ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាល្លឺម៉ង់ ស្នើ​ផ្តល់​កងទ័ព ប្រព័ន្ធ​ការពារ​ដែន​អាកាស និង​នាវា​ចម្បាំង​ទៅ​ឲ្យ​អង្គការ​អូតង់


រូបឯកសារ៖ ទាហាន​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​អាល្លឺម៉ង់ Bundeswehr ស្តាប់​សុន្ទរកថា​របស់​អធិការបតី​អាល្លឺម៉ង់​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ទ័ព Bundeswehr ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣។
រូបឯកសារ៖ ទាហាន​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​អាល្លឺម៉ង់ Bundeswehr ស្តាប់​សុន្ទរកថា​របស់​អធិការបតី​អាល្លឺម៉ង់​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ទ័ព Bundeswehr ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣។

ប្រទេស​អាល្លឺម៉ង់ មាន​គម្រោង​ស្នើផ្តល់​កងទ័ព ប្រព័ន្ធ​ការពារ​ដែនអាកាស ​និង​នាវាចម្បាំង​ទៅ​ឲ្យ​អង្គការ​អូតង់​ដើម្បី​ពង្រឹង​តំបន់​អឺរ៉ុប​ខាង​កើត បន្ទាប់ពី​រុស្ស៊ីឈ្លានពានក្នុង​ប្រទេស​អ៊ុយក្រែន​មក។ នេះ ​បើតាម​ទស្សនាវដ្តី​អាល្លឺម៉ង់ Der Spiegel ដែល​បាន​រាយការណ៍នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​មិន​បានបញ្ជាក់ប្រភព​ដែល​ផ្តល់​ឲ្យ ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទស្សនាវដ្តី​នោះ បាន​ចុះ​ផ្សាយ​ថា អាល្លឺម៉ង់ អាច​បញ្ជូន​កងទ័ព​ជើងគោក​មួយ​កងអនុសេនាធំ​ ដែល​មាន​ទាហាន​ប្រមាណ ១៥០ នាក់​ និង​រថពាស​ដែក​មួយ​ចំនួន​ក្នុង​ពេលឆាប់ៗនេះ។ នេះ​ បើ​តាម​សំណើ​មួយ​ដែល​បាន​ដាក់​ជូនរដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​លោកស្រី Christine Lambrecht នោះ។

គេ​ នៅ​ពុំ​ទាន់​ឃើញ​មាន​ការ​បញ្ជាក់​ណា​មួយ​ភ្លាមៗពី​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​ជុំវិញបញ្ហា​នេះ​ទេ។

អាល្លឺម៉ង់​ ក៏​នឹង​អាច​មានគម្រោង​ស្នើ​ផ្តល់ប្រព័ន្ធកាំជ្រួច​មីស៊ីល "Patriot" ប្រឆាំង​នឹង​យន្តហោះ​ ហើយ​នឹង​នាវា​ចម្បាំង។ នាវា​នោះ អាច​ត្រូវ​បាន​គេ​ដកចេញ​ពីទី​តាំង​បេសកម្មណា​មួយ​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។

រុស្ស៊ី ចាប់ផ្តើម​ឈ្លាន​ពាន​អ៊ុយក្រែនតាម​ផ្លូវ​គោក ផ្លូវ​អាកាស​ និង​ផ្លូវទឹក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បន្ទាប់​ពី​ការប្រកាស​សង្គ្រាម​ដោយប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin។ មនុស្ស​ប្រមាណ​ ១ សែន​នាក់​ ត្រូវ​បានរត់គេច​ខ្លួន​នៅ​ពេល​ដែល​មានការផ្ទុះ ​និងការបាញ់ផ្លោងគ្រាប់​រ៉ុកក្កែត​ដាក់​ទីក្រុង​សំខាន់ៗ​របស់​អ៊ុយក្រែន។ មនុស្ស​រាប់​សិប​នាក់​ ត្រូវបាន​រាយការណ៍ថា បាន​ស្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​នេះ។

សហរដ្ឋ​អាមេរិក​ និង​សមាជិក​អង្គការ​អូតង់​ផ្សេងៗ​ទៀត បាន​បញ្ជូនជំនួយ​យោធា​ទៅ​ឲ្យ​អ៊ុយក្រែន ក៏ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ពិចារណា​ពី​ការបញ្ជូន​កងទ័ពទៅកាន់អ៊ុយក្រែន​នៅ​ឡើយ​ទេ​ ដោយ​បារម្ភ​ថា អាច​នឹង​ធ្វើឲ្យជម្លោះ​នេះ​ ​រីក​កាន់តែ​ធំឡើង​ថែម​ទៀត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG