ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ដែល​ជាប់​ពន្ធនាគារ ​គឺ​លោក ​គឹម សុខ​​​អះអាង​ថា​ លោក​ត្រូវ​បាន​ឆ្មាំគុក​វាយដំ​ធ្វើ​បាប


រូបឯកសារ៖ លោក គឹម សុខ ដែលជាអ្នកវិភាគនយោបាយ និងសង្គម ចូលខ្លួនបំភ្លឺនៅឯតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ លោក គឹម សុខ ដែលជាអ្នកវិភាគនយោបាយ និងសង្គម ចូលខ្លួនបំភ្លឺនៅឯតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

អ្នក​វិភាគ​សង្គម​ ​លោក​ ​គឹម សុខ​ ​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​រឿង​ក្តីក្តាំ​ជា​មួយ​លោក​ ​ហ៊ុន សែន​ បាន​ត្អួញត្អែ​រប្រាប់​តុលាការ​កំពូល​នៅ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ឆ្មាំ​ពន្ធនាគារ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន។

អ្នក​វិភាគ​ដែល​កំពុង​ជាប់ពន្ធនាគារ គឺ​លោក​ ​គឹម សុខ​ ​នៅ​ថ្ងៃពុធ​នេះ បានអះអាង​ប្រាប់​ចៅ​ក្រម​ក្នុង​តុលាការ​កំពូល​ថា ​លោក​ត្រូវ​បាន​ឆ្មាំគុក​ព្រៃ​ស​វាយ​ដំ​ ទាត់ធាក់​ ​និង​មិន​អនុញ្ញត្ត​ឱ្យ​លោក​អាន​សៀវភៅ ​និង​សារ​ព័ត៌មានទេ។​ ​នេះ​បើ​យោង​តាម​មេធាវី​ ​និង​សារព័ត៌មាន​ក្នុង​ស្រុក។​

​លោក​ គឹម សុខ​ ​អ្នកវិភាគ​សង្គម​ ត្រូវ​បាន​តុលាការ​កំពូល​នាំ​ខ្លួនចូល​រួម​សវនាការ​ ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​ដែល​ក្រោយ​មក​តុលាការ​កំពូល​បាន​បដិសេធ​លើ​សំណើ​នៅ​ក្រោយ​ឃុំ​នោះ។​ ​ក្នុង​សវនាការ​ដែល​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ថត​សំឡេង​ឬ​ ​រូបភាព​ ​លោក​ ​គឹម សុខ​ ​បានត្អួញត្អែរ​ ​ប្រាប់​ចៅ​ក្រម​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ ​លោក​ត្រូវ​បាន​ឆ្មាំគុក​ ​ក្នុង​ពន្ធនាគារ​ព្រៃ​សវាយដំ​ ទាត់​ធាក់។

លោក​ ​គឹម សុខ​ ​ត្រូវ​បាន​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ​ ​VOD​ ​ស្រង់​សម្តី​ដើម​យ៉ាង​ដូច្នេះ៖

​«នៅ​ក្នុង​ពន្ធនាគារ​ ​គេ​មិន​អនុញ្ញាត​ឲ្យ​យក​ឯកសារ​ចូល។​ ​គេ​មិន​ឲ្យ​អាន​សៀវភៅ​ ​កាសែត​ ​ឬ ​កាន់ប៊ិច សរសេរ​អ្វី​ទេ។​ ​ពេល​នោះ​មន្ត្រី​ឈ្មោះ​ ​ណាត វណ្ណៈ​ ​និង​មន្ត្រីម្នាក់​ទៀត​បានធាក់​និងវាយខ្ញុំ»។​

​លោក​ ​ជួង ជូងី​ ​មេធាវីការ​ពារក្តី​របស់​លោក​ ​គឹម សុខ​បញ្ជាក់​ប្រាប់ VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​បើ​ទោះ​ជា​លោក​មិន​បាន​ចូល​រួម​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ក៏​ដោយ​ ​ក៏​ប៉ុន្តែ​លោក​បាន​ទទួល​ដំណឹង​ពីការ​វាយ​ដំ​កូន​ក្តីរបស់​លោក​ផង​ដែរ។​ ​មេធាវី​រូប​នេះ​ឱ្យ​ដឹង​ផង​ដែរ​ថា​ លោក​នឹង​ណាត់​ជួប​ជា​មួយ​កូន​ក្តី​លោក​ ​ក្នុង​ពន្ធនាគារ​នៅ​សប្តាហ៍ក្រោយ​ ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ។​

«ខ្ញុំ​ឮ​ខាង​ ​VOD​ ​ប្រាប់​ខ្ញុំ​ព្រឹក​មិញ​ហ្នឹង​ដែរ​ថា​ នៅ​ក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​ ​លោក​ ​គឹម សុខ​ ​លើក​ឡើង​ថា​ មាន​ការ​វាយដំ​គាត់។ អីចឹង​ខ្ញុំ​នឹង​ជួប​លោក​ ​គឹម សុខ​ ​នៅ​សប្តាហ៍​ក្រោយ​នេះ​ ដើម្បី​ពិភាក្សាជា​មួយ​គាត់​ ​លើ​បញ្ហា​នេះ​ ​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម៉េច?​ ​ប្រសិន​បើ​មាន​ការ​វ៉ៃតប់​មែន​ ​គឺ​អ្នក​ដែល​វាយ​តប់​ហ្នឹង​គឺ​ខុស​ហើយ!​ ​ខុស​ច្បាប់ណា៎​ ​ត្រូវ​មាន​ទោស»។​

​លោក​មេធាវី​ ​ជួង ជូងី​ ​បញ្ជាក់​បន្ថែម​ថា​ ​ពាក្យ​បណ្តឹង​មួយ​នឹង​អាច​ដាក់​ជូន​តុលាការ​ ​ក្រោយ​ពី​កិច្ច​ពិភាក្សា​ជា​មួយ​កូន​ក្តី​របស់​លោកចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដូច្នោះ។​

លោក​ ​នៅ មុន្នីជោត​ ​អ្នកនាំ​ពាក្យ​តុលាការ​កំពូល​ បញ្ជាក់​ប្រាប់​ ​VOA​ ​ថា​ ​តុលាការ​កំពូល​ពិត​ជា​បាន​បើក​សវនាការ​លើ​បណ្តឹង​សុំ​នៅក្រៅ​ឃុំ​របស់​លោក​ ​គឹម សុខ​ ​ពិត​មែន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ហើយ​តុលាការ​ក៏បាន​បដិសេធ​សំណើ​នោះ​ដែរ​ ​ក៏ប៉ុន្តែ​លោក​ថា​ លោក​មិន​បាន​ដឹង​អំពី​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើលោក​ ​គឹម សុខ​ ​ក្នុង​ពន្ធនាគារ​នោះ​ទេ។​

អ្នក​នាំ​ពាក្យ​តុលាការ​កំពូល​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«ហ្អូ!​ ​ចំពោះ​រឿង​ហ្នឹង​ខ្ញុំអត់​បាន​ដឹង​ទេ ​ ​ចំពោះ​ដំណើរ​ការ​នៅ​ក្នុង​អង្គ​សវនាការ។​ ​ពាក់ព័ន្ធ​ហ្នឹង​ដំណើរ​ការ​ក្នុង​សវនាការ​ហ្នឹងខ្ញុំ​អត់​បាន​ដឹង​ទេ​ បាទ!​ ​បាន​ដឹង​តែ​សេចក្តី​សម្រេច​តែ​ប៉ុណ្ណឹង»។​

​VOA​ ​មិន​អាច​ទំនាក់​ទំនង​មន្ត្រី​ពន្ធនាគារ​ព្រៃស​និង​អ្នក​នាំពាក្យ​នៃ​នាយក​ដ្ឋាន​ពន្ធនាគារ​គឺ​លោក​ សន កែវ​ ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

​លោកគឹម សុខ​ ​ដែល​គេ​ស្គាល់​ថា ​ធ្លាប់​និយាយ​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​នា​ពេល​កន្លង​មក​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំ​ពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ​១៨​ខែ​ ​លើ​រឿង​ក្តី​ក្តាំ​ដែល​លោកចោទ​ថា​ គណបក្ស​កាន់​អំណាច​របស់លោក​ ​ហ៊ុន សែន​ ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​អ្នកវិភាគដ៏​ល្បី​ល្បាញ​គឺ​លោក​ ​កែម ឡី។​ ​នៅ​ក្នុង​សវនាការ​ពេល​កន្លង​មក ​លោក​ ​គឹម សុខ​ក៏​ធ្លាប់​បាន​ស្នើឱ្យ​លោក​ ​ហ៊ុន សែន​ ​ចូល​ឆ្លើយ​តទល់​នឹង​លោក​នៅ​តុលាការ​ផង​ដែរ​ ​ក៏​ប៉ុន្តែ​ត្រូវ​បានមេធាវី​តំណាង​លោក​ ​ហ៊ុន សែន​ ​និង​តុលាការ​បដិសេធ៕

XS
SM
MD
LG