គេឮសំឡេងផ្ទុះជាច្រើននៅព្រឹកថ្ងៃសុក្រនេះនៅក្នុងរដ្ឋធានីកៀវដែលជាថ្ងៃទី២នៃការឈ្លានពានដ៏ពេញទំហឹងរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលជាប្រទេសជិតខាងរបស់ខ្លួន។
កាសែត The New York Times រាយការណ៍ថា ខ្លួនបានផ្ទៀងផ្ទាត់វីដេអូនៃការផ្ទុះជាច្រើនកន្លែងដែលបានបង្ហាញពីកម្ទេចបាក់បែកយ៉ាងច្រើននៅក្នុងរដ្ឋធានីកៀវ។ កាសែតនេះ ក៏បានរាយការណ៍ផងដែរពីវីដេអូដែលទំនងដូចជាការបាញ់កាំជ្រួចមីស៊ីលពីដីទៅអាកាសយ៉ាងតិចក៏២ដែរនៅជិតទីក្រុងកៀវមុនពេលដែលការផ្ទុះនោះ។
គេក៏បានឮសូរសំឡេងសារ៉ែនរោទ៍ផងដែរនៅក្នុងទីក្រុងLviv ភាគខាងលិចអ៊ុយក្រែនដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទេសប៉ូឡូញជាទីកន្លែងដែលស្ថានទូតបរទេសជាច្រើន បានរើទៅកាន់ទីនោះជាបណ្តោះអាសន្ន។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austinបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងទ័ពរុស្ស៊ីជាច្រើនដែលបានចូលក្នុងប្រទេសអ៊ុយក្រែនតាមច្រកព្រំដែនប្រទេសបេឡារុស បានរុលទៅមុខស្ថិតនៅចំងាយប្រមាន៣២គីឡូម៉ែត្រពីរដ្ឋធានីកៀវ។
នៅភាគខាងជើងប្រទេសអ៊ុយក្រែនវិញ កងទ័ពរុស្ស៊ី បានកាន់កាប់រោងចក្រថាមពល Chernobylកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymr Zelenskyy បាននិយាយថា «នេះជាការប្រកាសសង្គ្រាមប្រឆាំងនឹងអឺរ៉ុបទាំងមូល»។
Chernobyl ជាទីតាំងរោងចក្រអាវុធនុយក្លេអ៊ែរ ដែលធ្លាប់មានការផ្ទុះដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងអតីតកាលកន្លងមក។ ទីតាំងនេះនិងកន្លែងជុំវិញទីនោះ នៅពុំទាន់មានមនុស្សទៅរស់នៅនៅឡើយទេ ចាប់តាំងពីមានគ្រោះមហន្តរាយផ្ទុះកាលពីឆ្នាំ១៩៨៦មក។
ក្រុមបាតុករប្រឆាំងសង្គ្រាម បានធ្វើបាតុកម្មនៅទូទាំងប្រទេសរុស្ស៊ីដែលរួមមាននៅរដ្ឋធានីមូស្គូនិងទីក្រុង St. Peterburg ផងដែរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ពួកមន្រ្តីនិយាយថា មនុស្សយ៉ាងហោចណាស់ប្រមាណ១.៧០០នាក់ត្រូវបានចាប់ខ្លួន។ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតទលើរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ គឹប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។
លោកប្រធានាធិបតី Biden បាននិយាយនៅសេតវិមានបន្ទាប់ពីជំនួបតាមអនឡាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញជាមួយមេដឹកនាំក្រុមប្រទេស G-7 និងអង្គការអូតង់ថា៖ «ប្រធានាធិបតីរុស្ស៊ីលោក Valdimir Putin ជាអ្នកឈ្លានពាន។ លោក Putinបានជ្រើសរើសយកសង្គ្រាមនេះ ហើយឥឡូវនេះលោកនិងប្រទេសរបស់លោក នឹងទទួលរងផលវិបាក»។
សម្ពន្ធមិត្តអង្គការអូតង់ដែលរួមមានចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប ក៏បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីផងដែរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ទីផ្សារពិភពលោកភ្លាមៗដោយផ្សារភាគហ៊ុនធ្លាក់ចុះថ្លៃយ៉ាងខ្លាំង ហើយតម្លៃទំនិញប្រើប្រាស់នៅលើទីផ្សារបានហក់ឡើងខ្ពស់។ លោក Biden បានទទួលស្គាល់ថា ពលរដ្ឋអាមេរិកាំង នឹងឃើញការឡើងថ្លៃប្រេងឥន្ធនៈផងដែរ។
ទោះជាយ៉ាងនេះក្តី ក៏លោក Biden និយាយដែរថា៖ «ការឈ្លានពាននោះ នឹងមិនអាចគ្មានចម្លើយនោះទេ។ ពលរដ្ឋអាមេរិកកាំងងើបឈរការពារសេរីភាព។ នេះជាអត្តសញ្ញាណរបស់យើង»។
ទោះជាយ៉ាងណាក្តី លោក Biden បានបញ្ជាក់សារជាថ្មីថា កងទ័ពអាមេរិក នឹងពុំត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនឡើយ។ កងទ័ពអាមេរិក ត្រូវបានបញ្ជូនទៅកាន់ប្រទេសដែលជាសមាជិករបស់អង្គការអូតង់ដែលនៅជិតអ៊ុយក្រែនតែប៉ុណ្ណោះ។ លោកសន្យាថា កងទ័ពអាមេរិក នឹងធ្វើសកម្មភាពប្រយុទ្ធរួមគ្នាជាមួយសម្ពន្ធមិត្តអង្គការអូតង់ ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក Putin វាយប្រហារហួសពីទឹកដីអ៊ុយក្រែននិងឆ្លងចូលក្នុងទឹកដីរបស់ប្រទេសណាមួយដែលជាសមាជិករបស់អង្គការអូតង់ដែលមាន៣០ប្រទេសនោះ៕