ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បញ្ជា​ឲ្យ​រឹប​អូស​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាបនិង​ចាប់​ខ្លួន​អ្នក​ទន្រ្ទាន


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។ (AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។ (AFP)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ បានបញ្ជា​ឲ្យ​ដក​ហូតដី​ព្រៃ​លិច​ទឹកបឹង​ទន្លេសាប​ជាង​២​ពាន់​ហិកតា​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ស៊ើប​អង្កេត​ករណី​នេះ ក្រោយ​លោក​ទទួល​ព័ត៌មាន​ថា​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទន្រ្ទាន​ដី​នេះ​ដែរ។

ក្នុង​សារ​ជា​សំឡេង​មួយ​ប្រមាណ​២៤​នាទី​ដែល​ផ្សព្វ​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​មន្រ្តី​ក្រោម​ឱវាទ​រឹប​អូស​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប និង​ស្វែង​រក​មន្ត្រី​ពាក់​ព័ន្ធ​នឹង​ការ​ទន្រ្ទាន​នេះ យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ដោយ​មិន​មាន​ការ​អត់​ឱន​ឡើយ។

លោក ហ៊ុន សែន បន្ត​ថា​ការសិក្សារ​ជ្រាវមួយ​របស់​រាជ​បណ្ឌិត្យ​សភាព​កម្ពុជា ដែល​ដឹ​កនាំ​ដោយ​លោក​សុខ ទូច ជា​ប្រធាន​ស្ថាប័ន​នេះ​សិក្សា​អំពី​បឹង​ទន្លេ​សាប រក​ឃើញ​ករណី​ទន្ទ្រាន​កាប់​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប ដែល​ជា​តំបន់​ស្នូល​ត្រូវ​ការពារ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ជា​ពិសេស​ក្នុង​ខេត្ត​កំពង់ឆ្នាំង ហើយ​យក​ដី​នោះ ​ទុក​ដាំ​កូន​ឈើ​វិញ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ហើយ​ខ្ញុំ​ចេញ​បទ​បញ្ជា​ឲ្យ​ដក​យក​ត្រឡប់​មក​វិញ​ទាំង​អស់​នូវ​ដី​ទាំង​ឡាយ​ដែល​បាន​កាប់​រួច​មក​ហើយ ដូច​ជា​នៅ​ខេត្ត​កំពង់ឆ្នាំង។ ប្រសិន​បើ​ជា​របាយ​ការណ៍​នេះ​ខុស​ក៏​ខ្ញុំ​សូម​អធ្យាស្រ័យ។ ឮ​ថា​អតីត​អភិបាល​ខេត្ត​ដែល​ទើប​តែ​ចាក​ចេញ​ពី​តំណែង​ក្នុង​ប៉ុន្មាន​ខែ​មុន​នេះ​បាន​កាប់​បំផ្លាញ​យក​ដី​ជា​ជាង​ប្រមាណ​២​ពាន់​ហិកតា​ឯ​ណោះ»។

លោក ហ៊ុន សែន ក៏បញ្ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយស្រាវជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ដោយ​មិន​មាន​ការ​អត់​ឱន ហើយ​លោកប្រាប់​ទៅ​មន្ត្រី​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​បឹងទន្លេសាបឲ្យ​សារភាព​ជា​បន្ទាន់ដើម្បី​ជា​ការ​បន្ធូរ​បន្ថយ​ទោស។

លោក​បន្ថែម​ថា៖ «ខ្ញុំ​បាន​បញ្ជាក់​ហើយ​មាន​តែ​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​បាន​បញ្ហា​ពួក​អ្នក​ទាំង​នេះ។ យើង​បាន​អប់រំ​គេ រាប់​សិប​ឆ្នាំ​រួច​មក​ហើយ​អំពី​ផល​វិបាក​លើ​បញ្ហា​នេះ​ហេតុ​អ្វី​ក៏​នៅ​មាន​មន្ត្រី​បែប​នេះ​ត​ទៅ​ទៀត។ ហើយ​ខ្ញុំ​ក៏​សូម​ប្រាប់​ទៅ​មន្ត្រី​ទាំង​ឡាយ​ដែល​បាន​អនុវត្ត​ខុស បើ​សិន​ជា​ចង់​បន្ធូរ​បន្ថយ​ទោស​ក៏​ត្រូវ​តែ​សារភាព​ជា​បន្ទាន់ បើ​មិន​ចេញ​សារភាព​ជា​បន្ទាន់ ខ្ញុំ​សូម​ឲ្យ​អ្នក​ដែល​ចេញ​ទៅ​អនុវត្ត​ចាត់​វិធាន​ការ​ដ៏​ម៉ឹង​ម៉ាត់​បំផុត​គឺ​ការ​ចាប់​ខ្លួន​តែ​ម្តង សម្រាប់​ផ្តន្ទា​ទោស​តាម​ច្បាប់ ហើយ​ឈាន​ទៅ​រឹប​អូស​មិន​ត្រឹម​តែ​ដី​ធ្លី​នៅ និង​កន្លែង​ទេ ទ្រព្យ​សម្បត្តិ ទ្រព្យ​សម្បត្តិ​ដែល​ពួក​គេ​មាន ដែល​បាន​មក​ពី​ដី​ធ្លី​ដែល​ពួក​គេ​បំផ្លាញ​នេះ​ត្រូវ​តែ​ធ្វើ​ការ​ដក​ហូត»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​អំពាវ​ទៅ​ប្រជា​ពល​រដ្ឋ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទន្រ្ទាន និង​កំពុង​កាន់​កាប់​ដីព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាបទាំង​អស់ឲ្យ​ចាក​ចេញ​ផង​ដែរ។ ហើយ​បើ​មិន​ចាក​ចេញ​ទេ​នោះ ពួក​គេ​នឹង​ប្រឈម​ការ​ចាប់​ខ្លួន។

ក្រោយ​ការ​បញ្ជា​របស់​នាយករដ្ឋមន្រ្តី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ​ដដែល​នេះ រដ្ឋមន្រ្តី​ក្រសួង​រៀប​ចំដែន​ដី នគរូប​នីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដែល​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ដឹកនាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ចេញ​សេចក្តី​សម្រេច​មួយ​អំពី​ការ​បង្កើត​ក្រុម​ការងារ​ចុះ​ត្រួ​ត​ពិនិត្យ និ​ងស្រាវជ្រាវ​ការ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេ​សាប ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមា​ជ័យ សៀមរាម​ និ​ង​ខេត្ត​កំពង់​ធំ​ជា​ដើម។

វីអូអេ​បាន​ទា​ក់​ទង​អតីត​អភិ​បាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទឌឿ​ន ដែល​ទើប​តែ​ផ្លាស់​ចេញកាល​ពី​ខែ​មិថុនា ឆ្នាំ​២០​២១ និង​បច្ចុប្បន្ន​នេះ ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ប៉ុន្តែ​លោក​ថា​រវល់​ប្រជុំ មិន​អាច​អត្ថា​ធិប្បាយ​បាន​ឡើយ។

លោក ស្រ៊ន សំឬទ្ធី អ្នក​នាំ​ពាក្យ​ខេត្ត​កំពង់ឆ្នាំង​និង​ជា​អភិបាល​រង​ខេត្ត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​ថា​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា​ក្រុម​ការងារ​របស់​លោក ជា សុផារ៉ា កំពុង​តែ​ចុះ​ស្រាវ​ជ្រាវ។

លោក​ថ្លែង​ថា៖​«គ្រាន់​តែ​ឥឡូវ​នេះ​ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី ជា​សុផារ៉ា លោក​បាន​ចុះ​មកដឹក​នាំ​ធ្វើ​កិច្ច​ការ​នេះ​ហើយ។ ឥឡូវ​គាត់​កំពុង​ចុះ​ទៅ​គោល​ដៅ ដើម្បី​ធ្វើ​កិច្ច​ការ​ហ្នឹង»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែមពីលោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

លោក ឱម សាវ៉ាត នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​(FACT)ថ្លែង​ថា ​លោក​គាំទ្រ​ចំណាត់​ការ​របស់​នាយករដ្ឋមន្រ្តី ប៉ុន្តែលោក​ចង់​ឃើញ​ការ​អនុវត្ត​វិធាន​ការ​មួយ​នេះមាន​រយៈ​ពេល​យូរ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ហ៊ាន​ប្រព្រឹត្ត​សកម្ម​ភាព​បែប​នេះ​ត​ទៅ​ទៀត។

លោក​ប្រាប់​វីអូអេ​ថា៖ «បើ​សិន​ជា​ចំណាត់​ការ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ហើយ​ស្ថាប័ន​ពាក់​ព័ន្ធ​លោក​ចាត់​វិធាន​ការ​ឲ្យ​បាន​តឹង​រ៉ឹង ដូច​សារ​របស់​សម្តេ​ច​មែន យើង​អប​អរសាទរ​ហើយ​យើង​សង្ឃឹម​ថា​វា​អាច​នឹង​កាត់​បន្ថយ ក៏​ប៉ុន្តែ​យើង​បារម្ភ​ថា​សារ​ហ្នឹង អាច​បាន​មួយ​រយៈ​ពេល​ខ្លី មួយ​ខែ ឬ​ពីរ​ខែ វា​សាប​រលាប​ទៅ​វិញ​វា​ធ្វើ​ឲ្យ​អ្នក​ហ្នឹង​គាត់​មិន​សូវ​ខ្លាចច្បាប់។ អញ្ចឹង​បាន​យើង​ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​ជា​រឿង​សំខាន់​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​គោរព»។

លោក ឱម សាវ៉ាត សង្កេត​ឃើញ​ថា​បុគ្គល​មួយ​ចំនួន​បានទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ដែល​វាធ្វើ​ឲ្យ​រង​គ្រោះ​មហន្ត​រាយដល់​ធនធាន​ព្រៃ​លិច​ទឹក។

