ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិល ស្នើ​អាជ្ញាធរ​កុំ​បន្ធូរដៃ​លើ​មន្ត្រី​ខិលខូច​ក្នុង​ការបង្ក្រាប​បទល្មើស​នៅក្នុង​បឹង​ទន្លេសាប ដូច​តាម​បញ្ជា​នាយក​រដ្ឋមន្ត្រី


រូបឯកសារ៖ ប្រជាពលរដ្ឋនេសាទត្រីលើផ្ទៃបឹងទន្លេសាប ក្នុងតំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ប្រជាពលរដ្ឋនេសាទត្រីលើផ្ទៃបឹងទន្លេសាប ក្នុងតំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

​សារ​ព្រមាន​ធ្ងន់ៗរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ទៅ​កាន់​មន្ត្រី​ទទួល​បន្ទុក​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប​កាល​ពី​ថ្ងៃ​ពុធ​ ត្រូវ​បាន​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​ចាត់​ទុក​ថា​ ជា​ការ​រួមចំណែក​បន្ថែម​ដល់ប្រសិទ្ធភាព​ទប់ស្កាត់​បទល្មើស​នេសាទ​ និង​ការ​កាប់​បំផ្លាញព្រៃ​លិច​ទឹក ដែល​កន្លង​មក​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រីសង្ស័យ​ថា​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ខិល​ខួច​មួយ​ចំនួន។

​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២​ របស់​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពីថ្ងៃទី​២៣​ ខែមីនា​ លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​អភិបាល​ខេត្ត​ទាំង​អស់​ដែល​ជាប់​បឹង​ទន្លេសាប​សន្យា​ចំពោះ​មុខលោក ក្នុងការ​បង្ក្រាប​បទ​ល្មើស​ទាំង​នោះឱ្យ​បាន។

លោក​នាយករដ្ឋមន្ត្រី​លើក​ហេតុផល​ថា​ អភិបាល​ខេត្ត​នីមួយៗ​ និង​រដ្ឋមន្ត្រី​ដែល​ទទួល​បន្ទុកការពារធនធាន​ធម្មជាតិ​ មាន​អំណាច​ពេញដៃ​ក្នុង​ការ​សម្រេច​ចិត្ត​ បើក​ការ​បង្រ្កាប​បទ​ល្មើស​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ ​ក្នុង​ដែន​សមត្ថកិច្ចរបស់​ខ្លួន រួម​មាន​បទល្មើស​នេសាទ និង​ព្រៃឈើ​ជាដើម​នោះ។ លោក​ក៏​បាន​ព្រមានខ្លាំងៗថា បើ​ថ្នាក់​ដឹក​នាំ​ទាំង​នោះ​ អសមត្ថភាព​ក្នុង​ការ​ឆ្លើយ​តប ឬ​បង្ក្រាប​បទល្មើស​ខាង​លើមិន​បាន​ទេ គឺ​មិន​បាច់​ធ្វើ​ជា​អភិបាល​ខេត្ត ឬ​រដ្ឋមន្ត្រី​បន្ត​ទៀតនោះ​ទេ។​

​ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង ​សាទរ​បទបញ្ជា​ទប់​ស្កាត់​បទ​ល្មើស​នេសាទ​របស់​លោក​នាយករដ្ឋមន្ត្រី​ តែ​លោក​ចង់​ឃើញ​មន្ត្រី​អធិការកិច្ច​ ចុះ​ត្រួត​ពិនិត្យ​ ស្រាវជ្រាវ ​និង​ស៊ើប​អង្កេត​ឱ្យបាន​ច្បាស់​លាស់​នូវ​ប្រភព​ឫស​គល់នៃបញ្ហា​ដែល​បានកើត​ឡើង។ លោក​បន្ថែម​ថាមន្ត្រី​រូប​ណា​ដែល​រក​ឃើញ​បាន​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ ​ឬ​ឃុបឃិត​ជាមួយ​ឈ្មួញបំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​បឹង​ទន្លេសាបនោះ ​ត្រូវ​តែផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​ថា៖ «ទី១​ទាក់ទិន​ការ​ចាប់​ខ្លួន​ជន​ល្មើស​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ។ ​ហើយ​ទី​២ ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ពិនិត្យ​ឡើង​វិញ​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ក្រោម​ជាតិ​ ថា​តើ​មូល​ហេតុអ្វី បា​ន​ជា​ថ្នាក់ក្រោម​ជាតិ​នៅ​តែ​មិន​អាច​មាន​សមត្ថភាព​ពេញ​លេញ ឬក៍មិន​អាច​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ឱ្យ​មាន​និរន្តរភាព ឬក៏​ប្រសិន​បើ​ស៊ើបអង្កេត​មាន​ឃើញ​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ ឬ​ករណី​អំពើ​ពុករលួយ​ ក៏គួរ​តែមាន​ការ​ស៊ើប​អង្កេត​ និង​ឱ្យ​មាន​ការ​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់​ទៅ​លើរឿង​ទាំង​អស់​នេះ​ដែរ»។

បើ​តាម​លោក ហេង​ គឹម​ហុង ​ការ​ចេញបទ​បញ្ជាបង្ក្រាប​បទ​ល្មើស​នេសាទ និង​បទល្មើស​ផ្សេង​ទៀត​ របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន នាពេល​ថ្មីៗ​នេះ​ អាច​មាន​ប្រសិទ្ធភាព​តែក្នុងរយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ បើ​សិនមន្ត្រី​ខេត្ត​ ឬមន្ត្រី​មូល​ដ្ឋាន​មិន​អនុវត្ត​តាមច្បាប់​ស្តី​ពី​ការគ្រប់​គ្រង​ធន​ធាន​ធម្មជាតិ ​ឬ​ច្បាប់​នានា​ដែល​មានស្រាប់ឱ្យ​បាន​តឹងរ៉ឹង និង​ជាប់​លាប់​ជា​ប្រចាំ​នោះ។

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រាប់អភិបាល​ខេត្ត​ទាំងអស់​ដែល​នៅជាប់​បឹង​ទន្លេ​សាប​ឱ្យ​ដាក់​ផែនការ​បង្ក្រាប​បទ​ល្មើស​នានា​ ជាពិសេស​បទល្មើស​នេសាទ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

លោក ​ហ៊ុន ​សែន ​ថ្លែង​ថា៖ «យើង​ជា​អ្នក[ដឹកនាំ]​ថ្នាក់​កាន់​[ការងារ]​ដល់​ប៉ុណ្ណឹង បង្ក្រាប​ពួក​[អ្នកនេសាទ​ខុស​ច្បាប់​]ហ្នឹង​មិន​បាន​ យើង​មិន​បាច់​ធ្វើ​អភិបាល​ខេត្ត​ទេ និយាយ​ឱ្យ​ត្រង់ៗ​ហ្មង​ ហើយ​ក៏មិន​បាច់​ធ្វើ​ជា​រដ្ឋមន្ត្រី​កសិកម្ម មិន​បាច់​ធ្វើ​រដ្ឋមន្រ្តី​ធនធាន​ទឹក មិន​បាច់​ធ្វើ​រដ្ឋមន្ត្រី​បរិស្ថាន​អីទេ បើ​គ្រាន់​ធ្វើប៉ុណ្ណឹង​ ធ្វើមិន​ឈ្នះ កុំធ្វើ​មេ​ទា​ហាន កុំធ្វើ​មេ​ប៉ូលិស​តទៅ​ទៀត។ ឥឡូវ​មើល!​ បន្ទាប់ពីនេះ​ទៅ​នាំគ្នា​ធ្វើ​ នាំគ្នា​ធ្វើ។ ​ឥឡូវ​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាបនាំគ្នា​ធ្វើបាន​ឬមិនបាន​ ​សន្យា​ជាមួយ​គ្នា​ចំពោះមុខ។ ​មក​ពី​អស់​លោកអត់ព្រមធ្វើ​ រឿង​វានៅ​កន្លែង​ហ្នឹង​ទេ»។ ​

​លោក​នាយកមន្ត្រី ​ហ៊ុន សែន ​បាន​បន្តថា​ ​របាយការណ៍​របស់​អាជ្ញាធរ​ខេត្តកន្លង​មក ​បានឱ្យ​ដឹងថា​បទល្មើស​នេសាទ ​ឬ​បទ​ល្មើសនេសាទ​ដែល​ត្រូវបាន​រកឃើញ​ គឺជា​បទល្មើសតូចៗ​ដែល​រួម​មានទូក​ដាក់មង​ ឬ​ទូក​តូចៗ​តែប៉ុណ្ណោះ ប៉ុន្តែ​បែរជា​ទូក​ល្បឿនលឿន ដែល​នេសាទត្រីម្តង​បាន​មួយ​តោន ឬ​ពីរ​តោននោះ​គឺ​មិន​ទាន់បាន​បង្ក្រាប​បាន​នៅ​ឡើយទេ។ ដូច្នេះ លោក​ជំរុញ​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​ទាំង​អស់ឱ្យ​បង្កើន​ការ​បង្ក្រាបលុប​បំបាត់​ និង​កម្ចាត់​ចោល​មេឈ្មួញ​ទុច្ចរិត​ដែលបំផ្លាញ​ត្រីទាំង​អស់ ​ឱ្យ​បាត់​ពី​ក្នុង​ដែនដីខេត្ត​ដែល​ជាប់​បឹង​ទន្លេ​សាប​នេះ។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​លោក​ ថេង សាវឿន​ យល់ថា​ មន្ត្រី​ត្រូវ​តែ​ធានា​ការពារ​ផល​ប្រយោជន៍​រួមជូន​ប្រជា​ពលរដ្ឋ​ និង​អនុវត្ត​ច្បាប់ប្រកប​ដោយ​តម្លាភាព និង​ត្រឹម​ត្រូវ​ ហើយ​ត្រូវ​តែ​ហ៊ាន​បោះបង់​តំណែង​របស់​ខ្លួន​ចោល​ ប្រសិន​អសមត្ថ​ភាព​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​មូលដ្ឋាន​ខ្លួន​នោះ។

លោក​ថ្លែង​ថា៖ ​«សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថាបើសិនជា​ខេត្ត​ ឬម​ន្ត្រី​ណា​មួយ​ដែល​ធ្វើ​ការ​មិន​ឆ្លើយ​តប​តម្រូវការ [ឬ]​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​គួរ​តែ​ត្រូវ​លា​ឈប់​ជា​គំរូ​មួយ​ លា​ឈប់​ពី​មុខងារ ឬ​តួនាទី ការងារ​ហ្នឹង​ទៅ​ដើម្បីបង្ហាញ​ការ​ទទួល​ខុស​ត្រូវ​ និ​ងបង្ហាញ​ពី​គំរូ​ ​ឬក៏បង្ហាញ​ពី​ការ​អសមត្ថភាព​របស់​ខ្លួន​ផងដែរ​ ក្នុង​ការ​ដឹកនាំ​ និងការងារ»។

ដោយ​ឡែក​ ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក​ សុខ​ ទូច​ ត្រូវ​គេឃើញ​ថ្លែងនៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​លើទំព័រ​ហ្វេស​ប៊ុក​របស់​រាជ​បណ្ឌិត្យសភា​កាលពី​ថ្ងៃ​២៣​ ខែ​មីនា​កន្លង​ទៅថា ​ការ​នេសាទ​ត្រី​ខុស​ច្បាប់​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់​បង់​ត្រី​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​បឹង​ទន្លេ​សាប។ លោក​អះអាង​ថា បើ​មិន​មាន​វិធានការ​ទប់​ស្កាត់​ទេ ធនធាន​ត្រី​ក្នុង​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ​នោះនឹង​បាត់​បង់​អស់​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ទៀត។

​បើ​តាម​លោក​ សុខ​ ទូច​ ការ​បាត់​បង់​ធន​ធាន​ត្រីក្នុង​បឹង​ទន្លេ​សាប​នេះ ​បណ្តាល​មក​ពី​ភាព​ចន្លោះ​ប្រហោង​នៃ​ការ​អនុវត្ត​ច្បាប់ លើ​ទម្រង់​នៃ​ការ​ទាញយក​ផល​ត្រី​ ដូច​ជា​ការ​ការ​រាយ​មង​ ការ​រាយ​ស្បៃ​មង​ រាប់​រយ​គីឡូម៉ែត្រ​ដែល​ធ្វើ​ឱ្យត្រី​ពិបាក​បម្លាស់​ទី​ ​និង​ការ​ឆក់ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នានា ជា​ពិសេស​ការ​ប្រើ​ឧបរកណ៍​ឆក់​ទំហំ​៦០​ម៉ែត្រ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ឬ​ព្រៃលិចទឹក ការ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​ និង​ដោយ​សារ​ការ​លោភលន់របស់​ជន​មួយ​ចំនួន ​ដែល​បាន​បំផ្លាញ​ធនធាន​ធម្ម​ជាតិ​ជា​ដើម។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​ដក​ហូត​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ក្នុង​ទំហំក្រាស់​ក្រែល​ផង​ដែរ បន្ទាប់​ពី​ការ​សិក្សា​ស្រាវជ្រាវ​មួយ​អំពី​បឹង​ទន្លេ​សាប​របស់​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​ដឹ​កនាំ​ដោយ​លោក​ សុខ ទូច ជា​ប្រធាន​ស្ថាប័ន​នេះ​ បានរក​ឃើញ​ករណី​ទន្ទ្រាន​កាប់​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប​រាប់​ម៉ឺន​ហិកតា​ ​ដែល​ជា​តំបន់​ស្នូល​ត្រូវ​ការពារ​ និង​ជា​ជម្រក​សំខាន់​សម្រាប់​ត្រី​នៅ​កម្ពុជា៕

XS
SM
MD
LG