ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូនច្បង​របស់​លោក ហ៊ុន សែន ថ្លែង​ការពារ​ឪពុក​របស់​ខ្លួន​និង​គណបក្ស​កាន់អំណាច


រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី៥ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោក ហ៊ុន មាណែត នៅ​សប្តាហ៍​នេះ បាន​ថ្លែង​ការពារ​ស្នាដៃ​របស់​ឪពុក​ខ្លួន​នឹង​គណបក្ស​កាន់​អំណាច។ ​មេ​បញ្ជាកា​វ័យ​ក្មេង​រូប​នេះ​ក៏​បាន​អំពាវ​នាវ​ឱ្យ​កងទ័ព​ខ្មែរ​ការពារ​មិន​ឱ្យ​មាន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​ឪពុក​ខ្លួន។

លោក​ ​ហ៊ុន មាណែត​ ​កូន​ប្រុស​ច្បង​របស់នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ នៅ​សប្តាហ៍​នេះ​ បាន​ថ្លែង​កោត​សរសើរ​ពី​វីរភាព​របស់​ឪពុក​ខ្លួន យុទ្ធជន​កម្ពុជា​និង​គុណ​តម្លៃថ្ងៃ​៧មករា​ ​ព្រមទាំង​ស្នាដៃ​អភិវឌ្ឍន៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​មេ​បញ្ជាការ​វ័យ​ក្មេង​រូប​នេះ​ក៏​បាន​អំពាវ​នាវ​ឱ្យ​កងទ័ព​ខ្មែរ​និង​ពលរដ្ឋ​កម្ពុជា​ថែ​រក្សា​នូវ​គុណ​តម្លៃ ​រួមទាំង​សុខ​សន្តិភាព​ផង​ដែរ។

ការ​ថ្លែង​ដូច្នេះ​របស់​លោក​ ​ហ៊ុន មាណែត​ ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​តាំង​ពិព័រណ៍​សព្វាវុធ​របស់​កង​យោធពល​ខេមរភូមិន្ទ​ និង​ការ​ចាប់​ផ្តើម​ការ​ប្រកួត​កីឡា​កង​ទ័ព​ក្នុង​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

ឆ្លើយ​នឹង​សំណួរ​របស់​ក្រុម​អ្នក​សារ​ព័ត៌មាន​ទាក់​ទិន​នឹង​វីដេអូ​ឯក​សារ​ស្តីពី​ការ​រំដោះ​នៅ​ថ្ងៃ​៧​មករា​ លោកហ៊ុន មាណែត​ ​ថ្លែង​រំឭក​ពី​ស្នាដៃ​និង​វីរភាព​របស់​កងទ័ព​ខ្មែរ​ក្នុង​ការ​តស៊ូ​រំដោះ​ពល​រដ្ឋ​ខ្មែរ​ ​ដែល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក​ ​ហើយ​ត្រូវ​បាន​បង្ហាញ​តាមខ្សែ​វីដេអូ​ឯកសារ​ស្តីពី ​«ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ​ជាតិ»​ ​ដែល​ផលិត​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។​

កូន​ប្រុស​ច្បង​របស់​លោក​ ​ហ៊ុន សែន​ ​បាន​បន្ថែម​ថា៖​

«ទីពីរ​ ​គឺ​ឱ្យ​យើង​យល់​ថា​ តើ​សមិទ្ធផល​ ​ដែល​យើង​មាន​រាល់​ថ្ងៃ​នេះ​ ​ដែល​បង​ប្អូន​នៅ​ទីនេះ​ ​ឈរ​នៅ​ទី​នេះ​ ​សារ​ព័ត៌មាន​មាន​សិទ្ធិ​សេរីភាព​ ​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​ ​តាម​អាជីព​របស់​ខ្លួន​ តាម​ជំនាញ​របស់​ខ្លួន។​ ​យើង​រួមគ្នា​នៅ​ថ្ងៃ​នេះ​ ​គឺ​ដោយ​សារ​ការ​លះបង់​ ​ហ្នឹងគឺ​ដើម្បី​សុខសន្តិភាព​ និង​តម្លៃនៃ​សុខ​សន្តិភាព​ ហើយ​ទំរាំ​បាន​ដូច​ពេល​នេះ​ ​តើ​វា​លំបាក​ប៉ុណ្ណា​? ​ត្រូវ​ឆ្លងឆ្លង​កាត់​ការ​លះបង់​ប៉ុណ្ណា។​ អីចឹង​ដើម្បី​ឱ្យ​កង​យុទ្ធពល​ខេរមភូមិន្ទ​របស់​យើង​នាយ​ទានហ៊ាន​នាយ​ទាហា​នរង​ ​ជាពិសេស​នាយ​នាយ​ទានហាន​ ​នាយ​ទាហាន​រង​ជំនាន់​ថ្មី​ត្រូវ​ចង​ចាំ​និង​ការពារ​ឱ្យ​បាននូវ​តម្លៃនៃ​សុខ​សន្តិភាព​ ​និង​ការពារ​ឱ្យ​បាន​នូវសុខសន្តិភាព​ដែល​ទទួល​បាន​ដោយ​ការ​លំបាក​នឹង​លះបង់​ជា​ច្រើន​ដោយ​ថ្នាក់​ដឹក​នាំ​យើង​ និង​វីរជន​របស់​យើង»។​

​ខ្សែ​វីដេអូរ​ឯកសារ​ស្តីពី​ ​«ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះជាតិ»​ ​ដែល​មាន​រយៈ​ពេល​៩០​នាទី​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​ដែល​ស្និទ​និង​រដ្ឋា​ភិបាល​ ​ព្រម​ទាំង​តាម​ប្រព័ន្ធ​ Internet​ ​ផង​ដែរ​កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ​គឺ​នៅ​មុន​ខួប​នៃ​ថ្ងៃ​រំដោះ​៧មករា។​ ​ខ្សែ​ភាព​យន្ត​ឯកសារ​ដែល​បាន​ផលិត​ដោយ​ ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី បាន​និទាន​ពី​ដំណើរ​រឿង​របស់​លោក​ ​ហ៊ុន សែន​ ​ចាប់​តាំង​ពី​ការ​រត់​ភៀសខ្លួន​នៅ​ក្នុង​ឆ្នាំ​១៩៧៨​ ​សុំជំនួយ​ពី​ប្រទេស​វៀតណាម​ ​និង​ការ​តស៊ូ​នា​នា​ក្នុង​ការ​ករសាង​កម្លាំងទ័ព្ធ ​ដើម្បី​វាយ​កម្ទេស​ក្រុមខ្មែរ​ក្រហម។​

​ថ្ងៃ​៧មករា​ ​ត្រូវ​បាន​ប្រារព្វ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​ដោយ​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​ដោយ​រំឮក​ពី​ជ័យជំនះ​របស់​ក្រុម​ខ្លួន​លើ​ពួក​អាវខ្មៅ​ខ្មែរ​ក្រហម។​ ​ខណៈការ​បោះឆ្នោតជាតិ​ខែ​កក្កដា​ ឆ្នាំ២០១៨​ ​ខិតជិត​មក​ដល់​ ​ទិវា​ជ័យជំនះ​ ​៧​មករា​ឆ្នាំ​ត្រូវ​បាន​ធ្វើ​ឡើង​ធំ​ជាង​រាល់​ឆ្នាំ​ដោយ​មាន​ការ​ចូល​រួម​ពីយុវជន​និង​អ្នក​គាំទ្រ​បក្សកាន់​អំណាច​ជា​ច្រើន​ពាន់នាក់។

​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​សម រង្ស៊ី​ មេ​ដឹកនាំ​បក្ស​ប្រឆាំង​ដែល​និរទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​សរ​សេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លូន​កាល​ពី​សប្តាហ៍​មុន​ដោយ​ចាត់​ទុក​ថ្ងៃ៧​មករា​នេះ​ថា​ ​ជា «ឆាក​លោ្ខន»​ ​ដែល​វៀតណាម​រៀបចំ​លេប​យក​ទឹក​ដី​កម្ពុជា។​ ​លោក​ ​សម រង្ស៊ី​ ​បាន​កបស្រាយ​ថា​បើ​គ្មាន​ការ​គាំទ្រ​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ​១៩៧០​ ​នោះទេ​ ​ក៏​គ្មាន​របប​ខ្មែរ​ក្រហម​នោះ​ដែរ។​

រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)
រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

លោក​ ​សម រង្ស៊ី​ ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​គេច​ពី​បណ្តឹង​ជាច្រើន​របស់​រដ្ឋបាល​ក្រុង​ភ្នំពេញ​ បាន​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖

«យើងត្រូវចងចាំ​ជា​និច្ច​ថា​ ​យួន​បង្កប់​បាន​ញុះញង់​ ​ឲ្យ​ខ្មែរ​កាប់​សម្លាប់​ខ្មែរ​គ្នា​ឯង​ ​ក្រោម​របប​ខ្មែរ​ក្រហម​ ​(១៩៧៥-១៩៧៩)។​ ​មកដល់​ពេល​នេះ​ទៀត​ ​(ឆ្នាំ ២០១៨)​ ​ពួក​អ្នក​បម្រើ​ផលប្រយោជន៍​បរ​ទេស​ឈ្លានពាន​ ​ក៏​នៅ​តែ​ធ្វើបាប​និង​រករឿងខ្មែរគ្នាឯង​ ​ឥត​ឈប់​ឈរ​ ​(រហូត​ដល់​លួច​សម្លា​ប់​ ​ឬ​តាម​ចាប់​ដាក់​គុក​អ្នក​ស្នេហាជាតិ)​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​ ​បែក​បាក់​ ​ហើយ​កាន់​តែ​ទន់​ខ្សោយ​ ​ក្នុង​គោល​បំណង​រក្សាអាណា​និគមនិយម​ប្រទេស​វៀតណាម​ ​មក​លើ​ប្រទេស​កម្ពុជា​ ​និង​រក្សា​អំណាច​ពួក​ជន​ក្បត់​ជាតិ»។​

​ក៏ប៉ុន្តែ​ ​នៅក្នុង​ពិធីតាំង​ពិពណ៌​សព្វាវុធ​របស់​កង​ទ័ព្ធ​ខ្មែរនៅថ្ងៃ​ព្រហសប្បតិ៍​ ​លោក​ ​ហ៊ុន មាណែត​ ​ក៏​បាន​ថ្លែងការពាររដ្ឋាភិបាលរបសឪពុកខ្លួន​ ​ដោយ​បង្ហាញ​ពី​ផលវិបាក​នៃ​បដិវត្តន៍​ពណ៌​ដែល​កើត​ឡើង​ក្នុង​ប្រទេស​មួយចំនួន​នៅក្នុង​មជ្ឈឹមបូពា៌ដែល​រង​គ្រោះ​ដោយ​បញ្ហា​នេះ។​ ​ស្រដៀង​និង​លោក​ ​ហ៊ុន សែន​ ​និង​ថ្នាក់​ដឹកនាំ​បក្សកាន់​អំណាច​ធំៗ​ ​មួយ​ចំនួន​ ​លោក​ ​ហ៊ុន មាណែត​ អះអាង​ថា​កងទ័ព​កម្ពុជា​និង​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​កម្ពុជា​និង​មិន​អនុញ្ញាត​ឱ្យ​មាន​បដិវត្តន៍​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។​

​មេបញ្ជាការង​នៃ​កង​ទ័ព្ធ​ខ្មែរ​រូប​នេះ​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«បដិវត្តន៍​ពណ៌គឺ​ជា​សកម្មភាព​មួយក្នុង​ការ​ប្រមូល​ផ្តុំញុះញង់​ ​នៅ​ក្នុង​ការ​ប្រមូល​បញ្ឆេះ​មហាជន​ នៅ​ក្នុង​ការ​ដណ្តើម​នូវ​អំណាច​ដែល​ខុស​ពី​ ​គោលការណ៍​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​គឺ​ការបោះឆ្នោត។​ ​អីចឹង​គឺ​ការញុះញង់​បែប​នេះ​ ដែល​ប្រព្រឹត្ត​ទៅ​តាម​មធ្យោបាយ​ខុស​ច្បាប់​ ​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ​ និង​ខុស​នឹង​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​កង​យោធពល​ខេមរភូមិន្ទ​គឺ​ប្តេជ្ញា​មិន​ឱ្យ​កើត​មាន​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា​នោះ​ទេ​ ព្រោះ​វា​អាច​ឱ្យ​មាន​ គេថា​ ​ការ​បែកបាក់​សាមគ្គី​ផ្ទៃ​ក្នុង​ជាតិ​របស់​យើងការ​បំផ្លាញ​សុខ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ដែល​យើង​មាន​រាល់​ថ្ងៃ​ហ្នឹង»។​

ការ​លើក​ឡើង​របស់​លោក​ ​ហ៊ុន មាណែត ​ធ្វើ​ឡើង​មិន​បានប៉ុន្មាន​ខែ​ក្រោយ​ការ​បង្ក្រាប​ដ៏​ធ្ងន់ធរ​លើគណបក្សជំទាស់​ លើ​អ្នក​រិះ​គន់​រដ្ឋា​ភិបាលរបស់​លោក​ ​ហ៊ុន សែន​ ​និង​លើ​សារ​ព័ត៌មាន​មិន​ចំណុះ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា។​

តុលាការ​កំពូល​នៃ​ប្រទេសកម្ពុជា​ ​កាល​ពី​ខែវិច្ឆិកា​កន្លង​ទៅ​ ​បាន​សម្រេចរំលាយ​គណ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​គឺគណបក្ស​សង្គ្រោះ​ជាតិ​ និង​បានហាម​ប្រាម​មិន​ឲ្យ​សមាជិក​គណបក្ស​នោះ​ចំនួន​១១៨​នាក់​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ចំនួន​ប្រាំ​ឆ្នាំ​ ​ក្រោម​បទចោទ​ទាក់ទិន​នឹង​អំពើ​ក្បត់ជាតិ។​ ​ការ​រំលាយ​គណបក្ស​ជំទាស់​ដែល​គេ​មើល​ឃើញ​ថា​ ជា​ដៃ​គូ​ប្រជែង​ដ៏​ធំ​របស់​លោក​ ​ហ៊ុន សែន​ ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​២០១៨​នោះ​ ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរ​ជាតិ​ ​ដោយ​ការ​នេះ​ប្រាសចាក​ពី​គោល​ការណ៍​ប្រជា​ធិបតេយ្យ។​

ភ្លាមៗ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​ ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​ទៅ​ ​ប្រទេស​ម្ចាស់​ជំនួយ​ធំៗ​មួយចំនួន​ពី​បស្ចឹម​ប្រទេសបាន​សម្រេច​កាត់​ជំនួយ​ និង​ដាក់​វិធាន​ការ​នានា​លើ​មន្ត្រី​គណបក្ស​កាន់​អំណាច​ ​ហើយពួក​គេ​ដាក់​ការ​សង្ស័យ​លើ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG