ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​ការ​ចេញ​ប្លង់​កម្ម​សិទ្ធិ​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ក្រោយ​មាន​ការ​ទន្រ្ទាន​យក​


រូប​ឯកសារ៖ ភូមិលិចទឹករបស់ប្រជាពលរដ្ឋលើផ្ទៃទន្លេសាប​នៅ​ជាប់​តំបន់​ព្រៃ​លិចទឹក​នៅ​​ក្នុងតំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង កាលពីខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
រូប​ឯកសារ៖ ភូមិលិចទឹករបស់ប្រជាពលរដ្ឋលើផ្ទៃទន្លេសាប​នៅ​ជាប់​តំបន់​ព្រៃ​លិចទឹក​នៅ​​ក្នុងតំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង កាលពីខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ស៊ើប​អង្កេត​រក​អ្នក​ដែល​ចេញ​ប្លង់​កម្មសិទ្ធិ​គ្រប់​គ្រង​ដី​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ខណៈ​ដី​រាប់​ម៉ឺន​ហិកតា​ត្រូវ​បាន​រឹប​អូស​យក​មក​គ្រប់គ្រង​វិញ​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​

នៅ​ក្នុង​បញ្ហា​ទន្រ្ទាន​ដី​ព្រៃ​បឹង​ទន្លេសាប​នេះ​លោក ​ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​អ្នក​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​ខុស​ច្បាប់​ ប៉ុន្តែ​លោក​ឲ្យ​លើក​លែង​ទោស​ចំពោះ​ជន​ដែល​ចេញ​មុខ​សារភាព​និង​ប្រគល់​ដី​មក​វិញ។​ចំណាត់​ការ​នេះ​ក៏​រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។​

លោក ​ឱម សាវ៉ាត​ នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​(FACT)​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​លោក​សាទរ​ចំពោះ​ការ​ចាត់​វិធានការ​របស់​រដ្ឋាភិបាល​ទៅ​លើ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ទន្រ្ទាន​ដី​ខុស​ច្បាប់​ប៉ុន្តែ​លោក​ចង់​ឃើញ​ការ​ចាត់​វិធាន​ឲ្យ​បាន​តឹង​រ៉ឹង​ទៅ​លើ​អ្នក​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​កាន់​កាប់​ដី​ទាំង​នោះ។​

លោក​ថ្លែង​ថា៖​ «កាល​ណា​ចេញ​ប្លង់​កម្មសិទ្ធិ​ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ហើយ​កំណត់​តាម​នីតិវិធី​ច្បាប់​ឲ្យ​បាន​ច្បាស់​លាស់​ទេ​អ្នក​ហ្នឹង​ចេះ​តែ​យក​តួនាទី​របស់​ខ្លួន​ទៅ​អនុញ្ញាត​ឲ្យ​[ចេញ​ប្លង់​កាន់​កាប់​ដី​ព្រៃ​លិច​ទឹក]​ ទោះ​បី​ជា​ស្ថានភាព​នៃ​ផល​ប៉ះ​ពាល់​វា​ធំ​ប៉ុណ្ណា​ក៏​ដោយ។​ប៉ុន្តែ​គាត់​អត់​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​មុន​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ព្រោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​លោក​មាន​តួនាទី​សំខាន់​ហើយ​ក្នុង​ការងារ​ចំពោះ​មុខ​រដ្ឋាភិបាល។​ប្រសិន​បើ​គាត់​ចេះ​តែ​ប្រើ​សិទ្ធិ​របស់​គាត់​ក្នុង​ការ​ចេញ​ប្លង់​ឲ្យ​ឯកជន​អី​ផ្សេងៗ​ អ្នក​មាន​តួនាទី​ឬ​អ្នក​មាន​លុយ​មាន​កាក់​អ៊ីចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​យើង»។​

លោក ​នី សុខា ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​យល់​ថាអ្នក​ដែល​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​និង​អ្នក​ដែល​ឃុបឃិត​គ្នា​ក្នុង​ការ​ចេញ​បណ្ណ​គ្រប់​គ្រង​ដី​រដ្ឋ​ខុស​ច្បាប់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។​លោក​បញ្ជាក់​ថា​ករណី​ទន្ទ្រាន​ដី​រដ្ឋ​ខុស​ច្បាប់​ជា​បទ​ល្មើស​ថ្នាក់​ឧក្រិដ្ឋ​ដោយ​មិន​គួរ​មាន​ការ​លើក​លែង​ទោស​ក្រោយ​ការ​ប្រមូល​ដី​ត្រឡប់​មក​វិញ​ហើយ​បញ្ចប់​បញ្ហា​នេះ​ឡើយ។​

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​គិត​ថា​ប្រសិន​បើ​មាន​ការ​ប្រគល់​ដី​មក​វិញ​ហើយ​ហើយ​ឲ្យ​អ្នក​ប្រគល់​ដី​មក​វិញ​រួច​ខ្លួន​ ខ្ញុំ​គិត​ថានេះ​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ។​ ការ​អនុវត្ត​ច្បាប់​គឺ​អ្នក​ដែល​ទន្ទ្រាន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​មិន​មែន​ថា​ឲ្យ​ដី​រួច​ខ្លួន​ទេ»។​

លោក​បន្ថែម​ថា៖​ «ហើយ​ទី​២​ចំពោះ​អ្នក​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​ហ្នឹង​ក៏​ដូច​គ្នា​ដែរ​គឺ​អ្នក​ដែល​មាន​ការ​ពាក់​ព័ន្ធ​អ្នក​ដែល​ឃុប​ឃិត​គ្នា​ក្នុង​ការ​បន្លែ​បន្លំ​ដូច​ជា​ក្នុង​ការ​ចេញ​បណ្ណ​ឬ​ក៏​មិន​ចេញ​បណ្ណ​ក៏​ដោយ។​ក្នុង​ការ​ចុះ​ទៅ​វាស់​វែង​ដូចជា​អាជ្ញាធរ​ដូច​ជា​មន្រ្តី​មាន​សមត្ថ​កិច្ច​ដូច​ជា​គាត់​បាន​ដឹង​ហើយ​ថា​ ដី​នេះ​ជា​ដី​របស់​រដ្ឋ​ហើយ​បាន​ចូល​រួម​ក្នុង​ការ​វាស់​វែង​ជា​កម្ម​សិទ្ធិ​ក្តី​មិន​មែន​ជា​កម្មសិទ្ធិ​ក្តី​ឲ្យ​ទៅ​បុគ្គល​មួយ​ចំនួន​ដែល​ទន្ទ្រាន​ខុស​ច្បាប់​ហ្នឹង​ក៏​ជា​ទង្វើ​មួយ​ខុស​ច្បាប់​ដែល​ចូល​រួម​ក្នុង​រឿង​ហ្នឹង​ដែរ។​ ដូច្នេះ​អ្នក​…​មន្រ្តី​ទាំង​អស់​ហ្នឹង​ក៏​ត្រូវតែ​ទទួល​ទោស​ដែរ​ …​ត្រូវ​តែ​ទទួល​តាម​ផ្លូវ​ច្បាប់​ដែរ។​នេះ​បើ​យើង​អនុវត្ត។​ប្រទេស​យើង​ដែល​ជា​ប្រទេស​នីតិរដ្ឋ​ត្រូវ​តែ​យក​ច្បាប់​មក​អនុវត្ត»។​

ក្នុង​ពិធី​សម្ពោធ​ផ្លូវ​និង​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹក​កង្វក់​និង​សមិទ្ធ​ផល​នានា​ក្នុង​ក្រុង​ព្រះ​សីហនុ​កាល​ពី​ថ្ងៃ​ទី​២​ខែ​ធ្នូ​ឆ្នាំ​២០២១​ លោក​ហ៊ុន សែន​បាន​ថ្លែង​ថា​អ្នក​ដែល​ទន្រ្ទាន​ដី​បឹង​ទន្លេសាប​នេះ​ហើយ​មិន​ចេញ​សារភាព​នឹង​ប្រឈម​នឹង​ការ​វាយ​ខ្នោះ។​ការ​ចុះ​ស៊ើប​អង្កេត​ករណី​ទន្រ្ទាន​ដី​បឹង​ទន្លេសាប​នេះ​កើត​ឡើង​ក្រោយ​មាន​ការ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​ដែល​កាល​ណោះ​លោក​បាន​បញ្ជា​ឲ្យ​ដក​ហូត​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ជាង​២​ពាន់​ហិកតា​ក្នុង​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​ជាប់​បឹង​ទន្លេសាប​ផ្សេង​ទៀត​ហើយ​ស៊ើប​អង្កេត​ករណី​នេះ។​លោក​ឲ្យ​ដឹង​ទៀត​ថា​លោក​ទទួល​ព័ត៌មាន​ថា​ អតីត​អភិ​បាល​ខេត្ត​កំពង់ឆ្នាំង​ម្នាក់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទន្រ្ទាន​ដី​នេះ​ដែរ។​

រូបផែនទីមួយបង្ហាញពីការទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាបនៅខេត្តបាត់ដំបង ដែល​ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបភាពដកស្រង់ពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង)
រូបផែនទីមួយបង្ហាញពីការទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាបនៅខេត្តបាត់ដំបង ដែល​ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបភាពដកស្រង់ពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង)

រដ្ឋាភិបាល​បាន​ឲ្យ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើប​អង្កេត​ស្រាវជ្រាវ​និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក​ ឈួរ ច័ន្ទឌឿន ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​និង​បញ្ជា​ឲ្យ​ដក​ហូត​ដី​រដ្ឋ​ចំនួន​២.១០០​ហិកតា។​នេះ​បើ​យោង​តាម​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ចុះ​ថ្ងៃទី​៣​ខែ​ធ្នូ​ឆ្នាំ​២០២១។​

លោក​ ឱម យ៉ិនទៀង​ ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រាប់​វីអូអេ​ថា​លោក​សុំ​មិន​អត្ថាធិប្បាយ​ទាក់​ទង​ករណី​លោក​ឈួរ ច័ន្ទឌឿន​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំងទេ​ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​ប្រគល់​ការងារ​នេះ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ពេល​មាន​ការ​សង្ស័យ​ឬ​ដឹង​ថា​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។​លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ថា​មិន​មាន​ការ​ចាប់​ខ្លួន​ឬ​ឃាត់​ខ្លួន​លោក​ឈួរ ច័ន្ទឌឿន​នៅ​ឡើយ​ទេ។​

លោក​ថ្លែង​ថា៖ ​«ក្នុង​ច្បាប់​អំពើ​ពុក​រលួយ​អ្នក​ណា​ដែល​ដឹង​ឬ​ក៏​ឃើញ​ឬ​ក៏​សង្ស័យ​ថា​អាច​មាន​អំពើ​ពុក​រលួយ​ គេត្រូវ​តែ​ប្តឹង។​គេ​ត្រូវ​តែ​ប្រាប់​ត្រូវ​តែ​ប្រគល់​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។​ មូលហេតុ​នេះ​ហើយ​ដែល​ក្នុង​ស.ជ.ណ.​[សេចក្តី​ជូន​ដំណឹង]​បាន​សរសេរ​ថា​ប្រគល់​មក​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ»។​

លោក​ក៏​សុំ​មិន​ទាន់​អត្ថាធិប្បាយ​លម្អិត​ថា​ តើ​មាន​មន្រ្តី​ណា​ខ្លះ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​លោក​ថា​នឹង​បញ្ជាក់​នៅ​ពេល​ក្រោយ។​

លោក​ថ្លែង​ថា៖ ​«ពូ​គិត​ថា​នឹង​មាន​ ឱកាស​ណា​មួយ​សមរម្យ​ហើយ​ពូ​នឹង​អាច​ជម្រាប​ជូន​ក្មួយ​បាន​ថា​យ៉ាង​ម៉េច​ចំពោះ​បញ្ហា​នេះ។​ ពូ​ដឹង​ថា​អ្នក​សារ​ព័ត៌មាន​ត្រូវ​ការ​ព័ត៌មាន​សម្រាប់​អ្នក​ស្តាប់​របស់​ខ្លួន​ ប៉ុន្តែ​ពូ​ត្រូវ​ការ​ពេល​បន្តិច​ទៀត​ទេ»។​

លោក ​សេង ឡូត​ អ្នក​នាំពាក្យ​ក្រសួង​ដែន​ដី នគរូបនីយកម្ម​និង​សំណង់​ប្រាប់​វីអូអេ​ថា​មិន​មាន​ករណី​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​រដ្ឋ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ឡើយ។​

លោក​ថ្លែង​ថា៖​ «អត់​មាន​ទេ។​រដ្ឋបាល​សុរិយោដី​យើង​អត់​មាន​បាន​ចេញ​បណ្ណ​កម្មសិទ្ធិ​ទៅ​លើ​ទីតាំង​ដែន​ព្រៃ​លិច​ទឹក​នេះ​ទេ។​ ការ​ចេញ​បណ្ណ​កម្មសិទ្ធិ​របស់​សមត្ថកិច្ច​មន្រ្តីគោរព​ទៅ​តាម​វិធានការ​ ទៅ​តាម​មន្ទីរ​គឺ​ជា​ដី​កម្មសិទ្ធិ​ឯកជន។​ចំពោះ​ដែន​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​គឺ​អត់​មាន​ចេញ​បណ្ណ​[កម្ម​សិទ្ធិ]​ទេ»។​

លោក​ថា​អាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​ស៊ើប​អង្កេត​រក​មុខ​អ្នក​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នេះ​ហើយ​ក៏​ស្រាវជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ​ដើម្បី​អនុវត្ត​វិធាន​ការ​ផ្លូវ​ច្បាប់។​ លោក​ឲ្យ​ដឹង​ថា​ជា​បឋម​ក្នុង​ខេត្ត​កំពង់ឆ្នាំង​គឺ​ដក​ហូតដី​បាន​ចំនួន​២.១០០​ហិកតា​ចំណែក​ខេត្ត​៥​ទៀត​អាជ្ញាធរ​រក​ឃើញ​ជា​បន្ត​បន្ទាប់​ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​តួលេខ​ផ្ទៃដី​ដែល​រង​ការ​ទន្រ្ទាន​នៅ​ឡើយ​ទេ។​

លោក​ ម៉ម ឈឿន​ ប្រធាន​មន្ទីរ​ព័ត៌មាន​និង​ជា​អ្នក​នាំពាក្យ​ខេត្ត​កំពង់ឆ្នាំង​ប្រាប់​វីអូអេ​ថា​ដី​ព្រៃ​លិច​ទឹក​ជុំ​វិញ​តំបន់​បឹង​ទន្លេសាប​ដែល​រង​ការ​ទន្រ្ទាន​នោះ​មិន​មាន​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ប្រើ​ប្រាស់​ឡើយ​ ព្រោះ​ជា​ដី​របស់​រដ្ឋ។​លោក​បង្វែរ​សំណួរ​នេះ​ទៅ​មន្ទីរ​ដែន​ដី​ខេត្ត​ជំនួស​វិញ។​

លោក ​លី សុភា​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ​កម្ម​និង​សំណង់​ខេត្ត​កំពង់ឆ្នាំង​ប្រាប់​វីអូអេ​ថា​ដី​ព្រៃ​លិច​ទឹក​ទាំង​នោះ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ខាង​មន្ទីរ​ដែន​ដី​ទេ​ ព្រោះ​ជា​ដី​អភិរក្ស​ក្រោម​អាជ្ញាធរ​បឹង​ទន្លេសាប​និង​ក្រសួង​ធនធាន​ទឹក។​

លោក​បញ្ជាក់​ថា៖​ «តាម​ពិត​តំបន់​ហ្នឹង​ជា​តំបន់​ហាម​ឃាត់​របស់​រដ្ឋ​គឺ​តំបន់​ទំនាប​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​តំបន់​ការពារ​របស់​ក្រសួង​ធនធាន​ទឹក​របស់​អាជ្ញាធរ​បឹង​ទន្លេសាប​ទេតើ។​ពាក់​ព័ន្ធ​នឹង​តំបន់​នេះ​សូម​ទាក់​ទង​ទៅ​អាជ្ញាធរ​បឹង​ទន្លេសាប​ឬ​ក៏​ខាង​ក្រសួង​ធនធាន​ទឹក។​គាត់​អ្នក​គ្រប់គ្រង​តំបន់​ហ្នឹង»។​

លោក​ មូល ធន ​នាយក​រដ្ឋបាល​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បាត់ដំបង​ថ្លែង​ថា​មិន​មាន​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​សម្រាប់​ដី​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប​ឡើយ។​

ចំណែក​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​វិញ​ ក្រុម​ការងារ​អន្តរ​ក្រសួង​ដែល​ចុះ​អនុវត្ត​ការងារ​នេះ​បាន​ចេញ​លិខិត​ណែនាំ​ឱ្យ​អាជ្ញាធរ​ស្រុក​ឃុំ​បញ្ឈប់​ការ​ពិនិត្យ​បញ្ជាក់​លើ​លិខិត​សុំ​កាន់​កាប់ដី​និង​លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក​ព្រម​ទាំង​ចេញ​លិខិត​បដិសេធ​លើ​រាល់​លិខិត​ដែល​បាន​ចេញ​រួច​ពី​មុន។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ចុះ​ថ្ងៃ​ទី៥​ខែ​ធ្នូ​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ជា សុផារ៉ា​រដ្ឋមន្រ្តី​ក្រសួង​ដែន​ដី។​

សេចក្តី​ប្រកាស​ព័ត៌​មាន​ឲ្យ​ដឹង​ទៀត​ថា​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ចាត់​វិធានការ​បញ្ឈប់​ការ​ចូល​ទន្រ្ទាន​ដែន​ដី​ព្រៃ​លិច​ទឹក​បន្ត​ទៀត​ធ្វើ​អត្ត​សញ្ញាណ​អ្នក​ដែល​បាន​ចូល​ទន្ទ្រាន​ដើម្បី​ដក​ហូត​និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ដោយ​ត្រូវ​កសាង​អង្គហេតុ និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា​ជន​ល្មើស​ត្រូវ​ដាំ​ដើម​ឈើ​ឡើង​វិញ​លើ​ដី​ដែល​បាន​ទន្ទ្រាន​ដែល​ផ្តល់​អាទិភាព​ក្នុង​ការ​ដាំ​ឫស្សី។​ចំណែក​ប្រជា​ពលរដ្ឋ​ដែល​បាន​ដាំ​ដំណាំ​ពិសេស​ដំណាំ​ស្រូវ​ទុក​ឲ្យ​ប្រមូល​ផល​ រួច​ហើយ​ស្នើ​ឲ្យ​ធ្វើ​លិខិត​ទទួល​កំហុស​និង​ប្រគល់​ដី​ព្រៃ​លិច​ទឹក​ជូន​រដ្ឋ​វិញ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​សីហា ​ឆ្នាំ​២០១១​ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្តីពី​ការ​កំណត់​ដែន​ព្រៃ​លិច​ទឹក​ប្រមាណ​៦៥​ម៉ឺន​ហិកតា​ស្ថិត​ក្នុង​ខេត្ត​ចំនួន​៦​ជុំវិញ​បឹង​ទន្លេសាបរួម​មាន​ខេត្ត​កំពង់ឆ្នាំង​ពោធិ៍សាត់​បាត់ដំបង​បន្ទាយមានជ័យ​សៀមរាប​និង​កំពង់ធំ។​មាត្រា​៣​នៃ​អនុក្រឹត្យ​នេះ​ចែង​ថា​អាជ្ញាធរ​ខេត្ត​មាន​ភារកិច្ច​កាតព្វ​កិច្ច​និង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់គ្រង​ការ​ការពារ​និង​ការ​ថែ​រក្សា​ដែន​ព្រៃ​លិច​ទឹក​ហើយ​ចំពោះ​ការ​បាត់បង់​ដែន​ព្រៃ​លិច​ទឹក​និង​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​នៃ​ខេត្ត​ណា​គណៈ​អភិបាល​នៃ​ខេត្ត​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​រដ្ឋាភិបាល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG