ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា​ថយ​ចុះ​នៅក្នុង​ប្រទេស​​ ​ក្រោយ​ការ​រឹត​បន្តឹង​សេរីភាព​ និង​សិទ្ធិ​មនុស្ស


ផ្ទាំង​អបអរ​ទិវា​៧ មករា ដែល​មាន​រូប​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស និង​ជា​ប្រធាន​រដ្ឋសភា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)​
ផ្ទាំង​អបអរ​ទិវា​៧ មករា ដែល​មាន​រូប​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស និង​ជា​ប្រធាន​រដ្ឋសភា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)​

ក្រោយ​ពេល​បាត់​បង់ប្រជាប្រិយភាព​ធ្ងន់ធ្ងរ​ក្នុង​ការ​បោះឆ្នោត​ពីរលើកចុង​ក្រោយ​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​បាន​ប្រារព្ធ​​ខួប​៣៩​ឆ្នាំ​នៃ​ថ្ងៃ​៧​មករា​ធំ​ជាង​ឆ្នាំ​មុនៗ ​ស្រប​ពេល​ប្រតិកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា​ថយ​ចុះ​នៅ​ក្នុង​ប្រទេស​​ ​ដោយសារ​មាន​ការ​រឹត​បន្តឹង​សេរីភាព​ សិទ្ធិ​មនុស្ស។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​បាន​ប្រារព្ធខួប​៣៩​ឆ្នាំ​នៃ​ថ្ងៃ​៧​មករា នៅ​រមនីយរដ្ឋាន​កោះពេជ្យ​ ព្រោះ​មាន​អ្នក​ចូលរួម​ដល់​ទៅ​៥​ម៉ឺន​នាក់​គឺ​មាន​ចំនួន​៥ដង​ច្រើន​ជាង​កម្មវិធី​រាល់​ឆ្នាំ ​ហើយ​មិនអាច​ធ្វើនៅ​ធ្វើ​នៅ​ទីស្កាក់ការ​កណ្តាល​របស់​គណបក្ស​នៅ​ខណ្ឌ​ចំការ​មន​ដែល​មាន​ទីធ្លា​តូច។​ នេះបើ​យោង​តាម​លោក ​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា។ ​

ជាធម្មតា​ការ​អបអរសាទរ​ថ្ងៃ​៧​មករា​នេះ​ច្រើន​ប្រឈម​នឹង​ការ​រិះគន់​ថា​ ជា​ថ្ងៃ​វៀតណាម​ឈ្លាន​ពាន​ប្រទេស​កម្ពុជា។ ​ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ​ការ​រិះគន់​ថ្ងៃ​៧​មករា​នេះ​មាន​ភាព​ស្ងប់ស្ងាត់​ក្រោយ​ពី​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ​បិទ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ ចាប់​អ្នក​នយោបាយ​ប្រឆាំង​ដាក់​ពន្ធនាគារ គាប​សង្កត់​សង្គមស៊ីវិល​ដែល​ធ្វើការ​ខាង​ពង្រឹង​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ​ និង​បិទ​សិទ្ធិ​សេរីភាព​ជាទូទៅ។​

ខិត្តប័ណ្ណ​អំពី​មហាបាតុកម្ម​មិន​ទទួល​ស្គាល់​ថ្ងៃ៧មករា ដែល​ធ្វើ​ឡើង​នៅ​ឧទ្យាន MacArthur Park ​រដ្ឋ ​California ​ស.រ.អា។ (រូបថត​ផ្តល់​ឲ្យ)
ខិត្តប័ណ្ណ​អំពី​មហាបាតុកម្ម​មិន​ទទួល​ស្គាល់​ថ្ងៃ៧មករា ដែល​ធ្វើ​ឡើង​នៅ​ឧទ្យាន MacArthur Park ​រដ្ឋ ​California ​ស.រ.អា។ (រូបថត​ផ្តល់​ឲ្យ)

ទោះជាយ៉ាងណាក៏ដោយ ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា​មានធ្វើ​នៅ​ក្រៅ​ប្រទេស​ដូចជា​នៅ​ឧទ្យាន MacArthur Park ​រដ្ឋ ​California ​ស.រ.អា.​មាន​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​ថ្ងៃ​៧​មករា និង​ទាមទារ​ឲ្យដោះលែង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​នឹង​បាតុកម្ម​នៅ​រដ្ឋវ៉ាស៊ីន​តោន​នៅ​ថ្ងៃ​អាទិត្យ។

ការ​ពង្រីក​ទំហំ​ពិធី​បុណ្យ​៧​មករា​របស់​គណបក្ស​កាន់​អំណាច​នេះ​ធ្វើឡើង​ ក្រោយ​ពេល​គណបក្សនេះ​បាត់​បង់​ប្រជា​ប្រិយភាព​ធ្ងន់ធ្ងរ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​និង​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០១៧​កន្លង​មក​នេះ។​ ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​មតិ​ជាច្រើន​យល់​ថា ​ធ្វើឡើង​ដោយសារ​គណបក្ស​កាន់​អំណាច​នេះ​ខ្លាច​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។ ​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាលរបស់​គណបក្ស​កាន់​អំណាច​អះអាង​ថា ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ខុស​ច្បាប់​ហើយ​ត្រូវ​បង្កើត​គណបក្ស​ថ្មី​ដើម្បី​ប្រកួត​ប្រជែង​ការ​បោះឆ្នោត។​

លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​បាន​និយាយ​ថា​ ការ​បង្កើត​គណបក្ស​ថ្មី​គ្រាន់តែ​ជាការ​កំដរ​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។​ នៅ​ពេល​គណបក្ស​ថ្មីនេះ​មាន​ប្រជា​ប្រិយ​ភាព​ នោះ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​នឹង​រក​លេស​រំលាយ​ ដូច​គណបក្ស​សង្គ្រោះ​ជាតិ៕

XS
SM
MD
LG