ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​លោក​ ​សម​ រង្ស៊ី៖​ ចលនា​សង្គ្រោះ​ជាតិ​នឹង​ជួយ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​មនសិការ​និង​ការ​បោះឆ្នោត​ត្រឹមត្រូវ​នៅ​កម្ពុជា


ក្នុង​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​​របស់​លោក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​បង្កើត​«ចលនា​សង្គ្រោះ​ជាតិ‍» ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​វត្ត​ខ្មែរ Brooklyn ក្នុង​បុរី​ញូវយ៉ក។ (ទំព័រ​ហ្វេសប៊ុក Sam Rainsy)
ក្នុង​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​​របស់​លោក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​បង្កើត​«ចលនា​សង្គ្រោះ​ជាតិ‍» ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​វត្ត​ខ្មែរ Brooklyn ក្នុង​បុរី​ញូវយ៉ក។ (ទំព័រ​ហ្វេសប៊ុក Sam Rainsy)

​ប៉ុន្តែ​អ្នកវិភាគ​និង​គណបក្ស​កាន់​អំណាច​ថា​ នេះ​គឺ​ជា​សញ្ញា​នៃ​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា។

លោក​ សម រង្ស៊ី​ មេ​ដឹកនាំ​ក្រុម​ជំទាស់​ ​ដែល​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ អះអាង​កាល​ពីថ្ងៃ​អាទិត្យ​ថា​ ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ថ្មី​គឺ​ដើម្បី​ជួយ​បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​និង​ធ្វើ​ឱ្យ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​មាន​ភាព​ត្រឹម​ត្រូវ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ការ​បង្កើត​ចលនា​ថ្មី​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ ​ជា​សញ្ញា​នៃ​ការ​ប្រេះឆា​របស់​ក្រុម​ជំទាស់​ទៅ​វិញ។​

ការ​លើក​ឡើង​របស់​លោក​ ​សម រង្ស៊ី​ ​គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ប្រកាស​បង្កើត​«ចលនា​សង្គ្រោះ​ជាតិ»​ កាល​ពី​ចុង​សប្តាហ៍​នេះ​ដើម្បី​ប្រមែ​ប្រមូល​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និង​គណបក្ស​សង្គ្រោះ​ជាតិក្រោយ​ការ​រំលាយ​គណបក្ស​នេះ​ ​កាលពីខែ​វិច្ឆិកា​កន្លង​ទៅ។

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់ចលនា​នេះ​ឱ្យ​ដឹង​ថា​ ​មន្រ្តី​ចំនួន​៩​រូប ជា​តំណាង​នៃ​ចលនា​នេះ។ ​មន្ត្រី​ទាំងនេះ ​រួម​មានអតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៦​រូប​ ​គឺ​លោក​ ​អេង ឆៃអ៊ាង​ ​ លោក​ ​សម រង្ស៊ី​ ​អ្នកស្រី​ ​មូរ សុខហួរ​ ​លោក​ តុ វ៉ាន់ចាន់​ ​លោក​ ​ទួន យក់ដា​ ​និង​អ្នកស្រី​ ​ជូឡុង សូមួរ៉ា​ ​ភរិយា​របស់​លោក​ ​សម រង្ស៊ី។​ ​ចំណែក​ឯ​មន្រ្តី​៣​រូប​ទៀត​ ​ជា​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ទទួល​ខុសត្រូវ​នៅ​ខាង​ក្រៅ​ប្រទេស​ ​រួម​មាន​លោក​ ​ជា គឹមលី​ ​លោក​ ​អ៊ុង រិទ្ធី​ ​និង​លោក​ ​គា រី។​

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោកនៅ​សហ​រដ្ឋ​អាមេរិក​ ​និង​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ ​លោក​ ​សម រង្ស៊ី​ ​អះអាង​ថា​ ចលនា​ថ្មី​នេះ​គឺ​ដើរ​ស្រប​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​បែក​ខ្ជះខ្ជាយ​ក្រោយ​ការ​រំលាយ​នោះ។​ ​លោក​បន្ត​ថា​ ចលនា​សង្គ្រោះ​ជាតិ​នេះ​នឹង​អាច​រលាយ​ដោយ​ខ្លួន​ឯង​ពេល​ដែល​លោក​ ​កឹម សុខា​ ​និង​ ​អ្នក​ទោស​មនសិការ​មួយ​ចំនួន​ រួមមាន​សកម្ម​ជន​សិទ្ធិ​ដីធ្លី​ បរិស្ថាន​ ​សកម្មជន​និង​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ដោះលែង។​

«តាម​រយៈ​ចលនា​នេះ​ អ្នក​ប្រជាធិបតេយ្យ​ អ្នក​ស្នេហាជាតិ​ អាច​ធ្វើការ​បាន​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​ ​ហើយ​យើង​មិន​បាច់​និយាយ​បន្ថែម​ទេ!​ បើ​មាន​ការ​បើក​ផ្លូវ​គឺ​បោះឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ។​ ​ដូច្នេះ​ត្រូវ​យល់​ឱ្យ​ច្បាស់! ​សូម​យល់​ឱ្យ​ច្បាស់​ថា​ ចលនា​នេះ​មិន​មាន​បំណង​ បំបែក​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។​ ម៉េច​ក៏​មាន​ចលនា​ផង​ ​មាន​គណបក្ស​ផង?​ ​ផ្ទុយ​ទៅ​វិញ​គឺ​ជួយ​គ្នា​ យោង​គ្នា។​ ក្នុង​ខណៈ​ដែល​គណបក្ស​មិន​អាច​ធ្វើ​អី​កើត​ ​ទាល់​តែ​មាន​ចលនា​ជួយ​គណបក្ស​ ​បើក​ផ្លូវ​ឱ្យ​គណ​បក្ស»។

តុលាការ​កំពូល​នៃ​ប្រទេសកម្ពុជា​ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ ​សម្រេច​ធ្វើ​ការ​រំលាយ​គណ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​និង​ហាម​ប្រាម​មិន​ឲ្យ​មន្ត្រី​សំខាន់​ និង​សមាជិក​គណ​បក្ស​នេះ​ចំនួន​១១៨​នាក់​ចូល​រួម​ក្នុង​សកម្មភាពនយោបាយ​ចំនួន​ប្រាំ​ឆ្នាំ​ ​ក្រោម​បទ​ចោទ​ទាក់​ទិន​នឹង​អំពើ​ក្បត់​ជាតិ។​ ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​នេះ​ ​ ​តំណាង​រាស្ត្រ​និង​មន្ត្រី​សំខាន់ៗរបស់​គណបក្ស​នេះ​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ ​ចំណែក​មួយ​ចំនួន​ទៀត​ ​នៅ​ក្នុង​ប្រទេស​ត្រូវ​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន។​

ក្នុង​វីដេអូ​ខ្លី​ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ ​ លោក​ សម រង្ស៊ី​ ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ក៏​បាន​បញ្ជាក់​ថា​ ចលនា​សង្គ្រោះ​ជាតិ​ ដែល​នឹង​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​នឹង​មាន​កម្លាំង​ខ្លាំង​ជាង​មុន​ ហើយ​អាច​ធ្វើ​អ្វី​ជា​ច្រើន​ដែល​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​មិន​អាច​ធ្វើ​បាន។​

«ចលនា​នេះ​យើង​អាច​ធ្វើ​សកម្មភាព​ខ្លាំង​ជាង​គណបក្ស​ទៀត។​ បើ​យើង​ធ្វើ​សកម្មភាព​ជា​គណបក្ស​ ឧបមា​ថា​ នៅ​ជា​គណបក្ស​ ​យើង​មិន​អាច​អំពាវនាវ​ឱ្យ​ប្រជា​រាស្ត្រ​ប៉ះបោរ ​ឱ្យ​ប្រជារាស្ត្រ​ងើប​ឈរ​ ឱ្យ​ប្រជារាស្ត្រ​ធ្វើ​បាតុកម្ម​ ឱ្យ​ប្រជារាស្ត្រ​ ប្រជា​ពល​រដ្ឋ ជា​ពិសេស​យើង​អាច​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ទេ។​ ​ឥឡូវ​បើ​នរណា​ហ៊ាន​អំពាវនាវ​អីចឹង​ ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ច្បាស់​ជា​គេ​រក​រឿង​ខ្លាំង​មែន​ទែន​ ​គឺ​គណបក្ស​មិន​អាច​ទេ! ​ហើយ​ជាពិសេស​អំពាវ​នាវ​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ឈរ​ខាង​ប្រជា​រាស្ត្រ​ កុំ​ឈរ​ខាង​ជន​ផ្តាច់ការ»។

យ៉ាងណាក៏ដោយ​ ​ការ​លើក​ឡើង​របស់​លោក​ ​សម រង្ស៊ី​ គឺ​ខុស​ពីការ​លើក​ឡើងរបស់​អ្នក​តំណាង​គណបក្ស​កាន់​អំណាចនិង​អ្នក​តាម​ដាន​សភាព​ការណ៍​នយោបាយ​នៅ​កម្ពុជា​ ដែល​យល់​ថា​ នេះ​ជា​សញ្ញា​មួយ​នៃ​ការ​ចាប់​ផ្តើម​បែក​បាក់​របស់​ក្រុម​ជំទាស់​ទៅ​វិញ។​

អ្នកនាំពាក្យ​នៃ​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​គឺ​លោក​ សុខ ឥសាន ថ្លែង​ប្រាប់​ ​VOA​ ​ថា​ គណបក្ស​កាន់​អំណាច​គឺ​គណបក្សប្រជាជន​កម្ពុជា​មិន​មាន​ក្តី​បារម្ភ​អ្វី​ចំពោះ​វោហាសាស្ត្ររបស់​លោក​ ​សម រង្ស៊ី​នោះទេ​ ​ហើយ​ដំណើរ​ការ​របស់​ចលនា​ថ្មី​នេះ​ដែល​លោក​ហៅ​ថា​ជា​«ឧទ្ទាម​ក្រៅ​ច្បាប់»​ គឺ​មាន​ត្រឹមតែ​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​ទេ។​ អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា​ ​ការ​បង្កើត​ចលនា​ថ្មី​នេះ​គឺ​អាច​នាំ​ដល់​ការ​ប្រេះឆា​ក្នុង​ក្រុម​អ្នក​ជំទាស់​ ដោយ​សារ ​សមាជិក​ និង​តំណាង​របស់​ចលនា​សង្គ្រោះ​ជាតិ​នេះមិន​បាន​បញ្ចូល​អ្នក​ដែល​ធ្លាប់​គាំទ្រ​លោក​ ​កឹម សុខា​ ​នោះ​ទេ។​

លោក​ ​សុខ ឥសាន​ ​អ្នក​នាំពាក្យ​នៃ​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​ថ្លែង​ថា៖​

«ឥឡូវ​នេះគឺ​តាម​សភាពការណ៍​ថ្មី​នេះ​គឺ​អ្នក​បង្កើត​ហ្នឹង​វា​ជា​អ្នក​និយម​គណបក្ស​ភ្លើង​ទៀន​ ​ហើយ​ដូច​ជា​កាស​ចោល​អ្នក​មក​ពី​សិទ្ធិ​មនុស្ស។​ អីចឹង​ទេ​ យើង​ឃើញ​ថា​ មាន​ការ​ខ្វែង​គំនិត​គ្នា។ ​អ្នក​បង្កើត​នោះ​គឺ​មាន​តែប្រាំ ​ប្រាំមួយ​នាក់​ប៉ុណ្ណោះ​ទេ​ សុទ្ធ​តែ​អ្នក​មក​ពី​ភ្លើង​ទៀន​និយម​ ហើយ​ចំណែក​អ្នក​ដែល​នៅ​សិទ្ធិ​មនុស្ស​និយម​ហ្នឹង​គឺ​មាន​សតិ​អាម្មណ៍​មិន​ចង់​ឱ្យ​មាន​ការ​បង្កើត​ក្រុម​ចលនា​ខុស​ច្បាប់​ ​ជា​ឧទ្ទាម​ក្រៅ​ច្បាប់នោះ​ទេ​ ​បាទ!»​

ដោយ​ឡែក​ ​លោក​បណ្ឌិត​ ​ឡៅ ម៉ុងហៃ​ ​អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ យល់​ថា​ ​ការ​បង្កើត​ចលនា​ថ្មី​នេះ​គឺ​ជា​ចំណុចផ្តើម​នៃ​ការ​បែកបាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ពី​«គណបក្ស​ ​ទៅ​ចលនា»​ ​ដែល​លោក​ថា ​មាន​កម្រិត​តូច​ជាង​មុន​ ​ហើយ​លោក​ក៏​មិន​បាន​ឃើញ​ការ​ចូល​រួម​របស់​តំណាង​ ឬ​អ្នក​គាំទ្រ​គណបក្ស​នេះ​នៅ​ក្នុង​ស្រុក​ផង​ដែរ។​

«ការ​ចាប់​ផ្តើម​នៃ​ទី​បញ្ចប់​នេះ​គណបក្ស​សង្គ្រោះ​ ដោយសារ​យើង​ឈប់​ប្រើប្រាស់​រចនាសម្ព័ន្ធ​នៃ​គណបក្ស​ក្នុង​ការ​ធ្វើ​សកម្មភាព​អ្វី​ផ្សេងៗ​ ​ហ្នឹង​ណា៎ ​បាទ!​ អីចឹង​ការ​រំលាយ​នោះ​គឺ​គ្រាន់តែ​រំលាយ​ក្នុង​ក្រ​ដាស់ ក៏​ប៉ុន្តែ​ចិត្តថ្លើម​អី​ មិន​ទាន់​រំលាយ​រចនា​សម្ព័ន្ធ ​ដែល​តាម​ចិត្ត​ថ្លើម​របស់​មនុស្ស​ហ្នឹង​គឺ​វា​កាន់​តែ​បាក់​បែក​បន្ត​ទៅ​ទៀត​ហើយ»។​

ទោះ​យ៉ាងណា​ក៏​ដោយ​ ​លោក​ ​ឡៅ ម៉ុងហៃ​ យល់​ថា​ ចលនា​ថ្មី​នេះ​នឹង​មិន​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​អ្វី​នោះ​ទេ​ចំពោះ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អាច​គ្រប់គ្រង​អំណាច​តទៅ​មុខ​ទៀត​ ​ហើយ​ស្ថានភាព​នយោបាយ​នឹង​អាច​អាក្រក់​ជាង​នេះ​ ប្រសិន​បើ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​២០១៨​ខាង​មុខ។​

«អាច​អីចឹង​ ក៏​ប៉ុន្តែ​ អត់​ដោះស្រាយ​បញ្ហា​ ​អត់​ដោះស្រាយ​ភាព​តានតឹង​ ឬ​ក៏​ស្ថាន​ការណ៍​អាក្រក់​ដូច​ស្ថាន​ភាព​សព្វថ្ងៃ​នោះ​ទេ​បាទ។​ បោះឆ្នោត​គឺ​បោះឆ្នោត​តែ​រៀបចំ​នៅ​ក្នុង​បរិយាកាស​សព្វថ្ងៃ​ បាទ!​ ដែល​មិន​មាន​លក្ខណៈ​ជួយ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​យុត្តិធម៌​នោះ​ទេ​គឺ​លទ្ធផល​បាន​មក​គឺ​អត់​បាន​ដោះស្រាយ​បញ្ហា​អី​ដដែល​គឺ​នៅ​តែ​ច្របូក​ច្របល់​ដដែល​ ប្រហែល​ជា​ពិបាក​ជាង​សព្វ​ថ្ងៃ​នេះ​ ប្រសិន​បើ​គេ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ»។​

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​គេ​មើល​ឃើញ​ថា​ ​ជា​ដៃ​គូ​ប្រជែង​ដ៏​ធំ​របស់​លោក ​ហ៊ុន សែន​ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​២០១៨​ ​ប្រទេស​កម្ពុជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំងៗ​ពី​មជ្ឈដ្ឋាន​អន្តរ​ជាតិ​ ​ដោយ​ការ​នេះ​ប្រាសចាក​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ។​ ​ភ្លាមៗ​នោះ​ដែរ​ ប្រទេស​ម្ចាស់​ជំនួយ​ធំៗ​មួយចំនួន​ពី​បស្ចិមប្រទេសបាន​សម្រេច​កាត់​ជំនួយ​ ​និង​ដាក់​វិធាន​ការ​នានា​លើ​មន្ត្រី​គណបក្ស​កាន់​អំណាច​ ​ហើយពួកគេ​ដាក់​ការ​សង្ស័យ​លើ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

បើ​ទោះ​ជា​យ៉ាង​នោះ​ក្តី​ គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​មិន​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ ឬ​រារែក​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ក្រុម​ជំទាស់​នោះ​ទេ។ ​ លើស​ពី​នេះ​ទៀត​ ​សម្ព័ន្ធមិត្ត​នៃ​គណបក្ស​កាន់​អំណាច​គឺ​ប្រទេស​ចិន​កុម្មុយនិស្ត​ និង​រុស្ស៊ី​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ខ្លួន​ថា ​នៅ​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ។

ស្រប​ពេល​ដែល​ចលនា​សង្គ្រោះ​ជាតិ​ថ្មី​នៅ​ឯ​បរទេស​ត្រូវ​បាន​បង្កើត​ឡើង​ ​លោក​ ​ហ៊ុន សែន​ មេ​គណបក្ស​កាន់​អំណាច​ បាន​បញ្ជាក់​សារ​ជា​ថ្មី​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​អះអាង​ថា​ លោក​ ​នឹង​នៅ​តែ​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​រយៈពេល​១០​ឆ្នាំ​ទៅ​មុខ​ទៀត​ គឺ​ដល់​ឆ្នាំ​២០២៨។​ លោក​ថា​ការ​ស្ថិត​ក្នុង​អំណាច​របស់​លោក​គឺ​ដើម្បី​ជួយ​ប្រជា​ជន​និង​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់៕

XS
SM
MD
LG