ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា ការឈ្លានពាន​របស់​រុស្ស៊ី​អាច​«ធ្វើការ​​ប្រែ​ក្រឡាស់​បាន»


អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សាល​ក្រុមប្រឹក្សា​សន្តិសុខ ឯ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សាល​ក្រុមប្រឹក្សា​សន្តិសុខ ឯ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​ម្តង​ទៀត​កាល ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញដល់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឲ្យ​បញ្ឈប់​ការឈ្លានពាន​របស់​លោក​លើ​ប្រទេស​អ៊ុយក្រែន​ ហើយ​ដក​កងទ័ព​របស់​លោក​ចេញ​ពីអ៊ុយក្រែន។

លោក Guterres បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅឯ​ទីស្នាក់ការ​ធំ​របស់​អង្គការ​សហប្រជាជាតិ​ថា៖ «ការសម្រេច​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត នឹង​កំណត់​រូបរាង​របស់​ពិភពលោក​យើង​ ហើយ​នឹង​មាន​ផលប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់»។

លោក បាន​មាន​ប្រសាសន៍​ទៀត​ថា ការប្រើ​កម្លាំង​ដោយ​ប្រទេស​មួយ​ប្រឆាំងប្រទេស​មួយ​ផ្សេង​ទៀត​ ជា​ការរំលោភ​គោលការណ៍ដ៏​រឹងមាំ​របស់​អង្គការ​សហប្រជាជាតិ​ដែល​រដ្ឋ​ទាំង​អស់​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​ធម្មនុញ្ញ​នោះ។

លោក Guterres បាន​ថ្លែង​ទៀត​ថា ការ​វាយ​ប្រហារ​យោធា​នៅ​ពេល​បច្ចុប្បន្ន​នេះ ជា​ការខុស។

លោក​អគ្គ​លេខាធិការ បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ការវាយ​ប្រហារ​នោះ​ប្រឆាំង​នឹង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។ វា​ជា​ការមិន​អាច​ទទួល​យក​បាន។ ក៏ប៉ុន្តែ វា​ជា​ការណ៍​ដែលអាច​ធ្វើ​ការ​ប្រែ​ក្រឡាស់បាន។ ខ្ញុំ​សូម​ធ្វើ​ការអំពាវនាវ​ម្តង​ទៀត​នៅ​យប់​នេះ​ទៅ​កាន់​លោក​ប្រធានាធិបតី Putin ឲ្យ​បញ្ឈប់​កិច្ចប្រតិបត្តិការ​យោធា ហើយ​នាំ​កងទ័ព​ត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ»។

ការវាយ​ប្រហារ​ខាង​យោធា​របស់​រុស្ស៊ី បាន​ត្រូវ​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​និង​ថ្ងៃ​សុក្រ​នេះ​មិន​ត្រឹមតែ​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ នៅ​ក្នុង​ទីក្រុង​ផ្សេងៗ​ទៀត រួម​ទាំង​រដ្ឋធានី​កៀវ និង​ទីក្រុង Kharkiv, Kramatorsk, Odesa និង Mariupol ផង។

កងទ័ព​រុស្ស៊ី បាន​កាន់កាប់​រោងចក្រ​នុយក្លេអ៊ែរ Chernobyl។ កាលពី​ឆ្នាំ១៩៨៦ រោងចក្រ​នេះ​ជា​កន្លែង​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​បញ្ជូន​សារ​តាម Twitterថា សកម្មភាព​របស់​រុស្ស៊ី ជា «ការប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​អឺរ៉ុប​ទាំង​មូល»។


លោក Guterres បាន​មាន​ប្រសាសន៍​ទៀត​ថា ពិភពលោកនឹង​បាន​ដឹង​ពី​ចំនួន​មនុស្សបាត់បង់​ជីវិត ហើយ​លោកទទូច​ថា «យើង​ត្រូវការ​សន្តិភាព»។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បន្ត​ទៀត​ថា៖ «ដោយ​ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង យើងកំពុង​ឃើញ​រូបភាព​នៃ​ការ​ភ័យខ្លាច​នៅ​គ្រប់​ច្រកល្ហក​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ជន​ស្លូត​ត្រង់ ជានិច្ចកាល ខាតបង់​ដ៏​ខ្លាំង​បំផុត​ដោយសារ​បញ្ហា​នេះ»។

លោក Guterres បាន​ប្រកាស​ថា អង្គការ​សហប្រជាជាតិ នឹង​បញ្ចេញ​ថវិកា​គ្រា​អាសន្ន​ចំនួន ២០លាន​ដុល្លារ​ដើម្បី​ជួយ​បំពេញ​តម្រូវការ​មនុស្ស​ធម៌​នៅ​ក្នុងនិង​ជុំវិញ​ប្រទេស​អ៊ុយក្រែន។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក​ស្រី Linda Thomas-Greenfield បាន​ព្រមាន​នៅឯ​ជំនួប​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​សប្តាហ៍​នេះ​ថា ការឈ្លានពាន​នោះ អាច​បណ្តាល​ឲ្យ​មាន​វិបត្តិ​ជនភៀស​ខ្លួន​ដ៏​ធំមួយ ដែល​ធ្វើ​ឲ្យ​មនុស្ស​៥លាន​នាក់​រត់​គេចេញ​ពី​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG