ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ការ​ស្ទង់​មតិ​នៅ​រុស្ស៊ី​បង្ហាញ​ថា ការ​គាំទ្រ​ចំពោះ​លោក Stalin មាន​ការ​កើន​ឡើង


រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​បក្ស​កុម្មុយនិស្ត​រុស្ស៊ី កាន់​រូប​ថត​លោក Josef Stalin មេដឹកនាំ​សូវៀត ដើម្បី​រំឭក​ខួប​ទី​៧១​នៃ​ជ័យ​ជម្នះ​លើ​ប្រទេស​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើក​ទី២ នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាល​ពីខែ កញ្ញា ​ឆ្នាំ​២០១៧។

អ្នក​ប្រវត្តិសាស្ត្រ​បាន​យល់​ស្រប​គ្នា​ជារួម​ថា លោក Josef Stalin គឺ​ជា​ជន​ផ្តាច់​ការ​ដែល​បាន​សម្លាប់​និង​បំភិត​បំភ័យ​មនុស្ស​រាប់​លាន​នាក់ តាម​រយៈ​រដ្ឋ​មួយ​ដែល​គ្រប់​គ្រង​ដោយ​ប៉ូលិស​ពោរពេញ​ដោយ​ការ​គាប​សង្កត់។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ប្រជាពលរដ្ឋ​រុស្ស៊ី មាន​សញ្ញា​ខ្លះ​ដែល​បង្ហាញ​ថា មនុស្ស​ម្នា​ចាប់​ផ្ដើម​មើល​ឃើញ​លោក Stalinថា​ជា «មេដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាព» មួយ​រូប និង​ជា​និមិត្ត​រូប​នៃ​អំណាច​របស់​សូវៀត-រុស្ស៊ី។

បើ​យោង​តាម​ការ​ស្ទង់​មតិ​មួយ​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ស្ទង់​មតិ ​VTsIOM ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋ និង​ដែល​បាន​ចេញ​ផ្សាយ​លទ្ធផល​កាល​ពី​ថ្ងៃ​ទី ២០ ខែ​កក្កដា​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ថា៖ «ពលរដ្ឋ​រុស្ស៊ី​ជាង​ពាក់​កណ្ដាល ឬ​ស្មើ​នឹង ៦២ ភាគរយ យល់​ស្របជា​មួយ​នឹង​គំនិត​ដែល​ថា ផ្ទាំង​រំឭក​អំពី​លោក Stalin រូប​សំណាក​មួយ​កំណាត់​ខ្លួន​របស់​លោក និង​ផ្ទាំង​គំនូរ​នានា​ដែល​និយាយ​ពី​ភាព​ជោគជ័យ​របស់​លោក Stalin គួរ​តែ​ដាក់​តាំង​នៅ​ទី​សាធារណៈ។ ចំណែក​ឯ​ពលរដ្ឋ​ចំនួន ៦៥ ភាគ​រយ​មាន​គំនិត​ប្រឆាំង​នឹង​ការ​បង្កើត​និមិត្ត​សញ្ញា​ណា​ដែល​និយាយ​អំពី​ភាព​បរាជ័យ និង​ឧក្រិដ្ឋកម្ម​នានា​របស់​លោក Stalin»។

អ្នក​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​នេះ​ដែល​មាន​អាយុ​ចាប់​ពី ១៨ ដល់ ២៤ ឆ្នាំ ចំនួន ៧៧ ភាគរយ បាន​គាំទ្រ​ឲ្យ​មាន​ការ​សាងសង់​ស្តូប​រំឭក​ដល់​លោក Stalin ហើយ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ៦០ ឆ្នាំ​ឡើង​ទៅ​ចំនួន ៦៣ ភាគរយ ពេញចិត្ត​នឹង​ការ​សាងសង់​ទី​រំឭក​ដល់​លោក Stalin បែប​នេះ។

អ្នក​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​ចំនួន ៤២ ភាគរយ បាន​និយាយ​ថា ពួក​គេ​ចង់​ឃើញ​មាន​ការ​ដាក់​និមិត្ត​សញ្ញា​នានា​ដើម្បី​រំឭក​ដល់​លោក Stalin នៅ​តាម​អគារ apartment ក្បែរ​កន្លែង​រស់នៅ​របស់​ពួកគេ។ ចំណែក​ឯ​អ្នក​ចូលរួម​ចំនួន ២១ ភាគរយ​ទៀត​និយាយ​ថា​ពួក​គេ​យល់​ឃើញ​ផ្ទុយ​ពី​នោះ ហើយ​អ្នក​ចូលរួម​ចំនួន ៣៣ ភាគរយ​ទៀត មិន​មាន​យោបល់​អំពី​ការ​ដាក់​និមិត្ត​សញ្ញា​បែប​នេះ​ថា​ជា​រឿង​វិជ្ជមាន ​ឬ​ក៏​អវិជ្ជមាន​នោះ​ទេ។

ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​នេះ។ លោក Lev Gudkov នាយក​នៃ​មជ្ឈមណ្ឌល Levada ដែល​ជា​ទីភ្នាក់ងារ​ស្ទង់​មតិ​ជាតិ​ឯករាជ្យ​តែ​មួយ​គត់​នៅ​រុស្ស៊ី បាន​ប្រាប់​ការិយាល័យ VOA ប្រចាំ​ទីក្រុង​មូស្គូ​ថា ការ​គាំ​ទ្រ​លើ​របប​ផ្ដាច់ការ​កំពុង​កើន​ឡើង​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​រុស្ស៊ី។

ការ​សម្ដែង​ឡើង​របស់​រដ្ឋាភិបាល​រុស្ស៊ី​ចំពោះ​លោក Stalin ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ឃោសនា​របស់​រដ្ឋ​រុស្ស៊ី និង​មន្ត្រី​សាធារណៈ​ដែល​គាំទ្រ​រដ្ឋាភិបាល​រុស្ស៊ី។ លោក Mikhail Leontiev អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​រុស្ស៊ី​ឈ្មោះ Rosneft បាន​បញ្ចេញ​យោបល់​លើ​លទ្ធផល​នៃ​ការស្ទង់​មតិ ដោយ​លោក​បាន​ប្រាប់​សារព័ត៌មាន Komsomolsakaya Pravda ថា៖ «ក្នុង​ក្រសែ​ភ្នែក​របស់​ប្រជាពលរដ្ឋ​រុស្ស៊ី លោក Stalin តំណាង​ឲ្យ​អំណាច​របស់​ប្រទេស​រុស្ស៊ី។ ហើយ​ទោះ​បី​ជា​យើង​ចង់ ឬ​មិន​ចង់ នេះ​គឺ​ជា​ការ​ពិត។ មាន​តម្រូវ​ការ​អំណាច​នៅ​ក្នុង​ប្រទេស​នេះ ហើយ​តម្រូវ​ការ​នេះ​ត្រូវតែ​សម្រេច​ឲ្យ​បាន»។

លោក Stalin បាន​ដឹកនាំ​ប្រទេស​រុស្ស៊ី​តាំងពី​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ ១៩២០ រហូត​ដល់​ពេល​លោក​ទទួល​មរណភាព​នៅ​ក្នុង​ឆ្នាំ ១៩៥៣។ ការ​កាន់​កាប់​អំណាច​របស់​លោក​ត្រូវ​បានគេ​កត់​សម្គាល់​ឃើញ​ថា​បាន​ធ្វើ​ឡើង​តាម​វិធានការ​ជ្រុល​និយម​នានា​ដើម្បី​កម្ទេច​ចោល​អ្នក​ប្រឆាំង និង​ដើម្បី​ប្រមូល​ផ្ដុំ​អំណាច។

ប៉ុន្តែ​លោក​ក៏​បាន​ដឹក​នាំ​ប្រទេស​រុស្ស៊ី​ឆ្លង​កាត់​សង្គ្រាម​លោក​លើក​ទី ២ ផង​ដែរ និង​បាន​បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​គាំទ្រ​ដល់​គណបក្ស​នយោបាយ​នៅ​បរទេស​ដែល​គាំទ្រ​សូវៀត ដោយ​បាន​បង្កើត​សហភាព​សូវៀត​ឲ្យ​ក្លាយ​ជា​មហា​អំណាច​មួយ និង​ជា​គួ​ប្រកួត​ប្រជែង​របស់​សហរដ្ឋ​អាមេរិក។ មាន​សញ្ញា​បញ្ជាក់​ថា មនុស្ស​កាន់​តែ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​ផ្តោត​លើ​ចំណុច​ទាំង​នេះ​ដែល​កើត​មាន​ក្នុង​ពេល​លោក​កាន់​អំណាច។

អ្នក​គាំទ្រ​ក្មេងៗ​ត្រូវ​បាន​ពង្វក់​គំនិត​តាមរយៈ​ការ​ឃោសនា

ដោយ​វាយ​តម្លៃ​ទៅ​លើ​ការ​ថ្លែង​របស់​លោក Valery Fyodorov ដែល​ជា​អ្នក​ដឹកនាំ​ទីភ្នាក់ងារ​ស្ទង់​មតិ VTsIOM គេ​ឃើញ​ថា ទីភ្នាក់ងារ VTsIOM នេះ​មាន​ភាព​ស្មោះ​ស្ម័គ្រ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​យ៉ាង​ពេញ​ទំហឹង។ លោក Fyodorov បាន​ប្រាប់​ទូរទស្សន៍​ឯករាជ្យ Dozhd របស់​រុស្ស៊ី​ថា អ្នក​ដែល​រិះគន់​លោក​ប្រធានាធិបតី Vladimir Putin គឺ​ជា​មនុស្ស «ដែល​មិន​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ប្រទេស​ជាតិ និង​ជា​អ្នក​ដែល​គ្មាន​បំណង​ចង់​ឲ្យ​ប្រទេស​ជាតិ​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ»។

រូបឯកសារ៖ ពលរដ្ឋ​រុស្ស៊ី​កាន់​រូប​ថត Stalin ដើម្បី​រំឭ​ខួប​ទី​៦៤នៃ​មរណភាព​របស់​លោក នៅ​ទីក្រុង​មូស្គូ កាល​ពី​ខែ​មីនា។
រូបឯកសារ៖ ពលរដ្ឋ​រុស្ស៊ី​កាន់​រូប​ថត Stalin ដើម្បី​រំឭ​ខួប​ទី​៦៤នៃ​មរណភាព​របស់​លោក នៅ​ទីក្រុង​មូស្គូ កាល​ពី​ខែ​មីនា។

ទោះបីជា​អ្នក​ជំនាញ​នានា​ដែល VOA ប្រចាំ​ទីក្រុង​មូស្គូ​បាន​សម្ភាស បាន​និយាយ​ថា គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​ត្រូវ​ឆ្ងល់​អំពី​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ VtsIOM នេះ​ក៏​ដោយ ក៏​អ្នក​ជំនាញ​ម្នាក់​បាន​បញ្ជាក់​ថា លទ្ធផល​ទាំង​នេះ​មិន​មែន​មាន​ន័យ​ថា​ជា​សញ្ញា​បង្ហាញ​ពី​ការ​គាំទ្រ​ទៅ​លើ​ថ្នាក់​ដឹកនាំ​រុស្ស៊ី​នា​ពេល​បច្ចុប្បន្ន​នេះ​នោះ​ទេ។

