ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គមស៊ីវិល​កម្ពុជា​ស្នើ​ឲ្យ​ពន្យារ​ពេល​ដំណើរការ​គម្រោង​វារីអគ្គិសនី​ហ្លួង​ប្រាបាង្គ​របស់​លាវ


រូបឯកសារ៖ ទង់​ពណ៌លឿង​ដែល​ដោត​នៅ​​មាត់​​ទន្លេ​មេគង្គ​ក្នុង​រូបនេះ សម្គាល់​កន្លែង​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​សាងសង់​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​ក្បែរ​ភូមិ Houaygno នៃ​ប្រទេស​លាវ នៅ​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៩។ (Zsombor Peter/VOA)
រូបឯកសារ៖ ទង់​ពណ៌លឿង​ដែល​ដោត​នៅ​​មាត់​​ទន្លេ​មេគង្គ​ក្នុង​រូបនេះ សម្គាល់​កន្លែង​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​សាងសង់​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​ក្បែរ​ភូមិ Houaygno នៃ​ប្រទេស​លាវ នៅ​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៩។ (Zsombor Peter/VOA)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ផ្នែក​អភិបាល​កិច្ច​ទឹក​នៅ​កម្ពុជា​បាន​ស្នើ​ឲ្យ​ពន្យារ​ពេល​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​កសាង​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​របស់​លាវ  ព្រោះ​ផល​ប៉ះពាល់​ឆ្លង​ដែន​នៃ​គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​សិក្សា​​ល្អិតល្អន់​ គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​ធ្វើ​ការ​ផ្នែក​អភិបាល​កិច្ច​ទឹក​នៅ​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ស្នើ​ឲ្យ​ពន្យារ​ពេល​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​កសាង​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​របស់​លាវ ដោយ​លើក​ហេតុផល​ថា​ ​ការ​សិក្សា​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន​នៃ​គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ​នៅឡើយ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​របស់​អង្គការ​ទាំង​នេះ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២០។​

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​គណៈកម្មាធិការ​ចម្រុះ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ជា​សន្និសីទ​វីដេអូ​តា​មអ៊ីនធើណិត​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩​ ដើម្បី​សម្រេច​ថា ​តើ​ត្រូវ​បញ្ចប់ ​ឬ​ត្រូវ​ពន្យារ​ពេល​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​នេះ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ដែល​បាន​ស្នើ​សុំ​ឲ្យ​ពន្យារ​ពេល​នៃ​ដំណើរ​ការ​នេះ រួម​មាន​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាលស្តី​ពី​កម្ពុជា​ហៅ​កាត់​ថា​ NGO Forum បណ្តាញ​ការពារ​ទន្លេ​សេសាន​ ស្រែពក សេកុង សមាគម​ថែ​រក្សា​បរិស្ថាន​និង​វប្បធម៌ អង្គការ​ភូមិ​ខ្ញុំ​ និង​អង្គការ ​FACT។​

ក្រុម​អ្នក​ជំនាញខាង​បរិស្ថាន​កន្លង​មក​បាន​ព្រមាន​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន​ដ៏​មហន្តរាយ​ជាពិសេស​ទៅ​លើ​បឹង​ទន្លេសាប​ក្នុង​ប្រទេស​កម្ពុជា ដែល​អាច​បណ្តាល​មក​ពី​ការ​កសាង​ទំនប់​វារី​អគ្គិសនី​ហ្លួងប្រាបាង្គ​ដែល​ជា​គម្រោង​ទំនប់​មួយ​ក្នុង​ចំណោម​ទំនប់​យ៉ាង​តិច​៩​ដែលប្រទេស​លាវគ្រោងនឹង​សាងសង់​លើ​ទន្លេមេ​នៃ​ទន្លេ​មេគង្គ។​

ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​ក្នុង​ចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ដែល​រួម​មាន​កម្ពុជា ថៃ លាវ​ និង​វៀតណាម​គឺ​មាន​រយៈ​ពេល​យ៉ាង​តិច​៦​ខែ ប៉ុន្តែ​អាច​ពន្យារ​ពេល​បន្ថែម​ទៀត​បាន។​

ប្រទេស​លាវ​បាន​ចាប់​ផ្តើម​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​ទំនប់​ហ្លួងប្រាបាង្គ​នេះ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៩៕

XS
SM
MD
LG