គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា ឬ គ.ជ.ប.នៅថ្ងៃច័ន្ទនេះ បានកំណត់លំដាប់លេខរៀងជាផ្លូវការសម្រាប់គណបក្សនយោបាយ និងកំណត់អាសនៈព្រឹទ្ធសភានៅតាមភូមិភាគនានាទូទាំងប្រទេស ដើម្បីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅខែកុម្ភៈខាងមុខ។
ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំនេះនឹងមានគណបក្សនយោបាយចំនួន៤ចូលរួមគឺគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច និងគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជាដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ពីការបែងចែកអាសនៈទំនេររបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ។
សេចក្តីសម្រេចរបស់គ.ជ.ប. ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ ឱ្យដឹងថា ក្រោយការចាប់យកលេខរៀងសម្រាប់ឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាខាងមុខដោយមានការចូលរួមពីសម្តេចសង្ឃរាជទាំងពីរគណៈនោះ គ.ជ.ប.បានកំណត់យកលេខរៀងទី១ឲ្យទៅគណបក្សប្រជាជនកម្ពុជា លេខរៀងទីពីរបានទៅគណបក្សយុវជនកម្ពុជា លេខរៀងទី៣បានទៅគណបក្សខ្មែររួបរួមជាតិ និងលេខរៀងទី៤គឺគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប. ត្រូវបានគេស្រង់សម្តីដើមក្នុងសេចក្តីប្រកាសព័ត៌មានថា៖«ការកំណត់លេខរៀងគណបក្សនយោបាយនីមួយៗលើសន្លឹកឆ្នោតនឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយដែលគាត់ស្រឡាញ់ពេញចិត្ត»។
ប្រធានគ.ជ.ប.ដែលមកពីគណបក្សកាន់អំណាចរូបនេះបញ្ជាក់បន្ថែមថា ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ឆ្នាំ២០១៨នេះមានការិយាល័យបោះឆ្នោត៣៣កន្លែងក្នុង៨ភូមិភាគ និងមានអង្គបោះឆ្នោតសរុបចំនួន១១.៦៩៦នាក់ ក្នុងនោះមានតំណាងរាស្ត្រចំនួន១២៣នាក់។
លោក ឌឹម សុវណ្ណារុំ សមាជិកនិងជាអ្នកនាំពាក្យគ.ជ.ប. បានប្រាប់ VOA នៅក្រោយការកំណត់លេខរៀងគណបក្សនយោបាយទាំងនោះយ៉ាងដូច្នេះ៖
«ទី១ បន្ទាប់ពីហ្នឹងមកគឺបោះសន្លឹកឆ្នោតទៅតាមលេខរៀងដែលបានជ្រើសរើកាលពីព្រឹកមិញ នឹងការងារបន្តណា៎។ ទីពីរគឺយើងបន្តដោះស្រាយពាក្យបណ្តឹងដែលទទួលបាននៅតាមខេត្តនានា ដែលគណបក្សបានដាក់ពាក្យបណ្តឹងមកកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹង នៅតាមខេត រាជធានី ហើយការងារផ្សេងទៀតយើងមានប្រតិទិនរបស់គ.ជ.ប.ណា៎»។
លោកឱ្យដឹងផងដែរថា គ.ជ.ប.គ្រោងចំណាយថវិកាប្រមាណជាង២លានដុល្លារអាមេរិក សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ។
ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០១៨នេះនឹងត្រូវបានធ្វើឡើងដោយមិនមានការចូលរួមពីគណបក្សជំទាស់ដ៏ធំគឺគណបក្សសង្គ្រោះជាតិនោះទេ។ គណបក្សសង្គ្រោះជាតិ ដែលទទួលបានការគាំទ្រពីប្រជារាស្ត្រខ្មែរជាង៤០ភាគរយកាលពីពេលបោះឆ្នោតកន្លងមកនេះ ត្រូវបានតុលាការកំពូលរំលាយចោលកាលពីខែវិច្ឆិកាកន្លងទៅ ស្របតាមបណ្តឹងរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ អាសនៈសភានិងអាសនៈឃុំ-សង្កាត់ដែលគណបក្សនេះទទួលបានពីពលរដ្ឋខ្មែរ ក៏ត្រូវបានបែងចែកឱ្យគណបក្សនយោបាយនានាដែលមិនទទួលបាន ឬទទួលបានការគាំទ្រតិចតួចបំផុត ពេលបោះឆ្នោតកន្លងមក។ អាសនៈឃុំសង្កាត់របស់គណបក្សសង្គ្រោះជិត៥០០អាសនៈត្រូវបែងចែកឱ្យគណបក្សនយោបាយចំនួន៦ ក្នុងនោះមាន២៣៩អាសនៈបានទៅគណបក្សហ៊្វុនស៊ិនប៉ិច ២០១អាសនៈបានទៅគណបក្សខ្មែររួបរួមជាតិ ១០អាសនៈបានទៅគណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជាបាន៣អាសនៈ និង៣អាសនៈផ្សេងទៀតបានទៅគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។ នេះបើតាមទិន្និន័យរបស់គ.ជ.ប.ដែល VOA បានទទួល។
លោក ពេជ្រ ស្រស់មេគណបក្សយុវជនកម្ពុជា ដែលទទួលបាន៣អាសនៈពីការបែងចែងកៅអីរបស់គណបក្សសង្គ្រោះជាតិ ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា គណបក្សរបស់លោកនិងបង្កើនការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនដល់អង្គបោះឆ្នោតទាំងអស់។ ក៏ប៉ុន្តែលោកថា គណបក្សរបស់លោកមិនសង្ឃឹមថា បានលទ្ធផលជាដុំកំភួនពីការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខនោះទេ ព្រោះអ្វីដែលគណបក្សរបស់លោកផ្តោតលើ គឺការបោះឆ្នោតជាតិខាងឯណោះទេ។
«ខ្ញុំសូមជំរាបឡើងវិញតាមរយៈអ្នកសារព័ត៌មានថា យើងឈរឈ្មោះព្រឹទ្ធសភា យើងអត់មាន focusing មានន័យថា យើងអត់គិតទៅលើការបានអាសនៈនៅព្រឹទ្ធសភាទេ! គ្រាន់តែយើងឈរឈ្នោះដើម្បីឱ្យឱកាសដល់អង្គបោះឆ្នោតយើងមានសិទ្ធិជ្រើសរើស ពីព្រោះយើងមានអង្គបោះឆ្នោតយើងរួចស្រេចហើយ បើយើងមិនឈរឈ្មោះនោះទេ អង្គបោះឆ្នោតយើងនឹងពិបាកចិត្តទៅបោះឆ្នោតឱ្យបក្សដទៃ ឬក៏អាចលក់ទៅឱ្យបក្សដទៃ»។
លោក មាស នី អ្នកវិភាគនិងឃ្លាំមើលការវិវត្តនយោបាយក្នុងប្រទេសកម្ពុជាប្រាប់ VOA ថា ការរៀបចំដំណើរការបោះឆ្នោតព្រឹទ្ធសភាខាងមុខ គឺគ្រាន់តែបង្គ្រប់កិច្ចទៅតាមនីតិវិធីនោះទេ ក្រោយពីការរំលាយគណបក្សជំទាស់ដែលរងការរិះគន់យ៉ាងខ្លាំងក្លានោះ។ លោកបញ្ជាក់បន្ថែមថា លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាគឺនាំឲ្យមានសំណួរមួយថា តើព្រឹទ្ធសភាកម្ពុជានិងដើរទៅរកឯកបក្សឬយ៉ាងណា?
«នេះបើយើងមើលទៅ វាគ្រាន់តែជាដំណើរការមួយដើម្បីបង្គ្រប់នីតិវិធីណា៎ ព្រោះយើងដឹងថា ការបោះឆ្នោតព្រឹទ្ធសភានឹងត្រូវធ្វើឡើងនៅពេលឆាប់ៗខាងមុខ បាទ! ហើយនៅពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនោះ យើងឃើញថា វាមានបញ្ហាចម្រូងចម្រាស ពីរឿងការទទួលស្គាល់ថា វាមិនគ្រប់លក្ខណៈសម្បត្តិនោះ តាំងពីនៅសភានោះបាទ!»
លោក មាស នី បញ្ជាក់បន្ថែមទៀតថា៖
«ចំណោទសួរមួយដែលយើងសួរថា តើការបោះឆ្នោតនៅព្រឹទ្ធសភាខាងមុខវាអាចទៅជាឯកបក្សទៀត? នេះបើយើងមើលទៅសំឡេងហ្នឹងគឺវានឹងមិនអាចទៅជាពហុបក្សបានទេ។ វាត្រូវទៅជាឯកបក្សទៀត។ លុះត្រាណាតែមានល្បែងណាមួយ ដែលនឹងត្រូវលេងនៅក្នុងពេលហ្នឹង ដើម្បីឱ្យបោះ ជួយបោះគ្នាទៅ ហើយឱ្យមានអាសនៈគណបក្សតូចៗផ្សេងទៀត នៅក្នុងនោះមួយ ឬពីរអាសនៈទៅបាទ។ ប៉ុន្តែប្រសិនបើគ្មានការគិតគូរអីទេនោះ! ខ្ញុំគិតថា វានឹងអាចក្លាយទៅជាឯកបក្សចៀសមិនរួចបាទ»។
ក្រោយការរំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិ ដែលមានការគាំទ្រជាង៤០ភាគរយ ពីពលរដ្ឋខ្មែរនោះ ប្រទេសកម្ពុជារងការរិះគន់យ៉ាងខ្លាំងៗ និងប្រឈមនឹងវិធានការមួយចំនួនពីបណ្តាប្រទេសនានាដែលនិយមលទ្ធិប្រជាធិបតេយ្យ ជាពិសេសពួកបស្ចិមប្រទេស ដែលមើលឃើញថា កម្ពុជាកំពុងដើរផ្ទុយពីគន្លងប្រជាធិបតេយ្យ។
ទោះយ៉ាងណាក៏ដោយ លោក ឌឹម សុវណ្ណារុំ សមាជិកនិងជាអ្នកនាំពាក្យគ.ជ.ប. បានថ្លែងការពារការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខថា គ.ជ.ប.គឺបានធ្វើតាមនីតិវិធីសុទ្ធសាធ ហើយស្ថាប័នគ.ជ.ប.មិនមែនជាស្ថាប័ននយោបាយនោះទេ។
«គ.ជ.ប.ជាស្ថាប័នច្បាប់ អីចឹងស្ថាប័ននេះធ្វើការទៅតាមច្បាប់ ហើយច្បាប់ស្តីពីការជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤ វិធាន និងនីតិវិធីគឺបានបែងចែករួចអស់ហើយ។ អីចឹង អ្វីៗយើងធ្វើទៅតាមហ្នឹង! គ.ជ.ប.មិនមែនជាស្ថាប័ននយោបាយនោះទេ។ អីចឹងអ្វីៗ យើងធ្វើកិច្ចការរបស់ខ្លួនទៅតាមច្បាប់»។
ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៨ខាងមុខ។ សមាជិកព្រឹទ្ធសភាថ្មីចំនួន៥៨រូប ក្នុងចំណោមសមាជិកទាំងអស់៦២រូប នឹងត្រូវជ្រើសរើសដោយការបោះឆ្នោតជាសម្ងាត់ ដោយ ក្រុមប្រឹក្សាឃុំសង្កាត់ដែលបានជ្រើសតាំងកាលពីការបោះឆ្នោតឆ្នាំ២០១៧កន្លងទៅ។ ឯសមាជិកព្រឹទ្ធសភា៤រូបផ្សេងទៀតនឹងត្រូវតែងតាំងដោយ ផ្ទាល់ពីព្រះមហាក្សត្រនិងរដ្ឋសភា៕