ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង ប្រកាស​បង្កើត​ចលនា​សង្រ្គោះជាតិ


(រូបឯកសារ)រូបថត​ទាញ​ចេញ​វីដេអូ​​មួយ​មាន​រយៈពេល​៥​នាទី​ ​ដែល​ត្រូវ​បាន​​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម រង្ស៊ី​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ ​ដោយ​មាន​លោក​ ​សម រង្ស៊ី​ ​អង្គុយ​ជាមួយ​ក្រុម​តំណាង​រាស្រ្ត​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោ

កាល​ពី​ថ្ងៃ​សុក្រ អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស រួម​មាន​លោក សម រង្ស៊ី ផង​ដែរ បាន​ប្រកាស​បង្កើត​ចលនា​សង្រ្គោះជាតិ​មួយ។ មិន​ទាន់​មាន​ការ​បញ្ជាក់​ថា ចលនា​នេះ​នឹង​អាច​ក្លាយ​ជា​គណបក្ស​ថ្មី​មួយ ដើម្បី​ចូលរួមការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ទេ។

អតីត​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល បាន​ប្រកាស​បង្កើត​ចលនា​សង្រ្គោះជាតិ​(Cambodia National Rescue Movement) ក្នុង​គោល​បំណង​ស្តារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃ​ទី​១២ ខែ​មករា​ ឆ្នាំ២០១៨ ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​នោះ ថ្នាក់​ដឹកនាំ​សមាជិក​ និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ បាន​បញ្ជាក់​ថា ពួកគេ​ជឿជាក់​ថា ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ មិន​អាច​ទទួល​យក​បាន​ឡើយ។ ដូច្នេះ​ហើយ​ទើប​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស កំពុង​បង្កើត​ចលនា​សង្រ្គោះជាតិ ដែល​ពួកគេ​ថា ចលនា​នេះ​នឹង​ធានា​ឲ្យ​មាន​ការ​ឯកភាព​នៃ​គ្រប់​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា និង​«អ្នក​ទោស​មនសិការ​ទាំង​អស់» ព្រមទាំង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។

បើ​តាម​សេចក្តី​ថ្លែងការណ៍ មន្រ្តី​ចំនួន​៩​រូប ​មាន​ឈ្មោះ​តំណាង​នៃ​ចលនា​ ក្នុង​នោះ​មាន​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ចំនួន​៦​រូប​ ​រួម​មានលោក អេង ឆៃអ៊ាង លោក សម រង្ស៊ី* អ្នកស្រី មូរ សុខហួរ លោក តុ វ៉ាន់ចាន់ លោក ទួន យក់ដា និង​អ្នកស្រី ជូឡុង សូមួរ៉ា ភរិយា​របស់​លោក សម រង្ស៊ី។ ចំណែក​មន្រ្តី​៣​រូប​ទៀត ជា​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ដែល​ទទួល​ខុសត្រូវ​នៅ​ខាង​ក្រៅ​ប្រទេស រួម​មាន​លោក ជា គឹមលី លោក អ៊ុង រិទ្ធី និង​លោក គា រី។

មន្រ្តី​ទាំង​៩​រូប​នោះ បាន​បញ្ជាក់​ឲ្យ​សាធារណជន​រង់ចាំ​ព័ត៌មាន​បន្ថែម​អំពី​ចលនា​នេះ។

អ្នកស្រី មូរ សុខ​ហួរ ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស បាន​បដិសេធ​អត្ថាធិប្បាយ​ ដោយ​បង្វែរ​សំណួរ​ទៅ​លោក គា រី ដែល​ជា​អ្នក​នាំពាក្យ​ចលនា​នេះ។ VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តបពី​លោក គា រី បាន​នៅ​ឡើយ​ទេ។

លោក​ ប៉ុល ហំម​ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស និង​មាន​អតីត​ភាព​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​សៅរ៍​ថា លោក​មិន​បាន​ដឹង​អំពី​ចលនា​នេះ​ទេ ដោយសារ​លោក​ស្នាក់​នៅ​ក្នុង​ប្រទេស។ លោក​បន្ត​ថា លោក​ក៏​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ ដូច្នេះ​លោក​មិន​អាច​ចូលរួម​សកម្មភាព​នយោបាយ​បាន​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ទេ​អាហ្នឹង​វា​អញ្ចឹង​ហើយ គេ​អាច​យក​លេស​ គេ​ថា​ខ្ញុំ​មាន​ទំនាក់ទំនង​ធ្វើ​កិច្ចការ​អី បង្កើត​អី​ចឹងៗ អាហ្នឹង​គេ​យក​លេស​ហើយ ថា​ខ្ញុំ​ធ្វើ​ខុស​ច្បាប់ ខុស​ទម្លាប់អី។ អ្នក​នៅ​ក្រៅ​គេ ធ្វើ​អី​ ធ្វើ​ទៅ ប៉ុន​ខ្ញុំ​នៅ​ខាង​ក្នុង»។

