ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករជាប់បឹងទន្លេសាបនៅសៀមរាបនៅតែមិនអាចមានដីបង្កបង្កើនផល ទោះមានវិធានការបែងចែកដីវិញក្តី


ស្លាក​សញ្ញាចូល​ទៅ​តំបន់​អភិរក្ស​ជីវចម្រុះ​បឹងពារាំង​ នៅសង្កាត់​ជ្រាវ​ ខេត្តសៀម​ ថ្ងៃទី​១៥​ ខែកក្កដា ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)
ស្លាក​សញ្ញាចូល​ទៅ​តំបន់​អភិរក្ស​ជីវចម្រុះ​បឹងពារាំង​ នៅសង្កាត់​ជ្រាវ​ ខេត្តសៀម​ ថ្ងៃទី​១៥​ ខែកក្កដា ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)

ក្តីបារម្ភ​ពី​ការ​ខ្វះ​ដី​ធ្វើស្រែ​នៅតែ​បន្ត​រួត​រឹត​ជីវិត​កសិករ​ជាច្រើន​នាក់​នៅ​ក្នុង​សង្កាត់​ជ្រាវខេត្ត​សៀមរាប​ ទី​ដែល​មាន​ការ​បែង​ចែក​តំបន់​អភិរក្ស​ជីវចម្រុះ​ និង​ស្ថិត​នៅ​ជាប់បឹង​ទន្លេសាប។

អ្នក​ស្រី​ លួន ងិក វ័យ​ ៤៥ ឆ្នាំ​ កសិករ​ដែល​មាន​តូប​លក់​ដូរ​គ្រឿង​ភេសជ្ជៈ​នៅក្នុងតំបន់​ ៣ ដែល​កំពុង​មានភាពចម្រូង​ចម្រាស​ ទាក់​ទង​នឹង​ការ​អភិរក្ស​ជីវចម្រុះ​ និង​ការ​បង្វិល​ដី​ជូនប្រជាពលរដ្ឋ​វិញ​ ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​ថា នឹង​ផ្តល់​ដី​ដែល​រដ្ឋសម្រេចដាក់​ក្នុងតំបន់​ការពារ​កន្លង​មកឱ្យ​ពលរដ្ឋ​ បាន​អាស្រ័យផល​កសិកម្ម​លើដីទាំងនោះ​ជាយូរ​ឆ្នាំមក​ហើយ។

អង្គុយលើ​អង្រឹង​ក្នុងតូបនោះ​តែម្នាក់ឯង ស្រ្តី​និយាយ​ខ្មែរ​រដើន​ និង​មាន​កូន​បួននាក់​ក្នុង​បន្ទុក​រូប​នេះ​ ប្រាប់​វីអូអេ​កាលពី​ពាក់​កណ្តាល​ខែកក្កដា​ថា​ អ្នកស្រី​មិនអាចចូល​ទៅ​បង្កបង្កើន​ផល​លើ​ដីស្រែ​របស់​អ្នក​ស្រី​បាន​នៅ​ឡើយទេ​ ចាប់តាំង​ពីការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រីអំពី​ការ​ផ្តល់​ដីជូនពលរដ្ឋ​វិញ​ នៅ​មុន​ការបោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​ ២០២២ នេះ។

អ្នកស្រី​និយាយ​ថា​៖ «បើ​គាត់​អនុញ្ញាត​ហើយ​ ចង់​បាន​តែ​ឆ្នាំនេះ​ឯង​ សំណូម​គាត់​ថា បើ​គាត់​ឆ្វៀល​ហើយ ​គាត់​ឱ្យហើយ​ គាត់​ឱ្យ​ធ្វើ​ទៅ​ បើ​មិន​ឱ្យ​ធ្វើ​ ងាប់​ប្រជាជន​អស់​ មាន​អីរក​ មើលមើ! ស្រែ​នៅ​ស្រែ​ កក់​នៅកក់​ហ្នឹង»។

កាល​ពីចុង​ខែ​ឧសភា​ឆ្នាំ ២០២២​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បានចេញ​សារ​សំឡេង​ពិសេស​មួយ​ ប្រាប់​សាធារណជន​ថា​ រដ្ឋាភិបាល​ត្រូវធ្វើ​ការ​កែសម្រួល​ការ​បែង​ចែក​តំបន់​ ១ ដល់​តំបន់​ ៣ ដោយ​យក​តាម​យុទ្ធសាស្ត្រ​ស្បែកខ្លា ពោល​គឺ​ដី​ពលរដ្ឋ​បាន​បង្កបង្កើន​ផល​យូរ​ហើយ​ ឬ​ដីជា​ភូមិករ​របស់​ពលរដ្ឋ​ មិន​ត្រូវ​ដក​មក​ទុក​ជា​តំបន់​ការពារ​ រួច​ដាំ​ឈើ​ឡើងវិញ​ទេ។

បើ​តាម​ខ្សែអាត់​សំឡេង​ដែល​មានរយៈពេល​ជាង​ ៤០ នាទី​ ហើយ​ដែល​ត្រូវបាន​បង្ហោះ​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​កាលពី​ថ្ងៃទី​ ២៧​ ខែ​ឧសភា​ លោក​ ហ៊ុន សែន​ បាន​ថ្លែង​ថា ការ​ដក​ហូត​ដី​ដែល​ពលរដ្ឋ​បាន​កាន់​កាប់​ជាយូរមក​ហើយ ឬ​ក៏ជាដី​ដែល​ជា​ទី​សក្ការបូជា​ គួរតែ​ជៀសវាង។

លោក​លើកឡើងថា៖ «មាន​ទាំង​សាលា​រៀន មាន​ទាំង​វត្តអារាម​ តាំង​ពីយូរយា​ណាស់​ហើយ​ មិន​អាច​ចាត់​ទុក​ថា​ តំបន់​ ៣ ត្រូវ​តែ​បោសសម្អាត​ប្រជាជន​ ហើយ​យក​ប្រជាជន​ចេញ​ពីតំបន់​នោះ​ នោះ​ទេ។ នេះ​ជា​បទ​បញ្ជា​ដែល​ខ្ញុំ​ព្រះករុណា​ ខ្ញុំ​ធ្វើ​ ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំ​ណា​មួយ​ ទាក់​ទង​នឹង​ការ​ចាក​បណ្តេញ​ចេញ​ ឬ​យក​ចេញ​នូវ​ប្រជាជន​ដែល​នៅ​ក្នុង​តំបន់​ ៣ ទៅ​តាម​ផែន​ទី​ ដែល​យើង​បាន​កំណត់​នោះ។ ចំណុច​នេះ​ ជា​ចំណុច​ដែល​ត្រូវ​ជៀសវាង»។

អ្នកស្រី​លួន​ ងិក អ្នកកាន់​ដីស្រែមួយ​កន្លែងនៅ​តំបន់​ ៣ ជាប់​នឹងបឹងទន្លេសាប​ ក្នុងសង្កាត់​ជ្រាវ ខេត្ត​សៀម​រាប​ ថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី​លួន​ ងិក អ្នកកាន់​ដីស្រែមួយ​កន្លែងនៅ​តំបន់​ ៣ ជាប់​នឹងបឹងទន្លេសាប​ ក្នុងសង្កាត់​ជ្រាវ ខេត្ត​សៀម​រាប​ ថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)

ទោះ​ជា​មាន​សេចក្តី​ប្រកាស​ណែនាំ​យ៉ាងដូច្នេះ​ក្តី ក៏​កសិករ​ដូចជា​អ្នកស្រី​ លួន​ ងិក​ មិន​ទាន់​មាន​លទ្ធភាព​ចូលទៅ​ដី​ដើម្បី​បង្កបង្កើន​ផល​ ក្នុង​តំបន់​ ៣​ បាននៅ​ឡើយ។

អ្នក​ស្រីនិយាយ​ថា​៖ «មាន​តែ​មួយ​កន្លែង​ បើ​គេ​មិន​ឱ្យ​ខ្ញុំ​ មាន​តែ​ខ្ញុំទិញ​អង្ករ​ផ្សារ​ ដីខ្ញុំ​នៅ​តំបន់​ក្រោម​បង្គោល​ដែល​គេ​ជីក​ អា​បង្គោល​ចូលតំបន់​បីហ្នឹង​ នៅឯណោះ​ឯង​ស្រែ​មាន​មួយ​កន្លែង»។

លោក សុខ​ វណ្ណៈ អាយុ​ ៣៦ ឆ្នាំ​ និង​មាន​កូន​ពីរនាក់​ក្នុងបន្ទុក​ កំពុង​ពិនិត្យ​មើល​ដីស្រែ​របស់​លោក​ក្នុង​តំបន់ ២​ ដែល​លោក​អាច​បង្ក​បង្កើន​ផល​ស្រូវបាន។ ប៉ុន្តែ​លោក​និយាយ​ថា​ ​សាច់ញាតិ​របស់​លោក​យ៉ាង​ហោច​ណាស់​ ១០ គ្រួសារទៀត និង​លោក​ផ្ទាល់​ ដែល​មាន​ដីស្រែ​ក្នុង​តំបន់​ ៣​ មិន​ទាន់​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ចូល​ទៅ​បង្ក​បង្កើន​ផលនៅឡើយទេ។

លោក​ប្រាប់​វីអូអេ​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដាថា៖ «ក្រុម​ការងារ​គេ​ចុះ​ឆ្វៀល​មក​ហើយ។ ដល់​ពេល​យើង​ចុះ​ទៅ​ភ្ជួរ​មាន​មន្ត្រី​បរិស្ថាន​មួយ​ចំនួន​គាត់​ចុះ​មក​ចាប់​ ខ្លះ​ចាប់​ទាល់​តែ​គាត់​ថា​ បើ​អាត្រាក់​គោរយន្ត​មួយ​គាត់​យក​ប៉ុន្មាន​ ៣០ម៉ឺន​ [រៀល] អាត្រាក់​អី​គេ​យក​ដល់ ១លាន[រៀល] ​ ២លាន[រៀល] ប្រជាពលរដ្ឋ​ អត់ហ៊ាន​ចុះ​បណ្តោយ»។

បើតាម​លោក សុខ​ វណ្ណៈ ប្រជាពលរដ្ឋ​បាន​កាន់កាប់​ដីស្រែ​ក្នុង​តំបន់ ​៣ ជាយូរ​មក​ហើយ​ ដោយ​មាន​ខ្លះ​កាន់​កាប់​តាំងពីសម័យ​អតីត​ព្រះ​មហាក្សត្រ​ព្រះបាទ​ នរោត្តម​សីហនុ​ ហើយថា ​ឪពុកម្តាយ​លោក​ក៏បាន​កាន់កាប់​ដីក្នុង​តំបន់​ ៣ តាំងពី​សម័យ​នោះដែរ និង​បន្សល់​ទុក​ឱ្យលោក​និង​សាច់ញាតិ​មក​ទល់​សព្វថ្ងៃ។​

លោក​ ឡាច​ ផល្លី កសិករ​រស់​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាប ថ្ងៃទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០២២។​(ហ៊ុល រស្មី/ វីអូអេ)
លោក​ ឡាច​ ផល្លី កសិករ​រស់​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាប ថ្ងៃទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០២២។​(ហ៊ុល រស្មី/ វីអូអេ)

កសិករ​ម្នាក់​ទៀត​គឺ​លោក ឡាច​ ផល្លី​ អាយុ​ ៤០ឆ្នាំ​ ដែល​មាន​បទពិសោធន៍​ស្រដៀង​គ្នា​នឹង​លោក​សុខ​ វណ្ណៈ​ បាន​ស្នើ​ឱ្យរដ្ឋាភិបាល​ពិចារណា​ប្រគល់​ដីស្រែ​ពលរដ្ឋ​មក​វិញ​ឱ្យបាន​ឆាប់ៗ​តាម​ដែល​អាចធ្វើ​បាន​ ដើម្បី​កសិករ​អាច​មាន​លទ្ធភាព​បង្កបង្កើន​ផលស្រូវ​នៅ​រដូវ​វស្សានេះ។

លោក​ថ្លែង​ថា​៖ «មាន​តែ​សំណូម​ពរ​ ដូច​ការ​និយាយ​ពី​ខាង​ដើម​ទី​ហ្នឹង​ហើយ​ សំណូម​ពរ​ថា​ ​ឱ្យ​ខាង​ថា្នក់​ខេត្ត​ហ្នឹង​ លោក​ជួយ​ពន្លឿន​ក្នុង​ការ​កាត់​ឆ្វៀល​ដី​ប្រជាពលរដ្ឋ​ឱ្យឆាប់​បាន​ ព្រោះ​ដូច​ជា​ការ​ខ្ញុំនិយាយ​ពី​ខាង​ដើមម្លេ៉ះ គឺ​មាន​តែ​ការ​ឆាប់​បាន​ភ្ជួរ​ឆាប់​បាន​រាស់​ទេ ប្រជាពលរដ្ឋ​អាច​នឹង​បិទ​ភ្លឺ​បិទ​អី​រៀប​ទប់​វិញ»។

កសិករ​រូប​នេះ​ បាន​ថ្លែង​ទៀត​ថា បើគ្មាន​ស្រែធ្វើ​ទេ​ សាច់ញាតិ​និងពលរដ្ឋ​ឯ​ទៀត​នឹង​ប្រឈម​មុខ​នឹង​ការ​ខ្វះស្បៀង ហើយ​សេដ្ឋកិច្ច​គ្រួសារ​នឹង​រងផល​ប៉ះពាល់។

លោកនិយាយថា៖ «វា​ប៉ះសេដ្ឋកិច្ច​ខ្លះ​ដែរ ព្រោះ​យើង​រំពឹង​ទៅលើស្រែ​កសិកម្ម​ ព្រោះ​យើង​អត់​មាន​ធ្វើ​ការងារ​អី​ទេ»។

ដីទំនេរ​នៅ​តំបន់ ៣ ដែល​កំពុង​មាន​ភាពចម្រូង​ចម្រាស​នៃការ​អភិរក្ស​ និង​ការ​ផ្តល់​ជូន​ពលរដ្ឋ​ឱ្យ​អាស្រ័យផលកសិកម្ម​។​ (ហ៊ុល រស្មី/វីអូអេ)
ដីទំនេរ​នៅ​តំបន់ ៣ ដែល​កំពុង​មាន​ភាពចម្រូង​ចម្រាស​នៃការ​អភិរក្ស​ និង​ការ​ផ្តល់​ជូន​ពលរដ្ឋ​ឱ្យ​អាស្រ័យផលកសិកម្ម​។​ (ហ៊ុល រស្មី/វីអូអេ)

លោក​ ម៉ន ឈៀង កសិករ​អាយុ​ ៤៧ ​ឆ្នាំ​ម្នាក់​ទៀត​ដែល​មាន​ដី​ទំហំ​ប្រមាណ​ ៧ ពាន់ម៉ែត្រការ៉េ​ នៅ​តំបន់ ៣ ​ទុក​ទំនេរ​ចោល​ដោយសារ​វិធានការ​នៃ​ការ​អភិរក្ស​ក្នុង​តំបន់​មួយ​ចំនួន​ជាប់​បឹង​ទន្លេសាប ក៏​ស្នើ​សុំ​ឲ្យ​មាន​ការ​ពន្លឿន​ចែក​ដី​មក​វិញ​ដល់​កសិករ​ដូចជា​រូបលោក​ ដែល​ងាយ​ប្រឈម​នឹង​ជីវភាព​ខ្វះខាត​ បើ​គ្មាន​ដី​គ្រប់គ្រាន់​ដើម្បី​បង្កបង្កើន​ផល។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ប៉ះច្រើន​ណាស់​ យើង​ដី​សព្វ​ថ្ងៃ​មាន​តិចផង​ មាន​តែ​ដី​របប​ផ្សែផ្សំ​ ដល់​អា​អត់​អានោះ​ទៅ​ វាចេះ​តែ​ខ្វះ​ខាត​ហើយ។ ហើយ​បាន​ថា​សំណូម​ឱ្យ​សុំ​ គាត់​អាជ្ញាធរ​នៅ​សៀម​រាប​នេះ​ ឱ្យ​គាត់​ចុះ​ឆ្វៀល​ឱ្យ​លឿន​បន្តិច​មក​ ដើម្បី​ប្រជាពលរដ្ឋ​អាច​ធ្វើ​ទាន់​ពេល​វេលា»។

កសិកររូប​នេះ​ថា​ ដីស្រែ​របស់​លោក គឺ​ជា​ដី​ដែល​ដូនតា​លោក​បន្សល់ទុក​ឱ្យរាប់​ជំនាន់មក​ហើយ​ ពោល​គឺ​មុន​សម័យ​ខ្មែរ​ក្រហម។

អ្នក​សម្រប​សម្រួល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូប្រចាំ​ខេត្តសៀមរាប​ លោក ស វណ្ណារ៉ា ប្រាប់​វីអូអេ​ថា​ ប្រជា​ពលរដ្ឋ​បាន​កាន់​កាប់ដីស្រែ​ក្នុងតំបន់ ៣ ​នោះ​ ជាយូរឆ្នាំ​មកហើយ​ ពោល​គឺ​កាន់​កាប់​បន្ត​ពី​ដូនតា​ ដោយ​ខ្លះ​កាន់កាប់​ ៤ ទៅ ១០ ឆ្នាំ​មក​ហើយ។ ក៏ប៉ុន្តែ​លោក​ថា លោក​មិន​ដឹង​ថា​ ហេតុអ្វី​បាន​ជារដ្ឋាភិបាល​មិនទាន់​អាច​ឆ្វៀល​ដីក្នុង​តំបន់​នោះ​ជូនពលរដ្ឋ​ ដើម្បី​ឲ្យ​ពួកគេ​បាន​បង្កបង្កើន​ផល​កសិកម្មដូច​ដើម​វិញ​នោះ​ទេ។

លោក ស វណ្ណារ៉ា​ បាន​ថ្លែង​បន្ថែម​ថា កសិករ​ទាំង​នេះអាច​ប្រឈម​មុខ​នឹង​ផលវិបាក​ខាង​ហិរញ្ញវត្ថុ​ បើពួកគេ​នៅមិន​អាច​បង្កបង្កើនផល​បាន​កាន់តែ​ឆាប់​នោះ។

លោក​ ស វណ្ណារ៉ា​ អ្នក​សម្រប​សម្រួលសិទ្ធិមនុស្ស​អង្គការ​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ដល់ VOA ក្នុង​ក្រុង​សៀមរាប ថ្ងៃទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២២។​ ​(ហ៊ុល រស្មី/វីអូអេ)
លោក​ ស វណ្ណារ៉ា​ អ្នក​សម្រប​សម្រួលសិទ្ធិមនុស្ស​អង្គការ​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ដល់ VOA ក្នុង​ក្រុង​សៀមរាប ថ្ងៃទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២២។​ ​(ហ៊ុល រស្មី/វីអូអេ)

លោក​ថ្លែង​ថា៖​ «ខ្ញុំ​គិត​ឃើញ​ថា​ រដ្ឋាភិបាល​គួរ​តែ​កាត់​មក​ថ្នាក់​ក្រោម​ជាតិ​នេះ​ ឱ្យ​ធ្វើ​ការ​ដោះស្រាយ​ជូន​គាត់​ទៅ​ ដោយ​សារ​ហេតុផល​គឺ​ គាត់​មាន​អំណះអំណាង​របស់​គាត់​កន្លងមក។ អ៊ីចឹង​ បើសិន​ជា​នៅតែ​ត្រាំត្រែង​ទុក​អ៊ីចឹង​ មិន​ដោះស្រាយ​ជូន​គាត់​ គាត់មិន​មាន​ដី​ដើម្បី​បង្ក​បង្កើន​ផល​ទេ​ ហើយ​គាត់​ទើប​តែ​បញ្ចប់​កូវីដ​ផង​ វាជួប​បញ្ហា​គឺសេដ្ឋកិច្ច​គ្រួសារ​គាត់»។

​វីអូអេ​មិនទាន់អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពីអភិបាល​ខេត្ត​សៀមរាប លោក​ទៀ​ សីហា​ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ទេ​តាមប្រព័ន្ធ​ទូរស័ព្ទ​ កាល​ពី​ចុង​ខែ​សីហា។ ​

យ៉ាង​ណា​ក៏​ដោយ​ ចៅសង្កាត់​ជ្រាវ​លោក​ ក្អោប រ៉ន​ ប្រាប់​វីអូអេ​កាល​ពីថ្ងៃពុធ ទី​៣១ ខែសីហា​ថា ​ប្រជា​ពលរដ្ឋ​នៅ​បន្ត​បង្ក​បង្កើនផល​បាន​ក្នុងតំបន់​ ២​ និងតំបន់ ៣​ ហើយ​ការ​រៀបចំ​កំណត់​ព្រំប្រទល់​ឡើង​វិញ​នោះ​ នឹង​ធ្វើឡើង​នៅ​រដូវ​ទឹក​ស្រក។

លោក​ថ្លែង​ថា​៖ «ធ្វើបាន​ អាស្រ័យ​ផល​បាន​ទាំង​តំបន់​៣ ទាំង​តំបន់​២​...ប៉ុន្តែ​គ្រាន់​ [តែថា] ការ​កាត់​ឆ្វៀល​ឱ្យ​ច្បាស់​លាស់​ការ​កំណត់​ថា​ ៣ ឬក៏២ឱ្យ​ច្បាស់​លាស់​[នៅ]​ ​នៅ​ឡើយ​ទេ​»។

ផ្ទៃដី និងព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែល​ជា​បឹង​ធំជាងគេ​បង្អស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ​ត្រូវ​បាន​ចែក​ចេញ​ជា ៣ តំបន់​គឺតំបន់ទី ១​ ជា​តំបន់​ដែល​ពលរដ្ឋ​កំពុង​រស់​នៅ​អាស្រ័យ​ផល​ និង​កាន់​កាប់​ជាកម្មសិទ្ធ​ស្រប​ច្បាប់។ រីឯ​តំបន់​ទី​ ២ ពលរដ្ឋ​អាច​អាស្រ័យផល​បាន តែមិន​អាចធ្វើ​ជាម្ចាស់​កម្មសិទ្ធិ​នោះ​ឡើយ។ ហើយ​តំបន់ ៣ គឺ​ជាតំបន់​ព្រៃលិចទឹក​ដែល​រដ្ឋ​គ្រប់គ្រង និង​ហាម​ឃាត់​ដាច់​ខាត​មិន​ឱ្យ​មាន​ការ​រំលោភ​បំពាន។​ នេះបើតាម​ការ​កំណត់​របស់​រដ្ឋាភិបាល​កម្ពុជា។​

សេចក្តី​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពីខែ​ឧសភា​ ឆ្នាំ​ ២០២២ នេះ​ បាន​បញ្ជា​ឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​លោក ជា សុផារ៉ា​ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ដែល​នៅ​ជាប់​បឹង​ទន្លេសាប​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ពិនិត្យ​និង​រៀបចំការកំណត់​ព្រំប្រទល់​ឡើងវិញ ក្នុងតំបន់​ ១ តំបន់ ២ និងតំបន់ ៣​ ដើម្បី​កំណត់​ថា​ ដី​ក្នុង​តំបន់​ណា​ដែល​ពលរដ្ឋ​អាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​ ឬ​នៅអាច​បន្ត​អាស្រ័យផលបាន​ ឬ​ត្រូវ​កាត់​ទុក​ជា​តំបន់​ការពារ។​

បើ​តាម​សេចក្តី​ណែនាំ​នេះ ការ​ទន្ទ្រាន​ចូល​កាន់​កាប់​ដី​ព្រៃ​លិច​ទឹក​នាពេលថ្មីៗ​នឹង​មិនត្រូវបាន​អនុញ្ញាត​ឱ្យក្លាយ​ជា​ដី​អាស្រ័យ​ផល​ឡើយ​ ដោយត្រូវ​ទុកដី​នោះ​ជា​តំបន់​ការពារ​ និង​ដាំដើម​ឈើ​ឡើង​វិញ។ ហើយ​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​បន្ត​អាស្រ័យ​ផល​លើ​ដីដែល​ខ្លួន​កាន់កាប់​កន្លង​មក​នោះ​ ក៏​មិនត្រូវ​ធ្វើ​ការ​ទន្ទ្រាន​ពង្រីក​ដី​ថែម​ទៀត​ឡើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG