ទស្សនៈរបស់ពលរដ្ឋអាមេរិកាំងចំពោះប្រទេសរុស្ស៊ីបានធ្លាក់ចុះដល់កម្រិតដែលមិនបានឃើញចាប់តាំងពីការដួលរលំសហភាពសូវៀតមក។ នេះបើតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះដោយមជ្ឈមណ្ឌលស្ទង់មតិ Gallup ដែលមានទីតាំងនៅសហរដ្ឋអាមេរិក។
ទិន្ន័យបានប្រាប់ឲ្យដឹងថា ពលរដ្ឋអាមេរិកាំងចំនួន៥២ភាគរយ មើលឃើញអំណាចយោធារុស្ស៊ីថា ជាការគំរាមកំហែងដោយផ្ទាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអា មេរិក ហើយថាពលរដ្ឋអាមេរិក១ភាគ៣ ចាត់ទុករុស្ស៊ីជាគូសត្រូវដ៏ខ្លាំងបំផុតរបស់សហរដ្ឋអាមេរិក ដោយមានន័យថា បានប្តូរប្រទេសកូរ៉េខាងជើងដែលស្ថិតនៅលើគេបំផុតនៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់អង្គការ Gallup ស្តីពីសត្រូវរបស់សហរដ្ឋអាមេរិក។
អង្គការស្ទង់មតិ Gallup នោះបានឲ្យដឹងទៀតថា ចំនួនភាគរយនៃពលរដ្ឋអាមេរិកាំងដែលមិនពេញចិត្តប្រទេសរុស្ស៊ីក៏បានកើនឡើងពីពិន្ទុ១ភាគរយទៅដល់៧៣នៅក្នុងការស្ទង់មតិកាលពីពេលថ្មីៗបំផុតនេះ។
ការរកឃើញនោះ កើតមានឡើងបន្ទាប់ពីការស្ទង់មតិកាលពីខែមករា ឆ្នាំ២០១៨ ដោយមជ្ឈមណ្ឌលឯករាជ្យ Levada ដែលមានទីតាំងនៅក្នុងទីក្រុងមូស្គូ បានបង្ហាញថា ពលរដ្ឋរុស្ស៊ីចំនួន២ភាគ៣ បានហៅសហរដ្ឋអាមេរិកជាសត្រូវដ៏សំខាន់របស់ខ្លួន។
លោក Pavel Sharikov ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់នៅឯវិទ្យាស្ថានសម្រាប់ការសិក្សាសហរដ្ឋអាមេរិកនិងកាណាដានៅឯបណ្ឌិត្យសភាវិទ្យាសាស្រ្តរុស្ស៊ី និយាយថា ទោះបីលទ្ធផលនៅពេលថ្មីបំផុតជាបុព្វហេតុនៃការព្រួយកង្វល់ ទស្សនវិស័យ ប្រហែលមិនអាប់អួរដូច្នេះទេ៕