គណៈកម្មការទន្លេមេគង្គ ដែលមានប្រទេសជាសមាជិកចំនួន៤ រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម បានលើកឡើងថា ទឹកទន្លេសាបរបស់កម្ពុជា ជួបប្រទះភាពរាំងស្ងួត មិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានជាបន្ទាន់មួយរបស់គណៈកម្មការទន្លេមេគង្គ (MRC) ចេញផ្សាយនៅថ្ងៃសុក្រនេះ។
គណៈកម្មការទន្លេមេគង្គ បានជំរុញឲ្យប្រទេសតាមដងទន្លេមេគង្គទាំង៦ ដែលមានទាំងប្រទេសចិន និងមីយ៉ាន់ម៉ាផងដែរ ដោះស្រាយបញ្ហាលំហូរទឹកទាបក្នុងតំបន់ ខណៈដែលអាងទន្លេមេគង្គក្រោម ប្រឈមនឹងកំណត់ត្រាលំហូរទឹកទាបអស់រយៈពេល២ឆ្នាំជាប់គ្នា។ គណៈកម្មការបញ្ជាក់ថា មូលហេតុនៃទឹកទាបនេះ រួមមានបរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតី ដែលបង្កដោយបាតុភូតអាកាសធាតុអែលនីណូ (El Nino) ស្ថានភាពលំហូរទាបរយៈពេលយូរដែលបន្តអូសបន្លាយ ចាប់ពីឆ្នាំ២០១៩មក និងលំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ។
គណៈកម្មការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «លំហូរទាបបែបនេះបានធ្វើឲ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះស្ថានភាពរាក់ខ្លាំង ដែលបង្កឲ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រា គិតចាប់ពីឆ្នាំ១៩៩៧មក»។
បើតាមលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ មិនមានទិន្នន័យ និងព័ត៌មានជាផ្លូវការ ដើម្បីផ្ទៀងផ្ទាត់ផលប៉ះពាល់ដែលអាចកើតមាន ដោយសារទំនប់វារីអគ្គិសនីក្នុងអាងទន្លេមេគង្គលើនោះទេ។
នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ លោក អាន ពេជ្រហត្ថដា (An Pich Hatda) មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាន ដោយអំពាវនាវឲ្យប្រទេសតាមដងទន្លេមេគង្គទាំង៦បង្កើនការចែករំលែកទិន្នន័យ និងព័ត៌មានអំពីប្រតិបត្តិការទំនប់ និងហេដ្ឋារចនាសម្ព័ន្ធទឹករបស់សាមីប្រទេសទៅគណៈកម្មការទន្លេមេគង្គ ឲ្យបានរហ័ស និងប្រកបដោយតម្លាភាព»។
លោកបញ្ជាក់ថា៖ «វាដល់ពេលហើយ ដែលប្រទេសទាំងអស់ត្រូវអនុវត្តនូវអ្វីដែលខ្លួនបានអះអាង និងធ្វើសកម្មភាពដើម្បីប្រយោជន៍រួមសម្រាប់អាងទន្លេមេគង្គទាំងមូល និងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់»។
អគ្គលេខាធិការរងនៃគណៈកម្មាធិការទន្លេមេគង្គកម្ពុជា លោក គល់ វឌ្ឍនាថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា ភាគីពាក់ព័ន្ធរបស់កម្ពុជា កំពុងប្រមូលទិន្នន័យ ហើយនឹងបញ្ជូនទៅគណៈកម្មការនៅពេលខាងមុខ ប៉ុន្តែ លោកមិនទាន់អាចកំណត់ថ្ងៃបាននៅឡើយ។ លោកបន្តថា រហូតមកដល់ពេលនេះ វាមានភាពមិនប្រក្រតី ដែលទឹកទន្លេមេគង្គ មិនទាន់ហូរចាក់ទៅបឹងទន្លេសាបនៅឡើយ។
លោកថ្លែងថា៖ «បញ្ហាអត់ទឹកនេះ អាហ្នឹង គឺវាច្បាស់ចំពោះមុខឃើញថា ទឹកវាខ្សត់ខ្សោយ វាខ្វះខាតបើប្រៀបធៀបឆ្នាំកន្លងទៅ។ រហូតទៅដល់អារបបទឹក ដែលត្រូវហូរត្រឡប់ពីទន្លេមេគង្គចូលទៅបឹងទន្លេសាបហ្នឹង មកដល់ពេលនេះហើយ នៅមិនទាន់ហូរចូលទៅ»។
លោកបន្ថែមថា ការស្ថាបនាទំនប់វារីអគ្គិសនីនៅផ្នែកខាងលើ អាចជាចំណែកមួយដែលធ្វើឲ្យខ្វះទឹក ប៉ុន្តែវាមិនទាំងស្រុងនោះទេ។
លោកបញ្ជាក់ថា៖ «អាទំនប់ហ្នឹង វាមានចូលរួមវិភាគទានទៅដល់ការបាត់បង់ទឹក...មិនអត់ទេ។ វាចូលរួមវិភាគទាន។ ប៉ុន្តែវាមិនទាំងស្រុងទេ»។
បើតាមមន្រ្តីនៃគណៈកម្មការទន្លេមេគង្គរូបនោះ ក្នុងភាគរយនៃទឹកដែលប្រមូលផ្តុំមកអាងទន្លេមេគង្គប្រទេសចិនមាន១៥ភាគរយ មីយ៉ាន់ម៉ា២ភាគរយ ឡាវជាង៣០ភាគរយ ថៃ១៨ភាគរយ កម្ពុជា១៨ភាគរយ និងវៀតណាមប្រហែល១១ភាគរយ។
លោកពន្យល់បន្ថែមថា៖ «យើងលើកឧទាហរណ៍ថា បើចិនបិទទឹកទាំង១៥ភាគរយ ទាំងស្រុង អត់ទម្លាក់ចុះមក ក៏វាមិនអាចជះឥទ្ធិពលធំដុំមិនធ្វើឲ្យបាត់បង់ទឹកនៅខាងក្រោមដែរ ដោយសារតែខាងក្រោម វាមានទៅដល់ជាង៨០ភាគរយនៃទឹកសរុបនៅក្នុងអាងទន្លេមេគង្គ»។
លោកបន្តថា កន្លងទៅ ប្រទេសជាសមាជិករបស់គណៈកម្មការទន្លេមេគង្គបានស្នើសុំប្រទេសចិននូវទិន្នន័យនានាដើម្បីយកមកវិភាគ ប៉ុន្តែប្រទេសចិន មិនបានផ្តល់ឲ្យពេញលេញនោះទេ ហើយប្រទេសទាំងអស់ ក៏មិនអាចចាប់បង្ខំឲ្យប្រទេសចិនផ្តល់ឲ្យនោះដែរ ដោយសារចិនមិនមែនជាសមាជិកគណៈកម្មការទន្លេមេគង្គ គ្រាន់តែជាដៃគូពិភាក្សាតែប៉ុណ្ណោះ។
លោកបន្ថែមថា៖ «យើងសុំគាត់ អាស្រ័យលើគាត់ឲ្យយើង។ បើគាត់មិនឲ្យ ក៏យើងគ្មានមូលដ្ឋានច្បាប់ណាមួយទៅសង្កត់គាត់បានទេ។ វាកត្តាកំណត់នៅលើចិនទេ។ អាយើងសុំសុំហើយ។ ស្អីចេះ ស្អីចុះ លើកហេតុផលម៉េចក៏លើកទៅ ក៏ប៉ុន្តែកត្តាកំណត់នៅលើចិន ដែលជាម្ចាស់ទិន្នន័យ។ គាត់ឲ្យប៉ុនណា ក៏ឲ្យប៉ុណ្ណឹង»។
យោងតាមការសិក្សាមួយរបស់ក្រុមហ៊ុនអាមេរិកាំង ឈ្មោះថា Eyes on Earth ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២០ ប្រទេសចិន បានខ្ទប់ទឹកទន្លេមេគង្គក្នុងបរិមាណយ៉ាងច្រើន កាលពីឆ្នាំ២០១៩ ជាមួយទំនប់វារីអគ្គិសនីចំនួន១១កន្លែងក្នុងប្រទេសខ្លួន។ ប៉ុន្តែរដ្ឋាភិបាលចិន បានបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងពីភាពរាំងស្ងួត ដោយសារអាកាសធាតុ។
ក្រៅពីទំនប់វារីអគ្គិសនីនៅក្នុងប្រទេសចិន ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសរបស់ឡាវដែលនៅជិតកម្ពុជា មានដូចជាទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី (Xayaburi) និងទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ក៏មានការព្រួយបារម្ភថា ធ្វើឲ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះ ហើយប៉ះពាល់ផលត្រី និងដីល្បាប់នៅផ្នែកខាងក្រោម។ អ្នកធ្វើការលើផ្នែកបរិស្ថានបារម្ភថា ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ នឹងប៉ះពាល់ការរស់នៅរបស់មនុស្សប្រមាណ៦០លាននាក់ នៅប្រទេសតាមដងទន្លេមេគង្គក្រោមទាំង៤ ដែលរួមមានកម្ពុជាផងដែរ។
ជាធម្មតា ទឹកនៅទន្លេមេគង្គ និងទឹកស្ទឹងនានា ហូរចូលបឹងទន្លេសាបនៅរដូវវស្សា នាំឲ្យបឹងនេះមានផ្ទៃធំ បង្កើតជាតំបន់ព្រៃលិចទឹក ដែលផ្តល់ជម្រកដល់ត្រីយ៉ាងច្រើនដែលពង និងបន្តពូជ។ ទឹកហូរចូលបឹងនេះ ធ្វើឲ្យបឹងនេះ រីកធំ៦ដង គឺមានទំហំ១ម៉ឺនគីឡូម៉ែត្រក្រឡា មុនទឹកបឹងទន្លេសាបហូរចូលទន្លេមេគង្គវិញ។
លោក ឡុង សូចែត អាយុ៦២ឆ្នាំ ជាប្រជាសហគមន៍នេសាទក្នុងខេត្តពោធិសាត់ មានប្រសាសន៍ថា ទឹកហូរចូលទន្លេសាបមានភាពយឺតយ៉ាងខ្លាំង ដោយពីមុនក្នុងដើមខែមិថុនា ឬ ចុងខែ មានទឹកហូរចូលប៉ុន្តែឆ្នាំនេះមិនមាននោះទេ។ លោកថាទឹកនៅឆ្នាំនេះ ទាបយ៉ាងតិច៣ទៅ៤ម៉ែត្ររួចទៅហើយក្នុងតំបន់របស់លោកក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់។
លោក ឡុង សូចែត មានប្រសាសន៍ថា៖ «យើងឃើញ២ឆ្នាំហើយ ២០១៩ និង២០២០នេះ ទឹកយឺតរហូត។ ២០១៩ ទាល់តែដើមខែ៨ បានមានទឹក។ ឥឡូវចូល២០២០នេះ ក៏ប្រហាក់ប្រហែលនឹង២០១៩ដែរ។ ដោយសារតែ២០១៩ វាខះទឹកហើយ ដល់ពេល២០២០ វាកាន់តែខះខ្លាំងឡើង។ វាធ្វើឲ្យទន្លេកាន់តែរាក់ជាងឆ្នាំ២០១៩»។
លោកក៏ព្រួយបារម្ភអំពីការស្ថាបនាទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ ដែលជាកត្តាមួយនាំឲ្យខ្វះទឹក។
លោកបន្ថែមថា៖ «ទឹកមានបញ្ហាអ៊ីចឹង ធនធានជលផលក៏មានបញ្ហាដែរ ព្រោះខែធ្លាក់ភ្លៀង ខែទឹកឡើង គឺជារដូវត្រីពងកូន ប៉ុន្តែដល់ខែត្រីពងកូន វាអត់មានទឹក។ អាហ្នឹង ក៏ជាបញ្ហាដែលធ្វើឲ្យយើងគិតថា ធនធានជលផល មិនអាចឋិតថេរបានទេ»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឈួន ឡាន់ អាយុ៤៥ឆ្នាំ រស់នៅតំបន់ទន្លេសាបកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានប្រសាសន៍ថា កាលពីឆ្នាំមុន នាពេលនេះ ទឹកឡើងដល់ពាក់កណ្តាលសសរផ្ទះអ្នកស្រីរួចទៅហើយ។ ប៉ុន្តែឆ្នាំនេះ ពេលនេះ មិនមានទឹកនោះទេ។ អ្នកស្រីបន្តថា ជាធម្មតា ទឹកចាប់ផ្តើមឡើងក្នុងខែមិថុនា។
អ្នកស្រីថ្លែងប្រាប់ VOA ថា៖ «អត់ដែលមានទឹកឡើងទេ មានតែរីង។ ប្រជាពលរដ្ឋគ្នាទៅនេសាទសឹងមិនបាន ដោយសារតែទឹកវារីងខ្លាំង»។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT) ប្រាប់ VOA ថា កម្រិតទឹកហូរពីទន្លេមេគង្គចូលទន្លេសាបយឺតខ្លាំង ដែលទឹកមើលទៅខុសគ្នាជាងពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។លោកព្រួយបារម្ភអំពីការរកត្រីរបស់ប្រជាពលរដ្ឋ ដែលរស់នៅពឹងផ្អែកបឹងទន្លេសាបផងដែរ។
លោកមានប្រសាសន៍ថា៖ «បើសិនជាទឹកតូច ត្រីហ្នឹងក៏វាថយចុះតាមហ្នឹងដែរព្រោះឆ្នាំ២០១៩កន្លងមក យើងឃើញទឹកតូច ខុសប្រក្រតី បានន័យថា ទាបជាងឆ្នាំ២០១៨។ អ៊ីចឹងទៅ យើងឃើញផលត្រីរបស់យើងក៏មានសភាពខ្សត់ខ្សោយជាងមុនដែរ។ អ៊ីចឹងបានយើង ចេះតែបារម្ភ។ រាល់ថ្ងៃមានទឹកភ្លៀងទឹកអីខ្លះទេ ហូរចូលទឹកបឹងទន្លេសាប។ ប៉ុន្តែ បើយើងនិយាយអំពីទឹកទន្លេមេគង្គហូរចូលតិច ...តិចតួចមែនទែន»។
លោក សាវ៉ាត ក៏មើលឃើញថា ការស្ថាបនាទំនប់លើទន្លេមេគង្គ ដែលនាំឲ្យមានការប្រែប្រួលរបបទឹកនៅខាងក្រោម បន្ថែមពីលើបញ្ហាអាកាសធាតុផងដែរ។
លោកបន្តថា៖ «ប្រមាណជាពីរឆ្នាំបីឆ្នាំចុងក្រោយនេះ យើងឃើញទំនប់វារីអគ្គិសនីចាប់ផ្តើមសាងសង់ធំៗច្រើននៅតាមបណ្តោយដងទន្លេមេគង្គ ពីចិនពីឡាវ ពីអីមកហ្នឹង ចាប់ផ្តើមមានការប្រែប្រួលរបបទឹក»។ ប្រហែលជាអាចរួមផ្សំមកពីបម្រែបម្រួលអាកាសធាតុផង មកពីការអភិវឌ្ឍទំនប់វារីអគ្គិសនីតាមបណ្តោយទន្លេមេគង្គផង»៕