លោក ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្រ្ត​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ​ដែរ​នោះ ហើយ​ធ្លាប់​ត្រូវ​បាន​លោក សម រង្ស៊ី ចោទ​ថា​«ក្បត់បក្ស» មាន​ប្រសាសន៍​ថា លោក​ក៏​មិន​បាន​ដឹង​អំពី​ចលនា​នេះ​ដែរ ដោយសារ​លោក​ស្នាក់​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​លោក​ចាត់​ទុក​ថា នេះ​ជា​សិទ្ធិ​របស់​មន្រ្តី​គណបក្ស​នៅ​ខាង​ក្រៅ​ប្រទេស។

លោក​មាន​ប្រសាសន៍​ថា៖ «ចំពោះ​បញ្ហា​នេះ ខ្ញុំ​ឃើញ​តែ​តាម​ទំព័រ​ហ្វេសប៊ុក​ដែរ​ណា។ រឿង​ទំនាក់ទំនង​អី​ទៀត ខ្ញុំ​មិន​បាន​ទទួល​ព័ត៌មាន​ទេ​បាទ។ ដោយ​សារតែ​ខ្ញុំ​រស់នៅ​ក្នុង​ប្រទេស ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា អ្វី​ដែល​អស់​លោក​នៅ​ខាង​ក្រៅ​ប្រទេស​គាត់​ធ្វើ គឺជា​សិទ្ធិ​សេរីភាព​របស់​គាត់។ ចំពោះ​ទស្សនៈ​ខ្ញុំ ខ្ញុំ​នៅ​តែ​ប្រកាន់​យក​គោល​ការណ៍​មួយ​ខ្មែរ​រួបរួមគ្នា»។

លោក ម៉ៅ មុនីវណ្ណ បាន​បន្ត​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ស្តី​អំពីចលនា​នេះ​ទេ ដូច្នេះ​លោក​មិន​ទាន់​អាច​សម្រេច​ចិត្ត​ថា អាច​ពិចារណា​ចូល​រួម​ឬ​យ៉ាងណា​នៅ​ពេល​ខាង​មុខ។

លោក ម៉ៅ មុនីវណ្ណ បាន​អះអាង​ថា លោកមិន​មាន​គម្រោង​បង្កើត​គណបក្ស​នយោបាយ​អ្វី​នោះ​ទេ ដោយសារ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​តែ​ស្ថិត​ក្នុង​បេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​បាន​បោះឆ្នោត​ឲ្យ។​

អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​មួយ​រូប​ទៀត លោក អ៊ូ ច័ន្ទរ័ត្ន ដែល​មាន​អតីតភាព​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស និង​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​ដែរ មាន​ប្រសាសន៍​ថា លោក អ៊ុង រិទ្ធី ដែល​ជាប្រធាន​គណបក្ស​សង្រ្គោះជាតិ​នៅ​សហរដ្ឋអាមេរិក និង​មាន​ឈ្មោះ​ក្នុង​ចលនា​នេះ បាន​ទាក់ទង​រូប​លោក​កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​ជូន​ដំណឹង​អំពី​ការ​បង្កើត​ចលនា​នេះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​មិន​ត្រូវ​បាន​សួរនាំឲ្យ​ចូល​ចលនា​នយោបាយ​ថ្មីនេះ​ទេ។

លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ មាន​ប្រសាសន៍​ថា គណបក្ស​មាន​ការ​ពិបាក​ក្នុង​ការ​ទាក់ទង​គ្នា​សុំ​យោបល់ ដោយសារ លោក កឹម សុខា កំពុង​ជាប់​ពន្ធនាគារ និង​មន្រ្តី​ជាង​១០០នាក់ ត្រូវ​បាន​កាត់សិទ្ធិ​នយោបាយ ដូច្នេះ​ហើយ​ទើប​សមាជិក​នៃ​ចលនា​ថ្មី​នេះ មាន​តែ​មន្រ្តី​ដែល​មាន​អតីត​ភាព​ជាមួយ​លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ពិបាក​ស្មាន ហើយ​ខ្ញុំ​ពិបាក​នឹង​បក​ស្រាយ។ ការពិត​ដោយសារ​ប្រហែល​ជា​ចលនា​នេះ ដឹកនាំ​ដោយ​ឯកឧត្តម សម រង្ស៊ី ហើយ​ប្រហែលជា​មិន​មាន​មតិ​មួយ​ចំនួន​មិន​ចូលរួម ឬ​ក៏​មាន​មតិ​មួយ​ចំនួន​មិន​ទាន់​ឯកភាព​ជាមួយ​ឯកឧត្តម សម រង្ស៊ី។ អញ្ចឹង​ហើយ​បាន​ប្រហែល​ជា​ឃើញ​តែ​មាន​មួយ​ចំហៀង មិនមាន​អតីត​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ហ្នឹង»។

