លោក Kenneth Roth នាយកប្រតិបត្តិនៃអង្គការ Human Rights Watch និយាយថាលោកបារម្ភថាកងយោធារុស្ស៊ីនឹងប្រើជាថ្មីក្នុងប្រទេសអ៊ុយក្រែននូវយុទ្ធសាស្ត្រសង្គ្រាមដែលខ្លួនបានប្រើដើម្បីជួយរបបគ្រប់គ្រងស៊ីរីវាយយកមកវិញខេត្ត Idlib នាប៉ែកខាងជើងប្រទេស ដែលជាកន្លែងចុងក្រោយបង្អស់ត្រួតត្រាដោយក្រុមឧទ្ទាម។
លោកថ្លែងថាការសិក្សាដោយលម្អិតអំពីថាតើរុស្ស៊ីប្រយុទ្ធក្នុងសង្គ្រាមនោះបែបណា បានរកឃើញថាកងយន្តហោះចម្បាំងរុស្ស៊ីបានវាយប្រហារដោយចេតនាលើស្ថាប័នស៊ីវិល។ លោកពោលថាមន្ទីរពេទ្យ សាលារៀន ផ្សារនិងអគារស៊ីវិលត្រូវបានវាយប្រហារដោយបើកចំហ។
លោកថ្លែងថា៖ «យើងអាចប្រមូលឯកសារអំពីការវាយប្រហារបែបនេះចំនូន៤៣ករណី ដែលនៅទីកន្លែងទាំងនោះមិនមែនជាទីដៅយោធាទេ។ នោះជាការវាយប្រហារលើស្ថាប័នស៊ីវិល ដើម្បីកុំឱ្យមានមនុស្សរស់នៅទីនោះបានហើយធ្វើឱ្យមានការងាយស្រួលដល់កងយោធាស៊ីរីចូលទៅក្នុងទីនោះ...វាកាន់ច្បាស់លាស់ជាងនេះទៀតគឺថាការវាយប្រហារទាំងនោះជាកិច្ចប្រឹងប្រែងដោយចេតនា ដើម្បីធ្វើកុំឱ្យជនស៊ីវិលបីលាននាក់រស់នៅក្នុងក្រុង Idlib បាន»។
លោក Roth និយាយថាអ្វីដែលគួរកត់សម្គាល់នោះគឺរចនាសម្ពន្ធនៃចង្វាក់បញ្ជាការនៅពីក្រោយគោលនយោបាយខុសច្បាប់ ដោយចេតនារបស់រុស្សី។
លោកថ្លែងថា៖ «យើងបានរកឃើញថា លោក Putin បានទទួលខុសត្រូវលើបទបញ្ជា ហើយថាគាត់បានប្រគល់អ្វីដែលហៅថារង្វាន់វីរបុរសរុស្ស៊ីដល់មេបញ្ជាការពីរនាក់ដែលចាត់ចែងការទម្លាក់គ្រាប់បែក នៅក្នុងពេលដែលយើងរកឃើញថាការទម្លាក់គ្រាប់បែកទាំងនោះកំពុងបន្តទម្លាក់។ ដូច្នេះ ការព្រួយបារម្ភរបស់យើងគឺថាការណ៍នេះនឹងមានជាថ្មីនៅអ៊ុយក្រែន»។
លោក Roth ពោលថាត្រូវតែមានសម្ពាធខ្លាំងលើកងយោធារុស្ស៊ីកុំឱ្យធ្វើតាមយុទ្ធសាស្ត្រនៅពេលសង្គ្រាមនោះទៀត។ លោកកត់សម្គាល់ថា យុទ្ធនាការទម្លាក់គ្រាប់បែកឥតត្រាប្រណីនៅ Idlib បានបញ្ឈប់កាលពីខែមីនា២០២០នៅក្រោមសម្ពាធរួមគ្នាពីពួកមេដឹកនាំអាល្លឺម៉ង់ បារាំងនិងតួកគី។ លោកនិយាយថាសម្ពាធអន្តរជាតិលើលោក Putin នៅពេលនេះ ត្រូវតែមានតទៅទៀត៕
ប្រែសម្រួលដោយ ឈឹម សុមេធ
ក្រុមជនស៊ីវិលប្រថុយប្រថាននឹងគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងសង្គ្រាមរបស់លោក Putin ប្រឆាំងនឹងអ៊ុយក្រែន
- Lisa Schlein