សម្តេចសង្ឃរ៉ូម៉ាំងកាតូលិកប៉ាប Francis បានយាងទៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងរ៉ូមកាលពីថ្ងៃសុក្រដើម្បីសម្តែងព្រះទ័យព្រួយបារម្ភផ្ទាល់របស់ព្រះអង្គចំពោះសង្គ្រាមនៅអ៊ុយក្រែន ដែលនេះជាព្រះកាយវិការដែលមិនធ្លាប់មានសម្តេចសង្ឃពីមុនៗបានធ្វើ។
សម្តេចសង្ឃកាតូលិកជាទូទៅ តែងទទួលជួបឯកអគ្គរដ្ឋទូតនិងប្រមុខរដ្ឋនៅក្នុងបុរីវ៉ាទីកង់តែម្តង។ ការណ៍ដែលសម្តេចប៉ាប Francis សម្រេចព្រះទ័យយាងចម្ងាយខ្លីទៅស្ថានទូតរុស្ស៊ីក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលនៅខាងក្រៅជញ្ជាំងបុរីវ៉ាទីកង់ ជាសញ្ញាបង្ហាញអារម្មណ៍ខ្លាំងក្លាចំពោះការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែន។
ក្រុមមន្ត្រីវ៉ាទីកង់ថ្លែងថា ពួកគេមិនដែលធ្លាប់ឮអំពីចំណាត់ការបែបនេះរបស់សម្តេចសង្ឃមុនៗទេ។
អ្នកនាំពាក្យបុរីវ៉ាទីកង់លោក Matteo Bruni បានបញ្ជាក់ថា សម្តេចប៉ាប Francis ចង់ «សម្តែងឱ្យជាក់ច្បាស់ពីការព្រួយបារម្ភផ្ទាល់របស់ព្រះអង្គចំពោះសង្គ្រាមនេះ»។ លោក Bruni បន្ថែមថា សម្តេចប៉ាប បានយាងទៅស្ថានទូតរុស្ស៊ីរយៈពេលប្រមាណជាងកន្លះម៉ោងតែប៉ុណ្ណោះ។
សម្តេចប៉ាប បានអំពាវនាវឱ្យមានការសន្ទនាគ្នាដើម្បីបញ្ចប់សង្គ្រាមនេះ ហើយព្រះអង្គ បានទទូចឱ្យអ្នកកាន់សាសនាទាំងឡាយ កំណត់យកថ្ងៃពុធសប្តាហ៍ក្រោយ គឺថ្ងៃទី២ ខែមីនា ជាថ្ងៃសម្រាប់តមអាហារ និងបួងសួងសុំសន្តិភាពសម្រាប់អ៊ុយក្រែន។
ក៏ប៉ុន្តែ សម្តេចប៉ាប មិនបានរិះគន់រុស្ស៊ីជាសាធារណៈទេ ដែលនេះទំនងជាដោយសារព្រះអង្គបារម្ភពីការខឹងសម្បារបស់វិហារគ្រិស្តសាសនានិកាយ Orthodox របស់រុស្ស៊ី ដែលជាក្រុមសាសនាដែលព្រះអង្គ កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយ៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា