័ន្ធ​សង្គ្រោះ​ទន្លេមេគង្គ​ (Save the Mekong Coalition)​ បាន​អំពាវ​នាវ​ឲ្យ​លុបចោល​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​សាណាខាំ ​(Sanakham) របស់​លាវ ដោយនិយាយថា​ គម្រោង​នេះ​«មិន​ចាំបាច់​ ប្រកប​ដោយ​ហានិភ័យ​និង​ចំណាយ​លុយ​អស់​ច្រើន»។ ​

ក្រុម​បរិស្ថាន​នេះលើក​ឡើង​ថា ​ការ​អភិវឌ្ឍ​ថាម​ពល​ព្រះ​អាទិត្យ​ ដែល​មាន​ចីរភាព ​ មាន​ផល​ចំណេញ​ខាង​សេដ្ឋកិច្ច និង​បរិស្ថាន​ច្រើន​ជាង​ក្នុង​រយៈពេល​យូរ​ ​ដូច​ដែល​ប្រទេស​វៀតណាម​បាន​ធ្វើ​រវាង​ខែមេសា​និង​ខែកក្កដា​ឆ្នាំ​២០១៩។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​នេះ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា ​ឆ្នាំ​២០២០ ​បាន​រៀបរាប់​ថា ​គម្រោង​កសាង​ទំនប់​វារីអគ្គិសនី​សាណាខាំ​ ដែល​ជា​គម្រោង​ទំនប់​ទី​៦​របស់​លាវ នៅ​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​នោះ​ នឹង​បង្ក​ផល​ប៉ះពាល់​ឆ្លង​ដែន​ដ៏​ធំធេង​ដល់ទន្លេ​ដែល​ពលរដ្ឋ​រាប់​លាន​នាក់​ពឹង​អាស្រ័យ។​

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ខណៈ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការផ្នែក​អភិបាល​កិច្ច​ទឹក​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​អង្គការ​ ​បាន​ស្នើ​ឲ្យ​ពន្យារ​ពេល​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​កសាង​ទំនប់​វារីអគ្គិសនីមួយ​ទៀត​របស់​លាវ​គឺ​ទំនប់ហ្លួងប្រាបាង្គ ដោយ​សារ​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន​នៃ​គម្រោង​នេះ។​

ទំនប់​វារី​អគ្គិសនី​សាណាខាំ​ដែល​គ្រោង​ចំណាយ​ថវិកា​អស់​ជាង​២​ពាន់​លាន​ដុល្លារ​និង​ផលិត​ថាម​ពល​៦៨៤​មេហ្គាវ៉ាត់​នេះស្ថិត​នៅ​ចន្លោះ​ខេត្ត​សាយ៉ាប៊ូរី និង​ខេត្ត​វៀងច័ន្ទ​របស់​លាវ។ ទំនប់​នេះ​គ្រោង​នឹង​ចាប់​ផ្តើម​សាង់សង់​នៅ​ឆ្នាំ​២០២០​នេះ​ ហើយ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៨ ដោយ​ថាមពល​ដែល​ផលិត​បាន​ ភាគច្រើន​នឹង​ត្រូវលក់​ទៅ​ឲ្យ​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​គណៈ​កម្មការ​ទន្លេមេគង្គ។​

​គណៈ​កម្មាធិការ​ចម្រុះ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា​ស្អែក​នេះ ដើម្បី​ពិភាក្សា​គ្នា​អំពី​គម្រោង​ទំបន់វារី​អគ្គិសនី​របស់​លាវ​នេះ៕

XS
SM
MD
LG