ក្រសួងធនធានទឹកនិងឧតុនិយមឲ្យដឹងថា ស្ថានភាពទឹកទន្លេមេគង្គនឹងបន្តស្រកទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ការណ៍នេះនាំឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ព្រួយបារម្ភកសិផលរបស់ពួកគេ ខណៈភ្លៀងមិនទៀងទាត់។
ការព្យាករអំពីកម្ពស់ទឹក ដែលចេញផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃសុក្រនេះ ឲ្យដឹងថា កម្ពស់ទឹកនៅថ្ងៃនេះ ស្រកជាងថ្ងៃម្សិលមិញ ហើយកម្ពស់ទឹកនេះនឹងបន្តស្រកក្នុងរយៈពេល៣ថ្ងៃទៀត គឺចាប់ពីថ្ងៃសៅរ៍ ទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា។
ក្រសួងបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ស្ថិតក្នុងកម្រិត ៣ ម៉ែត្រកន្លះ គឺស្រកកន្លះតឹក បើធៀបនឹងថ្ងៃព្រហស្បតិ៍ម្សិលមិញ។ កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ ៩,២១ម៉ែត្រ គឺស្រកជាង២តឹក។ កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម ៤,៣៦ម៉ែត្រ គឺស្រកជិត ២តឹក។ កម្ពស់ទឹកទន្លេបាសាក់ចតុមុខ ២,២៦ម៉ែត្រ គឺស្រកចុះមួយតឹក។ ចំណែកទន្លេមេគង្គអ្នកលឿង កម្ពស់ទឹក ១,៧២ម៉ែត្រ គឺស្រកចុះជិតកន្លះតឹក។
កម្រិតកម្ពស់ទឹកនាពេលនេះ បើប្រៀបធៀបនឹងឆ្នាំមុន គឺស្រកចុះផងដែរ ដូចជាក្នុងខេត្តក្រចេះ ស្រកចុះជាង ១តឹក ក្នុងខេត្តស្ទឹងត្រែងស្រកចុះជិតកន្លះតឹក បើធៀបនឹងឆ្នាំមុន។ នេះបើតាមក្រសួងធនធានទឹក។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងធនធានទឹកនិងឧតុនិយម ថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា ស្ថានភាពទឹកទន្លេមេគង្គនៅទាបនៅឡើយ បើធៀបនឹងបណ្តាឆ្នាំកន្លងទៅ។ លោកបន្តថា ដើមរដូវវស្សានេះ ភ្លៀងមិនទាន់ធ្លាក់រាយប៉ាយនៅឡើយ ជាពិសេសនៅក្នុងក្របខណ្ឌអាងទន្លេមេគង្គ។ លោកបន្តថា នៅខែសីហាខាងមុខ តាមការព្យករ នឹងមានភ្លៀងរាយប៉ាយល្អនៅតំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គ។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងរបបទឹកទន្លេមេគង្គ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងស្ថានភាពអាកាសធាតុ»។
បើតាមលោក ចាន់ យុត្ថា ជាមធ្យម ក្នុងមួយឆ្នាំ មានព្យុះដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិក ឬក្នុងសមុទ្រចិនខាងត្បូងក្តី ជាមធ្យមអាចមាន ៥ ទៅ ៦ដង ដែលធ្វើដំណើរទៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានណាមួយនៅឡើយទេ។
លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការទន្លេមេគង្គកម្ពុជា មានប្រសាសន៍ថា មានកត្តារួមផ្សំច្រើន ដែលនាំឲ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះ ដែលលោកថា សំខាន់ជាងគេគឺមកពីបម្រែបម្រួលអាកាសធាតុ ហើយការស្ថាបនាទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ អាចជាកត្តាតូចមួយតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងហើយបានខ្ញុំមិនសន្និដ្ឋានដាច់ខាតថា ទំនប់ហ្នឹងវាមិនចូលរួមដល់ការខ្វះទឹកទេ វាមានចំណែកតូចមួយនៅក្នុងហ្នឹង។ ក៏ប៉ុន្តែ វាមានចំណែកច្រើនទៅទៀត ដែលធ្វើឲ្យខ្វះទឹកហ្នឹង គឺបម្រែបម្រួលអាកាសធាតុ»។
បើតាមលោក វឌ្ឍនា បើគិតអំពីបរិមាណទឹកសរុប ១០០ភាគរយ នៅលើអាងទន្លេមេគង្គ ក្នុងប្រទេសចិន ទឹកទន្លេក្នុងខេត្តយូណាន មានប្រមាណ ១៧ភាគរយ មីយ៉ាន់ម៉ា ១ភាគរយ និងក្រៅពីនោះ គឺជាង ៨០ភាគរយ មាននៅប្រទេសទន្លេមេគង្គក្រោម ដែលមានឡាវ ថៃ កម្ពុជា និងវៀតណាម។
លោកបញ្ជាក់ថា៖ «ឧបមាថាប្រសិនបើ ១៧ភាគរយ បិទជិតឈឹង មិនឲ្យហូរមក ក៏វាមិនប៉ះពាល់ធ្ងន់ធ្ងរមកដល់របបទឹកខាងក្រោមដែរ ព្រោះវាតែ ១៧ភាគរយ»។
ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសរបស់ឡាវ នៅផ្នែកខាងលើទន្លេមេគង្គ ដែលនៅជិតកម្ពុជា មានដូចជាទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី (Xayaburi) និងដនសាហុង (Don Sahong)។
សង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាននៅកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភលើគម្រោងស្ថាបនាទំនប់វារីអគ្គិសនីជាបន្តបន្ទាប់ នៅលើដងទន្លេមេគង្គ ជាពិសេសទំនប់របស់ប្រទេសឡាវ ដែលពួកគេអះអាងថា នឹងធ្វើឲ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះ ហើយប៉ះពាល់ផលត្រី និងដីល្បាប់នៅផ្នែកខាងក្រោម។
លោក គល់ វឌ្ឍនា មានប្រសាសន៍ថា ទំនប់នៅក្នុងប្រទេសលាវ ជាទំនប់ដែលធ្វើឡើងជាការស្តុកទឹកមួយពេល ដូច្នេះវាមិនប៉ះពាល់អ្វីនោះទេ។
លោក ហុក ម៉េងហ៊ាន់ ប្រធានកម្មវិធីបរិស្ថាននិងកសិកម្មនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) មានប្រសាសន៍ថា ការផ្លាស់ប្តូរកម្រិតទឹកទន្លេមេគង្គ អាចមកពីកត្តាមួយចំនួន ដូចជាការប្រែប្រួលអាកាសធាតុដែលនាំឲ្យរាំងស្ងួត ការគ្រប់គ្រងទីជម្រាល និងការស្ថាបនាទំនប់វារីអគ្គិសនី នៅលើទន្លេមេគង្គ ដែលនាំឲ្យទឹកហូរមិនទៀងទាត់។
លោកមានប្រសាសន៍ថា៖ «វាអាចទាក់ទងនឹងលំហូរទឹកពីលើមក។ លំហូរទឹកនេះ យើងឃើញថា ការផ្លាស់ប្តូររដូវកាល វាអាចប៉ះពាល់ទៅនឹងការសាងសង់ infrastructure (ហេដ្ឋារចនាសម្ព័ន្ធ) មួយចំនួនដែលនៅខាងលើ (ទន្លេមេគង្គ)។ ពេលខ្លះគាត់បិទទឹក ពេលខ្លះ គាត់បើកទឹក វាអាចផ្លាស់ប្តូរ Seasonal (រដូវ)។ ទឹកវានៅតែធ្លាក់មកខាងក្រោមហ្នឹង តែវាផ្លាស់ប្តូរពេល»។
ពលរដ្ឋម្នាក់នៅលើកោះត្នោត អ្នកស្រី សឿង រម្យចា អាយុ៣១ឆ្នាំ រស់ក្នុងភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ថ្លែងប្រាប់ VOAថា មេឃមិនភ្លៀងខុសប្រក្រតី។ អ្នកស្រីដែលមានកូន ២នាក់ បារម្ភថា បើអាកាសធាតុនៅតែបែបនេះ នឹងប៉ះពាល់ដល់ការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ ក្នុងនោះមានការធ្វើស្រែរបស់អ្នកស្រី ២ហិកតា ផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖ «មួយរយៈនេះ នៅតំបន់ខ្ញុំអត់សូវភ្លៀងទេ អត់ភ្លៀងតែម្តង ចូលជិតមួយខែហើយ អត់មានភ្លៀងទេ»។
អ្នកស្រីយល់ថា ការរាំងទឹកភ្លៀងនេះ គឺដោយសារហេតុផលមួយចំនួន ក្នុងនោះជាអបីយជំនឿរបស់អ្នកស្រី ដែលថាមិនបានធ្វើពិធីចូលឆ្នាំ សុំទឹកភ្លៀងនិងការកាប់បំផ្លាញព្រៃឈើ។
អ្នកស្រីបន្ថែមថា៖ «ទីមួយខ្ញុំគិតថា តាមអបីយជំនឿ ទីពីរខ្ញុំគិតថាយើងបាត់បង់ព្រៃឈើ បាត់បង់អីច្រើនអញ្ចឹង ក្តៅ គ្មានដើមឈើ ដើមអី ដើម្បីស្រូបឲ្យមានភ្លៀងធ្លាក់ក្នុងតំបន់ហ្នឹង ខ្ញុំគិតថាអញ្ចឹង»។
អ្នកស្រីក៏បារម្ភអំពីការស្ថាបនាទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ដែលនាំឲ្យទឹកស្រកឡើង ខុសពីធម្មតា។
ចំណែកពលរដ្ឋម្នាក់ទៀត លោក ឆៃ សុខៃ អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ថ្លែងប្រាប់ VOA ថា មេឃមិនមានភ្លៀងខុសពីធម្មតា ដែលធ្វើឲ្យកសិករពិបាកធ្វើស្រែ។ លោកបន្តថា ពេលខ្លះទឹកទន្លេមេគង្គស្រកឡើងខុសពីធម្មតា ដែលធ្វើឲ្យកសិករមិនអាចធ្វើស្រែនៅតាមអូរទាបៗ ព្រោះខ្លាចទឹកលិច។
លោកមានប្រសាសន៍ថា៖ «ព្រោះអីខែនេះ ដល់រដូវគេធ្វើស្រែ។ រាល់ឆ្នាំអីជួនកាលភ្លៀង ខានតែមួយថ្ងៃអី ជួនកាលរាល់ថ្ងៃ។ ឥឡូវនេះអត់ទេ ភ្លៀងមួយថ្ងៃអញ្ចេះ បីថ្ងៃក្រោយ បានភ្លៀងទៀត។ វាលក្ខណៈចូលដល់ខែវស្សាហើយ វាប្រែប្រួលទៅជារាំងវិញ»។
លោកបន្ថែមថា៖ «ហើយទឹកទន្លេ ឥឡូវ អត់សូវឡើងប៉ុន្មានទេ។ ទឹកតិច ទឹកតិចខុសពីរាល់ឆ្នាំ បើខែនេះអីរាល់ឆ្នាំ តាមច្រាំង តាមកោះអី វាលិចអស់ តែឆ្នាំនេះអត់ទេ ដោយសារប្រហែលមកពីអត់សូវមានភ្លៀងផង ឬប្រហែលជាគេបិទទំនប់អីខាងលើផង វាគួបផ្សំគ្នា»។
គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពលឲ្យដឹងថា កម្ពុជាមិនមានផែនការក្នុងការស្ថាបនាទំនប់វារីអគ្គិសនីលើតួទន្លេមេគង្គនោះទេ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ គឺរហូតដល់ឆ្នាំ ២០៣០៕