លោក Dmitry Oreshkin ដែល​ជា​អ្នក​វិភាគ​នយោបាយ​រុស្ស៊ី​បាន​ថ្លែង​ប្រាប់ VOA ថា ក្នុង​ចំណោម​ជន​ជាតិ​រុស្ស៊ី​ក្មេងៗ​ដែល​មាន​អាយុ​មិន​លើស​ពី ២៥ ឆ្នាំ ពួកគេ "មាន​សមាន​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក Stalin" ។ សមាន​ចិត្ត​បែប​នេះ​តំណាង​ឲ្យ "ការ​ធ្វើ​បដិវត្តន៍​ផ្លូវ​ចិត្ត" ដែល​ខុស​ពី​ស្ថាន​ភាព​ជាក់​ស្តែង​នា​ពេល​បច្ចុប្បន្ន។

លោក Dmitry Oreshkin បាន​ថ្លែង​ថា៖ «ពួក​គេមិន​សប្បាយ​ចិត្ត​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ​នោះ​ទេ ហើយ​ពួក​គេ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ស្ដាប់​អ្នក​នយោបាយ​ប្រកាន់​ទស្សនៈ​សេរី​និយម ដូច​ជា​លោក Grigory Yavlinsky នោះ​ទេ ពី​ព្រោះ​នៅ​ក្នុង​គំនិត​របស់​ពួក​គេ ពួក​គេ​នៅ​គិត​ដល់​សេចក្ដី​រន្ធត់​តក់ស្លុត​កាល​ពី​សម័យ​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដែល​កើត​ឡើង​ដោយ​សារ​តែ​ការ​ឃោសនា។ ការ​ឃោសនា​នេះ​ធ្វើ​ឲ្យ​មាន​ការ​យល់​ឃើញ​មួយ​ថា សហភាព​សូវៀត​គឺ​ជា​មហា​អំណាច​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ខ្លបខ្លាច និង​គោរព នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Stalin។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​ថែម​ទាំង​មិន​អាច​គិត​ស្រមៃ​ឃើញ​ទិដ្ឋភាព​មួយ​ដែល​មាន​ហាង​លក់​ដូរ ដែល​មានតែ​ធ្នើរ​ទទេ​គ្មាន​ឥវ៉ាន់​លក់ ដូច​ដែល​ធ្លាប់​មាន​នៅ​សម័យ​សហភាព​សូវៀត​អញ្ចឹង​ដែរ។ ពួក​គេ​គឺ​មិន​ជឿ​ថា​មាន​ស្ថានភាព​ដូច​នោះ​ទាល់​តែ​សោះ។ ក្នុង​គំនិត​របស់​ពួក​គេ លោក Stalinគឺ​ជា​ជម្រើស​មួយ​ទៀត​ក្រៅ​ពី​អ្វី​ដែល​កំពុង​តែ​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ»។

លោក Dmitry Oreshkin បាន​បញ្ជាក់​ថា មនោសញ្ចេតនា​បែប​នេះ​គឺ​ជា​លទ្ធផល​កើត​ចេញ​ផ្ទាល់​ពី​ការ​ឃោសនា​របស់​រដ្ឋ​រុស្ស៊ី និង​ពី​ប្រព័ន្ធ​នៃ​តម្លៃ​មួយ​ដែល​លោក Putin បាន​បណ្តុះ​ដោយ​ជោគជ័យ​នៅ​ក្នុង​ផ្នត់​គំនិត​របស់​ប្រជា​ពលរដ្ឋ​រុស្ស៊ី ក្នុង​រយៈ​ពេល ១៥ ឆ្នាំ​កន្លង​មក​នេះ»។ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​បន្ថែម​ថា គំនិត​ដែល​គិត​ទៅ​លើ​លោក Stalin បែប​នេះ បង្កើត​បាន​ជា «ជម្រើស​បែប​ស្រមើ​ស្រមៃ​មួយ» ផ្ទុយ​ពី​ស្ថាន​ភាព​ជាក់​ស្តែង​បច្ចុប្បន្ន និង​អាច​មាន​គុណ​វិបត្តិ​ដល់​រដ្ឋាភិបាល​រុស្ស៊ី។

លោក Dmitry Oreshkin បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «ពួក​គេ​និយាយ​ដោយ​បើក​ចំហ​តាម​អ៊ីនធឺណិត​ថា ប្រសិន​បើ​លោក Stalin មិន​បាន​បោះ​បង់​ចោល​តំបន់ Donbas នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នោះ​ទេ នោះ​ប្រទេស​អ៊ុយក្រែន​ក៏​នឹង​មិន​ត្រូវ​បាន​គេ​វាយ​ដណ្ដើម​យក​នោះ​ដែរ។ លោក Stalin ប្រហែល​ជា​នឹង​ធ្វើ​អ្វី​ដែល​លោក Putin សម្រេច​ចិត្ត​មិន​ធ្វើ។ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំង​នេះ​កំពុង​បង្កើត​ឲ្យ​មាន​នូវ​ការ​ប្រឆាំង​មួយ​យ៉ាង​ពិត​ប្រាកដ​ជាមួយ​នឹង​លោក Putin»។

លោក​បាន​បន្ថែ​ថា៖ «មិន​យូរ​មិន​ឆាប់ មន្ត្រី​ក្មេងៗ​ដែល​មាន​គំនិត​ដូច​គ្នា​នឹង​លេច​មុខ​ឡើង ហើយ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ផង​នោះ ពួក​គេ​អាច​ចង់​ធ្វើ​ការ​ផ្លាស់ប្ដូរ​អ្វីៗ​ទាំង​អស់​ដោយ​ប្រើ​កម្លាំង»។​

ការ​ទទួល​យក​ដោយ​ស្ងាត់ៗ​នូវ​ចរន្ត​ស្ដាលីននីយកម្ម​ឡើង​វិញ

លោក Vladimir Ryzhkov ដែល​ជា​អ្នក​នយោបាយ​ប្រឆាំង និង​ជា​អ្នក​ប្រវត្តិ​សាស្ត្រ បាន​យល់​ស្រប​ថា ការ​ធ្វើ​យុទ្ធនាការ​ដើម្បី​លុប​បំបាត់​នូវ​ឥទ្ធិពល​របស់​លោក Stalin ត្រូវ​បាន​គេ​រៀប​ចំបង្កើត​ឡើង​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Vladimir Putin។

រូប​ឯកសារ៖ រូប​របស់​ Stalin ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅក្នុង​ភូមិ​មួយ​ក្នុង​ប្រទេស​រុស្ស៊ី។
រូប​ឯកសារ៖ រូប​របស់​ Stalin ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅក្នុង​ភូមិ​មួយ​ក្នុង​ប្រទេស​រុស្ស៊ី។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ក្នុង​អំឡុង​ពេល​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​គណបក្ស​កុម្មុយនិស្ត​សហភាព​សូវៀត ឬ perestroika និង​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ការ​សម្ដែង​ឡើង​របស់​រដ្ឋាភិបាល​ចំពោះ​លោក Stalin មាន​ភាព​អវិជ្ជមាន​យ៉ាង​ច្បាស់​ក្រឡែត។ លោក Mikhail Gorbachev គឺ​ជា​មនុស្ស​ដំបូង​ដែល​ណែនាំ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ការ​បំភិត​បំភ័យ​របស់​លោក Stalinតាម​ រយៈ​គណៈកម្មាធិការ​គោល​នយោបាយ​របស់​គណបក្ស​កុម្មុយនិស្ត​សូវៀត ហើយ​លោក​បាន​ហៅ​លោក Stalin ថា​ជា​ឧក្រិដ្ឋជន។ ហើយ​លោក Boris Nikolaevich Yeltsin ដែល​ឪពុក​ម្ដាយ​របស់​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​របប​គ្រប់គ្រង​របស់​លោក Stalin បាន​យល់​ឃើញ​យ៉ាង​ច្បាស់​ដែរ​ថា លោក Stalin គឺ​ជា​ឧក្រិដ្ឋជន។ ហើយ​នៅ​ក្នុង​ឆ្នាំ ២០០០ ការ​ទទួល​យក​គោល​នយោបាយ​ស្តាលីន​ឡើង​វិញ​ដោយ​ស្ងាត់ៗ​បាន​ចាប់​ផ្ដើម​បន្តិច​ម្ដងៗ ហើយ​ក៏​មាន​ខ្សែ​ភាពយន្ត​ប្រវត្តិសាស្ត្រ​ប្រឌិត​កាន់តែ​ច្រើន​ឡើង​បាន​ចាប់​ផ្ដើម​លេច​ឡើង ដែល​ក្នុង​នោះ​រូប​លោក Stalin និង​មេ​ប៉ូលិស​សម្ងាត់​ឈ្មោះ Lavrenty Beria ត្រូវ​បាន​គេ​តុប​តែង​ដើម្បី​កុំ​ឲ្យ​មើល​ទៅ​ដូចជា​បិសាច»។

លោក Vladimir Ryzhkov បាន​កត់​សម្គាល់​ថា សៀវភៅ​ប្រវត្តិសាស្ត្រ​រុស្ស៊ី​ដែល​រដ្ឋាភិបាល​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ចាត់ទុក​ភាព​សាហាវ​យង់ឃ្នង​របស់​លោក Stalin កាល​ពី​ទសវត្សរ៍​ឆ្នាំ ១៩៣០ ថា​ជា «ការ​រំលោភ​បំពាន​ទៅ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​សង្គម​និយម»។

លោក Vladimir Ryzhkov បាន​និយាយ​ថា៖ «នេះ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ដ៏​ល្អិត​ល្អន់​របស់​រដ្ឋាភិបាល​ក្នុង​ការ​បោស​សម្អាត​ឧក្រិដ្ឋជន»។

ប៉ុន្តែ​ផ្ទុយ​ពី​លោក Dmitry Oreshkin លោក Vladimir Ryzhkov ជឿ​ថា ការ​ស្តារ​ឡើង​វិញ​នូវ​ឥទ្ធិពល​របស់​លោក Stalin គឺ​មាន​ប្រយោជន៍​សម្រាប់​រដ្ឋាភិបាល​រុស្ស៊ី​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក Vladimir Ryzhkov បាន​និយាយ​ថា៖ «គំរូ​របស់​លោក Stalin គឺ​ដូច​ទៅ​នឹង​ជំរំ​យោធា​មួយ ឬ​ប្រទេស​ជាតិ​មួយ​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​រួបរួម​គ្នា​ដូច្នេះ​ដែរ ដែល​នៅ​ក្នុង​នោះ អាជ្ញាធរ​អាច​រិះគន់​អំពី​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​គ្រប់គ្រង​របស់​ពួកគេ​ទៅ​លើ​បរិយាកាស​បង្ក​ហេតុ​ខាង​ក្រៅ​បាន»។

លោក Vladimir Ryzhkov បាន​និយាយ​បន្ថែម​ថា៖ «ចំពោះ​គំរូ​នេះ គេ​អាច​ចំណាយ​ថវិកា​លើ​អ្វីៗ​បាន​ទាំង​អស់ ដូចជា​ការ​ធ្វើ​ឲ្យ​បុគ្គល​មួយ​ចំនួន​កាន់តែ​មាន​បាន​ឡើងៗ​ជា​ដើម។ ជាង​នេះ​ទៅ​ទៀត គេ​អាច​បន្ថែម​ខ្ទង់​ចំណាយ​សម្រាប់​វិស័យ​យោធា​កាន់តែ​ច្រើន​ទៀង​ផង ដោយ​ចំណាយ​ទៅ​ឲ្យ​អ្នក​ណា​ដែល​ការពារ​រដ្ឋាភិបាល»៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG