ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ទន្លេ​សាប​បារម្ភ​អំពី​អនាគត​«ឆ្នាំងបាយ»​របស់ពួកគេ


លោក សួត តូ កំពុងសម្អាត​ និង​ស្រាយ​សំណាញ់​ត្រី ដែល​ជាប់​ទៅ​ដោយ​​ស្លឹកឈើ និង​មែកឈើ​។ លោករស់នៅ​លើ​​​​​​ផ្ទៃ​ទឹក​បឹង​​ទន្លេសាប ​នៅក្នុង​ភូមិ​ពាមបាង នៃ​ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ក្រោយ​ហូប​បាយ​ថ្ងៃត្រង់​រួច លោក សួត តូ បាន​បន្ត​សម្អាត​ និង​ស្រាយ​សំណាញ់​ត្រីមួយ​គំនរ ​ដែល​ជាប់​ទៅ​ដោយស្លឹកឈើ និង​មែកឈើ។ លោក​អង្គុយ​នៅ​មុខ​ផ្ទះ ដែល​អណ្តែត​ឃ្លីងឃ្លោង​លើ​ផ្ទៃ​ទឹក​បឹងទន្លេសាប ​ប៉ែក​ខាង​ជើង នៅក្នុង​ភូមិ​ពាមបាង នៃ​ខេត្តកំពង់ធំ។ កូនស្រី​លោក​ អាយុ ១៣ឆ្នាំ ទើប​តែ​ចេញ​ទៅ​រៀន។ នាង​កំពុង​សិក្សា​នៅ​ថ្នាក់ទី៤ ឆ្នាំនេះ​ ហើយ​លោក​ សួត តូ ជាឪពុក​ ក៏ចាប់​ផ្តើម​បារម្ភ​អំពី​អនាគត​របស់​នាង​ផង​ដែរ។

លោក​បាន​និយាយ​ថា​ លោកបាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចាកចេញ​ពី​បឹង​ធម្មជាតិ​ដ៏​មហិមា​មួយ​នេះ ដែល​លោក​តែងតែ​ហៅ​ថា​ផ្ទះ ឬ​ស្រុក​កំណើត​ ឬ «ឆ្នាំងបាយ​» ដើម្បី​អាច​ឲ្យ​កូនស្រី​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​នឹង​គេ។

លោក​រៀបរាប់​ថា៖ «ឲ្យ​កូនខ្ញុំ​រៀន​ឲ្យចប់​ចុង​ចប់​ដើម។ តែ​ប៉ុន្មាន​ឆ្នាំ​ទៀត​ ខ្ញុំ​ទៅ​នោះ​ហើយ​ អត់​បាន​នៅ​នេះ​ទៀត​ទេ។ ខ្ញុំ​ទៅ​នៅ​តាកែវ​វិញ​ហើយ។ ​បែបទៅ​នៅ​លើ​វិញ​ហើយ​ ឧបមា​ថា​ ពីរ​ឆ្នាំ​ហ្នឹង​អត់​សម្បូរ​ត្រី។ នៅខាង​លើ​ [នៅលើដីគោក] និយាយ​រួម​ទៅ​ យើង​អាចរស់។ យើង​ធ្វើការ​សំណង់​ទៅ​ ប្រពន្ធ​ធ្វើការ​រោងចក្រ​ទៅ​ យើង​អាច​រស់។ នៅ​នេះ​កាន់តែ​ខ្សោយទៅៗ យ៉ាប់​ហើយ។ ត្រី​វា​អស់​ទៅៗ ហើយ។ កូន​ក៏នៅ​បាន​រៀន បាន​សូត្រ​ស្រួល​បួល​ អត់មាន​មក​នៅ​លំបាក​វេទនា»។

តាំងពី​ជា​ក្មេង​កំព្រា​រហូត​ដល់​មាន​ភរិយា និង​កូន​ពីរ​នាក់ លោក សួត តូ វ័យ ៣៦ឆ្នាំ ធ្លាប់តែ​ចិញ្ចឹម​ជីវិត​នៅ​បឹងទន្លេសាប​ ដោយ​មិន​មាន​ក្តី​បារម្ភ​អ្វី​នោះ​ទេ។ ក៏​ប៉ុន្តែ​ស្ថានភាព​របស់​បឹង​ដែល​ធ្លាប់តែ​សម្បូរ​ទៅ​ដោយ​ជលផល​ឥត​គណនា​បាន​នេះ កំពុង​ប្រែប្រួល​ខ្លាំង ជា​ហេតុ​ធ្វើឲ្យ​ជីវភាព​របស់​លោក សួត តូ និង​អ្នក​ទន្លេ​ឯទៀត ​កាន់​តែ​លំបាក​ទៅៗ។

«វា​ខុសប្លែក​អញ្ចឹង​ឯង ឆ្នាំណា​ទៅ​ក៏សម្បូរ​ទឹក​ទៅ​ ឆ្នាំ​ណា​ទៅ​ក៏អត់​ទឹកទៅ​... វា​ខុស​មែនទែន។ លើក​មុន​សម្បូរ​ណាស់​ត្រី​ ឥឡូវនេះ ​វាអត់​សូវ​មាន​ទេត្រី​ ភាគច្រើន​គឺ​ចប់​បណ្តោយ។ ដូចជា​មង​អ៊ីចឹង ឥឡូវ​ដាក់​រាប់​គីឡូដី​អី​បាន​បាន ពីដើម​ដាក់​តែ ៥០០ ទៅ ៦០០ ម៉ែត្រ​អី បាន​ត្រី​ហូប ឥឡូវនេះ ដាក់​រាប់​គីឡូដី​ មិន​ចង់​បាន​ត្រី​ហូប​ទៀត»។

ទិដ្ឋភាព​នៃការនេសាទនៅបឹងទន្លេសាបនៅក្បែរ​ឃុំផាត់សណ្តាយ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
ទិដ្ឋភាព​នៃការនេសាទនៅបឹងទន្លេសាបនៅក្បែរ​ឃុំផាត់សណ្តាយ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ទិដ្ឋភាព​ភូមិ​បណ្តែតទឹកលើផ្ទៃបឹងទន្លេសាប នៅ​ភូមិ​កំពង់លួង ឃុំកំពង់លួង ស្រុក​ស្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។(ខាន់ សុគុំមនោ/វីអូអេ)
ទិដ្ឋភាព​ភូមិ​បណ្តែតទឹកលើផ្ទៃបឹងទន្លេសាប នៅ​ភូមិ​កំពង់លួង ឃុំកំពង់លួង ស្រុក​ស្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។(ខាន់ សុគុំមនោ/វីអូអេ)

ទន្លេសាប​ជា​ដី​ស្រែ ជា​ឆ្នាំងបាយ​ ជា​ផ្ទះ

សម្រាប់​អ្នក​ដែល​ពឹង​លើ​ផល​ពី​បឹងទន្លេសាប​ ធនធាន​ត្រី​នៅ​បឹងនេះ​ហាក់​មិន​សម្បូរ​បែប​ដូច​មុន​នោះ​ទេ​ ដោយសារ​កត្តា​មួយ​ចំនួន​ដែល​អ្នក​ជំនាញ​ជាច្រើន​បាន​ចង្អុល​បង្ហាញ​ ដូចជា​ការ​នេសាទ​ហួស​កម្រិត បទល្មើស​នេសាទ ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ជាដើម។ ​បច្ចុប្បន្ន​នេះ​ ប្រជាជន​រាប់លាន​នាក់​ដែល​ហៅ​ខ្លួនឯង​ថា​ជា «អ្នក​ទន្លេ» កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ។ លោក សួត តូ ​បាន​ថ្លែង​ថា៖

«[បឹងទន្លេសាប] ដូចជា​ទ្រព្យ ជា​សម្បត្តិ ជា​ស្រែ...បើ​អត់​មាន​បឹង​ហ្នឹង​ក៏​អត់​អាច​រកអី​បាន​ហូបដែរ។ ថា​ដូចជា​ដីស្រែ... និយាយ​អ៊ីចឹង​ទៅចុះ។ ​ដូច​ដីស្រែ ដូច​ផ្ទះអ៊ីចឹង។ បើ​អត់​ [ធនធាន​ក្នុងបឹង] ​ប្រជាជន​នៅ​ហ្នឹង ក៏​អត់មាន​អី​រក​ហូប​បាន​ដែរ។ បើ​អត់​ធ្វើស្រែអី​កើតផង»។

ប្រហែល​២០​គីឡូម៉ែត្រ ​ឆ្ពោះ​ទៅ​ខាង​ត្បូងពី​ចេញ​ពី​ភូមិ​ពាមបាង កាត់​តាម​ផ្ទៃបឹង​ទន្លេសាប​ដែលធំ​ល្វឹងល្វើយ​ដូច​ផ្ទៃ​សមុទ្រ​ទឹក​ពណ៌ត្នោត​នា​រដូវវស្សា​ នឹង​នាំអ្នក​ដំណើរ​មក​ដល់​ភូមិ​កំពង់លួង​នៃ​ខេត្ត​ពោធិ៍សាត់។

អ្នកស្រី​ កុង​ គឿន​ អាយុ ៤២ ឆ្នាំ និង​ប្តី​ឈ្មោះ ហឿង ពិសិដ្ឋ អាយុ ៤៤ ឆ្នាំ រវល់​ដេរ​សំណាញ់​ពាស​លើ​គ្រោង​ដែក​លួស​ដែល​ពួកគេ​បាន​ជួល​គេ​ធ្វើ​រួចស្រាប់​ ដើម្បីធ្វើ​ជា​លប​សម្រាប់ដាក់ទៅ​ក្នុងទឹក​ចាប់កំពឹស។​ អ្នកស្រុកនៅ​ទីនេះ​ហៅ​វា​ថា​ជា «សៃយឺន»។ ​

ដោយ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​អាស្រ័យ​ធម្មជាតិ​នៅ​ទីនេះ​ អ្នក​ទាំងពីរ​បាន​សម្រប​ខ្លួន​ទៅ​តាម​រដូវ និង​ចរន្ត​ទឹក​ទន្លេសាប​ដែលប្តូរ​ពីរដង​ក្នុងមួយឆ្នាំៗ។ ភ្លាមៗ​បន្ទាប់ពី​រដូវ​ប្រាំង​បានប​ញ្ចប់ ពួកគេ​ត្រៀម​សៃយឺនទុក​ចាប់​កំពឹស​ ​ដោយ​សង្ឃឹម​ថា​នឹង​បាន​កម្រៃ​បន្ថែម។​ សៃយឺន ជាង​ ១.០០០ សម្រាប់​នេះ​ ថ្លៃ​ប្រមាណ​ ១.៥០០ដុល្លារ​ ហើយ​ប្រើ​បាន​ជាង​បីឆ្នាំ​ មុន​នឹង​ត្រូវ​ប្តូរថ្មី។ ​

អ្នកស្រី កុង គឿន​ បាន​រៀបរាប់​ប្រាប់​វីអូអេ​ អំពី​ស្ថានភាព​ដុនដាប​នៃ​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ក្នុង​នាម​ជា​អ្នក​ទន្លេ ​ថា៖ «វា [ផលចាប់ត្រី] ខុសគ្នា​ជា​ពាក់កណ្តាល...ដូច​តែ​សៃយឺន​អ៊ីចឹង​ ពី​ដើម​ដាក់​តែ​ ១០០​ ទៅ ​២០០ អីបាន​ ១០០ គីឡូ​ជាង។ ឥលូវ​ដាក់ ១.៥០០ ទៅ​ ២.០០០ អត់​បាន ២០ គីឡូ​ផង។ ហើយ​គុណ​ទៅ​ថា ​វា​ខុសគ្នា​បែប​ណា? វា​ខុស​ខ្លាំងណាស់ បាន​គួរ​ថា​របរ​ខុសច្បាប់ គេ​ត្រូវ​បិទ​ហ្នឹង»។

ស្ថានភាព​គ្រួសារ​អ្នកស្រី​ កុង គឿន ក្នុង​ភូមិ​កំពង់លួង​នេះ មិន​ខុស​ពី​ស្ថានភាព​របស់​គ្រួសារ​លោក សួត តូ នៅ​ភូមិ​ពាមបាង​នោះ​ទេ។ អ្នក​នេសាទ​ជាច្រើន​នាក់​បាន​លើក​ឡើង​ថា ពួកគេ​ចំណាយ​ពេលវេលា និង​ប្រាក់​ច្រើន​លើ​ការ​នេសាទ​រួមមាន​ថ្លៃ​ប្រេងឥន្ទនៈ​ច្រើន​ជាងមុន​ ថ្លៃ​នុយ និងទិញ​ឧបករណ៍​បន្ថែម ហើយ​ត្រូវទៅ​នេសាទ​ញឹកញាប់​ជាង​ពេល​មុនៗ ឬ​ប្រើ​ទូក​បន្ថែម។ ពេល​ខ្លះ​ ពួក​គេ​មិន​ចាប់​បាន​អ្វី​សោះ ​ពេល​ត្រឡប់​មក​វិញ ហើយ​បាត់​ឧបករណ៍ និង​ខាតបង់​ថ្លៃ​ប្រេង និង​ពេល​វេលា​ជាច្រើន​ក៏​មាន ហើយ​ពេល​ខ្លះ ប្រឈម​នឹង​សកម្មភាព​បទល្មើស​នេសាទ​ក៏​មាន។

អ្នកស្រី កុង គឿន បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​កំណើន​បទល្មើស​នេសាទ​ក្នុង​ភូមិ ថា៖ «ពួក​ខ្ញុំ​អ្នក​នៅ​ទន្លេ​នេះ​ធ្វើ​ស្រែ​នឹង​ទឹក​ ហើយ​ដូច​អ្នកស្រុក​លើ​អ៊ីចឹង​ ធ្វើ​ស្រែ​នឹង​ដី ខ្ញុំ​ក៏​ធ្វើស្រែ​ដែរ ធ្វើ​នឹង​ទឹក​...​ចុះ​បើ​នៅ​មាន​បទល្មើស​រហូត​ចឹង ខ្ញុំ​មាន​ត្រី មាន​សាច់​ឯណា​រក»។

អ្នកស្រី​បន្ត​ថា៖ «ជីវភាព​យើង​ក៏​ចុះខ្សោយ​តាម​ហ្នឹង​ដែរ»។

អ្នកស្រី​ កុង​ គឿន​ រវល់​ដេរ​សំណាញ់​ពាស​លើគ្រោង​ដែក​លួស​ដែល​ពួកគេ​បាន​ជួល​គេ​ធ្វើ​រួចស្រាប់​ ដើម្បីធ្វើ​ជា​លប ឬ «សៃយឺន» ​សម្រាប់ដាក់ទៅ​ក្នុងទឹក​ចាប់កំពឹស នៅឃុំកំពង់លួង ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
អ្នកស្រី​ កុង​ គឿន​ រវល់​ដេរ​សំណាញ់​ពាស​លើគ្រោង​ដែក​លួស​ដែល​ពួកគេ​បាន​ជួល​គេ​ធ្វើ​រួចស្រាប់​ ដើម្បីធ្វើ​ជា​លប ឬ «សៃយឺន» ​សម្រាប់ដាក់ទៅ​ក្នុងទឹក​ចាប់កំពឹស នៅឃុំកំពង់លួង ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)


បទល្មើស​នេសាទ​រុាំរ៉ៃ

អ្នកស្រី​ កុង​ គឿន បាន​ប្រាប់​វីអូអេ​ទៀត​ថា​ អ្នកស្រី​បាន​ឃើញ​អ្នក​នេសាទ​ផ្សេងទៀត​នៅ​ក្នុងភូមិ​របស់​អ្នកស្រី​ ត្រូវ​បាន​ចាប់​ខ្លួន​ និងដកហូតឧបករណ៍​នេសាទ នៅ​ពេល​ពួកគេ​កំពុង​នេសាទដើ​ម្បីផ្គត់ផ្គង់​គ្រួសាររ​បស់ពួកគេ។

រីឯអ្នកស្រី​ផ្ទាល់​ បើទោះ​ជា​អ្នកស្រីមិន​ដែល​រង​ការ​ចាប់​ខ្លួន​ក៏ដោយ​ ក៏​អ្នកស្រី​ជួប​ប្រទះ​ការ​ប្រឈម​មុខ​គ្នា​ និង​ជម្លោះ ដែល​ឈាន​ទៅ​ដល់ការបំផ្លាញ​ឧបករណ៍​នេសាទរ​បស់​អ្នកស្រី​ និង​ប្តី​ផង​ដែរ។

អ្នកស្រី​បញ្ជាក់​ថា៖ «តែ​បើ​អ្នក​ខ្លះ​វិញ យើង​រាយ​ពារ​របស់​វា​សៃយឺន វា​កាត់​មង​យើង​ចោល។ មិន​អាយ​រាយ​ប៉ះពាល់​របស់​វា​ទេ ហើយ​ក្រឡា​យើង​ពីរ​បី​ហ៊ុន​សោះ​ហ្នឹង ហើយ​ទៅ​ចាំយក​អី។ រាយ​ប៉ះ​មិន​បាន រាយ​អែប​មិន​បាន​ផង។ ដូច​វា​អាង​យ៉ាង​ទឹក​ដី​ហ្នឹង​ហើយ។ អ៊ីចឹង​បាន​ថា ឲ្យ​វា​អត់​ទាំង​អស់​គ្នា​ទៅ វា​ស្រួល​រក តើ​វា​អាង​យ៉ាង​អី? វាថា វា​រក វា​បង់​ឲ្យ​ជំនាញ យើង​អត់មាន​បង់​ឲ្យ​ជំនាញ​ណា​ទេ វា​និយាយ​អ៊ីចឹង​ ឯង»។​

បទល្មើស​នេសាទ​នៅ​បឹងទន្លេ​សាប រួម​ទាំង​ការ​ទន្ទ្រាន​យក​ដី​នៅ​តាម​ដង​ទន្លេសាប​ដោយ​មន្ត្រី​មួយ​ចំនួន ជាបញ្ហា​ដ៏​រុំារ៉ៃមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ខែធ្នូ ឆ្នាំ ២០២១ រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​បង្រ្កាប​ការ​កាប់​បំផ្លាញ​ព្រៃលិច​ទឹកនៅ​ជុំវិញ​បឹង​ទន្លេសាប ដោយ​រឹបអូស​យក​ដី​ព្រៃលិច​ទឹក​ជាង​ ៦ ម៉ឺន​ហិកតា​មក​កាន់កាប់​វិញ។

សម្រាប់​អ្នកទន្លេដូចជា​អ្នកស្រី កុង គឿន បញ្ហា​ប្រឈម​ចម្បង​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់នោះ​ គឺ​អំពើ​ពុករលួយ​ និង​ការ​អនុវត្ត​ស្តង់ដារ​ពីរ​នៅ​ក្នុងការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​នេសាទ​នេះ។ ​

អ្នកស្រី​កុង គឿន​ ដែល​មាន​កូន​ជំទង់ៗ ៤ ​នាក់ ​នៅ​ក្នុង​បន្ទុក ដែល​កំពុង​ពេញ​វ័យ​សិក្សា​ បាន​ថ្លែង​ថា៖ «បើ​គេ​បិទ​របរ​ហ្នឹង [បទល្មើសនេសាទ]​ កូន​ខ្ញុំ​អាច​អាស្រ័យ​បាន​ តែ​បើថា​អត់បិទ​ហើយ ប្រុង​ទៅ បើថា​មាន​លុយ​ មាន​កាក់ ចេះតែ​បើករបរ​លិច កើត​ទៅ បើ​អត់​ទេ​ប្រុង​នាំ​ឪ នាំម៉ែ​ ខ្ញុំគេ​ស្រុកគេ​ ទៅ​ថៃ។ ចុះ​បើ​មាន​អី​រក​ទៀត អស់​ហើយ»។

អ្នកស្រី​បន្ត​ថា៖ «ដូច​អ្នក​ស្រុក​លើ​អ៊ីចឹង គេ​មានដី មាន​ស្រែ របស់​ទ្រព្យ​របស់​គេ។ អ៊ីចឹង​ដល់​ខែ ដល់​ឆ្នាំ ដល់​រដូវ គេ​ដឹងតែ​ធ្វើបាន ​ដល់​យើង [បឹងទន្លេសាប] របស់​សាធារណៈ​អ៊ីចេះ បើ​គេ​អាង​យ៉ាង​អស់​អ៊ីចឹង​ទៅ យើង​អ្នក​តូចតាច មាន​ទៅរក​អីកើត?»។

លោក សេង ទិត្យ ជា​អ្នក​រកស៊ី​បរ​ទូក​ឈ្នួល​អស់​រយៈពេល​ ១៥ ឆ្នាំ មក​ហើយ។ លោក​បាន​រៀបរាប់​ប្រាប់​វីអូអេ​ថា នៅក្នុង​ភូមិ​កំពង់លួង ឃុំកំពង់​លួង​ ស្រុកក្រ​គរ​ ខេត្ត​ពោធិ៍សាត់ លោក​កត់សម្គាល់​បាន​ថា ​ជីវភាព​អ្នក​ភូមិ​លោក ហាក់​គ្មាន​ភាពប្រសើរឡើង​ទេ​ នៅអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។​

ទោះ​ជា​យ៉ាង​ក្តី បុរស​វ័យ​ ៣៥ ឆ្នាំ​រូប​នេះ នៅមាន​សង្ឃឹម​ខ្លះ​ដែរ ដោយ​លោក​ថា ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ ទំនង​ជា​អាច​ស្រោចស្រង់​ជីវភាព​អ្នកទន្លេ​ដូចជា​រូបលោក។ លោក សេង ទិត្យ ថ្លែងថា៖

«គាត់បង្រ្កាបប៉ុន្មានខែនេះ រៀងគ្រាន់។ វាគ្រាន់ ខ្ទង់១០ ​ភាគរយ​ ឬ ២០ ភាគ​រយ​ឡើងវិញ»។

លោក សេង ទិត្យ​ ជាអ្នក​បរទូកនៅ​ឃុំកំពង់លួង ស្រុក​ស្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
លោក សេង ទិត្យ​ ជាអ្នក​បរទូកនៅ​ឃុំកំពង់លួង ស្រុក​ស្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

អនាគត​ស្រពិចស្រពិលលើ​ដីគោក

ដូច​អ្នក​ភូមិ​ឯ​ទៀត​ដែរ លោក សេង ទិត្យ ដែល​ហៅ​ខ្លួន​ឯង​ថាជា​ «អ្នក​ទន្លេ» ប្រាថ្នា​ចង់​បានស្ថិរភាព​ប្រាក់​ចំណូល។ ដូច្នេះ​នៅពេល​ដែល​លោក​រក​ត្រី​បាន​តិច លោក​ក៏​ឈប់​នេសាទ​តែម្តង​ ហើយ​ចាប់​របរ​ពេញ​ម៉ោង​ជា​អ្នកបរ​ទូក​ ដើម្បី​ដឹក​មនុស្ស និង​ជញ្ជូន​ទំនិញ​ឆ្លងកាត់​បឹង និង​ភូមិ​បណ្តែត​ទឹក​វិញ។

លោក​ថ្លែង​ថា៖ «​បឹង​ទន្លេសាប ជា​ថវិកា​មួយ​សម្រាប់​ខ្ញុំ​ដែរ។ ... អាហ្នឹង​ជា​ច្រក​ឆ្នាំង​បាយ​មួយ​របស់​ខ្ញុំ ទន្លេសាប។ ហើយ​មិនមែន​តែ​ខ្ញុំមួយ​ទេ និយាយទៅភូមិ​លើ​ទឹក​ទាំងអស់ គឺ​គ្រប់ភូមិ​ទាំងអស់ គឺ​ទ្រទ្រង់​លើ​បឹង​ទន្លេសាប។ បើ​យើង​អ្នកស្រែ យើង​ពឹង​ស្រែ​ចំការ។​ ទឹកទន្លេ ដូចជា​ស្រែចំការ​ចឹង តែ​អត់​ទឹក​ហ្នឹងមួយ ​អត់​ទឹក អត់​ត្រី ​ចប់​ហើយ អ្នក​ទន្លេ​យើង​គ្មាន​អីទៀតទេ»។

ទោះ​បី​ទន្លេសាប​ជា​ឆ្នាំងបាយ​របស់​លោក​ក្តី ក៏​លោក សេង​ ទិត្យ ​បាន​រៀបចំ​គម្រោង​ផ្លាស់​ទី​ទៅនៅ​លើ​ដីគោក ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​កាន់តែ​ដុនដាប​ជា​អ្នកទន្លេ។ លោក​បាន​រៀនរៀបចំប្រវត្តិរូប​សង្ខេប និង​បាន​ដាក់​ពាក្យ​រក​ការងារធ្វើ​នៅ​តាម​បណ្តា​រោងចក្រមួយចំនួន​ ដូចជា​រោងចក្រ​ផ្គុំនិង​តម្លើង​រថយន្ត រោងចក្រ​ខ្សែភ្លើង​ និង​រោងចក្រ​កាត់ដេរជាដើម​ បើទោះខ្លួនគ្មាន​បទពិសោធន៍​អស់​ទាំងនេះ​ពីមុន​មកក៏ដោយ។​

លោក​ប្រាប់​វីអូអេ​ថា​ ការទទួល​បាន​ប្រាក់​ខែ និងការងារ​ជាប់លាប់​ បែបនេះ​ មាន​ន័យ​ថា ​លោកអាច​ខ្ចី​លុយ​ទិញ​ដី​ និង​តាំងលំនៅ​នៅ​លើ​គោក​ម្តង។

លោកនិយាយថា៖ «ប៉ុន្តែ​យើង​ទៅ [រស់នៅ] លើ [ដីគោក] ហ្នឹង មិ​នដឹង​ថា​ក្រ​ជាង​ហ្នឹង​ ឬ​មាន​ជាង​ហ្នឹង។ អត់​ហ៊ាន​ថា​ទេ។ តាម​ព្រេង​វាសនា»។

ក្មេងប្រុសម្នាក់បរទូកកាត់​បឹងទន្លេសាប និងរង់​ចាំ​ឪពុកម្តាយ​គេចុះ​រាយមង នៅឃុំកំពង់លួង ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
ក្មេងប្រុសម្នាក់បរទូកកាត់​បឹងទន្លេសាប និងរង់​ចាំ​ឪពុកម្តាយ​គេចុះ​រាយមង នៅឃុំកំពង់លួង ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ដូច​លោក​ សួត តូ និង​លោក​សេង ទិត្យ ​ដែរ ពលរដ្ឋ​មួយ​ចំនួន​នៅឃុំពាមបាង ខេត្ត​កំពង់ធំ​ និងឃុំ​កំពង់លួង ខេត្ត​ពោធិ៍សាត់ បាន​គិត​គូរ​អំពី​ការ​ចាកចេញពី​ជីវិត​ជា​ «អ្នកទន្លេ​» ដោយផ្លាស់​ទី​លំនៅចេញ​ពី​ផ្ទះ​បណ្តែត​ទឹក​ និងរបរនេសាទ​ ទៅ​រស់​នៅលើដីគោក និងរ​កការងារ​ធ្វើ ឬ​ប្រកបរបរផ្សេង ដើម្បី​អនាគត​កូនៗ​របស់​ពួកគេ ហើយ​ពួក​គេ សន្សំលុយ និង​ខ្ចី​លុយ ដើម្បីបាន​ដី។ លោក សេង ទិត្យ ថ្លែង​ថា៖

«អ្នកខ្លះ​រក​មក​សល់​ សន្សំ​ គេទិញ​ដីឡូតិ៍។ ឃុំ​ពាម​បាង​នេះ ​អ្នក​ទិញ​ដីឡូតិ៍​ច្រើន​ណាស់ ​ទិញ​នៅ​សំរោង​...។ អ្នកខ្លះផ្ទះតូចៗ​អញ្ចឹង​មែន តែ​អ្នកខ្លះ​គាត់ទិញដីឡូតិ៍​ហើយ​ គេ​មាន​លុយ​ទិញ​ដី ​បង់​ដាច់​។​ សន្សំ​តិចៗ​ទិញ​ដីឡូតិ៍​ ក៏​សល់​ខ្លះៗ។​ [អ្នក]ខ្លះ​ទៅ​ គ្នា​ក្រ​មែន​ទែន​ គ្នា​ក៏​អត់​មាន​លុយ​ទិញ​ដែរ​។ ធ្វើ​[យ៉ាង]ម៉េច [បើ]ជីវភាព​គ្នា​ ជួន​កាល​គ្នា​រក​បាន​មក​ ឈឺ កូនឈឺ ទាល់​អស់​លុយ​ បាន​រក​បាន​មក​វិញ។ ខ្ញុំ​ឃើញ ខ្ញុំ​ធ្លាប់​ដឹក»។

ទិន្នន័យ​ផ្លូវការក៏​បាន​បង្ហាញ​អំពីការ​ថយចុះ​នៃ​ចំនួន​អ្នកនេសាទ​ដែរ។ ការ​ធ្លាក់​ចុះនេះ​បាន​កើតឡើង​នៅ​ទូទាំង​តំបន់នេសាទ​ទឹកសាប។​ នៅ​តំបន់​បឹងទន្លេសាប ចំនួន​គ្រួសារ​អ្នក​នេសាទ​បានថ​យចុះ ១៧ ភាគរយ ​ក្នុងរយៈ​ពេលប្រមាណ​ ១០​ ឆ្នាំ ចុងក្រោយ​នេះ។

នៅ​ពេល សេង ​ទិត្យ​ ទទួល​បាន​ការងារ​ពី​រោង​ចក្រ​ណាមួយ​ដែល​លោក​បាន​ដាក់​ពាក្យ លោក​នឹង​លែង​នៅ​នៅ​លើបឹងទន្លេសាប​នេះទៀត​ហើយ។ លោក​ និង​ភរិយា រួម​ទាំង​កូនបី​នាក់ ​ត្រៀមខ្លួន​ដើម្បីចាក​ចេញ​ពី​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ​នេះ។

ខណៈ​ពេល​ដែល​ពួកគេ​ចាត់​ទុក​ការ​ចាកចេញ​ពី​បឹងទន្លេសាប​ ដើម្បី​ទៅ​រស់នៅ​លើដីគោក​ថា​ជា«ក្តីសង្ឃឹម» ក៏អ្នក​ទន្លេ​ដូចជា​លោក សួត តូ លោក សេង ទិត្យ និង​អ្នកស្រី កុង គឿន ​នៅតែ​ស្រពិច​ស្រពិល​អំពី​អនាគត​របស់​ពួកគេ។

នៅក្នុងបទសម្ភាសន៍​ជាមួយវីអូអេខ្មែរ​ អ្នកនិពន្ធ​សៀវភៅ​ ​«Troubling the Water: A Dying Lake and A Vanishing World in Cambodia» និង​ជា​អ្នក​កាសែត​ជនជាតិ​អាមេរិកាំង កញ្ញា​ Abby Seiff បាន​បង្ហាញ​មតិ​ស្រដៀង​គ្នា​នឹង​អ្នក​ទន្លេដែរ​ដោយ​បញ្ជាក់​ថា៖

«ខ្ញុំមិន​ដឹង​ថា​តើ​ពួកគេ [អ្នកនេសាទ និង​អ្នករ​ស់នៅ​លើ​បឹងទន្លេសាប] នឹង​មាន​ជីវភាព​ប្រសើរនៅលើដីគោក​ ឬយ៉ាងណា​នោះ​ទេ​ ក៏​ប៉ុន្តែខ្ញុំ​គិត​ថា អ្វី​ដែល​សំខាន់​គឺ​ថា​ ពលរដ្ឋ​ទាំងនោះ​អាច​មាន​ឱកាស​ក្នុង​ការ​ធ្វើពិពិធកម្ម​ប្រាក់​ចំណូល​របស់​ពួក​គេ [ឬរក​ចំនូល​ពី​ប្រភពផ្សេងៗ]… សម្រាប់​ខ្ញុំ ការ​ធ្វើពិពិធកម្ម​ប្រាក់​ចំណូល​នេះ​ ​ហាក់​ដូច​ជាផ្លូវ​ទៅ​មុខ​តែ​មួយ​គត់»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG