ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស រិះគន់​ចំណាត់ការ​នាយក​រដ្ឋមន្រ្តី​«សារភាព​រួច​ខ្លួន» រឿង​ទន្រ្ទាន​ដី​បឹង​ទន្លេសាប


រូបឯកសារ៖ រូបថតដកស្រង់ពីវីដេអូបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១។

​ចេញ​មុខ​សារ​ភាព ​រួច​ផុត​ពី​ការ​វាយ​ខ្នោះ។ ​នេះ​ជា​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទាក់​ទង​នឹង​ករណី​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ​ដែល​លោក​បាន​បញ្ជា​កាល​ចុង​សប្តាហ៍​មុន ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​ចុះ​ស្រាវ​ជ្រាវ ​ដក​ហូត​ដី ​និង​ចាប់​ខ្លួន​អ្នក​ទន្រ្ទាន​ដី​អភិរក្ស​នៅ​គ្រប់​ខេត្ត​ជាប់​បឹង​ទន្លេសាប។

សារ​របស់​នាយក​រដ្ឋមន្រ្តី​ដែល​ថា​ អ្នក​ចេញ​មុខ​សារ​ភាព​ រួច​ពី​ការ​ចាប់​ខ្លួន ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់ ​ដោយ​ពួក​គេ​ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឹង ​និង​ដាក់​ទោស​ទណ្ឌ​ឲ្យ​ធ្ងន់​ធ្ងរ​លើ​មន្ត្រី​ខិល​ខូច។​

ក្នុង​ពិធី​សម្ពោធ​ផ្លូវ ​និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កង្វក់ ​និង​សមិទ្ធ​ផល​នានា​ក្នុង​ក្រុង​ព្រះ​សីហនុ ​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​ធ្នូ ​ឆ្នាំ​២០២១ ​ លោក ​ហ៊ុន សែន​ ថ្លែង​ថា​៖​ «ឧទាហរណ៍ ​ខ្ញុំ​បញ្ជា​ទៅ​ទន្លេសាប​បើ​រឹង​ទទឹង​ ​វាយ​ខ្នោះ​ភ្លាម! ​អត់​មាន​ឱ្យ​រញ៉េ​រញ៉ៃ​ទេ។ ​ឥឡូវ​ឮ​ថា​[មាន​អ្នក​]​ចុះ​ហត្ថលេខា​ប្រគល់​ដី ​ប្រគល់​អី។ ​ប្រគល់​រួច​ខ្លួន​ ដក​ខ្លួន។ ​អ្នក​ណា​មិន​ចេញ​សារភាព​តាម​វាយ​ខ្នោះ»។

កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​ដក​ហូត​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ជាង ​២ ​ពាន់​ហិកតា​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​និង​ខេត្ត​ជាប់​បឹង​ទន្លេសាប​ផ្សេង​ទៀត ​ហើយ​ស៊ើប​អង្កេត​ករណី​នេះ។ ​លោក​ឲ្យ​ដឹង​ទៀត​ថា​ លោក​ទទួល​ព័ត៌មាន​ថា​ អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ម្នាក់ ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទន្រ្ទាន​ដី​នេះ​ដែរ។​

រូបផែន​ទី​បង្ហាញពី​ការទន្រ្ទាន​ដី​ព្រៃលិច​ទឹកបឹង​ទន្លេសាប ដែល​បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ស្តីពីវិធាន​ការទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់​នូវ​ការលួច​កាប់ព្រៃ​លិចទឹក​បឹងទន្លេសាប ហើយ​ដែល​ត្រូវបាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបភាពដកស្រង់ពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង)
រូបផែន​ទី​បង្ហាញពី​ការទន្រ្ទាន​ដី​ព្រៃលិច​ទឹកបឹង​ទន្លេសាប ដែល​បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ស្តីពីវិធាន​ការទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់​នូវ​ការលួច​កាប់ព្រៃ​លិចទឹក​បឹងទន្លេសាប ហើយ​ដែល​ត្រូវបាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបភាពដកស្រង់ពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង)

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​លោក ​សេង ឡូត​ អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ដី ​នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សុំ​ការ​បញ្ជាក់​ពី​អំពី​ចំនួន​មនុស្ស​សរុប​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន ​និង​ទំហំ​ដី​ដែល​ត្រូវ​ដក​ហូត​ ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន​នៅ​ឡើយ​ទេ​នា​ថ្ងៃ​សុក្រ​នេះ​ ។ លោក​ជាអ្នក​ចូលរួម​ក្នុង​គណៈ​កម្មការ​ស្រាវ​ជ្រាវ​លើ​ការ​ទន្រ្ទាន​ដី​បឹង​ទន្លេសាប​នេះ។​

ចំពោះ​ការ​ប្រគល់​ដី​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​មក​រដ្ឋ​វិញ​ ​លោក ​ខូវ លី ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ ប្រាប់​វីអូអេ​ថា​ មាន​មនុស្ស​១៣​នាក់ ​បាន​សារ​ភាព ​និង​ប្រគល់​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​សរុប​ប្រមាណ​២.០៥៨​ហិកតា។ ​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ថា​ មាន​មន្ត្រី​ប៉ុន្មាន​នាក់ ​និង​ប្រជា​ពលរដ្ឋ​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ​ក្នុង​ចំណោម​អ្នក​ដែល​ចេញ​មុខ​សារ​ភាព​ទាំង​នោះ។​

លោក​ថ្លែង​ថា៖ ​«ឥឡូវ​ហ្នឹង​គាត់​បាន​មក​សារ​ភាព​ នៅ​ចំពោះ​មុខ​ហ្នឹង​ គឺ​បាន​ធ្វើ​លិខិត​ប្រគល់​ដី​ជូន​មក​រដ្ឋ​វិញ។ ហើយ​រឿង​កិច្ច​ការងារ​យើង​កំពុង​តែ​ធ្វើ​បន្ត​ទៀត ​ប៉ុន្តែ​គោល​ការណ៍​ថ្នាក់​ដឹក​នាំ​យ៉ាង​ម៉េច​ [មិន​ទាន់​ដឹង​ថា​យ៉ាង​ណា​ទេ]»។​

លោក ​សាន់ ម៉ាឡា ​មន្ត្រី​តស៊ូ​មតិ​នៃ​គម្រោង​ការពារ​ព្រៃ​ឈើ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN)​ យល់​ថា ​អាជ្ញាធរ​មិន​ត្រូវ​លើក​លែង​ទោស​មន្ត្រី​ណា​ដែល​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នេះ​ទេ​ ដោយ​ហេតុ​ថា​ បើ​លើក​លែង​ទោស ​នោះ ​វា​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ខិល​ខូច​ទាំង​នោះ​ឲ្យ​កាប់​បំផ្លាញ​ព្រៃ ​ឬ​ទន្ទ្រាន​ដី​ព្រៃ​នៅ​កន្លែង​ផ្សេង​ទៀត។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«កាល​ណា​យើង​លើក​លែង​ទោស​ឲ្យ​ពួក​គាត់​ ខ្ញុំ​យល់​ឃើញ​ថា​ វា​ជា​ការ​លើក​ទឹក​ចិត្ត​ដោយ​ផ្ទាល់​ទៅ​ឲ្យ​ជន​ខិល​ខូច​ដទៃ​ទៀត​ ដែល​គាត់​អាច​ធ្វើ​សកម្ម​ភាព​បែប​នេះ​ នៅ​កន្លែង​ផ្សេងៗ ដែល​ជា​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​យើង»។​

លោក​បន្ត​ថា៖ ​«អ៊ីចឹង​បើ​សិន​ជា​រដ្ឋ​មិន​ដាក់​ទោស​ទណ្ឌ​ដល់​មន្រ្តី​ខិលខូច​ទេ​ខ្ញុំ​គិត​ថា​ ប្រជា​ពលរដ្ឋ​ និង​ក្រុម​សកម្ម​ជន​បរិស្ថាន​ប្រាកដ​ជា​មិន​សុខ​ចិត្ត ​ហើយ​ក៏​មិន​ពេញ​ចិត្ត​ទៅ​នឹង​ការ​សម្រេច​ទាំង​អស់​នេះ​ដែរ»។​

ចំណែក​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នក​ស្រី ​ចក់​ សុភាព ​មើល​ឃើញ​ថា​ ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ផ្ទុយ​គ្នា ​ខណៈ​ប្រជា​ពលរដ្ឋ​តែង​តែ​រង​ការ​ចោទ​ប្រកាន់​ផ្លូវ​ច្បាប់​ថា​ ​រំលោភ​បំពាន​ដី​សាធារណៈ ​ចំណែក​ឯ​មន្ត្រី​ធំៗ​ដែល​មាន​អំណាច​ធ្វើ​ខុស​ច្បាប់​គឺ​មិន​មាន​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​វិញ។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«តួ​យ៉ាង​នៅ​ពេល​ដែល​ប៉ះ​ពាល់​សហគមន៍​ដី​ធ្លី​ ដែល​ពួក​គាត់​បាន​កាន់​កាប់​ទីតាំង​ហ្នឹង​ទៅ​ហើយ ហើយ​គាត់​មិន​ទាន់​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ហ្នឹង ​ អាជ្ញាធរ​តែង​តែ​ចោទ​ថា​ បាន​រំលោភ​បំពាន​ដី​សាធារណៈ ​ឬ​ក៏​ដី​របស់​រដ្ឋ​ជា​ដើម។​ហើយ​អ្នក​ខ្លះ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ រង​បទ​ចោទ​ប្រកាន់​នានា ។​ ប៉ុន្តែ​នៅ​ពេល​ដែល​ករណី​ណា​ដែល​ពាក់​ព័ន្ធ​ជាមួយ​មន្ត្រី​មាន​អំណាច​ទៅ​វិញ​ កម្រ​ឃើញ​មាន​ការ​អនុវត្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់។ ​កន្លែង​នេះ​បង្ហាញ​អំពី​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ផ្ទុយ​គ្នា»។​

អ្នក​ស្រី ​ចក់ សុភាព​ បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឹង ​និង​ដាក់​ទោស​ទណ្ឌ​ឲ្យ​ធ្ងន់​ធ្ងរ​ដល់​មន្ត្រី​ណា​ដែល​បាន​បំពាន​ច្បាប់ ​និង​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ទាំង​នោះ។​

អ្នកស្រី​បន្ថែម​ថា៖ ​«ចំពោះ​មន្ត្រី​ទាំង​ឡាយ​ដែល​បាន​បំពាន​នោះ​ គួរ​តែ​មាន​ស្ថាន​ទម្ងន់​ទោស​ថែម​ទៅ​ទៀត ​មិន​មែន​ត្រឹម​តែ​មាន​ទោស​ដូច​ពលរដ្ឋ​សាមញ្ញ​ទេ ​ពីព្រោះ​ខ្លួន​មាន​តួនាទី»។​

លោក ​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល ​ថ្លែង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ មិន​គួរ​រិះ​គន់​លឿន​ពេក​ទេ​ ដោយ​សារ​ករណី​ទាំង​អស់​នេះ​ ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឡើយ។​ លោក​បន្ថែម​ថា ​អាច​នឹង​មាន​ទណ្ឌកម្ម​ផ្នែក​រដ្ឋបាល​លើ​មន្រ្តី​ដែល​ជាប់​ពាក់ព័ន្ធ​ផង​ដែរ។​

គួរ​បញ្ជាក់​ថា​ ដំណាក់​កាល​ចុះ​ត្រួត​ពិនិត្យ​ដំបូង​គិត​ត្រឹម​ថ្ងៃ​ទី១​ ខែ​ធ្នូ អាជ្ញាធរ​តាម​ខេត្ត​មួយ​ចំនួន​បាន​ដក​ហូត​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ដែល​រង​ការ​ទន្រ្ទាន​យ៉ាង​តិច​ចំនួន​១៥.០០០​ហិកតា។​

គួរ​បញ្ជាក់​ថា​ ​ដី​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប​ រួម​មាន​ខេត្ត​កំពង់ឆ្នាំង​ ពោធិ៍សាត់ ​ ​បាត់ដំបង បន្ទាយ​មានជ័យ​ សៀមរាប​ និង​កំពង់ធំ​ មាន​ចំនួន​ប្រមាណ​៦៥​ម៉ឺន​ហិកតា។ ​អាជ្ញាធរ​ខេត្ត​ត្រូវ​បាន​កំណត់​ភារកិច្ច ​កាតព្វ​កិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់គ្រង​ ការ​ការពារ​ និង​ការ​ថែ​រក្សា​ដែន​ព្រៃ​លិច​ទឹក​ ហើយ​ចំពោះ​ការ​បាត់​បង់​ដែន​ព្រៃ​លិច​ទឹក​ និង​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​នៃ​ខេត្ត​ណា ​គណៈអភិបាល​នៃ​ខេត្ត​នោះ​ ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​រដ្ឋាភិបាល។​

បើ​យោង​តាម​គេហ​ទំព័រ​របស់​អាជ្ញាធរ​ទន្លេសាប​ ​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ជា​ហេតុ​មួយ​ដែល​បណ្តាល​ឲ្យ​ដី ​និង​ល្បាប់​មួយ​ភាគ​ធំ​ ហូរ​ធ្លាក់​ចូល​ទៅ​បឹង​ទន្លេសាប​ ដែល​បណ្តាល​ឲ្យ​គោក​រាក់​ ​ប៉ះ​ពាល់​ដល់​កន្លែង​ស្តុក​ទឹក​នៅ​រដូវ​រស្សា ​និង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ធនធាន​ព្រៃ​លិច​ទឹក។ ​ហើយ​រដ្ឋបាល​ជលផល​បាន​វាយ​តម្លៃ​ថា​ ផ្ទៃ​ក្រឡា​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ​បាន​ថយ​ចុះ​ចំនួន​១៣% ​ពោល​ គឺ​កាល​ពី​ឆ្នាំ​២០០២ ​ព្រៃ​លិច​ទឹក ​មាន​ចំនួន​៧៩១.០០០​ហិកតា ​ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០០៥ ​ ព្រៃ​លិច​ទឹក​ នៅ​សល់​ត្រឹម​តែ​៦៨៨.១៧០​ហិកតា​ប៉ុណ្ណោះ៕

XS
SM
MD
LG