ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនប់​វារី​អគ្គិសនី​ចិនស្តុក​ទឹកទុក​  ពេល​ប្រទេស​ខាង​ក្រោម​ខ្សែទឹក​ទន្លេ​មេគង្គ​រាំងរឹះ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទំនប់​វារី​អគ្គិសនី​ចិន

ទិន្នន័យ​ផ្កាយវិទ្យាសាស្ត្រ​តាម​បច្ចេកវិទ្យា​ទំនើបដែល​ថត​ទឹក​ភ្លៀង​ និង​ទឹកកក​រលាយ​នៅ​ទន្លេ​មេគង្គ​ផ្នែក​ប្រទេស​ចិន​ បង្ហាញ​ថា​ ​ទំនប់​វារី​អគ្គិសនី​ចិន​បាន​ស្តុក​ទឹក​ទុក​យ៉ាង​ច្រើន ខណៈ​ពេល​ដែល​ប្រទេស​ខាង​ក្រោម​ខ្សែទឹក​ទន្លេ​មេគង្គរាំងរឹះ។ ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​រាយ​ការណ៍​អំពី​រឿង​នេះ។​

ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​របស់​អាមេរិក​បាន​និយាយ​ក្នុង​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទទី​១៣​ មេសា​ថា ​ទំនប់​វារីអគ្គិសនី​ទន្លេ​មេគង្គ​នៅ​ប្រទេស​ចិន​បាន​ទប់​ទឹក​ទុក​យ៉ាង​ច្រើន​ នៅ​ពេល​ដែល​ប្រទេស​នៅ​ខ្សែទឹក​ខាងក្រោម​មាន​គ្រោះ​រាំងស្ងួត​កាល​ពីឆ្នាំ​មុន ​ ​ទោះបី​ជា​ប្រទេស​ចិន​មាន​កម្រិត​ទឹក​ខ្ពស់​ជាង​កម្រិត​មធ្យមក៏​ដោយ។ ​

រដ្ឋាភិបាល​ចិន​បាន​ជំទាស់​នឹង​ការ​រក​ឃើញ​នេះ​ ដោយ​និយាយ​ថា ​ ​មាន​ភ្លៀង​តិច​កាល​ពី​ឆ្នាំ​មុន​នៅ​ផ្នែក​ទន្លេ​មេគង្គ​ខាង​លើ​ ដែល​មាន​ប្រវែង​៤.៣៥០​គីឡូម៉ែត្រ​ក្នុង​ប្រទេស​ចិន។​

ការ​រក​ឃើញ​របស់​ក្រុមហ៊ុន ​Eyes on Earth Inc ​ដែល​ផ្តល់​ការប្រឹក្សា​ ​ស្រាវជ្រាវ​ខាង​ធនធាន​ទឹក​បានចេញ​ផ្សាយ​ការ​ស្រាវជ្រាវ​នេះ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​សហ​រដ្ឋអាមេរិក។​ ​ការ​រក​ឃើញ​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​ស្មុគស្មាញ​រវាង​ចិន​និង​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ស្តីពី​វិធី​គ្រប់គ្រង​ទឹក​ទន្លេ​។ ទន្លេ​មេគង្គទ្រទ្រង់​ជីវភាព​ប្រជាជន​៦០​លាន​នាក់ ​ដោយហូរ​កាត់​ប្រទេស​ឡាវ ​ភូមា​ ថៃ ​កម្ពុជា ​និង​វៀតណាម។​ ភាព​រាំង​ស្ងួត​កាល​ពី​ឆ្នាំ​មុន​បាន​នាំ​ឲ្យ​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​មាន​កម្ពស់​ទឹក​ទាប​បំផុត​ក្នុង​ពេល​ជាង​៥០​ឆ្នាំ​មកនេះ​ គឺ​ទឹក​ស្រក​ដល់​បាត​ទន្លេ ​ ហើយ​វាបាន​ប៉ះពាល់ដល់​ជីវភាព​កសិករ​ និង​អ្នក​នេសាទ។​ ផ្ទុយ​ទៅ​វិញ ​រូប​ភាព​ពី​ផ្កាយ​វិទ្យាសាស្ត្រ​បង្ហាញ​ថា​ ​ក្នុង​ឆ្នាំ​២០១៩​ ​តំបន់​សំណើម​នៅ​ខេត្ត​យូណាន ​ប្រទេស​ចិន ​ដែល​ទន្លេ​មេគង្គ​ហូរ​កាត់​ ​មាន​ទឹក​ភ្លៀង​ និង​ទឹកកក​រលាយ​ច្រើន​លើស​កម្រិត​មធ្យម​រវាង​ខែ​ឧសភា​ និងខែ​តុលា។​

ប៉ុន្តែការ​សិក្សា​បង្ហាញ​ថា​ ​កម្រិត​ទឹក​ទន្លេ​មេគង្គ​នៅ​ផ្នែក​ខាង​ក្រោម​ប្រទេស​ចិន​តាម​បណ្តោយ​ព្រំដែន​ថៃ​ឡាវ​គឺ​ស្រក​រហូត​ដល់​ទៅ​៣​ម៉ែត្រ​ទាប​ជាង​ធម្មតា។ ​

លោក​ Brian Eyler ​នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ Stimson Center ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថ្លែង​ថា៖​

«ប្រទេស​ចិន​បាន​ទប់ទឹក​ដ៏ច្រើន​នៅ​ផ្នែក​ទន្លេ​មេគង្គ​របស់​ចិន ​ខណៈ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​នេះ​រីងស្ងួត»។​

ការ​សិក្សា​នេះ​បាន​ប្រើ​ទិន្នន័យ​ផ្កាយ​វិទ្យាសាស្ត្រ​តាមបច្ចេក​វិទ្យា​ទំនើប​ Special Sensor Microwave Imager/Sounder ដែល​ថត​ទឹក​ភ្លៀង ​និង​ទឹកកក​រលាយ​នៅ​ទន្លេ​មេគង្គ​ផ្នែក​ប្រទេស​ចិន​ ចាប់​ពី​ឆ្នាំ​១៩៩២​ដល់​ចុង​ឆ្នាំ​២០១៩។ ​បន្ទាប់​មក​គេ​ប្រៀប​ធៀប​ទិន្នន័យ​នេះ​ជា​មួយ​នឹង​តួលេខ​កម្រិត​ទឹក​ទន្លេ​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ ​នៅ​ស្ថានីយ៍​ជលសាស្រ្ត​ឈាង សឿន​ ក្នុង​ខេត្ត​ឈៀងរ៉ៃ ​ប្រទេស​ថៃ ​ដែល​ជា​ស្ថានីយ៍​នៅ​ជិត​ប្រទេស​ចិន​ ដើម្បី​បង្កើត​គំរូ​ព្យាករណ៍​កម្រិត​ទឹក​«ធម្មជាតិ»​របស់ទន្លេ​មេគង្គ​ ដោយ​ផ្អែក​លើ​កម្រិត​ទឹក​ភ្លៀង​ និង​ទឹកកក​រលាយ។ ​

ទិន្ន័យ​ដំបូងៗ​ចាប់​ពី​ឆ្នាំ​១៩៩២​បង្ហាញ​ថា​ ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ជា​ទូទៅ​មិន​សូវ​ខុស​គ្នា​ទេ។​ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១២​មក ​ ​នៅ​ពេល​ដែល​ប្រទេស​ចិន​មាន​ទំនប់​វារីអគ្គិសនី​លើ​ទន្លេ​មេគង្គ​ ​កម្ពស់​ទឹក​បាន​ចាប់​ផ្តើម​មាន​ភាព​ខុស​គ្នា​ជា​ច្រើន​ឆ្នាំ ​ ​ស្រប​ពេល​ដែល​អាង​ស្តុកទឹក​របស់​ចិន​មាន​ទឹក​ពេញ​នៅ​រដូវ​វស្សា​ និង​បញ្ចេញ​ទឹក​នៅ​រដូវ​ប្រាំង។​ ​

លោក​ Eyler ​ថ្លែង​ថា៖​

«រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​មិន​ដឹង​ថា​ មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ខ្សែ​ទឹក​ខាង​លើ​ ឬ​ក៏​មាន​អ្នក​មិន​និយាយ​ការណ៍​ពិត​អំពី​រឿង​នេះ»៕

XS
SM
MD
LG