លោក អ៊ូ ច័ន្ទរ័ត្ន បាន​បញ្ជាក់​ថា លោក​មិនទាន់យល់​ពី​ទិសដៅ​ច្បាស់​លាស់​នៃ​ចលនា​នេះ​ តែ​លោក​យល់​ថា មិន​ចាំបាច់​បង្កើត​គណបក្ស​ថ្មី​នោះ​ទេ ដោយសារ​មាន​គណបក្ស​ដែល​ជា​សម្ព័ន្ធ​គណបក្ស​សង្រ្គោះជាតិ គឺ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សិទ្ធិ​មនុស្ស។ លោក​បញ្ជាក់​ថា ដំណោះស្រាយ គឺ​ជា​ការ​ជជែក​គ្នា​រវាង​ខ្មែរ និង​ខ្មែរ។

VOA​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​លោក សុន ឆ័យ អតីត​តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ បាន​ទេ។

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ដោយ​ត្រូវ​ចោទ​ប្រកាន់​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។ លោក កឹម សុខា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​ ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​រំលាយ​កាល​ពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​ ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា គណបក្ស​ប្រឆាំង​នេះ មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។​ ​តុលាការ​កំពូល​ ក៏បាន​សម្រេច​កាត់​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​មួយ​នេះ ចំនួន​១១៨​រូប​ផង​ដែរ ដោយ​បាន​ហាមប្រាម​មិន​ឱ្យ​ពួកគេ​ ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ។​

កន្លងទៅ​ ​លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ផ្ដល់​យោបល់​ឲ្យ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​នៅ​ក្រៅ​បញ្ជី​បម្រាម​នយោបាយ ​បង្កើត​គណបក្ស​ថ្មី​ ​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា​ ​ខាងមុខ។​ ​ប៉ុន្តែ ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​តែ​ទាំង​អស់​ ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ។

មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ ថា​ចលនា​សង្រ្គោះជាតិ នឹង​អាច​ក្លាយ​ជា​គណបក្ស​នយោបាយ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគ​ច្រើន​ ​បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ ​ហើយ​ពួកគេ​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​ការទូត​ជា​បន្ត​បន្ទាប់​ ​ដើម្បី​ដាក់​គំនាប​មក​លើ​រដ្ឋាភិបាល​កម្ពុជា។​

VOA​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​កញ្ញា ​កឹម មនោវិទ្យា​ ​កូនស្រី​ច្បង​របស់​លោក​ ​កឹម សុខា​ ​និង​ជា​អគ្គ​នាយករង​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែង​តែ​ចេញ​មុខ​សកម្ម​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ដាក់​គំនាប​មក​រដ្ឋាភិបាល​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា មិន​អាច​មាន​ដំណោះស្រាយ​នយោបាយ​ខាង​មុខ​នោះ​ទេ។ លោក​ក៏​បាន​បញ្ជាក់​ថា នឹង​មិន​មាន​ការ​លើក​លែង​ទោស​លោក សម រង្ស៊ី និង​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ផ្សេង​ទៀត​ដែរ ខណៈលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​ហ៊ាន​ភ្នាល់​ថា លោក​នឹង​កាត់​ដៃ​ស្តាំ​របស់​លោក​ចោល បើ​សិន​ជា​លោក​ស្នើ​សុំ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី។

លោក​បាន​ថ្លែង​ប្រាប់VOA​ថា៖ «វា​ជាការ​ពិត​ហើយ នោះ​ជា​ការ​បញ្ជាក់​ថា វា​អត់​មាន ការ​កើត​ឡើង​ករណី​ហ្នឹង​ទេ វា​មាន​ពីរ តើ​លើក​លែង​ឲ្យ​សម រង្ស៊ី ហើយ​សុខ​ចិត្ត​កាត់​ដៃ​ម្ខាង​ចោល ឬ​មួយ​ក៏​យ៉ាង​ម៉េច? អាហ្នឹង​យើង​ប្រៀប​ធៀប​ទៅ មិន​ដែល​មាន​ឥស្សរជនណា អ្នក​ក្លាហាន​ណា​ទៅ​កាត់​ដៃ​ខ្លួន​ឯង​ចោល ដើម្បី​ផល​ប្រយោជន៍​គូ​ប្រកួត​ទេ»។ អ្នកនាំពាក្យ​រូប​នោះ ក៏​បាន​បញ្ជាក់​ថា គណបក្ស​សង្រ្គោះ​ជាតិ​មិន​អាច​រស់​វិញ​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ថា ខ្មោច​ដែល​ស្លាប់​ទៅ​ហើយ វា​អត់​មាន​អាច​រស់​ឡើង​វិញ​ទេ»៕

(សេចក្តីកែតម្រូវ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ មិនត្រូវបាន​កាត់​សិទ្ធិ​នយោបាយ៥ឆ្នាំ ដូចការចុះផ្សាយមុនទេ)

XS
SM
MD
LG