លោក​បន្ត​ថា៖«តំបន់​លិច​ទឹក​៦​ខែ គោក​៦​ខែ​ ជា​ធម្មតា​អញ្ចឹង។ ហើយ​នៅ​ពេល​ទឹក​ទន្លេ​សាប​ស្រក​ចុះ គេ​អាច​ធ្វើ​ជា​ស្រែ​ប្រាំង​គេ​អាច​ធ្វើ​ជា​គម្រោង​អភិវឌ្ឍន៍​អី​ផ្សេង​ៗ​បាន​ប៉ុន្តែ​ទឹក​ឡើង​មក​វា​លិច​រយៈ​ពេល​៦​ខែ។ ប៉ុន្តែ​ដោយ​សារ​ឥឡូវ​លំហូរ​ទឹក​វា​មិន​ទៀង​ទាត់​យើង​ឃើញ​ថា​ពេល​ខ្លះ​វា​លិច​មិន​ដល់​ក្នុង​តំបន់​៣​ហ្នឹង។ អញ្ចឹង​បាន​យើង​ឃើញ​ថា អ្នក​ដែល​មាន​លទ្ធភាព គេ​ចេះ​តែ​ទន្ទ្រាន​យក​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ព្រៃ​លិច​ទឹក ដែល​ជា​សម្បត្តិ​រួម សម្បតិ្ត​ជាតិ​របស់​យើង​រង​គ្រោះ​មហន្ត​រាយ​ដោយ​សារ​ការ​កាប់​ឆ្ការ​ផ្សេង​ៗ»។

កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ គណៈ​កម្មការ​ទន្លេ​មេគង្គ(MRC)​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន៤​រួម​មាន​ថៃ ​ឡាវ​ កម្ពុជា​និង​វៀតណាម​ បាន​លើក​ឡើង​ថាទឹក​ទន្លេ​សាប​របស់​កម្ពុជា​ជួប​ប្រទះ​ភាព​រាំង​ស្ងួត​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ។

អ្នកស្រី ភឹម សុគន់ ប្រធាន​សហគមន៍​នេសាទ​ច្រណូក​សែន​ជ័យ ស្រុក​កំពង់លែង ខេត្ត​ កំពង់ឆ្នាំង ថ្លែង​ថា​អ្នកស្រី​ចង់​ឲ្យ​រដ្ឋា​ភិបាល​ពិចារណានិង​ផ្តល់​ដី​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​អាស្រ័យ​ផល​លើ​ដី​ទាំង​នោះ ខណៈ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ខ្ចី​លុយ​ធនា​គារ ដើម្បី​ធ្វើ​ស្រែ​នៅ​លើ​ដី​ទាំង​នោះ។

អ្នកស្រី​ថ្លែង​ថា៖ «ដូច​ថាមា​ន​មន្ត្រី​ធំ​ៗ​ខ្លះ​គាត់​មាន​ដី​នៅ​ក្នុង​ក្នុង​ច្រណូក​ហ្នឹង​ដែរ ក៏​ប៉ុន្តែ​តែ​គេ​ដក​ហូត​ដី​ធំៗ​ហ្នឹង​ទៅ​វា​ប៉ះ​ពាល់​ដី​ប្រជា​ពលរដ្ឋ​ម្នាក់​២​ហិក​តា ឬ​៣​ហិកតា​អញ្ចឹង​ធ្វើ​ឲ្យ​គាត់​ជួប​ការ​លំបាក​ជា​ច្រើន​ដោយ​សារ​តែ​ពួក​គាត់​បាន​ខ្ចី​លុយ​ធនា​គារ​យក​មក​ទិញ​គ្រាប់​ពូជ ទិញជី​ហើយ​ពួក​គាត់​បាន​ដាក់​ដល់​ៗ​ស្រែ​អញ្ចឹង​ទៅ​ណា ត្រៀម​ហ្នឹង​ព្រោះ ហើយ​អ្នក​ខ្លះ​ព្រោះ​ចេញ​បាន​ដុះ​មួយ​ចង្អាម​ដែរ»។

អ្នកស្រី​បន្ត​ថា៖ «សូម​ឲ្យ​គាត់​[រដ្ឋាភិបាល​និង​អាជ្ញាធរ] ត្រួត​ពិនិត្យ​មើល​អ្នក​ណា​មាន​ដី​ធំៗ​ពាក់​ព័ន្ធការ​គាត់​ប្រព្រឹត្ត​បទ​ល្មើស​ពី​ឆ្នាំណា​ទៅ​ឆ្នាំ​ណា​អាហ្នឹង​ឲ្យ​ដក​ហូត​ទៅ​អាហ្នឹង​ជា​ការ​ល្អ​មួយ ប៉ុន្តែ​បើ​គាត់​ប្រកាស​ដក​ទូទៅ​វាធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រជា​ពល​រដ្ឋខ្ញុំ​នៅ​ទូទាំង​ឃុំ​ច្រលូក​អញ្ចឹងទៅ​ណា»។

គួរ​បញ្ជាក់​ថា​ក្រោយ​ការ​បញ្ជា​របស់​នាយករដ្ឋមន្រ្តី កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ក៏​បាន​ដឹកនាំ​កម្លាំងចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​តំបន់​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​វិច្ឆិកា នេះ​ផង​ដែរ៕

XS
SM
MD
LG