ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសឡាវនៅតែធ្វើទំនប់វារីអគ្គិសនីទីបីលើទន្លេមេគង្គថ្វីបើប្រទេសជិតខាងបង្ហាញកង្វល់អំពីការប៉ះពាល់


រូបឯកសារ៖ ទង់​ពណ៌លឿង​ដែល​ដោត​នៅ​​មាត់​​ទន្លេ​មេគង្គ​ក្នុង​រូបនេះ សម្គាល់​កន្លែង​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​សាងសង់​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​ក្បែរ​ភូមិ Houaygno នៃ​ប្រទេស​ឡាវ នៅ​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៩។ (Zsombor Peter/VOA)

គណៈ​កម្មការ​ទន្លេ​មេគង្គ​ (MRC) ​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា ​ប្រទេស​ឡាវ​កំពុង​ជំរុញ​គម្រោង​វារីអគ្គិសនី​នៅលើ​តួ​ទន្លេ​មេគង្គ ​ទោះបី​ជា​ប្រទេស​ជិត​បង្ហាញ​ក្តី​បារម្ភ​អំពី​លទ្ធភាព​ដែល​ទំនប់​វារី​អគ្គិសនី​នេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជលផល និង​កសិកម្ម​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ក៏​ដោយ។​

គម្រោង​ទំនប់​វារី​អគ្គិសនី​ហ្លួងប្រាបាង្គ​ ដែល​មាន​កម្លាំង​ ១៤០០​មេហ្គាវ៉ាត់​នេះ​ នឹង​ក្លាយ​ជា​ទំនប់​វារីអគ្គិសនី​បំផុត​ទី​៣​ របស់​ប្រទេស​ឡាវ​លើ​តួ​ទន្លេ​មេគង្គ​ ដែល​គ្រោង​ចាប់​ផ្តើម​នៅ​ឆ្នាំ​នេះ។

​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ​ថៃ​និង​វៀតណាម​បាន​លើក​អំពី​កង្វល់​របស់​ពួក​គេ​ប្រាប់​ប្រទេស​ឡាវ​ ហើយ​ជំរុញ​ឱ្យ​ទុក​ពេល​បន្ថែម​ទៀត​ ដើម្បី​វាយ​តម្លៃ​ផល​ប៉ះពាល់​ បន្ទាប់​ពី​គណៈកម្មការ​នេះ​បាន​បញ្ចប់​ដំណើរការ​ពិគ្រោះ​យោបល់​ជាផ្លូវ​ការ​រយៈ​ពេល ​៦ ខែ​ សម្រាប់​គម្រោង​នេះ​កាល​ពី​ថ្ងៃ​អង្គារ។​

គណៈ​កម្មាធិការ​នេះ​បាន​និយាយ​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖​ «ខណៈ​ប្រទេស​ទាំង​បី​ទទួល​ស្គាល់​អធិប​តេយ្យភាព​ និង​សិទ្ធិ​របស់​ប្រទេស​ឡាវ​នោះ​…​ប្រទេស​ទាំង​នេះ​ស្នើ​ឱ្យ​ប្រទេស​ឡាវ​ពិចារណា​អនុសាសន៍​របស់​ពួក​គេ»។​

ទោះយ៉ាងណា​ តាម​សន្ធិសញ្ញា​មេគង្គ​ឆ្នាំ​ ១៩៩៥ ប្រទេស​ជិត​ខាង​ទាំង​៣​ មិន​មាន​សិទ្ធិ​វេតូ​គម្រោង​ណាមួយ​នៅ​ក្នុង​ប្រទេស​ឡាវ​ទេ។​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ក្នុង​អំឡុង​ដំណើរ​ការ​ពិគ្រោះ​យោបល់​នេះ​ថា៖​

«គួរ​មាន​ការ​សិក្សា​វាយ​តម្លៃ​បន្ថែម​ទៀត ​អំពី​ផល​ប៉ះពាល់​ឆ្លង​ព្រំដែន»។​ រី​ឯ​ប្រទេស​វៀតណាម​បាន​ស្នើ​ឲ្យ​ប្រទេស​ឡាវ​ «ទុក​ពេល​វេលា​និង​ធនធាន​បន្ថែម​ទៀត​ ដើម្បី​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឆ្លង​ព្រំដែន»។​

ការ​សិក្សា​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​បាន​បង្ហាញ​ថា ​ទំនប់​លើ​តួ​មេ​ទន្លេ​មេគង្គ​អាច​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ដីស្រែ​ នៅ​ខ្សែ​ទឹក​ខាងក្រោម​ ដោយ​រារាំង​លំហូរ​ដី​ល្បាប់​ចូល​ក្នុង​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​ និង​រារាំង​ចលនា​របស់​ត្រី។​ រដ្ឋាភិបាល​ឡាវ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។​

ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​គឺជា​កត្តា​សំខាន់​មួយ​របស់​ប្រទេស​ឡាវ​ ក្នុង​ការ​លក់​ថាមពល​អគ្គិសនី​ប្រមាណ ​២​ម៉ឺន​មេហ្គាវ៉ាត់ ​ទៅ​ប្រទេស​ជិតខាង​ នៅ​ឆ្នាំ​២០៣០។​

កាលពី​ឆ្នាំ​មុន ​ប្រទេស​ឡាវ​បាន​ធ្វើ​ទំនប់​វារី​អគ្គិសនី​ពីរ​ គឺ​ទំនប់​សាយាបូរី​ កម្លាំង ​១២៨៥​មេហ្កាវ៉ាត់​ និង​ទំនប់​ដនសាហុង​ កម្លាំង ​២៦០​មេហ្កាវ៉ាត់ ​ទោះ​ជា​ក្រុម​បរិស្ថាន​ជំទាស់​ក៏​ដោយ។​

នៅពេល​ទំនប់​ថ្មី​ពីរ​នេះ​លេច​រូបរាង​តាម​អ៊ីនធឺណិត​ ​ទឹក​ទន្លេ​មេគង្គ​បាន​ស្រក​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍​ ដែល​នាំ​ឱ្យ​មាន​សំណួរ​ពី​ក្រុម​បរិស្ថាន។ ​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​គឺជា​គម្រោង​អភិវឌ្ឍន៍​រួម​របស់​រដ្ឋាភិបាល​ឡាវ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ របស់​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​វៀតណាម​ឈ្មោះ ​Petro Vietnam Power Cooperation ​និង​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​របស់​ថៃ​ឈ្មោះ​ Ch Karnchang PCL។ ​

លោក​ Pianporn Deetes ​សកម្មជន​ថៃ​នៃ​អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers)​ បាន​និយាយ​ថា​ លទ្ធផល​នៃ​ការ​ពិគ្រោះ​យោបល់​តែងតែ​បង្ហាញ​យ៉ាង​ច្បាស់។​

លោក​និយាយ​ថា៖ ​«ដំណើរ​ការ​នេះ​មិន​ដែល​នាំ​ឱ្យ​មាន​ការ​ជជែក​វែកញែក​ប្រកប​ដោយ​អត្ថន័យ​អំពី​ផល​ប៉ះពាល់ ​ឬ​អំពី​បញ្ហា​ដែល​អាច​កើត​ចេញ​ពី​គម្រោង​វារី​អគ្គិសនី​ទាំង​នេះ​ទេ។​ ដូច្នេះ​សំណួរ​ដែល​ប្រជាជន​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​នានា​លើក​ឡើង​មិន​ដែល​ទទួល​បាន​ការ​ឆ្លើយ​តប​ត្រឹម​ត្រូវ​ទេ»៕

ប្រែសម្រួល​ដោយ​លោក​ពិន ស៊ីសុវណ្ណ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG